លូកា 5:1-11

លូកា 5:1-11 គខប

ថ្ងៃ​មួយ ព្រះ‌យេស៊ូ​គង់​នៅ​មាត់​បឹង​គេនេ‌សារ៉ែត មាន​បណ្ដា‌ជន​ជា​ច្រើន​ប្រជ្រៀត​គ្នា​នៅ​ជុំ‌វិញ​ព្រះអង្គ ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។ ព្រះអង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​ច្រាំង រីឯ​អ្នក​នេសាទ​នាំ​គ្នា​ចុះ​ទៅ​លាង​អួន​របស់​គេ។ ព្រះ‌យេស៊ូ​យាង​ចុះ​ទៅ​ក្នុង​ទូក​របស់​លោក​ស៊ីម៉ូន រួច​ព្រះអង្គ​សុំ​ឲ្យ​គាត់​ចេញ​ទូក​ទៅ​ឆ្ងាយ​ពី​ច្រាំង​បន្តិច។ ព្រះអង្គ​គង់​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក​នោះ។ លុះ​ព្រះអង្គ​បង្រៀន​គេ​ចប់​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ស៊ីម៉ូន​ថា៖ «ចូរ​បង្ហួស​ទូក​ទៅ​ទឹក​ជ្រៅ រួច​នាំ​គ្នា​ទម្លាក់​អួន​ចុះ»។ លោក​ស៊ីម៉ូន​តប​ទៅ​ព្រះ‌យេស៊ូ​វិញ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​បាន​អូស​អួន​ពេញ​មួយ​យប់​ហើយ អត់​បាន​ត្រី​សោះ ប៉ុន្តែ បើ​លោក​គ្រូ​មាន​ប្រសាសន៍​ដូច្នេះ ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក​គ្រូ»។ គេ​ក៏​ទម្លាក់​អួន​ទៅ​ក្នុង​ទឹក ជាប់​ត្រី​យ៉ាង​ច្រើន​ស្ទើរ​តែ​ធ្លាយ​អួន។ គេ​បក់​ដៃ​ហៅ​មិត្ត‌ភក្ដិ​ដែល​នៅ​ក្នុង​ទូក​មួយ​ទៀត​ឲ្យ​មក​ជួយ។ ពួក​នោះ​មក​ដល់ ជួយ​ចាប់​ត្រី​ដាក់​ពេញ​ទូក​ទាំង​ពីរ ស្ទើរ​តែ​នឹង​លិច។ ពេល​លោក​ស៊ីម៉ូន-‌ពេត្រុស​ឃើញ​ដូច្នោះ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាង​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ព្រោះ​ទូលបង្គំ​ជា​មនុស្ស​បាប»។ លោក​ស៊ីម៉ូន​និយាយ​ដូច្នេះ ព្រោះ​គាត់ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ ភ័យ​ស្ញប់‌ស្ញែង​ជា​ខ្លាំង នៅ​ពេល​បាន​ឃើញ​ត្រី​ច្រើន​យ៉ាង​នេះ។ រីឯ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​លោក​សេបេ‌ដេ ដែល​នេសាទ​រួម​ជា​មួយ​លោក​ស៊ីម៉ូន ក៏​មាន​ចិត្ត​ដូច្នោះ​ដែរ។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «កុំ​ខ្លាច​អី! ពី​ពេល​នេះ​ទៅ​មុខ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។ ពេល​ទូក​ទៅ​ដល់​មាត់​ច្រាំង​វិញ គេ​បោះ​បង់​របស់​របរ​ទាំង​អស់​ចោល រួច​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