ម៉ាថាយ 21:1-17

ម៉ាថាយ 21:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​គេ​បាន​មក​ជិត​ក្រុង​យេរូ‌សាឡិម នៅ​ភូមិ​បេតផាសេ ត្រង់​ភ្នំ​ដើម​អូលីវ ព្រះ‌យេស៊ូវ​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ ដោយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ទៅ​ភូមិ​ខាង​មុខ​នោះ​ទៅ ហើយ​ភ្លាម​នោះ​អ្នក​នឹង​ឃើញ​មេ​លា​មួយ ដែល​គេ​ចង​ទុក​ជា​មួយ​កូន​របស់​វា។ ចូរ​ស្រាយ​វា ហើយ​យក​មក​ឲ្យ​ខ្ញុំ។ ប្រសិន‌បើ​មាន​អ្នក​ណា​សួរ​អ្វី​ដល់​អ្នក ចូរ​ប្រាប់​គេ​ថា "ព្រះ‌អម្ចាស់​ត្រូវ​ការ​វា" ហើយ​គេ​នឹង​ឲ្យ​វា​មក​ភ្លាម»។ ការ​នេះ​កើត​ឡើង​ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី ដែល​បាន​ថ្លែង​ទុក​មក​តាម​រយៈ​ហោរា​ថា៖ «ចូរ​ប្រាប់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល៍ ស្តេច​របស់​អ្នក​យាង​មក​រក​អ្នក​ហើយ ទ្រង់​សុភាព ហើយ​គង់​លើ​សត្វ​លា និង​លើកូន​លា ជា​កូន​របស់​មេ​លា» ។ សិស្ស​ទាំង​ពីរ​ក៏​ទៅ ហើយ​ធ្វើ​តាម​ដូច​ព្រះ‌យេស៊ូវ​បាន​បង្គាប់។ គេ​បាន​នាំ​មេ​លា និង​កូន​វា​មក ហើយ​ក្រាល​អាវ​របស់​គេ​លើ​ខ្នង​មេ​លា និង​កូន​វា រួច​ព្រះ‌អង្គ​ក៏​គង់​លើ​វា។ បណ្ដា‌ជន​ជា​ច្រើន​បាន​ក្រាល​អាវ​របស់​ខ្លួន​តាម​ផ្លូវ ខ្លះ​ទៀត​កាប់​មែក​ឈើ​យក​មក​រាយ​តាម​ផ្លូវ។ មហា‌ជន​ដែល​ដើរ​ហែ‌ហម​ពី​មុខ និង​ពី​ក្រោយ​ព្រះ‌អង្គ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ហូសាណា ដល់​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ! ថ្វាយ​ព្រះ‌ពរ​ព្រះ‌អង្គ​ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ! ហូសាណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត!» ពេល​ព្រះ‌អង្គ​យាង​ចូល​ក្រុង​យេរូ‌សាឡិម អ្នក​ក្រុង​ទាំង​មូល​មាន​ការ​រំជើប​រំជួល ហើយ​សួរ​ថា៖ «តើ​លោក​នេះ​ជា​អ្នក​ណា?» មហា‌ជន​ឆ្លើយ​ថា៖ «លោក​នេះ​ជា​ហោរា​យេស៊ូវ មក​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ»។ បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​បណ្តេញ​អស់​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ព្រះ‌អង្គ​ផ្កាប់​តុ​របស់​ពួក​អ្នក​ដូរ​ប្រាក់ និង​កៅអី​របស់​ពួក​អ្នក​លក់​ព្រាប។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ដូច្នេះ "ដំណាក់​របស់​យើង​ត្រូវ​ហៅ​ថា ជា​ដំណាក់​សម្រាប់​អធិស្ឋាន" តែ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ដំណាក់​នេះ​ក្លាយ​ជា​រោង​ចោរ ទៅ​វិញ»។ ពួក​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន​បាន​នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ​ក្នុង​ព្រះ‌វិហារ ហើយ​ទ្រង់​ក៏​ប្រោស​ពួក​គេ​ឲ្យ​បាន​ជា។ ប៉ុន្តែ ពេល​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ហើយ​ឮ​ក្មេងៗ​ស្រែក​នៅ​ក្នុង​ព្រះ‌វិហារ​ថា៖ «ហូសាណា ដល់​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ» គេ​មាន​ចិត្ត​ក្រេវ‌ក្រោធ ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​លោក​ឮ​ក្មេង​ទាំង​នេះ​ថា​ដូច​ម្តេច​ឬ​ទេ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ឮ​ហើយ តើ​អស់​លោក​មិន​ដែល​បាន​អាន​ទេ​ឬ​ថា "ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពាក្យ​សរសើរ​បាន​គ្រប់​លក្ខណ៍ ចេញ​ពី​មាត់​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ "»។ ព្រះ‌អង្គ​ចាក​ចេញ​ពី​ពួក​គេ យាង​ទៅ​ភូមិ​បេតថានី ហើយ​ស្នាក់​នៅ​ទី​នោះ​មួយ​យប់។

