លូកា 19:28-40

លូកា 19:28-40 គខប

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះអង្គ​ក៏​យាង​នាំ​មុខ​បណ្ដា‌ជន ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។ លុះ​ព្រះអង្គ​យាង​ជិត​ដល់​ភូមិ​បេតផា‌សេ និង​ភូមិ​បេតថា‌នី ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះអង្គ​ចាត់​សិស្ស*​ពីរ​រូប​ឲ្យ​ទៅ​មុន ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​ខាង​មុខ​នោះ ពេល​អ្នក​ទៅ​ដល់ អ្នក​នឹង​ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​នៅ​ទី​នោះ ពុំ​ទាន់​មាន​នរណា​ជិះ​នៅ​ឡើយ​ទេ ចូរ​ស្រាយ​វា​ដឹក​មក។ ប្រសិន​បើ​មាន​គេ​សួរ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា?” ចូរ​ឆ្លើយ​ទៅ​គេ​ថា “ព្រះ‌អម្ចាស់​ត្រូវ​ការ​វា”»។ សិស្ស​ទាំង​ពីរ​ក៏​ចេញ​ទៅ ហើយ​ឃើញ​ដូច​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​មែន។ ពេល​គេ​កំពុង​ស្រាយ​កូន​លា ម្ចាស់​វា​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​លា​នេះ?» សិស្ស​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​ត្រូវ​ការ​វា»។ បន្ទាប់​មក អ្នក​ទាំង​ពីរ​ដឹក​កូន​លា​យក​មក​ថ្វាយ​ព្រះ‌យេស៊ូ ហើយ​ក្រាល​អាវ​ធំ​របស់​ខ្លួន​លើ​ខ្នង​វា ថ្វាយ​ព្រះអង្គ​គង់។ នៅ​ពេល​ព្រះអង្គ​យាង​ទៅ​មុខ មនុស្ស‌ម្នា​យក​អាវ​ធំ​របស់​ខ្លួន​មក​ក្រាល​តាម​ផ្លូវ។ កាល​ព្រះ‌យេស៊ូ​យាង​តាម​ផ្លូវ​ដែល​ចុះ​ពី​ភ្នំ​ដើម​អូលីវ មក​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម មាន​សាវ័ក​ច្រើន​កុះ‌ករ​អរ​សប្បាយ នាំ​គ្នា​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ឃើញ។ គេ​ពោល​ថា៖ «សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់ ព្រះ‌មហា‌ក្សត្រ​ដែល​យាង​មក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់! សូម​សន្តិ‌ភាព​កើត​ពី​ស្ថាន​បរម‌សុខ*​មក សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!» ។ មាន​អ្នក​ខាង​គណៈ‌ផារីស៊ី*​ខ្លះ ដែល​នៅ​ក្នុង​ចំណោម​បណ្ដា‌ជន ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ សូម​ឃាត់​សិស្ស​របស់​លោក​ឲ្យ​នៅ​ស្ងៀម​ផង!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ប្រសិន​បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម ដុំ​ថ្ម​មុខ​ជា​ស្រែក​ជំនួស​គេ​វិញ​មិន​ខាន»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