លូកា 6:20-26

លូកា 6:20-26 គខប

ព្រះ‌យេស៊ូ​ងើប​ព្រះ‌ភ័ក្ត្រ​ទត​មើល​សិស្ស*​របស់​ព្រះអង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដែល​ជា​ជន​ក្រ‌ខ្សត់​អើយ! អ្នក​មាន​សុភមង្គល*​ហើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌រាជ្យ* របស់​ព្រះ‌ជាម្ចាស់។ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​អើយ! អ្នក​មាន​សុភមង្គល​ហើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត។ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​យំ​សោក​អើយ! អ្នក​មាន​សុភមង្គល​ហើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ត្រេក​អរ។ ប្រសិន​បើ​មាន​គេ​ស្អប់​លែង​រាប់​រក​អ្នក​រាល់​គ្នា ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​បុត្រ​មនុស្ស* អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ។ នៅ​គ្រា​នោះ ចូរ​មាន​អំណរ​សប្បាយ​ឡើង ដ្បិត​អ្នក​រាល់​គ្នា​ទទួល​រង្វាន់​យ៉ាង​ធំ នៅ​ស្ថាន​បរម‌សុខ*។ កាល​ពី​ជំនាន់​មុន បុព្វបុរស*​របស់​គេ​ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ព្យាការី​ដូច្នោះ​ដែរ។ ចំណែក​ឯ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​មាន​អើយ! អ្នក​នឹង​ត្រូវ​វេទនា ព្រោះ​អ្នក​រាល់​គ្នា​បាន ទទួល​ការ​សម្រាល​ទុក្ខ​រួច​ស្រេច​ហើយ។ អ្នក​រាល់​គ្នា​ដែល​ឆ្អែត​នៅ​ពេល​នេះ​អើយ! អ្នក​នឹង​ត្រូវ​វេទនា ដ្បិត​អ្នក​រាល់​គ្នា​នឹង​ស្រេក​ឃ្លាន​ជា​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ត្រេក‌អរ​អើយ! អ្នក​នឹង​ត្រូវ​វេទនា ព្រោះ​អ្នក​រាល់​គ្នា នឹង​កាន់​ទុក្ខ ហើយ​យំ​សោក​ជា​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ដែល​មនុស្ស​ទាំង​អស់ កោត​សរសើរ​អើយ! អ្នក​ត្រូវ​វេទនា​ហើយ ព្រោះ​បុព្វបុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្ត ចំពោះ​ពួក​ព្យាការី​ក្លែងក្លាយ​ដូច្នោះ​ដែរ!»។