ម៉ាឡាគី 3:1-18

ម៉ាឡាគី 3:1-18 គខប

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​យើង។ រំពេច​នោះ ព្រះ‌អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក នឹង​យាង​ចូល​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ។ រីឯ​ទូត​នៃ​សម្ពន្ធ‌មេត្រី ដែល​អ្នក​រាល់​គ្នា​រង់‌ចាំ កំពុង​តែ​មក​ហើយ»។ ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក​ដល់ តើ​នរណា​អាច​ទ្រាំ​បាន? នៅ​ពេល​ព្រះអង្គ​លេច​មក តើ​នរណា​អាច​ឈរ​បាន? ដ្បិត​ព្រះអង្គ​ប្រៀប​បាន​នឹង​ភ្លើង​របស់​ជាង​ដែក និង​ដូច​សាប៊ូ​របស់​អ្នក​បោក​សម្លៀក‌បំពាក់។ ព្រះអង្គ​នឹង​គង់​កាត់​ក្ដី ដូច​ជាង​ទង​អង្គុយ រំលាយ និង​បន្សុទ្ធ​សាច់​ប្រាក់។ ព្រះអង្គ​នឹង​ជម្រះ​កូន​ចៅ​លេវី​ឲ្យ​បាន​បរិសុទ្ធ ព្រះអង្គ​នឹង​បន្សុទ្ធ​ពួក​គេ ដូច​បន្សុទ្ធ​មាស និង​ប្រាក់។ ពួក​គេ​នឹង​នាំ​តង្វាយ​ត្រឹម​ត្រូវ​តាម​វិន័យ មក​ថ្វាយ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ស្មោះ​ត្រង់។ ពេល​នោះ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ទទួល តង្វាយ​របស់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ដូច​កាល​ពី​ដើម នៅ​ជំនាន់​មុនៗ។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មក​រក​អ្នក​រាល់​គ្នា ដើម្បី​វិនិច្ឆ័យ​ទោស។ យើង​នឹង​ប្រញាប់‌ប្រញាល់​ចោទ​ប្រកាន់ ពួក​គ្រូ​ធ្មប់ និង​ពួក​ក្បត់​ចិត្ត​យើង ពួក​ស្បថ​បំពាន ពួក​សង្កត់‌សង្កិន​កម្មករ ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា ពួក​ធ្វើ​បាប​ជន​បរទេស ហើយ​មិន​គោរព​កោតខ្លាច​យើង»។ «យើង​ជា​ព្រះ‌អម្ចាស់ យើង​មិន​ប្រែ‌ប្រួល​ទេ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នៅ​តែ​ជា កូន​ចៅ​យ៉ាកុប​ដដែល»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ក៏​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​ងាក​ចេញ​ពី​ច្បាប់​របស់​យើង គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​កាន់​តាម​ទេ។ ចូរ​នាំ​គ្នា​វិល​មក​រក​យើង នោះ​យើង​ក៏​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ។ អ្នក​រាល់​គ្នា​ពោល​ថា: “យើង​ខ្ញុំ​ត្រូវ​វិល​មក​វិញ​យ៉ាង​ដូច​ម្ដេច?”។ តើ​មនុស្ស​កេង‌ប្រវ័ញ្ច​ព្រះ‌ជាម្ចាស់ ដូច​ម្ដេច​បាន? អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​យើង ហើយ​ពោល​ថា “យើង​ខ្ញុំ​កេង‌ប្រវ័ញ្ច​ព្រះអង្គ​ដូច​ម្ដេច​ខ្លះ?”