ម៉ាឡាគី 3:1-18

ម៉ាឡាគី 3:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«មើល៍! យើង​ចាត់​ទូតរបស់​យើង​ឲ្យ​ទៅ ដើម្បី​រៀបចំ​ផ្លូវ​នៅ​មុខ​យើង។ ព្រះ‌អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក នឹង​យាង​ចូលក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ​ភ្លាម ឯ​ទូត​ដែល​នាំ​សេចក្ដី​សញ្ញា​មក ជា​សេចក្ដី​សញ្ញា​ដែល​អ្នក​រាល់​គ្នា​ចង់​បាន​នោះ មើល៍! ព្រះ‌អង្គនឹង​យាង​មក នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ប៉ុន្តែ តើ​អ្នក​ណា​អាច​ទ្រាំ​នៅ​បាន ក្នុង​កាល​ដែល​ព្រះ‌អង្គ​យាង​មក​នោះ? តើ​អ្នក​ណា​នឹង​ឈរ​នៅ​ក្នុង​កាល​ដែល​ព្រះ‌អង្គ​លេច​មក? ដ្បិត​ព្រះ‌អង្គ​ប្រៀប​ដូច​ជា​ភ្លើង​របស់​ជាង​សម្រង់ និង​ដូច​ជា​ក្បុង​របស់​ជាង​ប្រមោក។ ព្រះ‌អង្គ​នឹង​គង់​ចុះ ដូច​ជា​ជាង​សម្រង់ និង​អ្នក​ដេញ​អាចម៍​ប្រាក់ ព្រះ‌អង្គ​នឹង​សម្អាត​ពួក​កូន​ចៅ​លេវី ហើយ​សម្រង់​គេ​ដូច​ជា​មាស និង​ប្រាក់ នោះ​គេ​នឹង​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​សុចរិត។ ពេល​នោះ តង្វាយ​របស់​ពួក​យូដា និង​ក្រុង​យេរូ‌សាឡិម​ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌យេហូវ៉ា ដូច​កាល​ពី​ដើម គឺ​ដូច​កាល​ពី​ចាស់​បុរាណ​នោះ។ យើង​នឹង​មក​ជិតអ្នក​រាល់​គ្នា ដើម្បី​នឹង​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ យើង​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស ទាស់​នឹង​ពួក​គ្រូ​អាប‌ធ្មប់ ទាស់​នឹង​ពួក​កំផិត ទាស់​នឹង​ពួក​អ្នក​ដែល​ស្បថ​បំពាន ទាស់​នឹង​ពួក​ដែល​កេង​បំបាត់​ឈ្នួល​របស់​កូន​ឈ្នួល ព្រម​ទាំង​សង្កត់‌សង្កិន​ស្ត្រី​មេម៉ាយ និង​មនុស្ស​កំព្រា​ផង ហើយធ្វើ​បាប​អ្នក​ដែល​ចូល​មក​ស្នាក់​អាស្រ័យ ឥត​កោត​ខ្លាច​យើង​សោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ដ្បិតយើង គឺ​យេហូវ៉ា យើង​មិន​ប្រែ‌ប្រួល​ឡើយ ហេតុ​នោះ ឱ​ពួក​កូន​ចៅ​យ៉ាកុប​អើយ អ្នក​រាល់​គ្នា​មិន​ត្រូវ​វិនាស​ទេ។ អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​សេចក្ដី​បញ្ញត្តិ​របស់​យើង ចាប់​តាំង​ពី​ជំនាន់​បុព្វបុរស​មក ឥត​កាន់​តាម​ឡើយ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បង្គាប់​ថា ចូរ​វិល​មកយើង​វិញ​ចុះ នោះ​យើង​នឹង​ត្រឡប់​មក​រកអ្នក​រាល់​គ្នា​ដែរ តែ​អ្នក​រាល់​គ្នា​ថា "តើ​យើង​នឹង​វិល​ទៅ​យ៉ាង​ដូច​ម្តេច?" ចុះ​តើ​មនុស្ស​នឹង​កោង​យក​របស់​ព្រះ​ឬ? ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​កោង​យក​របស់​យើង​ហើយ រួច​បែរ​ជា​សួរ​ថា តើ​យើង​បាន​កោង​យក​របស់​ព្រះ‌អង្គ​ឯ​ណា? គឺ​ក្នុង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ហើយ​ក្នុង​តង្វាយ​លើក​ចុះ​ឡើង​នោះ អ្នក​រាល់​គ្នា គឺ​មនុស្ស​នៅ​នគរ​នេះ​ទាំង​មូល ត្រូវ​បណ្ដាសា​ហើយ ដោយ​ព្រោះ​តែង‌តែ​កោង​យក​របស់​យើង​យ៉ាង​ដូច្នេះ ចូរ​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់របស់​យើង ហើយ​ល្បង‌ល​យើង​ឥឡូវ បើយើង​មិន​បើក​ទ្វារ​ស្ថាន‌សួគ៌ ដើម្បី​ចាក់​ព្រះ‌ពរ​មក​លើ​អ្នក ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ដូច្នេះ ដោយ​យល់​ដល់​អ្នក​រាល់​គ្នា យើង​នឹង​បន្ទោស​ដល់​សត្វ​ដែល​ស៊ី​បង្ខូច មិន​ឲ្យ​វា​បំផ្លាញ​ផល​ដែល​កើត​ពី​ដី​អ្នក​ឡើយ ឯ​ដើម​ទំពាំង‌បាយ‌ជូរ​នៅ​ចម្ការ ក៏​មិន​ជ្រុះ​ផ្លែ​ពេល​នៅ​ក្តឹប​ដែរ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ យ៉ាង​នោះ​គ្រប់​ទាំង​សាសន៍​នឹង​ថា អ្នក​រាល់​គ្នា​មាន​ពរ ដ្បិត​ស្រុក​របស់​អ្នក​រាល់​គ្នា នឹង​បាន​ជា​ស្រុក​សប្បាយ​ណាស់ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​បាន​ទាស់​នឹង​យើង​យ៉ាង​ខ្លាំង ទោះ​បើ​យ៉ាង​នោះ​ក៏​អ្នក​រាល់​គ្នា​ថា យើង​បាន​និយាយ​អ្វី​ទាស់​នឹង​ព្រះ‌អង្គ គឺ​អ្នក​រាល់​គ្នា​ពោល​ថា ការ​ដែល​ខំ​គោរព​បម្រើ​ព្រះ នោះ​ឥត​អំពើ​ទេ ហើយ​ដែល​យើង​បាន​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រម​ទាំង​ដើរ​នៅ​ចំពោះព្រះ‌អង្គ​ដោយ​កាន់​ទុក្ខ​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី? ឥឡូវ​នេះ យើង​រាប់​មនុស្ស​ឆ្មើង‌ឆ្មៃ ទុក​ជា​សប្បាយ​ហើយ ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​បាន​តាំង​ឡើង គេ​ល្បង‌ល​ព្រះ ហើយ​ក៏​រួច​ខ្លួន»។ ពេល​នោះ ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ក៏​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌យេហូវ៉ា​ប្រុង​ស្តាប់ ក៏​បាន​ឮ រួច​មាន​សៀវភៅ​រំឭក​បាន​កត់​ទុក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សម្រាប់​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ និង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ‌នាម​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​ដែល​យើង​ធ្វើ​ការ​នេះ គេ​នឹង​ក្លាយ​ជា​របស់​យើង គឺ​ជា​របស់​យើង​ពិត​ប្រាកដ ហើយ​យើង​នឹង​ប្រណី​ដល់​គេ ដូច​ជា​មនុស្ស​ប្រណី​ដល់​កូន​ខ្លួន​ដែរ គឺ​ជា​កូន​ដែល​គោរព​ដល់​ខ្លួន។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ម្ដង​ទៀត អំពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​សុចរិត​នឹង​មនុស្ស​អាក្រក់ រវាង​អ្នក​ដែល​គោរព​បម្រើ​ព្រះ​នឹង​អ្នក​ដែល​មិន​គោរព​បម្រើ។

ចែក​រំលែក
អាន ម៉ាឡាគី 3

