ម៉ាថាយ 18
18
អ្នកធំជាងគេ
(ម៉ាកុស ៩.៣៣-៣៧; លូកា ៩.៤៦-៤៨)
1 #
លក. ២២.២៤
ពេលនោះ សិស្សនាំគ្នាចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*?»។ 2ព្រះអង្គហៅក្មេងតូចម្នាក់ឲ្យមកឈរនៅកណ្ដាលចំណោមពួកសិស្ស 3#មក. ១០.១៥; លក. ១៨.១៧រួចមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមិនដូរចិត្តគំនិតឲ្យបានដូចក្មេងតូចៗទេ អ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*ឡើយ។ 4អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះ អ្នកនោះមានឋានៈធំជាងគេ ក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ 5អ្នកណាទទួលក្មេងតូចណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ»។
កុំនាំអ្នកដទៃប្រព្រឹត្តអំពើបាប
(ម៉ាកុស ៩.៤២-៤៨; លូកា ១៧.១-២)
6«អ្នកណានាំអ្នកតូចតាចម្នាក់ក្នុងបណ្ដាអ្នកដែលជឿលើខ្ញុំនេះឲ្យប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកគាត់ ទម្លាក់ទៅក្នុងបាតសមុទ្រឲ្យលង់ទឹក ប្រសើរជាងទុកគាត់ឲ្យនៅរស់!។ 7មនុស្សលោកមុខជាត្រូវវេទនាមិនខាន ដ្បិតមានហេតុផ្សេងៗជាច្រើននាំឲ្យគេប្រព្រឹត្តអំពើបាប។ ហេតុផ្សេងៗដែលនាំឲ្យគេប្រព្រឹត្តអំពើបាបនោះត្រូវតែមាន ចៀសមិនផុត ប៉ុន្តែ អ្នកណានាំគេឲ្យប្រព្រឹត្តអំពើបាប អ្នកនោះត្រូវវេទនាហើយ!។
8 #
មថ. ៥.៣០
ប្រសិនបើដៃ ឬជើងរបស់អ្នក នាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរកាត់វាបោះចោលឲ្យឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែដៃម្ខាង ឬជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬមានជើងពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច។ 9#មថ. ៥.២៩ប្រសិនបើភ្នែករបស់អ្នកនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលឲ្យឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងនរក។
10ចូរប្រយ័ត្ន កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវតា*របស់ពួកគេស្ថិតនៅឯស្ថានបរមសុខ* ទាំងឃើញព្រះភ័ក្ត្ររបស់ព្រះបិតា ដែលគង់នៅស្ថានបរមសុខគ្រប់ពេលវេលាផង 11[ដ្បិតបុត្រមនុស្សបានមកសង្គ្រោះមនុស្សដែលវិនាសបាត់បង់]»។
ប្រស្នាអំពីចៀមដែលវង្វេងបាត់ ហើយរកឃើញវិញ
(លូកា ១៥.៤-៧)
12«តើអ្នករាល់គ្នាយល់យ៉ាងណា ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយវង្វេងបាត់? គាត់មុខជាទុកចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅតាមរកចៀមដែលបាត់នោះពុំខាន។ 13ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើគាត់រកចៀមនោះឃើញវិញ គាត់មុខតែត្រេកអរសប្បាយជាមិនខាន គឺសប្បាយលើសពីឃើញចៀមកៅសិបប្រាំបួនដែលមិនវង្វេងបាត់ទៅទៀត។ 14រីឯព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ*ក៏ដូច្នោះដែរ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះវិនាសបាត់បង់ឡើយ»។
ត្រូវអត់ទោសឲ្យគេជានិច្ច
15 #
លក. ១៧.៣
«ប្រសិនបើមានបងប្អូនណាម្នាក់បានប្រព្រឹត្តអំពើបាបអ្វីមួយ ចូរទៅជួបអ្នកនោះស្ងាត់ៗតែពីរនាក់ ហើយស្ដីប្រដៅគាត់ទៅ។ បើគាត់ស្ដាប់អ្នក អ្នកនឹងរក្សាបងប្អូននោះមិនឲ្យបាត់ឡើយ#១៨.១៥ «មិនបាត់» ពាក្យដើម «បានចំណេញ» មានន័យថាអ្នកនោះមិនចាកចេញពីក្រុមអ្នកជឿ។ 16#ទក. ១៩.១៥តែបើគាត់មិនព្រមស្ដាប់អ្នកទេ ចូរនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ជួយដាស់តឿន ដើម្បីសម្រួលរឿងទាំងអស់ដោយមានសាក្សីពីរ ឬបីនាក់។ 17ប្រសិនបើគាត់មិនព្រមស្ដាប់ពាក្យអ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្ដាប់ក្រុមជំនុំទៀតនោះ ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬដូចជាអ្នកទារពន្ធ*ចុះ។ 18#មថ. ១៦.