ម៉ាថាយ 15:10-39

ម៉ាថាយ 15:10-39 គខប

បន្ទាប់​មក ព្រះ‌យេស៊ូ​ត្រាស់​ហៅ​បណ្ដា‌ជន រួច​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្ដាប់ ហើយ​យល់​ឲ្យ​ច្បាស់​ថា អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស​ពុំ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​មនុស្ស​ត្រឡប់​ទៅ​ជា​មិន​បរិសុទ្ធ»។ ពេល​នោះ សិស្ស*​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ ហើយ​ទូល​ថា៖ «សូម​ព្រះ‌គ្រូ​ជ្រាប ពួក​ខាង​គណៈ​ផារីស៊ី*​ទាស់​ចិត្ត​ណាស់ មក​ពី​ឮ​ព្រះ‌គ្រូ​មាន​ប្រសាសន៍​ដូច្នេះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ព្រះ‌បិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​នឹង​ដក​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ណា ដែល​ព្រះអង្គ​មិន​បាន​ដាំ។ កុំ​អំពល់​នឹង​គេ​ធ្វើ​អ្វី អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ ដឹក​នាំ​មនុស្ស​ខ្វាក់។ បើ​មនុស្ស​ខ្វាក់​ដឹក​ដៃ​មនុស្ស​ខ្វាក់ គេ​មុខ​ជា​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​មិន​ខាន»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «សូម​ព្រះ‌គ្រូ​បក​ស្រាយ​ពាក្យ​ប្រស្នា​នេះ​ឲ្យ​យើង​ខ្ញុំ​យល់​ផង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​គ្មាន​ប្រាជ្ញា​ដូច​គេ​ដែរ​ឬ!។ អ្នក​រាល់​គ្នា​ត្រូវ​យល់​ថា អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស ត្រូវ​ចូល​ទៅ​ក្នុង​ពោះ រួច​ធ្លាក់​ទៅ​ទី​បន្ទោ​បង់!។ ផ្ទុយ​ទៅ​វិញ អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស​សុទ្ធ​តែ​ផុស​ចេញ​ពី​ចិត្ត​មក គឺ​សេចក្ដី​នោះ​ឯង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ* ដ្បិត​គំនិត​អាក្រក់ ការ​កាប់​សម្លាប់ អំពើ​ផិត​ក្បត់ កាម‌គុណ​ថោក​ទាប ការ​លួច​ប្លន់ ពាក្យ​កុហក ពាក្យ​ត្មះ‌តិះ‌ដៀល សុទ្ធ​តែ​ចេញ​មក​ពី​ចិត្ត​មនុស្ស​ទាំង​អស់ គឺ​ការ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។ រីឯ​ការ​បរិភោគ​ដោយ​មិន​បាន​ធ្វើ​ពិធី​លាង​ដៃ​នោះ ឥត​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ឡើយ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។ មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​ដែល​រស់​នៅ​ស្រុក​នោះ​ចូល​មក​គាល់​ព្រះអង្គ ហើយ​ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ម្ចាស់​ផង! កូន​ស្រី​ខ្ញុំ​ម្ចាស់​ត្រូវ​អារក្ស​ចូល​បណ្ដាល​ឲ្យ​វេទនា​ខ្លាំង​ណាស់»។ ព្រះ‌យេស៊ូ​ពុំ​បាន​ឆ្លើយ​តប​នឹង​នាង​ឡើយ។ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ ទូល​ថា៖ «សូម​ព្រះ‌គ្រូ​ប្រោស‌ប្រណី​ដល់​នាង​ផង ព្រោះ​នាង​ចេះ​តែ​ស្រែក​អង្វរ​ពី​ក្រោយ​យើង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​រក​តែ​អស់​អ្នក​ដែល​វង្វេង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែលប៉ុណ្ណោះ»។ ប៉ុន្តែ ស្ត្រី​នោះ​ចូល​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះអង្គ ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មិន​គួរ​យក​អាហារ​របស់​កូន​ចៅ​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ​ស៊ី​ឡើយ»។ នាង​ទូល​ព្រះអង្គ​ថា៖ «ពិត​មែន​ហើយ​ព្រះ‌អម្ចាស់! ប៉ុន្តែ កូន​ឆ្កែ​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​តុ​របស់​ម្ចាស់​វា»។ ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ នាង​មាន​ជំនឿ​មាំ‌មួន​ណាស់ ដូច្នេះ សូម​ឲ្យ​សម្រេច​តាម​ចិត្ត​នាង​ប្រាថ្នា​ចុះ!»។ កូន​ស្រី​របស់​នាង​បាន​ជា​តាំង​ពី​ពេល​នោះ​មក។ ព្រះ‌យេស៊ូ​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​ឆ្នេរ​សមុទ្រ​កាលី‌ឡេ។ បន្ទាប់​មក ព្រះអង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ លុះ​យាង​ដល់​ហើយ ព្រះអង្គ​គង់​ចុះ មាន​មហា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​ចូល​មក​រក​ព្រះអង្គ ទាំង​នាំ​មនុស្ស​ខ្វិន មនុស្ស​ខ្វាក់ មនុស្ស​ពិការ​ជើង មនុស្ស​គ​ថ្លង់ និង​អ្នក​មាន​ជំងឺ​ឯ​ទៀតៗ​មក​ជា​មួយ។ គេ​ដាក់​អ្នក​ទាំង​នោះ​នៅ​ទៀប​ព្រះ‌បាទា​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។ ពេល​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​ជើង​ជា​ដូច​ធម្មតា មនុស្ស​ខ្វិន​ដើរ​បាន និង​មនុស្ស​ខ្វាក់​មើល​ឃើញ មហា‌ជន​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែង ទាំង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ផង។ ព្រះ‌យេស៊ូ​ត្រាស់​ហៅ​ពួក​សិស្ស*​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​អាណិត​អាសូរ​បណ្ដា‌ជន​នេះ​ពន់​ពេក​ណាស់ ដ្បិត​គេ​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ដោយ​គ្មាន​អ្វី​បរិភោគ​សោះ។ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ ទាំង​ពោះ​ទទេ​ឡើយ ក្រែង​គេ​អស់​កម្លាំង​ដួល​តាម​ផ្លូវ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «នៅ​ទី​នេះ​ស្ងាត់​ណាស់ តើ​យើង​បាន​ម្ហូប​អាហារ​ឯ​ណា​ឲ្យ​បណ្ដា‌ជន​ច្រើន​យ៉ាង​នេះ​បរិភោគ​គ្រាន់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»។ ពួក​គេ​ទូល​ថា៖ «មាន​ប្រាំ‌ពីរ​ដុំ និង​មាន​ត្រី​តូចៗ​ខ្លះ​ដែរ»។ ព្រះអង្គ​ក៏​ប្រាប់​បណ្ដា‌ជន​ឲ្យ​អង្គុយ​ផ្ទាល់​នឹង​ដី ព្រះអង្គ​យក​នំប៉័ង​ទាំង​ប្រាំ‌ពីរ​ដុំ និង​ត្រី​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ពួក​សិស្ស​ក៏​យក​ទៅ​ចែក​បណ្ដា‌ជន។ ពួកគេ​បរិ‌ភោគ​ឆ្អែត​គ្រប់ៗ​គ្នា ហើយ​ប្រមូល​នំប៉័ង និង​ត្រី​ដែល​នៅ​សល់ បាន​ប្រាំ‌ពីរ​ជាល។ អស់​អ្នក​ដែល​បាន​បរិភោគ​មាន​ចំនួន​បួន‌ពាន់​នាក់ ឥត​គិត​ស្រីៗ និង​ក្មេងៗ​ផង​ទេ។ បន្ទាប់​មក ព្រះអង្គ​ប្រាប់​មហា‌ជន​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ រួច​ព្រះអង្គ​យាង​ចុះ​ទូក​ឆ្ពោះ​ទៅ​តំបន់​ម៉ាកា‌ដាន។