ម៉ាឡាគី 3:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​យើង។ រំពេច​នោះ ព្រះ‌អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក នឹង​យាង​ចូល​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ។ រីឯ​ទូត​នៃ​សម្ពន្ធ‌មេត្រី ដែល​អ្នក​រាល់​គ្នា​រង់‌ចាំ កំពុង​តែ​មក​ហើយ»។ ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក​ដល់ តើ​នរណា​អាច​ទ្រាំ​បាន? នៅ​ពេល​ព្រះអង្គ​លេច​មក តើ​នរណា​អាច​ឈរ​បាន? ដ្បិត​ព្រះអង្គ​ប្រៀប​បាន​នឹង​ភ្លើង​របស់​ជាង​ដែក និង​ដូច​សាប៊ូ​របស់​អ្នក​បោក​សម្លៀក‌បំពាក់។ ព្រះអង្គ​នឹង​គង់​កាត់​ក្ដី ដូច​ជាង​ទង​អង្គុយ រំលាយ និង​បន្សុទ្ធ​សាច់​ប្រាក់។ ព្រះអង្គ​នឹង​ជម្រះ​កូន​ចៅ​លេវី​ឲ្យ​បាន​បរិសុទ្ធ ព្រះអង្គ​នឹង​បន្សុទ្ធ​ពួក​គេ ដូច​បន្សុទ្ធ​មាស និង​ប្រាក់។ ពួក​គេ​នឹង​នាំ​តង្វាយ​ត្រឹម​ត្រូវ​តាម​វិន័យ មក​ថ្វាយ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ស្មោះ​ត្រង់។ ពេល​នោះ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ទទួល តង្វាយ​របស់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ដូច​កាល​ពី​ដើម នៅ​ជំនាន់​មុនៗ។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មក​រក​អ្នក​រាល់​គ្នា ដើម្បី​វិនិច្ឆ័យ​ទោស។ យើង​នឹង​ប្រញាប់‌ប្រញាល់​ចោទ​ប្រកាន់ ពួក​គ្រូ​ធ្មប់ និង​ពួក​ក្បត់​ចិត្ត​យើង ពួក​ស្បថ​បំពាន ពួក​សង្កត់‌សង្កិន​កម្មករ ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា ពួក​ធ្វើ​បាប​ជន​បរទេស ហើយ​មិន​គោរព​កោតខ្លាច​យើង»។ «យើង​ជា​ព្រះ‌អម្ចាស់ យើង​មិន​ប្រែ‌ប្រួល​ទេ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នៅ​តែ​ជា កូន​ចៅ​យ៉ាកុប​ដដែល»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ក៏​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​ងាក​ចេញ​ពី​ច្បាប់​របស់​យើង គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​កាន់​តាម​ទេ។ ចូរ​នាំ​គ្នា​វិល​មក​រក​យើង នោះ​យើង​ក៏​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ។ អ្នក​រាល់​គ្នា​ពោល​ថា: “យើង​ខ្ញុំ​ត្រូវ​វិល​មក​វិញ​យ៉ាង​ដូច​ម្ដេច?”។ តើ​មនុស្ស​កេង‌ប្រវ័ញ្ច​ព្រះ‌ជាម្ចាស់ ដូច​ម្ដេច​បាន? អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​យើង ហើយ​ពោល​ថា “យើង​ខ្ញុំ​កេង‌ប្រវ័ញ្ច​ព្រះអង្គ​ដូច​ម្ដេច​ខ្លះ?”