លូកា 19:28-40
លូកា 19:28-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះព្រះអង្គមានព្រះបន្ទូលសេចក្តីទាំងនេះរួចហើយ ព្រះអង្គយាងឆ្ពោះទៅមុខ សំដៅឡើងទៅក្រុងយេរូសាឡិម។ ពេលព្រះអង្គយាងទៅជិតដល់ភូមិបេតផាសេ និងភូមិបេតថានី នៅក្បែរភ្នំ ហៅថាភ្នំដើមអូលីវហើយនោះ ព្រះអង្គចាត់សិស្សពីរនាក់ឲ្យទៅ ដោយមានព្រះបន្ទូលថា៖ «ត្រូវចូលទៅក្នុងភូមិខាងមុខនុ៎ះ កាលណាចូលដល់ហើយ នោះនឹងឃើញកូនលាមួយដែលគេចងទុក មិនទាន់មានអ្នកណាជិះនៅឡើយ ចូរស្រាយវាដឹកយកមក។ បើអ្នកណាសួរអ្នកថា "ស្រាយវាធ្វើអី?" ត្រូវឆ្លើយថា "ព្រះអម្ចាស់ត្រូវការវា"»។ ដូច្នេះ អ្នកដែលព្រះអង្គបានចាត់នោះ ក៏បានឃើញដូចជាព្រះអង្គប្រាប់ពួកគេមែន។ ពេលពួកគេកំពុងស្រាយកូនលានោះ ម្ចាស់ក៏សួរថា៖ «ហេតុអ្វីបានជាអ្នកស្រាយលានេះ?» គេឆ្លើយថា៖ «ព្រះអម្ចាស់ត្រូវការវា»។ គេក៏ដឹកវាទៅថ្វាយព្រះយេស៊ូវ ហើយក្រាលអាវគេលើខ្នង ថ្វាយទ្រង់គង់។ កំពុងដែលព្រះអង្គយាងទៅ ប្រជាជននាំគ្នាយកអាវរបស់ខ្លួនមកក្រាលតាមផ្លូវ។ ពេលព្រះអង្គយាងទៅដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សរបស់ព្រះអង្គទាំងហ្វូងចាប់ផ្តើមមានចិត្តរីករាយ ហើយសរសើរតម្កើងព្រះ ដោយសំឡេងយ៉ាងខ្លាំង ដោយព្រោះការអស្ចារ្យទាំងប៉ុន្មានដែលគេបានឃើញ។ គេពោលថា «សូមស្តេចដែលយាងមក ក្នុងនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ សូមសេចក្ដីសុខសាន្តនៅស្ថានសួគ៌ និងសិរីល្អនៅស្ថានដ៏ខ្ពស់បំផុត!» ។ មានពួកផារិស៊ីខ្លះ ដែលនៅក្នុងចំណោមមនុស្ស គេទូលព្រះអង្គថា៖ «លោកគ្រូ ត្រូវស្តីបន្ទោសដល់ពួកសិស្សលោកផង»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងជំនួសវិញ»។
លូកា 19:28-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏យាងនាំមុខបណ្ដាជន ឡើងទៅក្រុងយេរូសាឡឹម។ លុះព្រះអង្គយាងជិតដល់ភូមិបេតផាសេ និងភូមិបេតថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្ស*ពីររូបឲ្យទៅមុន ដោយមានព្រះបន្ទូលថា៖ «ចូរទៅភូមិខាងមុខនោះ ពេលអ្នកទៅដល់ អ្នកនឹងឃើញកូនលាមួយដែលគេចងនៅទីនោះ ពុំទាន់មាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ ប្រសិនបើមានគេសួរថា “ហេតុអ្វីបានជាអ្នកស្រាយវា?” ចូរឆ្លើយទៅគេថា “ព្រះអម្ចាស់ត្រូវការវា”»។ សិស្សទាំងពីរក៏ចេញទៅ ហើយឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់គេមែន។ ពេលគេកំពុងស្រាយកូនលា ម្ចាស់វាសួរថា៖ «ហេតុអ្វីបានជាអ្នកស្រាយលានេះ?» សិស្សឆ្លើយថា៖ «ព្រះអម្ចាស់ត្រូវការវា»។ បន្ទាប់មក អ្នកទាំងពីរដឹកកូនលាយកមកថ្វាយព្រះយេស៊ូ ហើយក្រាលអាវធំរបស់ខ្លួនលើខ្នងវា ថ្វាយព្រះអង្គគង់។ នៅពេលព្រះអង្គយាងទៅមុខ មនុស្សម្នាយកអាវធំរបស់ខ្លួនមកក្រាលតាមផ្លូវ។ កាលព្រះយេស៊ូយាងតាមផ្លូវដែលចុះពីភ្នំដើមអូលីវ មកជិតដល់ក្រុងយេរូសាឡឹម មានសាវ័កច្រើនកុះករអរសប្បាយ នាំគ្នាបន្លឺសំឡេងសរសើរតម្កើងព្រះជាម្ចាស់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលគេបានឃើញ។ គេពោលថា៖ «សូមព្រះជាម្ចាស់ប្រទានពរដល់ ព្រះមហាក្សត្រដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់! សូមសន្តិភាពកើតពីស្ថានបរមសុខ*មក សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!» ។ មានអ្នកខាងគណៈផារីស៊ី*ខ្លះ ដែលនៅក្នុងចំណោមបណ្ដាជន ទូលព្រះយេស៊ូថា៖ «លោកគ្រូ សូមឃាត់សិស្សរបស់លោកឲ្យនៅស្ងៀមផង!»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មមុខជាស្រែកជំនួសគេវិញមិនខាន»។
លូកា 19:28-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះទ្រង់មានបន្ទូលសេចក្ដីទាំងនេះរួចហើយ នោះទ្រង់យាងទៅខាងមុខ ឡើងសំដៅទៅឯក្រុងយេរូសាឡិម កាលយាងទៅជិតដល់ភូមិបេតផាសេ នឹងភូមិបេថានី នៅក្បែរភ្នំ ដែលហៅថាភ្នំដើមអូលីវហើយ នោះទ្រង់ចាត់សិស្ស២នាក់ឲ្យទៅ ដោយថា ត្រូវចូលទៅក្នុងភូមិនៅខាងមុខនុ៎ះ កាលណាចូលដល់ហើយ នោះនឹងឃើញកូនលា១ គេចងទុក ដែលមិនទាន់មានអ្នកណាជិះនៅឡើយ ចូរស្រាយវាដឹកនាំមក បើអ្នកណាសួរអ្នកថា ស្រាយវាធ្វើអី នោះត្រូវឆ្លើយថា ពីព្រោះព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា ពួកអ្នកដែលទ្រង់បានចាត់នោះ ក៏ទៅឃើញមានដូចជាទ្រង់ប្រាប់ កំពុងដែលគេស្រាយកូនលា ម្ចាស់វាក៏សួរថា អ្នកស្រាយវាធ្វើអី គេឆ្លើយថា ព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា រួចគេដឹកវាទៅ ថ្វាយព្រះយេស៊ូវ ក៏ក្រាលអាវគេលើខ្នង ហើយថ្វាយទ្រង់គង់ កំពុងដែលទ្រង់យាងទៅ គេក៏នាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ លុះទ្រង់យាងជិតដល់ហើយ គឺត្រង់ផ្លូវចុះពីភ្នំដើមអូលីវមក នោះពួកសិស្សទ្រង់ទាំងហ្វូងចាប់តាំងមានសេចក្ដីរីករាយ ក៏ពោលសរសើរដល់ព្រះ ដោយសំឡេងយ៉ាងខ្លាំង ដោយព្រោះអស់ទាំងការឫទ្ធិបារមី ដែលគេបានឃើញនោះ គឺពោលថា ស្តេចដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ សូមឲ្យបានសេចក្ដីក្សេមក្សាន្តនៅស្ថានសួគ៌ នឹងសិរីល្អនៅស្ថានដ៏ខ្ពស់បំផុត នោះពួកផារិស៊ីខ្លះ ដែលនៅក្នុងបណ្តាមនុស្ស គេទូលទ្រង់ថា លោកគ្រូ ត្រូវស្តីបន្ទោសដល់ពួកសិស្សលោកផង តែទ្រង់មានបន្ទូលទៅគេថា ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