សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ជនជាតិអ៊ីស្រាអែល តាមរយៈលោកម៉ាឡាគី។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើមានអ្វីបញ្ជាក់ថា ព្រះអង្គស្រឡាញ់យើងខ្ញុំ?”។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - ទោះបីអេសាវជាបងរបស់យ៉ាកុបក្ដី ក៏យើងស្រឡាញ់យ៉ាកុបជាង គឺយើងមិនពេញចិត្តនឹងអេសាវទេ យើងបានធ្វើឲ្យភ្នំនៅស្រុកអេសាវ ក្លាយទៅជាទីស្មសាន ហើយយើងបានឲ្យឆ្កែព្រៃមករស់នៅក្នុង ទឹកដីដែលជាចំណែកមត៌ករបស់គេ។ ប្រសិនបើអេដុមពោលថា “ពួកយើងនឹងសង់ស្រុក ដែលវិនាសនេះឡើងវិញ!” ឲ្យពួកគេសង់ទៅ! យើងនឹងកម្ទេចស្រុកនោះសាជាថ្មី។ គេនឹងហៅស្រុកនោះថា “ទឹកដីរបស់ជនទុច្ចរិត” “ប្រជាជនដែលព្រះអម្ចាស់ខ្ញាល់រហូត”។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ អ្នករាល់គ្នានឹងឃើញហេតុការណ៍នេះ ហើយពោលថា: “ព្រះអម្ចាស់សម្តែងមហិទ្ធិឫទ្ធិ ហួសព្រំដែនស្រុកអ៊ីស្រាអែលទៅទៀត!”»។ «ធម្មតា កូនតែងតែគោរពឪពុក ហើយអ្នកបម្រើតែងតែគោរពម្ចាស់របស់ខ្លួន។ ប្រសិនបើយើងជាបិតាមែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាបិតា? ប្រសិនបើយើងជាម្ចាស់មែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាម្ចាស់? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នា ដែលជាបូជាចារ្យវិញ អ្នករាល់គ្នាមាក់ងាយនាមរបស់យើង តែអ្នករាល់គ្នាពោលថា “តើយើងខ្ញុំមាក់ងាយ ព្រះនាមរបស់ព្រះអង្គត្រង់ណា?”។ អ្នករាល់គ្នាយកម្ហូបអាហារសៅហ្មង មកដាក់នៅលើអាសនៈរបស់យើង ហើយអ្នករាល់គ្នាពោលថា “តើយើងខ្ញុំបានធ្វើឲ្យព្រះអង្គសៅហ្មង ត្រង់ណា?” គឺមកពីអ្នករាល់គ្នាពោលថា: តុរបស់ព្រះអម្ចាស់មិនសូវសំខាន់ទេ! ពេលអ្នករាល់គ្នាយកសត្វខ្វាក់ មកធ្វើយញ្ញបូជា តើមិនមែនជាការអាក្រក់ទេឬ? ពេលអ្នករាល់គ្នាយកសត្វបាក់ជើង ឬសត្វមានជំងឺមកធ្វើយញ្ញបូជា តើមិនមែនជាការអាក្រក់ទេឬ? បើអ្នកយកសត្វបែបនេះទៅជូន ទេសាភិបាលរបស់អ្នក តើគាត់សុខចិត្តទទួលយក ហើយទទួលអ្នកដោយរាក់ទាក់ឬ?» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ឥឡូវនេះ ចូរនាំគ្នាទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រណីសន្ដោសពួកយើង! «បើអ្នករាល់គ្នានៅតែធ្វើអំពើអាក្រក់ដូច្នេះ តើអ្នករាល់គ្នាស្មានថា យើងទទួលអ្នករាល់គ្នា ដោយរាក់ទាក់ឬ? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ បើនៅតែដូច្នេះ គួរឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារព្រះវិហារ ដើម្បីកុំឲ្យអ្នករាល់គ្នាបង្កាត់ភ្លើង ជាអសារបង់នៅលើអាសនៈរបស់យើងទៀត! យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ ហើយយើងក៏មិនទទួលតង្វាយពីដៃ របស់អ្នករាល់គ្នាដែរ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ចាប់ពីទិសខាងកើត រហូតដល់ទិសខាងលិច នាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់ទីកន្លែង គេនាំគ្នាដុតគ្រឿងក្រអូប ដើម្បីលើកតម្កើងនាមរបស់យើង ព្រមទាំងនាំយកតង្វាយបរិសុទ្ធមកជាមួយផង ដ្បិតនាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ប៉ុន្តែ អ្នករាល់គ្នាបង្អាប់បង្អោននាមរបស់យើង ដោយពោលថា: “តុរបស់ព្រះអម្ចាស់សៅហ្មងហើយ មិនបាច់យកអាហារថ្លៃថ្នូរ ទៅតម្កល់លើតុនោះទេ”។ អ្នករាល់គ្នាពោលថា “ពិធីទាំងនេះគួរឲ្យធុញទ្រាន់ណាស់!” ហើយក៏នាំគ្នាមើលងាយយើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ អ្នករាល់គ្នាយកសត្វដែលលួចគេ សត្វពិការ ឬសត្វមានជំងឺមកឲ្យយើង ទុកជាតង្វាយ តើយើងទទួលតង្វាយនេះ ពីដៃរបស់អ្នករាល់គ្នាកើតឬ? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ជនបោកប្រាស់មុខជាត្រូវវេទនាពុំខាន! ដ្បិតគេទុកសត្វល្អៗក្នុងហ្វូងសត្វរបស់ខ្លួន ហើយបែរជាយកសត្វពិការ មកធ្វើជាយញ្ញបូជាថ្វាយព្រះអម្ចាស់ទៅវិញ! យើងជាព្រះមហាក្សត្រដ៏ឧត្ដម ប្រជាជាតិនានាស្ញែងខ្លាចនាមរបស់យើង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។
អាន ម៉ាឡាគី 1
ស្ដាប់នូវ ម៉ាឡាគី 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាឡាគី 1:1-14
15 ថ្ងៃ
ម៉ាឡាគីរំឭកជនជាតិអ៊ីស្រាអែលដែលផ្តាច់ទំនាក់ទំនងថាគាត់មានសារពីព្រះមុនពេលពួកគេស៊ូទ្រាំនឹងភាពស្ងៀមស្ងាត់ដ៏យូរ - ដែលនឹងបញ្ចប់នៅពេលដែលព្រះយេស៊ូវគ្រីស្ទចូលដល់ឆាក។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈម៉ាឡាគី នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