។ គឺ​អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច តង្វាយ​មួយ​ភាគ​ដប់ និង​តង្វាយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​សម្រាប់​យើង! អ្នក​រាល់​គ្នា​ត្រូវ​បណ្ដាសា​ហើយ! ព្រោះ​ប្រជា‌ជាតិ​ទាំង​មូល បាន​កេង‌ប្រវ័ញ្ច​យើង»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​យក​តង្វាយ​មួយ​ភាគ​ដប់​ទាំង​ប៉ុន្មាន មក​ដាក់​នៅ​ក្នុង​ឃ្លាំង ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ ក្នុង​ដំណាក់​របស់​យើង។ ចូរ​ធ្វើ​យ៉ាង​នេះ ដើម្បី​ល្បង‌ល​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា យើង​នឹង​បើក​ផ្ទៃ​មេឃ បង្ហូរ​ព្រះ‌ពរ​ដ៏​លើស‌លុប​មក​លើ​អ្នក​រាល់​គ្នា»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​រារាំង​សត្វ​ល្អិត​មិន​ឲ្យ​បំផ្លាញ ដំណាំ​របស់​អ្នក​រាល់​គ្នា ហើយ​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​រាល់​គ្នា នឹង​ផ្ដល់​ភោគ‌ផល​បរិបូណ៌»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថា អ្នក​រាល់​គ្នា​ពិត​ជា​មាន​សុភមង្គល​មែន ដ្បិត​ស្រុក​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ស្រុក​មួយ ដ៏​សម្បូណ៌‌សប្បាយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ពោល​ពាក្យ​ទ្រគោះ​បោះ​បោក ប្រឆាំង​នឹង​យើង ហើយ​អ្នក​រាល់​គ្នា​ពោល​ថា: “តើ​យើង​ខ្ញុំ​និយាយ​គ្នា​ប្រឆាំង​នឹង​ព្រះអង្គ ដូច​ម្ដេច​ខ្លះ?”។ អ្នក​រាល់​គ្នា​ពោល​ថា: “ពួក​យើង​ខំ​បម្រើ​ព្រះ‌ជាម្ចាស់ តែ​គ្មាន​បាន​ការ​អ្វី​ទេ ពួក​យើង​ខំ​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ ហើយ​ខំ​ដើរ​តាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ទាំង​កាន់​ទុក្ខ​ដូច្នេះ តើ​បាន​ចំណេញ​អ្វី? ពួក​យើង​សង្កេត​ឃើញ​ថា ឥឡូវ​នេះ មាន​តែ​មនុស្ស​ព្រហើន​ទេ ដែល​មាន​សុភមង្គល ហើយ​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ បែរ​ជា​បាន​ចម្រុង‌ចម្រើន​ទៅ​វិញ។ ទោះ​បី​ពួក​គេ​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់​ក្ដី ក៏​ពួក​គេ​គេច​ផុត​ពី​ទុក្ខ​ទោស​ជានិច្ច”»។ ពេល​នោះ អស់​អ្នក​ដែល​គោរព កោតខ្លាច​ព្រះ‌អម្ចាស់ ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក ព្រះ‌អម្ចាស់ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង ពាក្យ​សម្ដី​របស់​ពួក​គេ។ គេ​បាន​ចារ​ឈ្មោះ​របស់​អស់​អ្នក​ដែល​គោរព កោតខ្លាច​ព្រះ‌នាម​ព្រះ‌អម្ចាស់​ក្នុង​ក្រាំង​មួយ ទុក​ជា​ទី​រំឭក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​ដែល​យើង​បាន​កំណត់​ទុក អ្នក​ទាំង​នោះ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​ដែល​ជា ចំណែក​មត៌ក​របស់​យើង​ផ្ទាល់។ យើង​នឹង​ត្រា​ប្រណី​ពួក​គេ ដូច​ឪពុក​ត្រា​ប្រណី​កូន​ដែល​បម្រើ​ឪពុក។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​សា​ជា​ថ្មី​ថា តើ​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់ ខុស​គ្នា​យ៉ាង​ណា ហើយ​អ្នក​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ និង​អ្នក​មិន​គោរព​បម្រើ ខុស​គ្នា​យ៉ាង​ណា

