លូកា 21:10-19

លូកា 21:10-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សាសន៍​មួយ​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​មួយ ហើយ​នគរ​មួយ​ទាស់​នឹង​នគរ​មួយ នឹង​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង និង​អំណត់ ហើយ​អាសន្ន‌រោគ​នៅ​កន្លែង​ផ្សេងៗ ទាំង​មាន​ហេតុ​នាំ​ឲ្យ​ភ័យ និង​ទី​សម្គាល់​យ៉ាង​ធំ​ពី​លើ​មេឃ​ផង។ ប៉ុន្តែ មុន​នឹង​ហេតុ‌ការណ៍​ទាំង​នោះ​កើត​ឡើង គេ​នឹង​ចាប់​អ្នក​រាល់​គ្នា បៀត​បៀន​អ្នក​រាល់​គ្នា ហើយ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​សាលា​ប្រជុំ ហើយ​ដាក់​គុក ព្រម​ទាំង​នាំ​អ្នក​រាល់​គ្នា​ទៅ​ចំពោះ​ស្តេច និង​លោក​ទេសា‌ភិបាល ដោយ​ព្រោះ​នាម​ខ្ញុំ។ ប៉ុន្តែ ការ​នេះ​នឹង​ត្រឡប់​ជា​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​វិញ។ ដូច្នេះ ចូរ​ចង​ចាំ​ក្នុង​ចិត្ត​ថា អ្នក​រាល់​គ្នា​មិន​ចាំ​បាច់​គិត​ជា​មុន អំពី​ពាក្យ​ដែល​ត្រូវ​ឆ្លើយ​ការពារ​ខ្លួន​នោះ​ឡើយ ដ្បិត​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា​ដែល​គ្មាន​គូ​វិវាទ​ណា​របស់​អ្នក​រាល់​គ្នា​អាច​នឹង​តតាំង ឬ​ប្រកែក​ជំទាស់​បាន​ឡើ​យ។ ប៉ុន្តែ ទោះ​ទាំង​ឪពុក​ម្តាយ បង‌ប្អូន ញាតិ‌សន្តាន ហើយ​មិត្ត​សម្លាញ់​ក៏​នឹង​បញ្ជូន​អ្នក​រាល់​គ្នា ហើយ​គេ​នឹង​សម្លាប់​អ្នក​រាល់​គ្នា​ខ្លះ​ដែរ។ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ តែ​សូម្បី​សក់​មួយ​សរសៃ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​មិន​ត្រូវ​វិនាស​បាត់​ផង។ អ្នក​រាល់​គ្នា​នឹង​បាន​ជីវិត​គង់​នៅ ដោយ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន»។

ចែក​រំលែក
អាន លូកា 21

លូកា 21:10-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត នឹង​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង​នៅ​តាម​តំបន់​ផ្សេងៗ ហើយ​នឹង​មាន​កើត​ទុរ្ភិក្ស ជំងឺ​រាត‌ត្បាត ព្រម​ទាំង​មាន​អព្ភូត‌ហេតុ​ផ្សេងៗ បណ្ដាល​ឲ្យ​ភ័យ​តក់‌ស្លុត និង​មាន​ទី​សម្គាល់​យ៉ាង​ធំ​នៅ​លើ​មេឃ​ផង។ ប៉ុន្តែ មុន​នឹង​ហេតុ‌ការណ៍​ទាំង​នោះ​កើត​ឡើង គេ​នឹង​ចាប់​ចង​អ្នក​រាល់​គ្នា គេ​បៀត‌បៀន ហើយ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស​ក្នុង​សាលា​ប្រជុំ* យក​អ្នក​រាល់​គ្នា​ទៅ​ឃុំ‌ឃាំង។ គេ​នាំ​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ស្ដេច និង​លោក​ទេសា‌ភិបាល​កាត់​ទោស ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ ការ​នេះ​ប្រែ​ជា​ហុច​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខីភាព​ទៅ​វិញ។ ត្រូវ​ចង​ចាំ​ក្នុង​ចិត្ត​ថា កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​ពាក្យ​និយាយ​ការពារ​ខ្លួន​ធ្វើ​អ្វី ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា មិន​ឲ្យ​ពួក​ប្រឆាំង​អាច​ប្រកែក​តទល់​នឹង​អ្នក​រាល់​គ្នា​ឡើយ។ សូម្បី​តែ​ឪពុក‌ម្ដាយ បងប្អូន​ញាតិ‌សន្ដាន និង​មិត្ត‌ភក្ដិ​របស់​អ្នក​រាល់​គ្នា ក៏​បញ្ជូន​អ្នក​រាល់​គ្នា​មួយ​ចំនួន​ទៅ​ឲ្យ​គេ​សម្លាប់​ផង​ដែរ។ មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ សូម្បី​តែ​សក់​អ្នក​រាល់​គ្នា​មួយ​សរសៃ​ក៏​មិន​ត្រូវ​បាត់​ឡើយ។ អ្នក​រាល់​គ្នា​នឹង​បាន​រួច​ជីវិត ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ស៊ូ‌ទ្រាំ»។

ចែក​រំលែក
អាន លូកា 21

លូកា 21:10-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ថា សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ ហើយ​នគរ​១​ទាស់​នឹង​នគរ​១ ក៏​នឹង​មាន​កក្រើក​ដី​ជា​ខ្លាំង នឹង​អំណត់ ហើយ​អាសន្ន‌រោគ​នៅ​កន្លែង​ផ្សេងៗ ទាំង​មាន​ហេតុ​នាំ​ឲ្យ​ភ័យ នឹង​ទី​សំគាល់​យ៉ាង​ធំ​ពី​លើ​មេឃ​ផង តែ​មុន​ការ​ទាំង​នោះ គេ​នឹង​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ទុក្ខ បញ្ជូន​ទៅ​សាលា​ប្រជុំ ហើយ​ដាក់​គុក ព្រម​ទាំង​នាំ​អ្នក​រាល់​គ្នា​ទៅ​ចំពោះ​ស្តេច នឹង​ចៅហ្វាយ​ខេត្ត ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ផង ប៉ុន្តែ​ការ​នោះ​នឹង​ត្រឡប់​ប្រែ​ជា​ឱកាស ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​វិញ ដូច្នេះ ចូរ​សំរេច​ក្នុង​ចិត្ត​ថា អ្នក​រាល់​គ្នា​នឹង​មិន​គិត​ជា​មុន អំពី​ពាក្យ​ដែល​ត្រូវ​ដោះ‌សា​ទេ ដ្បិត​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ ហើយ​នឹង​ប្រាជ្ញា​វិញ ដែល​ពួក​អ្នក​តតាំង​ពុំ​អាច​នឹង​ឆ្លើយ​ឆ្លង ឬ​ទទឹង​ទាស់​បាន​ឡើយ ប៉ុន្តែ​ទោះ​ទាំង​ឪពុក​ម្តាយ បង​ប្អូន ញាតិ​សន្តាន ហើយ​មិត្រ​សំឡាញ់​ក៏​នឹង​បញ្ជូន​អ្នក​រាល់​គ្នា ហើយ​នឹង​សំឡាប់​អ្នក​រាល់​គ្នា​ខ្លះ​ដែរ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ តែ​សូម្បី​សក់​១​សរសៃ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​មិន​ត្រូវ​វិនាស​បាត់​ផង អ្នក​រាល់​គ្នា​នឹង​បាន​ជីវិត​គង់​នៅ​វិញ ដោយ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន។

ចែក​រំលែក
អាន លូកា 21