ម៉ាថាយ 15:10-39
ម៉ាថាយ 15:10-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះអង្គហៅបណ្តាជនមកជិត ហើយមានព្រះបន្ទូលទៅគេថា៖ «ចូរស្តាប់ ហើយយល់ចុះ! មិនមែនអ្វីដែលចូលទៅក្នុងមាត់ ធ្វើឲ្យមនុស្សមិនបរិសុទ្ធនោះទេ ប៉ុន្តែ អ្វីដែលចេញពីមាត់នោះវិញ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។ ពេលនោះ ពួកសិស្សចូលមកជិត ហើយទូលព្រះអង្គថា៖ «តើលោកគ្រូជ្រាបថា ពួកផារិស៊ីអន់ចិត្តឬទេ ពេលគេឮសេចក្តីនេះ?» ព្រះអង្គមានព្រះបន្ទូលតបថា៖ «អស់ទាំងរុក្ខជាតិណាដែលព្រះវរបិតារបស់ខ្ញុំនៅស្ថានសួគ៌មិនបានដាំ នឹងត្រូវដកចេញ។ កុំអំពល់នឹងគេ គេជាមនុស្សខ្វាក់ដែលនាំមនុស្សខ្វាក់ ហើយបើមនុស្សខ្វាក់នាំមនុស្សខ្វាក់ នោះទាំងពីរនាក់នឹងធ្លាក់ក្នុងរណ្តៅ»។ ពេលនោះ ពេត្រុសទូលព្រះអង្គថា៖ «សូមពន្យល់រឿងប្រៀបធៀបនេះដល់យើងខ្ញុំផង»។ ព្រះអង្គមានព្រះបន្ទូលថា៖ «តើអ្នករាល់គ្នានៅតែមិនយល់ទៀតឬ? តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីដែលចូលទៅក្នុងមាត់ វាចូលទៅក្នុងពោះ ហើយចេញទៅក្នុងបង្គន់? តែអ្វីដែលចេញពីមាត់ វាចេញមកពីក្នុងចិត្ត នេះហើយជាអ្វីដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ។ ដ្បិតបំណងអាក្រក់ ការសម្លាប់មនុស្ស អំពើផិតក្បត់ សហាយស្មន់ ការលួចប្លន់ ការធ្វើបន្ទាល់ក្លែងក្លាយ ពាក្យមួលបង្កាច់ សុទ្ធតែចេញមកពីក្នុងចិត្តទាំងអស់។ សេចក្តីទាំងនេះហើយដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ តែដែលបរិភោគមិនលាងដៃ មិនមែនធ្វើឲ្យមនុស្សមិនបរិសុទ្ធនោះឡើយ»។ បន្ទាប់មក ព្រះយេស៊ូវយាងចេញពីទីនោះ ទៅកាន់តំបន់ក្រុងទីរ៉ុស និងក្រុងស៊ីដូន។ ពេលនោះ មានស្ត្រីសាសន៍កាណានម្នាក់នៅតំបន់នោះ បានចេញមក ហើយស្រែកឡើងថា៖ «ព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវអារក្សចូល នាងវេទនាណាស់»។ ប៉ុន្តែ ព្រះអង្គមិនបានឆ្លើយតបនឹងនាងមួយព្រះឱស្ឋសោះ។ ពួកសិស្សព្រះអង្គចូលមកជិត ទាំងទទូចដាក់ព្រះអង្គថា៖ «សូមឲ្យនាងចេញទៅវិញទៅ ដ្បិតនាងចេះតែស្រែកពីក្រោយយើង»។ ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ព្រះបានចាត់ឲ្យខ្ញុំមករកតែចៀម ដែលបាត់បង់របស់ពូជពង្សអ៊ីស្រាអែលប៉ុណ្ណោះ»។ ប៉ុន្តែ ស្ត្រីនោះចូលមក ក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! សូមជួយខ្ញុំម្ចាស់ផង»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «មិនសមនឹងយកអាហាររបស់កូន បោះឲ្យឆ្កែស៊ីឡើយ»។ ស្ត្រីនោះទូលថា៖ «មែនហើយព្រះអម្ចាស់ ប៉ុន្តែ សូម្បីតែឆ្កែក៏ស៊ីកម្ទេចដែលធ្លាក់ពីតុរបស់ម្ចាស់វាដែរ»។ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលតបទៅនាងថា៖ «នាងអើយ នាងមានជំនឿខ្លាំងមែន! ចូរឲ្យបានសម្រេចតាមចិត្តនាងប្រាថ្នាចុះ»។ រំពេចនោះ កូនស្រីរបស់នាងក៏បានជាភ្លាម។ ព្រះយេស៊ូវបានយាងចេញពីទីនោះ សសៀរតាមមាត់សមុទ្រកាលីឡេ រួចយាងឡើងទៅលើភ្នំ ហើយគង់ចុះនៅទីនោះ។ មានមហាជនច្រើនកុះករចូលមករកព្រះអង្គនាំទាំងមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការ មនុស្សគ និងអ្នកជំងឺផ្សេងទៀតជាច្រើនមកជាមួយ។ គេដាក់អ្នកជំងឺទាំងនោះនៅទៀបព្រះបាទព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជា។ ដូច្នេះ មហាជនមានសេចក្តីអស្ចារ្យ ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជាដូចធម្មតា មនុស្សខ្វិនដើររួច មនុស្សខ្វាក់មើលឃើញ ហើយគេក៏សរសើរតម្កើងដល់ព្រះនៃសាសន៍អ៊ីស្រាអែល។ ពេលនោះ ព្រះយេស៊ូវហៅពួកសិស្សរបស់ព្រះអង្គមកជិត ហើយមានព្រះបន្ទូលថា៖ «ខ្ញុំមានចិត្តក្តួលអាណិតដល់បណ្តាជនទាំងនេះណាស់ ព្រោះគេបាននៅជាមួយខ្ញុំអស់បីថ្ងៃមកហើយ គេគ្មានអ្វីបរិភោគសោះ ហើយខ្ញុំមិនចង់ឲ្យគេទៅវិញទាំងឃ្លានទេ ក្រែងគេអស់កម្លាំងដួលតាមផ្លូវ»។ ពួកសិស្សទូលព្រះអង្គថា៖ «នៅទីរហោស្ថានដូច្នេះ តើយើងរកនំបុ័ងឯណា ល្មមនឹងឲ្យបណ្ដាជនច្រើនយ៉ាងនេះបរិភោគបាន?» ព្រះយេស៊ូវសួរពួកគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន?» គេទូលថា៖ «មានប្រាំពីរដុំ និងត្រីតូចៗខ្លះ»។ ក្រោយពីប្រាប់ឲ្យបណ្តាជនអង្គុយផ្ទាល់នឹងដីហើយ ទ្រង់ក៏យកនំបុ័ងប្រាំពីរដុំ និងត្រីទាំងនោះមក អរព្រះគុណដល់ព្រះ ហើយកាច់ប្រទានឲ្យពួកសិស្ស ពួកសិស្សក៏យកទៅចែកឲ្យបណ្តាជន។ ពួកគេទាំងអស់គ្នាបានបរិភោគឆ្អែតស្កប់ស្កល់ ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបានប្រាំពីរកន្ត្រក។ អស់អ្នកដែលបានបរិភោគ មានបុរសបួនពាន់នាក់ មិនរាប់ស្ត្រី និងកូនក្មេងទេ។ ក្រោយពីបានប្រាប់ឲ្យបណ្តាជនវិលទៅវិញហើយ ទ្រង់ក៏យាងចុះទូក ឆ្លងទៅតំបន់ម៉ាកាដាន់។
ម៉ាថាយ 15:10-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជន រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ ហើយយល់ឲ្យច្បាស់ថា អ្វីៗដែលចូលតាមមាត់មនុស្សពុំដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធឡើយ ផ្ទុយទៅវិញ មានតែអ្វីៗដែលចេញពីមាត់មនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យមនុស្សត្រឡប់ទៅជាមិនបរិសុទ្ធ»។ ពេលនោះ សិស្ស*នាំគ្នាចូលមកជិតព្រះអង្គ ហើយទូលថា៖ «សូមព្រះគ្រូជ្រាប ពួកខាងគណៈផារីស៊ី*ទាស់ចិត្តណាស់ មកពីឮព្រះគ្រូមានប្រសាសន៍ដូច្នេះ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ*នឹងដករុក្ខជាតិទាំងឡាយណា ដែលព្រះអង្គមិនបានដាំ។ កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹកដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។ លោកពេត្រុសទូលព្រះអង្គថា៖ «សូមព្រះគ្រូបកស្រាយពាក្យប្រស្នានេះឲ្យយើងខ្ញុំយល់ផង»។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នករាល់គ្នានៅតែគ្មានប្រាជ្ញាដូចគេដែរឬ!