១៩; យហ. ២០.២៣ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នករាល់គ្នាស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយ#១៨.១៨ សូមអានសេចក្ដីពន្យល់អំពីពាក្យ«ចង» និង«ស្រាយ» នេះនៅម៉ាថាយ ១៦.១៩។នៅស្ថានបរមសុខដែរ។ 19ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ទៀតថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដីនេះរួមចិត្តគំនិតគ្នា ទូលសូមអ្វីក៏ដោយ ក៏ព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខនឹងប្រទានឲ្យជាមិនខាន 20ដ្បិតនៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ»។
21 #
លក. ១៧.៣-៤
ពេលនោះ លោកពេត្រុសចូលមកជិតព្រះយេស៊ូ ហើយទូលថា៖ «បពិត្រព្រះអម្ចាស់ បើបងប្អូនចេះតែប្រព្រឹត្តអំពើបាបមកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសឲ្យគេប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?»។ 22#លប. ៤.២៤ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសឲ្យគេមិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសឲ្យគេចិតសិបដងប្រាំពីរដង#១៨.២២ «អត់ទោសឲ្យចិតសិបដង ប្រាំពីរដង» មានន័យថា «អត់ទោសឲ្យរហូត»។»។
ប្រស្នាអំពីអ្នកបម្រើដែលពុំព្រមអត់ទោសឲ្យគេ
23«ហេតុនេះ ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបាននឹងស្ដេចមួយអង្គ ដែលចង់គិតបញ្ជីជាមួយអ្នកបម្រើ។ 24ពេលព្រះរាជាចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែន#១៨.២៤ «ប្រាក់ណែន» ជាប្រាក់ខ្មែរបុរាណ មួយណែនទិញបានគោមួយនឹម។ ប្រាក់មួយលានណែនក្នុងអត្ថបទនេះមានន័យថា ច្រើនហួសប្រមាណ គឺដូចនិស្ស័យបាបរបស់មនុស្សយើងនៅចំពោះព្រះជាម្ចាស់ដែលមិនអាចយកអ្វីមកសងបាន។ ដើម្បីឲ្យរួចបាបនេះ យើងពឹងផ្អែកទៅលើព្រះគុណរបស់ព្រះអង្គទាំងស្រុង។មក។ 25ដោយអ្នកនោះគ្មានប្រាក់សង ស្ដេចក៏ចេញបញ្ជាឲ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។ 26អ្នកបម្រើនោះលុតជង្គង់ក្រាបទៀបព្រះបាទាស្ដេច ទូលអង្វរថា: “សូមព្រះរាជាមេត្តាអត់ឱន ពន្យារពេលឲ្យទូលបង្គំផង ទូលបង្គំនឹងសងព្រះអង្គវិញគ្រប់ចំនួន”។ 27ព្រះរាជាមានព្រះហឫទ័យអាណិតអាសូរអ្នកបម្រើនោះពន់ពេកណាស់ ព្រះអង្គក៏ឲ្យគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។
28ពេលអ្នកបម្រើនោះចេញទៅ គាត់បានជួបនឹងគូកនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដួង* គាត់ចាប់អ្នកនោះច្របាច់-ក ទាំងពោលថា: “សងប្រាក់អញទាំងអស់មក!”។ 29គូកនរបស់អ្នកនោះក៏លុតជង្គង់ចុះ អង្វរថា “សុំអត់ឱនពន្យារពេលឲ្យគ្នាផង គ្នានឹងសងឯងវិញគ្រប់ចំនួន”។ 30ប៉ុន្តែ អ្នកបម្រើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់អ្នកជំពាក់ប្រាក់យកទៅឃុំឃាំង រហូតទាល់តែបានសងបំណុលគ្រប់ចំនួន។ 31អ្នកបម្រើឯទៀតៗឃើញដូច្នោះ ទាស់ចិត្តជាខ្លាំង គេយករឿងនេះទៅទូលស្ដេច។ 32ស្ដេចក៏ហៅអ្នកបម្រើនោះមកសួរថា: “នែអ្នកបម្រើអាក្រក់! យើងបានលុបបំណុលឯងទាំងប៉ុន្មានចោលអស់ ព្រោះឯងបានទទូចអង្វរយើង។ 33យើងបានអាណិតមេត្តាឯង។ ហេតុដូចម្ដេចបានជាឯងពុំព្រមអាណិតមេត្តាគូកនរបស់ឯងផងដូច្នេះ?”។ 34ស្ដេចទ្រង់ខ្ញាល់ក្រៃលែង ក៏បញ្ជាឲ្យគេយកអ្នកនោះទៅធ្វើទារុណកម្ម រហូតទាល់តែសងបំណុលគ្រប់ចំនួន។ 35ចំពោះអ្នករាល់គ្នា បើម្នាក់ៗមិនព្រមលើកលែងទោសឲ្យបងប្អូនដោយស្មោះអស់ពីចិត្តទេ ព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ ក៏នឹងធ្វើទារុណកម្មអ្នករាល់គ្នាដូច្នោះដែរ»។
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ 18: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.