ចែក​រំលែក
អាន ម៉ាថាយ 21

ម៉ាថាយ 21:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​យាង​មក​ជា​មួយ​ពួក​សិស្ស* ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ។ កាល​មក​ដល់​ភូមិ​បេតផា‌សេ ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះអង្គ​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ​មុន ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​ដែល​នៅ​មុខ​អ្នក​រាល់​គ្នា។ ពេល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​មេ​លា​មួយ​ដែល​គេ​ចង​នៅ​ទី​នោះ ហើយ​មាន​កូន​វា​នៅ​ជា​មួយ​ដែរ។ ចូរ​ស្រាយ​វា​ដឹក​មក​ឲ្យ​ខ្ញុំ។ ប្រសិន​បើ​មាន​នរណា​សួរ ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​ត្រូវ​ការ​វា តែ​ព្រះអង្គ​នឹង​ឲ្យ​គេ​ដឹក​មក​វិញ​ភ្លាម​ជា​មិន​ខាន»។ ព្រឹត្តិ‌ការណ៍​នេះ​កើត​ឡើង​ស្រប​នឹង​សេចក្ដី ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី*​ថា៖ «ចូរ​ប្រាប់​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​ថា: មើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នក យាង​មក​រក​អ្នក​ហើយ។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្លូត​បូត ព្រះអង្គ​គង់​លើ​ខ្នង​លា ហើយ​គង់​លើ​ខ្នង​កូន​លា​ផង​ដែរ» ។ សិស្ស​ទាំង​ពីរ​នាំ​គ្នា​ចេញ​ទៅ ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌យេស៊ូ ដឹក​មេ​លា និង​កូន​វា​មក។ គេ​យក​អាវ​ក្រាល​ពី​លើ​ខ្នង​លា និង​លើ​ខ្នង​កូន​លា​ផង ហើយ​ព្រះ‌យេស៊ូ​ឡើង​គង់​លើ​ខ្នង​វា។ នៅ​ពេល​នោះ មាន​បណ្ដា‌ជន​ជា​ច្រើន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ហើយ​អ្នក​ខ្លះ​ទៀត​កាច់​ធាង​ទន្សែ​យក​មក​ក្រាល​លើ​ផ្លូវ​ដែរ។ មហា‌ជន​ដែល​ដើរ​ហែ‌ហម​ព្រះ‌យេស៊ូ​ពី​មុខ​ពី​ក្រោយ នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ! ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ! សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់! ជយោ! ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!» ។ កាល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង​ទាំង​មូល​នាំ​គ្នា​ជ្រួល‌ច្របល់ សួរ​ថា៖ «តើ​លោក​នោះ​ជា​នរណា?»។ មហា‌ជន​ឆ្លើយ​ថា៖ «លោក​ជា​ព្យាការី*​យេស៊ូ​មក​ពី​ភូមិ​ណាសា‌រ៉ែត​ក្នុង​ស្រុក​កាលី‌ឡេ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​ចូល​ព្រះ‌វិហារ ហើយ​ព្រះអង្គ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ទី​នោះ។ ព្រះអង្គ​ផ្ដួល​តុ​អ្នក​ដូរ​ប្រាក់ ផ្ដួល​កៅ‌អី​របស់​អ្នក​លក់​ព្រាប។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​កន្លែង​សម្រាប់​អធិស្ឋាន តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​ជា​សំបុក​ចោរ​ទៅ​វិញ!”» ។ មាន​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន នាំ​គ្នា​មក​រក​ព្រះអង្គ​នៅ​ក្នុង​ព្រះ‌វិហារ ព្រះអង្គ​ក៏​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។ កាល​ក្រុម​នាយក​បូជា‌ចារ្យ* និង​អាចារ្យ*​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​ឮ​ក្មេងៗ​ស្រែក​នៅ​ក្នុង​ព្រះ‌វិហារ​ថា «ជយោ​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ!» គេ​ទាស់​ចិត្ត​ណាស់ គេ​ទូល​ព្រះអង្គ​ថា៖ «តើ​លោក​ឮ​ក្មេងៗ​ស្រែក​ថា​ដូច​ម្ដេច​ទេ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «ខ្ញុំ​ឮ​ហើយ! ក្នុង​គម្ពីរ​មាន​ចែង​ថា “ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពាក្យ​សរ‌សើរ​តម្កើង ហូរ​ចេញ​ពី​បបូរ​មាត់​ក្មេង​តូចៗ និង​ទារក​ដែល​នៅ​បៅ” តើ​អស់​លោក​មិន​ដែល​អាន​ទេ​ឬ?»។ ព្រះអង្គ​ទុក​គេ​ចោល ហើយ​យាង​ចេញ​ពី​ទីក្រុង​ឆ្ពោះ​ទៅ​ភូមិ​បេតថា‌នី រួច​ស្នាក់​នៅ​ទី​នោះ។