។ អ្នករាល់គ្នាត្រូវយល់ថា អ្វីៗដែលចូលតាមមាត់មនុស្ស ត្រូវចូលទៅក្នុងពោះ រួចធ្លាក់ទៅទីបន្ទោបង់!។ ផ្ទុយទៅវិញ អ្វីៗដែលចេញពីមាត់មនុស្សសុទ្ធតែផុសចេញពីចិត្តមក គឺសេចក្ដីនោះឯងដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធ* ដ្បិតគំនិតអាក្រក់ ការកាប់សម្លាប់ អំពើផិតក្បត់ កាមគុណថោកទាប ការលួចប្លន់ ពាក្យកុហក ពាក្យត្មះតិះដៀល សុទ្ធតែចេញមកពីចិត្តមនុស្សទាំងអស់ គឺការទាំងនេះហើយដែលធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធ។ រីឯការបរិភោគដោយមិនបានធ្វើពិធីលាងដៃនោះ ឥតធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធឡើយ»។ បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីទីនោះ ឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ុស និងក្រុងស៊ីដូន។ មានស្ត្រីសាសន៍កាណានម្នាក់ដែលរស់នៅស្រុកនោះចូលមកគាល់ព្រះអង្គ ហើយទូលអង្វរថា៖ «ឱព្រះអម្ចាស់ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌអើយ សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវអារក្សចូលបណ្ដាលឲ្យវេទនាខ្លាំងណាស់»។ ព្រះយេស៊ូពុំបានឆ្លើយតបនឹងនាងឡើយ។ ពួកសិស្សនាំគ្នាចូលមកជិតព្រះអង្គ ទូលថា៖ «សូមព្រះគ្រូប្រោសប្រណីដល់នាងផង ព្រោះនាងចេះតែស្រែកអង្វរពីក្រោយយើង»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានចាត់ឲ្យខ្ញុំមករកតែអស់អ្នកដែលវង្វេង ក្នុងចំណោមជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ»។ ប៉ុន្តែ ស្ត្រីនោះចូលមកក្រាបទៀបព្រះបាទាព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង!»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «មិនគួរយកអាហាររបស់កូនចៅបោះទៅឲ្យកូនឆ្កែស៊ីឡើយ»។ នាងទូលព្រះអង្គថា៖ «ពិតមែនហើយព្រះអម្ចាស់! ប៉ុន្តែ កូនឆ្កែស៊ីកម្ទេចអាហារដែលជ្រុះពីតុរបស់ម្ចាស់វា»។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅនាងថា៖ «នាងអើយ នាងមានជំនឿមាំមួនណាស់ ដូច្នេះ សូមឲ្យសម្រេចតាមចិត្តនាងប្រាថ្នាចុះ!»