លូកា 5:1-11

លូកា 5:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌អង្គ​កំពុង​ឈរ​នៅ​មាត់​បឹង​គេនេ‌សារ៉ែត ប្រ‌ជាជន​ប្រជ្រៀត​គ្នា​ចូល​មក​រក​ព្រះ‌អង្គ ដើម្បី​ស្តាប់​ព្រះ‌បន្ទូល។ ព្រះ‌អង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​បឹង តែ​ពួក​អ្នក​នេសាទ​បាន​ចេញ​ពី​ទូក​ទៅ​លាង​អួន​របស់​គេ​អស់​ហើយ។ ព្រះ‌អង្គ​យាង​ចុះ​ទៅ​ក្នុង​ទូក​មួយ​នោះ ជា​ទូក​របស់​ស៊ីម៉ូន ក៏​សុំ​ឲ្យ​គាត់​ចេញ​ទូក​ទៅ​ឆ្ងាយ​ពី​ច្រាំង​បន្តិច។ ព្រះ‌អង្គ​ក៏​គង់​ចុះ ហើយ​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក​នោះ។ លុះ​បង្រៀន​គេ​ចប់​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន​ថា៖ «ចូរ​ចេញ​ទូក​ទៅ​ទឹក​ជ្រៅ ហើយ​ទម្លាក់​អួន​ចាប់​ត្រី​ចុះ»។ ស៊ីម៉ូន​ទូល​តប​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ខំ​អូស​អួន​ពេញ​មួយ​យប់ ចាប់​មិន​បាន​ត្រី​សោះ តែ​ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក​គ្រូ»។ កាល​គេ​បាន​ធ្វើ​ដូច្នេះ គេ​ក៏​ចាប់​បាន​ត្រី​យ៉ាង​ច្រើន​សន្ធឹក រហូត​ដល់​អួន​របស់​គេ​ស្ទើរ​តែ​នឹង​ធ្លាយ។ ដូច្នេះ គេ​បក់​ដៃ​ហៅ​គូកន​ដែល​នៅ​ក្នុង​ទូក​មួយ​ទៀត​ឲ្យ​មក​ជួយ។ គេ​ក៏​មក ហើយ​ចាប់​ដាក់​បាន​ពេញ​ទូក​ទាំង​ពីរ រហូត​ស្ទើរ​តែ​នឹង​លិច។ ប៉ុន្ដែ កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឃើញ​ដូច្នោះ គាត់​ក៏​ក្រាប​ទៀប​ព្រះ‌ជង្ឃ​ព្រះ‌យេស៊ូវ ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាង​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​មាន​បាប!»។ ដ្បិត​គាត់ និង​អស់​អ្នក​នៅ​ជា​មួយ មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​នឹង​ត្រី​ដែល​គេ​ចាប់​បាន ហើយ​យ៉ាកុប និង​យ៉ូហាន ជា​កូន​សេបេដេ ដែល​ជា​ដៃ​គូ​ជាមួយ​ស៊ីម៉ូន ក៏​មាន​ចិត្ត​ដូច្នោះ​ដែរ តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន​ថា៖ «កុំ​ខ្លាច​អី ពី​ពេល​នេះ​ទៅ​មុខ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។ កាល​គេ​បាន​អូស​ទូក​មក​ដល់​មាត់​ច្រាំង គេ​ក៏​ទុក​ចោល​អ្វីៗ​ទាំង​អស់ ហើយ​ដើរ​តាម​ព្រះ‌អង្គ​ទៅ។

ចែក​រំលែក
អាន លូកា 5

លូកា 5:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​មួយ ព្រះ‌យេស៊ូ​គង់​នៅ​មាត់​បឹង​គេនេ‌សារ៉ែត មាន​បណ្ដា‌ជន​ជា​ច្រើន​ប្រជ្រៀត​គ្នា​នៅ​ជុំ‌វិញ​ព្រះអង្គ ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។ ព្រះអង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​ច្រាំង រីឯ​អ្នក​នេសាទ​នាំ​គ្នា​ចុះ​ទៅ​លាង​អួន​របស់​គេ។ ព្រះ‌យេស៊ូ​យាង​ចុះ​ទៅ​ក្នុង​ទូក​របស់​លោក​ស៊ីម៉ូន រួច​ព្រះអង្គ​សុំ​ឲ្យ​គាត់​ចេញ​ទូក​ទៅ​ឆ្ងាយ​ពី​ច្រាំង​បន្តិច។ ព្រះអង្គ​គង់​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក​នោះ។ លុះ​ព្រះអង្គ​បង្រៀន​គេ​ចប់​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ស៊ីម៉ូន​ថា៖ «ចូរ​បង្ហួស​ទូក​ទៅ​ទឹក​ជ្រៅ រួច​នាំ​គ្នា​ទម្លាក់​អួន​ចុះ»។ លោក​ស៊ីម៉ូន​តប​ទៅ​ព្រះ‌យេស៊ូ​វិញ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​បាន​អូស​អួន​ពេញ​មួយ​យប់​ហើយ អត់​បាន​ត្រី​សោះ ប៉ុន្តែ បើ​លោក​គ្រូ​មាន​ប្រសាសន៍​ដូច្នេះ ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក​គ្រូ»។ គេ​ក៏​ទម្លាក់​អួន​ទៅ​ក្នុង​ទឹក ជាប់​ត្រី​យ៉ាង​ច្រើន​ស្ទើរ​តែ​ធ្លាយ​អួន។ គេ​បក់​ដៃ​ហៅ​មិត្ត‌ភក្ដិ​ដែល​នៅ​ក្នុង​ទូក​មួយ​ទៀត​ឲ្យ​មក​ជួយ។ ពួក​នោះ​មក​ដល់ ជួយ​ចាប់​ត្រី​ដាក់​ពេញ​ទូក​ទាំង​ពីរ ស្ទើរ​តែ​នឹង​លិច។ ពេល​លោក​ស៊ីម៉ូន-‌ពេត្រុស​ឃើញ​ដូច្នោះ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាង​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ព្រោះ​ទូលបង្គំ​ជា​មនុស្ស​បាប»។ លោក​ស៊ីម៉ូន​និយាយ​ដូច្នេះ ព្រោះ​គាត់ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ ភ័យ​ស្ញប់‌ស្ញែង​ជា​ខ្លាំង នៅ​ពេល​បាន​ឃើញ​ត្រី​ច្រើន​យ៉ាង​នេះ។ រីឯ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​លោក​សេបេ‌ដេ ដែល​នេសាទ​រួម​ជា​មួយ​លោក​ស៊ីម៉ូន ក៏​មាន​ចិត្ត​ដូច្នោះ​ដែរ។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «កុំ​ខ្លាច​អី! ពី​ពេល​នេះ​ទៅ​មុខ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។ ពេល​ទូក​ទៅ​ដល់​មាត់​ច្រាំង​វិញ គេ​បោះ​បង់​របស់​របរ​ទាំង​អស់​ចោល រួច​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។