។ គឺ​អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច តង្វាយ​មួយ​ភាគ​ដប់ និង​តង្វាយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​សម្រាប់​យើង! អ្នក​រាល់​គ្នា​ត្រូវ​បណ្ដាសា​ហើយ! ព្រោះ​ប្រជា‌ជាតិ​ទាំង​មូល បាន​កេង‌ប្រវ័ញ្ច​យើង»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​យក​តង្វាយ​មួយ​ភាគ​ដប់​ទាំង​ប៉ុន្មាន មក​ដាក់​នៅ​ក្នុង​ឃ្លាំង ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ ក្នុង​ដំណាក់​របស់​យើង។ ចូរ​ធ្វើ​យ៉ាង​នេះ ដើម្បី​ល្បង‌ល​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា យើង​នឹង​បើក​ផ្ទៃ​មេឃ បង្ហូរ​ព្រះ‌ពរ​ដ៏​លើស‌លុប​មក​លើ​អ្នក​រាល់​គ្នា»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​រារាំង​សត្វ​ល្អិត​មិន​ឲ្យ​បំផ្លាញ ដំណាំ​របស់​អ្នក​រាល់​គ្នា ហើយ​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​រាល់​គ្នា នឹង​ផ្ដល់​ភោគ‌ផល​បរិបូណ៌»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថា អ្នក​រាល់​គ្នា​ពិត​ជា​មាន​សុភមង្គល​មែន ដ្បិត​ស្រុក​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ស្រុក​មួយ ដ៏​សម្បូណ៌‌សប្បាយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ពោល​ពាក្យ​ទ្រគោះ​បោះ​បោក ប្រឆាំង​នឹង​យើង ហើយ​អ្នក​រាល់​គ្នា​ពោល​ថា: “តើ​យើង​ខ្ញុំ​និយាយ​គ្នា​ប្រឆាំង​នឹង​ព្រះអង្គ ដូច​ម្ដេច​ខ្លះ?”។ អ្នក​រាល់​គ្នា​ពោល​ថា: “ពួក​យើង​ខំ​បម្រើ​ព្រះ‌ជាម្ចាស់ តែ​គ្មាន​បាន​ការ​អ្វី​ទេ ពួក​យើង​ខំ​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ ហើយ​ខំ​ដើរ​តាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ទាំង​កាន់​ទុក្ខ​ដូច្នេះ តើ​បាន​ចំណេញ​អ្វី? ពួក​យើង​សង្កេត​ឃើញ​ថា ឥឡូវ​នេះ មាន​តែ​មនុស្ស​ព្រហើន​ទេ ដែល​មាន​សុភមង្គល ហើយ​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ បែរ​ជា​បាន​ចម្រុង‌ចម្រើន​ទៅ​វិញ។ ទោះ​បី​ពួក​គេ​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់​ក្ដី ក៏​ពួក​គេ​គេច​ផុត​ពី​ទុក្ខ​ទោស​ជានិច្ច”»។ ពេល​នោះ អស់​អ្នក​ដែល​គោរព កោតខ្លាច​ព្រះ‌អម្ចាស់ ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក ព្រះ‌អម្ចាស់ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង ពាក្យ​សម្ដី​របស់​ពួក​គេ។ គេ​បាន​ចារ​ឈ្មោះ​របស់​អស់​អ្នក​ដែល​គោរព កោតខ្លាច​ព្រះ‌នាម​ព្រះ‌អម្ចាស់​ក្នុង​ក្រាំង​មួយ ទុក​ជា​ទី​រំឭក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​ដែល​យើង​បាន​កំណត់​ទុក អ្នក​ទាំង​នោះ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​ដែល​ជា ចំណែក​មត៌ក​របស់​យើង​ផ្ទាល់។ យើង​នឹង​ត្រា​ប្រណី​ពួក​គេ ដូច​ឪពុក​ត្រា​ប្រណី​កូន​ដែល​បម្រើ​ឪពុក។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​សា​ជា​ថ្មី​ថា តើ​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់ ខុស​គ្នា​យ៉ាង​ណា ហើយ​អ្នក​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ និង​អ្នក​មិន​គោរព​បម្រើ ខុស​គ្នា​យ៉ាង​ណា