ព្រះយេស៊ូយាងមកជាមួយពួកសិស្ស* ជិតដល់ក្រុងយេរូសាឡឹមហើយ។ កាលមកដល់ភូមិបេតផាសេ ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្សពីរនាក់ឲ្យទៅមុន ទាំងមានព្រះបន្ទូលថា៖ «ចូរទៅភូមិដែលនៅមុខអ្នករាល់គ្នា។ ពេលទៅដល់ភ្លាម អ្នកនឹងឃើញមេលាមួយដែលគេចងនៅទីនោះ ហើយមានកូនវានៅជាមួយដែរ។ ចូរស្រាយវាដឹកមកឲ្យខ្ញុំ។ ប្រសិនបើមាននរណាសួរ ចូរប្រាប់គេថា ព្រះអម្ចាស់ត្រូវការវា តែព្រះអង្គនឹងឲ្យគេដឹកមកវិញភ្លាមជាមិនខាន»។ ព្រឹត្តិការណ៍នេះកើតឡើងស្របនឹងសេចក្ដី ដែលមានចែងទុកតាមរយៈព្យាការី*ថា៖ «ចូរប្រាប់ប្រជាជនក្រុងស៊ីយ៉ូនថា: មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមករកអ្នកហើយ។ ព្រះអង្គមានព្រះហឫទ័យស្លូតបូត ព្រះអង្គគង់លើខ្នងលា ហើយគង់លើខ្នងកូនលាផងដែរ» ។ សិស្សទាំងពីរនាំគ្នាចេញទៅ ធ្វើតាមបញ្ជារបស់ព្រះយេស៊ូ ដឹកមេលា និងកូនវាមក។ គេយកអាវក្រាលពីលើខ្នងលា និងលើខ្នងកូនលាផង ហើយព្រះយេស៊ូឡើងគង់លើខ្នងវា។ នៅពេលនោះ មានបណ្ដាជនជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយអ្នកខ្លះទៀតកាច់ធាងទន្សែយកមកក្រាលលើផ្លូវដែរ។ មហាជនដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ! ព្រះរាជវង្សរបស់ព្រះបាទដាវីឌ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!» ។ កាលព្រះយេស៊ូយាងទៅដល់ក្រុងយេរូសាឡឹម ប្រជាជននៅក្នុងទីក្រុងទាំងមូលនាំគ្នាជ្រួលច្របល់ សួរថា៖ «តើលោកនោះជានរណា?»។ មហាជនឆ្លើយថា៖ «លោកជាព្យាការី*យេស៊ូមកពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ»។ បន្ទាប់មក ព្រះយេស៊ូចូលព្រះវិហារ ហើយព្រះអង្គដេញអ្នកលក់ដូរចេញពីទីនោះ។ ព្រះអង្គផ្ដួលតុអ្នកដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា “ដំណាក់របស់យើងត្រូវធ្វើជាកន្លែងសម្រាប់អធិស្ឋាន តែអ្នករាល់គ្នាបែរជាយកធ្វើជាសំបុកចោរទៅវិញ!”» ។ មានមនុស្សខ្វាក់ និងមនុស្សខ្វិន នាំគ្នាមករកព្រះអង្គនៅក្នុងព្រះវិហារ ព្រះអង្គក៏ប្រោសគេឲ្យជាទាំងអស់គ្នា។ កាលក្រុមនាយកបូជាចារ្យ* និងអាចារ្យ*ឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ និងឮក្មេងៗស្រែកនៅក្នុងព្រះវិហារថា «ជយោព្រះរាជវង្សព្រះបាទដាវីឌ!» គេទាស់ចិត្តណាស់ គេទូលព្រះអង្គថា៖ «តើលោកឮក្មេងៗស្រែកថាដូចម្ដេចទេ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «ខ្ញុំឮហើយ! ក្នុងគម្ពីរមានចែងថា “ព្រះអង្គបានធ្វើឲ្យពាក្យសរសើរតម្កើង ហូរចេញពីបបូរមាត់ក្មេងតូចៗ និងទារកដែលនៅបៅ” តើអស់លោកមិនដែលអានទេឬ?»។ ព្រះអង្គទុកគេចោល ហើយយាងចេញពីទីក្រុងឆ្ពោះទៅភូមិបេតថានី រួចស្នាក់នៅទីនោះ។
អាន ម៉ាថាយ 21
ស្ដាប់នូវ ម៉ាថាយ 21
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 21:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