កាលព្រះយេស៊ូគង់នៅលើភ្នំដើមអូលីវ ពួកសិស្ស*នាំគ្នាចូលទៅគាល់ព្រះអង្គ ដាច់ឡែកពីគេ ហើយទូលថា៖ «សូមប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសម្គាល់ឲ្យយើងខ្ញុំដឹងថា ដល់ពេលព្រះអង្គយាងមក និងដល់អវសានកាលនៃពិភពលោក?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំទៅប្រើ ដោយពោលថា: “ខ្ញុំនេះហើយជាព្រះគ្រិស្ត*”។ គេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។ អ្នករាល់គ្នានឹងឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថា មានសង្គ្រាមផ្ទុះឡើងហើយ។ កុំជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែមិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។ ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត ។ នៅតាមតំបន់ផ្សេងៗនឹងមានកើតទុរ្ភិក្ស និងរញ្ជួយផែនដី។ ប៉ុន្តែ ហេតុការណ៍ទាំងនេះប្រៀបបានទៅនឹងការឈឺចាប់ដើមដំបូងរបស់ស្ត្រី ដែលហៀបនឹងសម្រាលកូន។ គេនឹងបញ្ជូនអ្នករាល់គ្នាទៅធ្វើទុក្ខទោស ព្រមទាំងឲ្យគេសម្លាប់អ្នករាល់គ្នាថែមទៀតផង។ ជាតិសាសន៍ទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ នៅពេលនោះ នឹងមានមនុស្សជាច្រើនបែកចិត្តឃ្លាតចេញពីជំនឿ ក្បត់គ្នាទៅវិញទៅមក និងស្អប់គ្នាផង។ ព្យាការី*ក្លែងក្លាយជាច្រើននឹងមកដល់ ហើយបញ្ឆោតមនុស្សជាច្រើនឲ្យវង្វេង។ អំពើទុច្ចរិតនឹងរីកចម្រើនឡើងជាខ្លាំង បណ្ដាលឲ្យសេចក្ដីស្រឡាញ់របស់មនុស្សមួយចំនួនធំត្រូវធ្លាក់ចុះអន់ថយ។ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។ គេនឹងប្រកាសដំណឹងល្អ*អំពីព្រះរាជ្យ*នេះ ពាសពេញសកលលោកទាំងមូល ទុកជាសក្ខីភាពដល់ជាតិសាសន៍ទាំងអស់។ ពេលនោះ ទើបដល់អវសានកាលនៃពិភពលោក»។
អាន ម៉ាថាយ 24
ស្ដាប់នូវ ម៉ាថាយ 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 24:3-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