។ កូនស្រីរបស់នាងបានជាតាំងពីពេលនោះមក។ ព្រះយេស៊ូចាកចេញពីទីនោះ ឆ្ពោះទៅកាន់ឆ្នេរសមុទ្រកាលីឡេ។ បន្ទាប់មក ព្រះអង្គយាងឡើងទៅលើភ្នំ លុះយាងដល់ហើយ ព្រះអង្គគង់ចុះ មានមហាជនច្រើនកុះករនាំគ្នាចូលមករកព្រះអង្គ ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការជើង មនុស្សគថ្លង់ និងអ្នកមានជំងឺឯទៀតៗមកជាមួយ។ គេដាក់អ្នកទាំងនោះនៅទៀបព្រះបាទាព្រះអង្គ ហើយព្រះអង្គប្រោសគេឲ្យជាទាំងអស់គ្នា។ ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជើងជាដូចធម្មតា មនុស្សខ្វិនដើរបាន និងមនុស្សខ្វាក់មើលឃើញ មហាជននាំគ្នាកោតស្ញប់ស្ញែងក្រៃលែង ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលផង។ ព្រះយេស៊ូត្រាស់ហៅពួកសិស្ស*មក ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ដោយគ្មានអ្វីបរិភោគសោះ។ ខ្ញុំមិនចង់ឲ្យគេត្រឡប់ទៅវិញ ទាំងពោះទទេឡើយ ក្រែងគេអស់កម្លាំងដួលតាមផ្លូវ»។ ពួកសិស្សទូលព្រះអង្គថា៖ «នៅទីនេះស្ងាត់ណាស់ តើយើងបានម្ហូបអាហារឯណាឲ្យបណ្ដាជនច្រើនយ៉ាងនេះបរិភោគគ្រាន់?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ និងមានត្រីតូចៗខ្លះដែរ»។ ព្រះអង្គក៏ប្រាប់បណ្ដាជនឲ្យអង្គុយផ្ទាល់នឹងដី ព្រះអង្គយកនំប៉័ងទាំងប្រាំពីរដុំ និងត្រីមកកាន់ អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យពួកសិស្ស ពួកសិស្សក៏យកទៅចែកបណ្ដាជន។ ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា ហើយប្រមូលនំប៉័ង និងត្រីដែលនៅសល់ បានប្រាំពីរជាល។ អស់អ្នកដែលបានបរិភោគមានចំនួនបួនពាន់នាក់ ឥតគិតស្រីៗ និងក្មេងៗផងទេ។ បន្ទាប់មក ព្រះអង្គប្រាប់មហាជនឲ្យវិលត្រឡប់ទៅផ្ទះវិញ រួចព្រះអង្គយាងចុះទូកឆ្ពោះទៅតំបន់ម៉ាកាដាន។
ម៉ាថាយ 15:10-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចទ្រង់ហៅហ្វូងមនុស្សមក មានបន្ទូលទៅគេថា ចូរស្តាប់ហើយយល់ចុះ មិនមែនជារបស់ចូលតាមមាត់ ដែលធ្វើឲ្យមនុស្សស្មោកគ្រោកនោះទេ ឯរបស់ដែលធ្វើឲ្យគេស្មោកគ្រោក នោះគឺជាសេចក្ដីដែលចេញពីមាត់វិញទេតើ។ នោះពួកសិស្សក៏មកទូលថា តើទ្រង់ជ្រាបថា ពួកផារិស៊ី គេអន់ចិត្ត ដោយឮសេចក្ដីនោះឬទេ តែទ្រង់មានបន្ទូលតបថា អស់ទាំងដើមណាដែលព្រះវរបិតាខ្ញុំនៅស្ថានសួគ៌មិនបានដាំ នោះនឹងត្រូវរំលើងចោល តាមតែគេចុះ គេជាមនុស្សខ្វាក់ដែលនាំមនុស្សខ្វាក់ បើមនុស្សខ្វាក់នាំមនុស្សខ្វាក់ដូច្នេះ នោះទាំង២នាក់នឹងធ្លាក់ទៅក្នុងរណ្តៅហើយ រួចពេត្រុសទូលថា សូមស្រាយន័យពាក្យប្រៀបនេះ ឲ្យយើងខ្ញុំយល់ផង ទ្រង់មានបន្ទូលថា តើអ្នករាល់គ្នានៅតែមិនយល់ទៀតឬអី តើមិនទាន់ឃើញទេឬអីថា របស់អ្វីដែលចូលតាមមាត់ នោះតែងចុះទៅក្នុងពោះ រួចចេញទៅក្នុងបង្គន់ តែឯសេចក្ដីដែលចេញពីមាត់មក នោះមកអំពីចិត្តវិញ គឺសេចក្ដីទាំងនោះហើយ ដែលធ្វើឲ្យមនុស្សស្មោកគ្រោក ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សំឡាប់គេ ផិតគ្នា សហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនឹងជេរប្រមាថ សេចក្ដីទាំងនេះទើបធ្វើឲ្យមនុស្សស្មោកគ្រោកមែន តែដែលបរិភោគឥតលាងដៃ នោះមិនមែនធ្វើឲ្យស្មោកគ្រោកទេ។ ព្រះយេស៊ូវ ទ្រង់ក៏យាងចេញពីទីនោះ ទៅក្នុងកំលុងក្រុងទីរ៉ុស នឹងក្រុងស៊ីដូន នោះឃើញមានស្ត្រីសាសន៍កាណានម្នាក់នៅស្រុកនោះ គាត់ចេញមកស្រែកទូលទ្រង់ថា ឱព្រះអម្ចាស់ ជាពូជហ្លួងដាវីឌអើយ សូមមេត្តាប្រោសខ្ញុំម្ចាស់ផង ដ្បិតកូនស្រីរបស់ខ្ញុំម្ចាស់ មានអារក្សចូល ធ្វើទុក្ខជាខ្លាំងណាស់ តែទ្រង់មិនបានឆ្លើយតបទៅស្ត្រីនោះ១ព្រះឱស្ឋសោះ បានជាពួកសិស្សរបស់ទ្រង់ចូលមកទូលថា សូមឲ្យស្ត្រីនេះទៅវិញទៅ ដ្បិតគេចេះតែស្រែកតាមយើងខ្ញុំ តែទ្រង់មានបន្ទូលឆ្លើយថា ខ្ញុំបានទទួលបង្គាប់ នឹងមកឯពួកកូនចៀមដែលបាត់បង់ របស់ពូជពង្សសាសន៍អ៊ីស្រាអែលតែប៉ុណ្ណោះទេ ប៉ុន្តែ ស្ត្រីនោះមកក្រាបថ្វាយបង្គំទូលទ្រង់ថា ឱព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង ទ្រង់មានបន្ទូលថា ដែលយកនំបុ័ងរបស់កូនក្មេងបោះទៅឲ្យកូនឆ្កែ នោះមិនល្អទេ តែស្ត្រីនោះទូលថា មែនហើយព្រះអម្ចាស់ ប៉ុន្តែកូនឆ្កែវាស៊ីកំទេចដែលធ្លាក់ចុះពីតុម្ចាស់វាមកដែរ នោះព្រះយេស៊ូវទ្រង់មានបន្ទូលថា នាងស្រីអើយ នាងមានសេចក្ដីជំនឿជាខ្លាំងមែន ចូរឲ្យនាងបានដូចសេចក្ដីប្រាថ្នាចុះ ស្រាប់តែកូនស្រីរបស់នាងបានជា ចាប់តាំងពីវេលានោះឯងទៅ។ ព្រះយេស៊ូវ ទ្រង់យាងចេញពីទីនោះ មកខាងសមុទ្រកាលីឡេ រួចយាងឡើងទៅលើភ្នំ គង់ចុះនៅទីនោះ នោះមានហ្វូងមនុស្សមកឯទ្រង់កកកុញ នាំទាំងមនុស្សខ្វិន ខ្វាក់ គ ពិការ នឹងមនុស្សឯទៀតជាច្រើន មកដាក់នៅទៀបព្រះបាទទ្រង់ ហើយទ្រង់ក៏ប្រោសឲ្យគេបានជា ដល់ម៉្លេះបានជាបណ្តាមនុស្សទាំងប៉ុន្មានមានសេចក្ដីអស្ចារ្យ ដោយឃើញមនុស្សគនិយាយបាន មនុស្សពិការបានមាំមួន មនុស្សខ្វិនដើររួច នឹងមនុស្សខ្វាក់មើលឃើញ ហើយគេក៏សរសើរដំកើងដល់ព្រះនៃសាសន៍អ៊ីស្រាអែលគ្រប់ៗគ្នា។ ព្រះយេស៊ូវ ទ្រង់ហៅពួកសិស្សមក មានបន្ទូលថា ខ្ញុំមានចិត្តក្តួលអាណិត ដល់ហ្វូងមនុស្សនេះណាស់ ដ្បិតគេបាននៅជាមួយនឹងខ្ញុំអស់៣ថ្ងៃមកហើយ គេគ្មានអ្វីនឹងបរិភោគសោះ ហើយខ្ញុំមិនចង់ឲ្យគេទៅវិញទាំងអត់ឃ្លានទេ ក្រែងហេវតាមផ្លូវ ពួកសិស្សទូលទ្រង់ថា នៅទីស្ងាត់នេះ យើងខ្ញុំនឹងរកនំបុ័ងឲ្យហ្វូងមនុស្សធំដល់ម៉្លេះបរិភោគឆ្អែតឯណាបាន តែព្រះយេស៊ូវទ្រង់សួរថា តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន គេទូលថា មាន៧ ហើយនឹងត្រីតូចៗខ្លះ នោះទ្រង់ក៏ប្រាប់ឲ្យហ្វូងមនុស្សអង្គុយនៅដី រួចទ្រង់យកនំបុ័ង៧ នឹងត្រីទាំងនោះមកអរព្រះគុណ ហើយកាច់ប្រទានដល់ពួកសិស្ស គេក៏ចែកដល់ហ្វូងមនុស្ស គ្រប់គ្នាបានបរិភោគឆ្អែត ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបាន៧កំប្រោង ឯពួកប្រុសៗដែលបានបរិភោគឆ្អែត នោះមាន៤ពាន់នាក់ឥតរាប់ស្រីៗ ហើយនឹងកូនក្មេងផងទេ រួចកាលទ្រង់បានឲ្យហ្វូងមនុស្សវិលទៅវិញ នោះទ្រង់យាងចុះទូកឆ្លងទៅដល់ដែនស្រុកម៉ាកាដាន់។