ចែក​រំលែក
អាន ម៉ាថាយ 21

ម៉ាថាយ 21:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​បាន​មក​ជិត​ក្រុង​យេរូ‌សាឡិម​ហើយ ដល់​ភូមិ​បេត‌ផាសេ ខាង​ភ្នំ​ដើម​អូលីវ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ដោយ​បន្ទូល​ថា ចូរ​ទៅ​ឯ​ភូមិ​នៅ​ខាង​មុខ​នោះ អ្នក​នឹង​ឃើញ​មេ​លា​១​គេ​ចង​ទុក នឹង​កូន​វា​នៅ​ជា​មួយ​គ្នា ចូរ​ស្រាយ​ដឹក‌នាំ​វា​មក​ឯ​ខ្ញុំ បើ​អ្នក​ណា​ថា​អ្វី​ឲ្យ នោះ​ត្រូវ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា រួច​គេ​នឹង​ឲ្យ​វា​មក​ហើយ ការ​ទាំង​នេះ​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «ចូរ​ប្រាប់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​សុភាព ហើយ​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ដែល​ជា​កូន​របស់​មេ​លា» សិស្ស​នោះ​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​ព្រះ‌យេស៊ូវ ហើយ​នាំ​មេលា​នឹង​កូន​វា​មក រួច​ក្រាល​អាវ​ខ្លួន​លើ​ខ្នង​ថ្វាយ​ទ្រង់​គង់ ឯ​ហ្វូង​មនុស្ស​ស្ទើរ​តែ​ទាំង​អស់​បាន​ក្រាល​អាវ​ខ្លួន​នៅ​ផ្លូវ ខ្លះ​ក៏​កាប់​មែក​ឈើ​យក​មក​រាយ​តាម​ផ្លូវ​ផង ហើយ​បណ្តា​មនុស្ស​ដែល​ដើរ​ហែ​មុខ​ក្រោយ គេ​ស្រែក​ឡើង​ថា ហូសា‌ណា ដល់​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ព្រះ‌អង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ ហូសា‌ណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត រួច​កាល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​កើត​មាន​សេចក្ដី​ជ្រួល‌ជ្រើម​ពេញ​ក្នុង​ទី​ក្រុង ហើយ​គេ​សួរ​ថា លោក​នេះ​ជា​អ្នក​ណា ហ្វូង​មនុស្ស​ឆ្លើយ​ឡើង​ថា នេះ​គឺ​ជា​ហោរា​យេស៊ូវ ដែល​មក​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលី‌ឡេ។ ព្រះ‌យេស៊ូវ ទ្រង់​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ក៏​បណ្តេញ​អស់​ទាំង​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ទ្រង់​ផ្កាប់​តុ​នៃ​ពួក​អ្នក​ដូរ​ប្រាក់ នឹង​ជើងម៉ា​របស់​ពួក​អ្នក​លក់​ព្រាប ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា មាន​សេចក្ដី​ចែង​ទុក​មក​ដូច្នេះ «ដំណាក់​អញ​ត្រូវ​ហៅ​ថា ជា​ទី​សំរាប់​អធិស្ឋាន» តែ​អ្នក​រាល់​គ្នា​បាន​យក​ធ្វើ​ជា​រោង​ចោរ​វិញ ឯ​ពួក​មនុស្ស​ខ្វាក់ នឹង​មនុស្ស​ខ្វិន គេ​ក៏​មក​ឯ​ទ្រង់​ក្នុង​ព្រះ‌វិហារ ហើយ​ទ្រង់​ប្រោស​គេ​ឲ្យ​បាន​ជា​ទាំង​អស់ តែ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​មាន​ចិត្ត​គ្នាន់‌ក្នាញ់​ណាស់ ដោយ​បាន​ឃើញ​ការ​អស្ចារ្យ​ដែល​ទ្រង់​ធ្វើ នឹង​ឮ​កូន​ក្មេង​ទាំង​ប៉ុន្មាន​ស្រែក​ក្នុង​ព្រះ‌វិហារ​ថា ហូសា‌ណា ដល់​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​ដូច្នោះ ហើយ​គេ​ទូល​ទ្រង់​ថា តើ​អ្នក​ឮ​ពាក្យ​ដែល​ក្មេង​ទាំង​នេះ​ថា​ឬ​ទេ ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ឮ​ហើយ តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​សេចក្ដី​ទេ​ឬ​អី ដែល​ថា «ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្ដី​សរសើរ​បាន​គ្រប់​លក្ខណ៍ ដោយ​នូវ​មាត់​កូន​ក្មេង នឹង​កូន​ដែល​នៅ​បៅ» រួច​ទ្រង់​លះ​ចោល​គេ​យាង​ចេញ​ទៅ​ឯ​ភូមិ​បេថានី​ទៅ ក៏​ផ្ទំ​នៅ​ទី​នោះ​១​យប់។

ចែក​រំលែក
អាន ម៉ាថាយ 21