ចែក​រំលែក
អាន ម៉ាឡាគី 3

ម៉ាឡាគី 3:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ គាត់​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​អញ ហើយ​ព្រះ‌អម្ចាស់​ដែល​ឯង​រាល់​គ្នា​ស្វែង​រក​នោះ ទ្រង់​នឹង​លោ​តែ​មក​ដល់​ព្រះ‌វិហារ​របស់​ទ្រង់​ភ្លាម ឯ​ទូត​ដែល​នាំ​សេចក្ដី​សញ្ញា​មក ជា​សេចក្ដី​សញ្ញា​ដែល​ឯង​រាល់​គ្នា​ចង់​បាន​ទាំង​ម៉្លេះ​នោះ មើល​ន៏ ទ្រង់​យាង​មក នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ តែ​មាន​អ្នក​ឯ​ណា​ធន់​នៅ​បាន ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ តើ​អ្នក​ណា​នឹង​ឈរ​នៅ ក្នុង​កាល​ដែល​ទ្រង់​លេច​មក ដ្បិត​ទ្រង់​ប្រៀប​ដូច​ជា​ភ្លើង​របស់​ជាង​សំរង ហើយ​ដូច​ជា​ក្បុង​របស់​ជាង​ប្រមោក ទ្រង់​នឹង​គង់​ចុះ ដូច​ជា​ជាង​សំរង ហើយ​នឹង​ដេញ​អាចម៍​ប្រាក់ ទ្រង់​នឹង​សំអាត​ពួក​កូន​ចៅ​លេវី ហើយ​សំរង​គេ​ដូច​ជា​មាស ហើយ​នឹង​ប្រាក់ នោះ​គេ​នឹង​ថ្វាយ​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​សុចរិត គ្រា​នោះ ដង្វាយ​របស់​ពួក​យូដា នឹង​ក្រុង​យេរូ‌សាឡិម​នឹង​ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ‌យេហូវ៉ា ដូច​កាល​ពី​ដើម គឺ​ដូច​កាល​ពី​ចាស់​បុរាណ​នោះ ហើយ​អញ​នឹង​មក​ជិត​ឯង​រាល់​គ្នា ដើម្បី​នឹង​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ អញ​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស ទាស់​នឹង​ពួក​គ្រូ​អាប‌ធ្មប់ ទាស់​នឹង​ពួក​កំផិត ទាស់​នឹង​ពួក​អ្នក​ដែល​ស្បថ​បំពាន ទាស់​នឹង​ពួក​ដែល​កេង​បំបាត់​ឈ្នួល​របស់​កូន​ឈ្នួល ព្រម​ទាំង​សង្កត់‌សង្កិន​ស្រី​មេម៉ាយ នឹង​មនុស្ស​កំព្រា​ផង ហើយ​ដែល​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ចេញ​ពី​ពួក​អ្នក​ដែល​ស្នាក់​នៅ ឥត​កោត‌ខ្លាច​ដល់​អញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ដ្បិត​អញ គឺ​យេហូវ៉ា អញ​មិន​ប្រែ‌ប្រួល​ឡើយ ហេតុ​នោះ ឱ​ពួក​កូន​ចៅ​យ៉ាកុបអើយ ឯង​រាល់​គ្នា​មិន​បាន​ត្រូវ​វិនាស​ទេ។ ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​សេចក្ដី​បញ្ញត្ត​របស់​អញ ចាប់​តាំង​ពី​គ្រា​ពួក​អយ្យ‌កោ​រៀង​មក ឥត​កាន់​តាម​ឡើយ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បង្គាប់​ថា ចូរ​វិល​មក​ឯ​អញ​វិញ​ចុះ នោះ​អញ​នឹង​ត្រឡប់​មក​ឯ​ឯង​ដែរ តែ​ឯង​រាល់​គ្នា​ថា តើ​យើង​នឹង​វិល​ទៅ​យ៉ាង​ដូច​ម្តេច ចុះ​តើ​មនុស្ស​នឹង​កោង​យក​របស់​ព្រះ​ឬ ប៉ុន្តែឯង​រាល់​គ្នា​បាន​កោង​យក​របស់​អញ​ហើយ រួច​បែរ​ជា​សួរ​ថា តើ​យើង​បាន​កោង​យក​របស់​ទ្រង់​ឯ​ណា គឺ​ក្នុង​ដង្វាយ​១​ភាគ​ក្នុង​១០ ហើយ​ក្នុង​ដង្វាយ​លើក​ចុះ​ឡើង​នោះ​ឯង ឯង​រាល់​គ្នា គឺ​មនុស្ស​នៅ​នគរ​នេះ​ទាំង​មូល ត្រូវ​បណ្តាសា​ហើយ ដោយ​ព្រោះ​តែង‌តែ​កោង​យក​របស់​អញ​យ៉ាង​ដូច្នេះ ចូរ​នាំ​យក​ដង្វាយ​១​ភាគ​ក្នុង​១០​ទាំង​អស់ មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់​នៃ​អញ ហើយ​ល្បង‌ល​អញ​ឥឡូវ បើ​អញ​មិន​បើក​ទ្វារ​ស្ថាន‌សួគ៌ ដើម្បី​ចាក់​ព្រះ‌ពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដូច្នេះ ដោយ​យល់​ដល់​ឯង​រាល់​គ្នា នោះ​អញ​នឹង​បន្ទោស​ដល់​សត្វ​ដែល​ស៊ី​បង្ខូច មិន​ឲ្យ​វា​បំផ្លាញ​ផល​ដែល​កើត​ពី​ដី​ឯង​ឡើយ ឯ​ដើម​ទំពាំង‌បាយ‌ជូរ​នៅ​ចំការ​របស់​ឯង ក៏​មិន​ជំរុះ​ផ្លែ​ពី​កាល​នៅ​ក្តឹប​ដែរ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ យ៉ាង​នោះ​គ្រប់​ទាំង​សាសន៍​នឹង​ថា ឯង​រាល់​គ្នា​មាន​ពរ ដ្បិត​ស្រុក​របស់​ឯង​រាល់​គ្នា នឹង​បាន​ជា​ស្រុក​សប្បាយ​ណាស់ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា ពាក្យ​សំដី​របស់​ឯង​រាល់​គ្នា បាន​ទាស់​នឹង​អញ​ជា​ខ្លាំង ទោះ​បើ​យ៉ាង​នោះ​ក៏​ឯង​រាល់​គ្នា​ថា យើង​បាន​និយាយ​អ្វី​ទាស់​នឹង​ទ្រង់ គឺ​ឯង​រាល់​គ្នា​ពោល​ថា ការ​ដែល​ខំ​គោរព​តាម​ព្រះ នោះ​ឥត​អំពើ​ទេ ហើយ​ដែល​យើង​បាន​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រម​ទាំង​ដើរ​នៅ​ចំពោះ​ទ្រង់​ដោយ​កាន់​ទុក្ខ​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី ឥឡូវ​នេះ យើង​រាប់​មនុស្ស​ឆ្មើង‌ឆ្មៃ ទុក​ជា​សប្បាយ​ហើយ អើ ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​បាន​តាំង​ឡើង អើ គេ​ល្បង‌ល​ព្រះ ហើយ​ក៏​រួច​ផង។ គ្រា​នោះ ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ក៏​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រុង​ស្តាប់ ក៏​បាន​ឮ រួច​មាន​សៀវភៅ​រំឭក​បាន​កត់​ទុក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សំរាប់​ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ នឹង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ‌នាម​ទ្រង់ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​ដែល​អញ​ធ្វើ​ការ​នេះ នោះ​គេ​នឹង​បាន​ជា​របស់​ផង​អញ គឺ​ជា​របស់​ផង​អញ​ពិត ហើយ​អញ​នឹង​ប្រណី​ដល់​គេ ដូច​ជា​មនុស្ស​ប្រណី​ដល់​កូន​ខ្លួន​ដែរ គឺ​ជា​កូន​ដែល​គោរព​ដល់​ខ្លួន​ពិត គ្រា​នោះ ឯង​រាល់​គ្នា​នឹង​ត្រឡប់​ជា​ចេះ​ញែក​សេចក្ដី​សុចរិត នឹង​សេចក្ដី​អាក្រក់​ចេញ​ពី​គ្នា ហើយ​នឹង​មនុស្ស​ដែល​គោរព​ដល់​ព្រះ នឹង​មនុស្ស​ដែល​មិន​គោរព​ផង។

ចែក​រំលែក
អាន ម៉ាឡាគី 3