ចែក​រំលែក
អាន លូកា 5

លូកា 5:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ទ្រង់​កំពុង​ឈរ​នៅ​មាត់​សមុទ្រ​គេនេ‌សារ៉ែត នោះ​មាន​មនុស្ស​កក‌កុញ​ប្រជ្រៀត​គ្នា​មក​ឯ​ទ្រង់ ដើម្បី​នឹង​ស្តាប់​ព្រះ‌បន្ទូល ហើយ​ទ្រង់​ទត​ឃើញ​ទូក​២​ចត​នៅ​មាត់​សមុទ្រ ដែល​ពួក​អ្នក​នេសាទ​បាន​ឡើង​ទៅ​លាង​អួន​ហើយ ទ្រង់​យាង​ចុះ​ទូក​១​នោះ ជា​ទូក​របស់​ស៊ីម៉ូន ក៏​សូម​ឲ្យ​គាត់​ចេញ​ទូក​ពី​ដី​បន្តិច​ទៅ រួច​ទ្រង់​គង់​បង្រៀន​ដល់​បណ្តា​មនុស្ស​ពី​ក្នុង​ទូក​វិញ លុះ​ឈប់​អធិប្បាយ​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ស៊ីម៉ូន​ថា ឲ្យ​ចេញ​ទូក​ទៅ​ឯ​កន្លែង​ទឹក​ជ្រៅ​ទំលាក់​អួន​ចាប់​ត្រី​ចុះ ស៊ីម៉ូន​ទូល​ឆ្លើយ​ថា លោក​គ្រូ​អើយ យប់​មិញ យើង​ខ្ញុំ​បាន​ខំ​ដឹក​អួន​ទាល់​ភ្លឺ គ្មាន​បាន​អ្វី​សោះ តែ​ខ្ញុំ​នឹង​ទំលាក់​អួន តាម​ពាក្យ​លោក​មើល កាល​ទំលាក់​ទៅ នោះ​ក៏​ជាប់​បាន​ត្រី​សន្ធឹក ដល់​ម៉្លេះ​បាន​ជា​អួន​ចាប់​តាំង​ធ្លាយ នោះ​គេ​បោយ​ដៃ​ហៅ​គូ‌កន ដែល​នៅ​ក្នុង​ទូក​១​ទៀត ឲ្យ​មក​ជួយ​គ្នា គេ​ក៏​មក ហើយ​ចាប់​ដាក់​បាន​ពេញ​ទូក​ទាំង​២ ទាល់​តែ​ពៀប​ស្ទើរ​នឹង​លិច កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឃើញ​ដូច្នោះ នោះ​គាត់​ក្រាប​នៅ​ទៀប​ព្រះ‌ជង្ឃ​ព្រះ‌យេស៊ូវ ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ថយ​ចេញ​ពី​ទូលបង្គំ ដ្បិត​ទូលបង្គំ​ជា​មនុស្ស​មាន​បាប គាត់​ទូល​ដូច្នោះ ដោយ​ហេតុ​គាត់ នឹង​ពួក​អ្នក​នៅ​ជា​មួយ នឹក​ស្ងើច​ក្នុង​ចិត្ត ពី​ត្រី​ដែល​បាន​ច្រើន​ដល់​ម៉្លោះ ហើយ​យ៉ាកុប នឹង​យ៉ូហាន ជា​កូន​សេបេដេ ដែល​ជា​ពួក​ហ៊ុន​នឹង​ស៊ីម៉ូន ក៏​ដូច្នោះ​ដែរ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ស៊ីម៉ូន​ថា កុំ​ខ្លាច​អី ពី​នេះ​ទៅ​មុខ អ្នក​នឹង​ចាប់​មនុស្ស​វិញ រួច​កាល​ទូក​បាន​ដល់​គោក នោះ​គេ​ទុក​របស់​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ទ្រង់​ទៅ។

ចែក​រំលែក
អាន លូកា 5