លូកា 21:10-19

លូកា 21:10-19 គខប

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត នឹង​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង​នៅ​តាម​តំបន់​ផ្សេងៗ ហើយ​នឹង​មាន​កើត​ទុរ្ភិក្ស ជំងឺ​រាត‌ត្បាត ព្រម​ទាំង​មាន​អព្ភូត‌ហេតុ​ផ្សេងៗ បណ្ដាល​ឲ្យ​ភ័យ​តក់‌ស្លុត និង​មាន​ទី​សម្គាល់​យ៉ាង​ធំ​នៅ​លើ​មេឃ​ផង។ ប៉ុន្តែ មុន​នឹង​ហេតុ‌ការណ៍​ទាំង​នោះ​កើត​ឡើង គេ​នឹង​ចាប់​ចង​អ្នក​រាល់​គ្នា គេ​បៀត‌បៀន ហើយ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស​ក្នុង​សាលា​ប្រជុំ* យក​អ្នក​រាល់​គ្នា​ទៅ​ឃុំ‌ឃាំង។ គេ​នាំ​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ស្ដេច និង​លោក​ទេសា‌ភិបាល​កាត់​ទោស ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ ការ​នេះ​ប្រែ​ជា​ហុច​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខីភាព​ទៅ​វិញ។ ត្រូវ​ចង​ចាំ​ក្នុង​ចិត្ត​ថា កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​ពាក្យ​និយាយ​ការពារ​ខ្លួន​ធ្វើ​អ្វី ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា មិន​ឲ្យ​ពួក​ប្រឆាំង​អាច​ប្រកែក​តទល់​នឹង​អ្នក​រាល់​គ្នា​ឡើយ។ សូម្បី​តែ​ឪពុក‌ម្ដាយ បងប្អូន​ញាតិ‌សន្ដាន និង​មិត្ត‌ភក្ដិ​របស់​អ្នក​រាល់​គ្នា ក៏​បញ្ជូន​អ្នក​រាល់​គ្នា​មួយ​ចំនួន​ទៅ​ឲ្យ​គេ​សម្លាប់​ផង​ដែរ។ មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ សូម្បី​តែ​សក់​អ្នក​រាល់​គ្នា​មួយ​សរសៃ​ក៏​មិន​ត្រូវ​បាត់​ឡើយ។ អ្នក​រាល់​គ្នា​នឹង​បាន​រួច​ជីវិត ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ស៊ូ‌ទ្រាំ»។