លូកា 6:20-26
លូកា 6:20-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គងើបព្រះនេត្រឡើង ទតទៅពួកសិស្ស ហើយមានព្រះបន្ទូលថា៖ «មានពរហើយ អ្នករាល់គ្នាដែលក្រក្សត់ ដ្បិតព្រះរាជ្យរបស់ព្រះជារបស់អ្នករាល់គ្នា។ មានពរហើយ អ្នករាល់គ្នាដែលឃ្លាននៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ មានពរហើយ អ្នករាល់គ្នាដែលយំនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងបានសើច។ អ្នករាល់គ្នាមានពរ ពេលមនុស្សស្អប់អ្នករាល់គ្នា ពេលគេកាត់កាល់ ត្មះតិះដៀល ហើយមើលងាយអ្នករាល់គ្នា ដោយព្រោះកូនមនុស្ស។ ចូរអរសប្បាយនៅថ្ងៃនោះ ហើយលោតដោយអំណរចុះ ដ្បិតមើល៍ អ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ ព្រោះបុព្វបុរសរបស់គេ ក៏បានប្រព្រឹត្តចំពោះពួកហោរាពីដើមយ៉ាងដូច្នោះដែរ។ ប៉ុន្ដែ វេទនាដល់អ្នករាល់គ្នាដែលជាអ្នកមាន ដ្បិតអ្នករាល់គ្នាបានទទួល ការកម្សាន្តចិត្តរួចស្រេចហើយ។ វេទនាដល់អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងត្រូវឃ្លានវិញ។ វេទនាដល់អ្នករាល់គ្នាដែលកំពុងសើចនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកវិញ។ វេទនាដល់អ្នករាល់គ្នា កាលណាមនុស្សទាំងអស់និយាយល្អពីអ្នករាល់គ្នា ដ្បិតពីដើម បុព្វបុរសរបស់គេក៏បានប្រព្រឹត្ត ចំពោះពួកហោរាក្លែងក្លាយយ៉ាងដូច្នោះដែរ»។
លូកា 6:20-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូងើបព្រះភ័ក្ត្រទតមើលសិស្ស*របស់ព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ! អ្នកមានសុភមង្គល*ហើយ ដ្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យ* របស់ព្រះជាម្ចាស់។ អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ អ្នករាល់គ្នាដែលកំពុងតែយំសោកអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានត្រេកអរ។ ប្រសិនបើមានគេស្អប់លែងរាប់រកអ្នករាល់គ្នា ប្រសិនបើគេត្មះតិះដៀលបង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែបុត្រមនុស្ស* អ្នករាល់គ្នាមានសុភមង្គលហើយ។ នៅគ្រានោះ ចូរមានអំណរសប្បាយឡើង ដ្បិតអ្នករាល់គ្នាទទួលរង្វាន់យ៉ាងធំ នៅស្ថានបរមសុខ*។ កាលពីជំនាន់មុន បុព្វបុរស*របស់គេក៏បានប្រព្រឹត្តចំពោះពួកព្យាការីដូច្នោះដែរ។ ចំណែកឯអ្នករាល់គ្នាដែលជាអ្នកមានអើយ! អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នាបាន ទទួលការសម្រាលទុក្ខរួចស្រេចហើយ។ អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ! អ្នកនឹងត្រូវវេទនា ដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។ អ្នករាល់គ្នាដែលកំពុងតែត្រេកអរអើយ! អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នា នឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។ អ្នករាល់គ្នាដែលមនុស្សទាំងអស់ កោតសរសើរអើយ! អ្នកត្រូវវេទនាហើយ ព្រោះបុព្វបុរសរបស់គេក៏បានប្រព្រឹត្ត ចំពោះពួកព្យាការីក្លែងក្លាយដូច្នោះដែរ!»។
លូកា 6:20-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ងើបព្រះនេត្រឡើង ទតទៅពួកសិស្ស មានបន្ទូលថា មានពរហើយ អ្នករាល់គ្នាដែលក្រអើយ ដ្បិតនគរព្រះជារបស់ផងអ្នករាល់គ្នា មានពរហើយ អ្នករាល់គ្នាដែលឃ្លានឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត មានពរហើយ អ្នករាល់គ្នាដែលយំឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងបានសើចវិញ មានពរហើយ កាលណាមនុស្សនឹងស្អប់អ្នករាល់គ្នា ព្រមទាំងកាត់កាល់ ត្មះតិះដៀល ហើយចោលឈ្មោះអ្នករាល់គ្នាចេញ ទុកដូចជាអាក្រក់ ដោយព្រោះកូនមនុស្ស ចូរអ្នករាល់គ្នាអរសប្បាយឡើងនៅថ្ងៃនោះ ហើយលោតកញ្ឆេងចុះ ដ្បិតមើល អ្នករាល់គ្នាមានរង្វាន់ជាយ៉ាងធំនៅឯស្ថានសួគ៌ ឯពួកឰយុកោរបស់គេ ក៏បានប្រព្រឹត្តចំពោះពួកហោរាពីដើមយ៉ាងដូច្នោះដែរ តែវេទនាដល់អ្នករាល់គ្នា ជាអ្នកមាន ដ្បិតអ្នករាល់គ្នាកំពុងតែមានសេចក្ដីកំសាន្តចិត្តក្នុងសម័យនេះ វេទនាដល់អ្នករាល់គ្នាដែលឆ្អែត ដ្បិតនឹងត្រូវឃ្លានវិញ វេទនាដល់អ្នករាល់គ្នា ដែលសើចក្នុងជាន់ឥឡូវនេះ ដ្បិតនឹងកើតទុក្ខព្រួយ ហើយយំសោកវិញ វេទនាដល់អ្នករាល់គ្នា កាលណាមនុស្សទាំងអស់និយាយល្អពីអ្នករាល់គ្នា ពីព្រោះកាលពីដើម ពួកឰយុកោបានប្រព្រឹត្តនឹងពួកហោរាក្លែងក្លាយយ៉ាងដូច្នោះដែរ