ពេលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូអំពីអ្នកស្រុកកាលីឡេ ដែលលោកពីឡាតបានសម្លាប់នៅពេលគេកំពុងតែថ្វាយយញ្ញបូជា។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «តើអ្នករាល់គ្នាស្មានថាអ្នកស្រុកកាលីឡេទាំងនោះជាមនុស្សមានបាប ច្រើនជាងអ្នកស្រុកកាលីឡេឯទៀតៗឬ បានជាគេស្លាប់របៀបនេះ? ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្តរាយដូចគេមិនខាន។ ចុះមនុស្សដប់ប្រាំបីនាក់ដែលបានស្លាប់ ដោយប៉មស៊ីឡោមរលំសង្កត់លើ តើអ្នករាល់គ្នាស្មានថា អ្នកទាំងនោះមានទោសធ្ងន់ជាងអ្នកក្រុងយេរូសាឡឹមឯទៀតៗឬ? ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្តរាយដូច្នោះដែរ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះទៅគេថា៖ «មានឧទុម្ពរ*មួយដើមដុះក្នុងចម្ការបុរសម្នាក់។ ម្ចាស់ចម្ការមករកបេះផ្លែពីដើមឧទុម្ពរនោះ តែគ្មានផ្លែសោះ គាត់ក៏ប្រាប់អ្នកថែចម្ការថា៖ “មើល៍ ខ្ញុំមករកបេះផ្លែឧទុម្ពរនេះបីឆ្នាំហើយ តែមិនឃើញមានផ្លែសោះ។ ចូរកាប់វាចោលទៅ ទុកនាំតែខាតដីទេ!”។ អ្នកថែចម្ការឆ្លើយតបថា៖ “សូមលោកទុកវាមួយឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជី។ ឆ្នាំក្រោយប្រហែលជានឹងមានផ្លែ បើមិនផ្លែទេ សឹមកាប់វាចោលទៅចុះ!”»។ ថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូកំពុងតែប្រៀនប្រដៅគេក្នុងសាលាប្រជុំ*។ នៅទីនោះ មានស្ត្រីម្នាក់ដែលត្រូវវិញ្ញាណអាក្រក់ធ្វើឲ្យពិការ អស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នង ងើបត្រង់ពុំកើត។ ពេលព្រះយេស៊ូទតឃើញស្ត្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖ «នាងអើយ! នាងបានជាសះស្បើយហើយ»។ ព្រះអង្គដាក់ព្រះហស្ដលើនាង នាងក៏ឈរត្រង់វិញបានមួយរំពេច ព្រមទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ ប៉ុន្តែ អ្នកទទួលខុសត្រូវលើសាលាប្រជុំទាស់ចិត្តណាស់ ដោយឃើញព្រះយេស៊ូប្រោសអ្នកជំងឺឲ្យបានជានៅថ្ងៃសប្ប័ទដូច្នេះ។ គាត់ក៏និយាយទៅកាន់បណ្ដាជនថា៖ «យើងមានសិទ្ធិធ្វើការបានចំនួនប្រាំមួយថ្ងៃ។ ដូច្នេះ ចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃសប្ប័ទឡើយ!»។ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់អ្នកទទួលខុសត្រូវលើសាលាប្រជុំនោះថា៖ «មនុស្សមានពុតអើយ! តើអ្នករាល់គ្នាមិនស្រាយគោ ឬលា បញ្ចេញពីក្រោល ដឹកទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬអី? ឯស្ត្រីនេះជាពូជពង្សរបស់លោកអប្រាហាំ មារសាតាំងបានចងនាងអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ តើមិនគួរឲ្យខ្ញុំស្រាយចំណងនាងនៅថ្ងៃសប្ប័ទទេឬអី?»។ កាលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ អ្នកប្រឆាំងនឹងព្រះអង្គអៀនខ្មាសយ៉ាងខ្លាំង រីឯបណ្ដាជនទាំងមូលវិញ គេរីករាយនឹងការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើព្រះរាជ្យព្រះជាម្ចាស់ប្រៀបបានទៅនឹងអ្វីខ្លះ? តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី? ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចម្ការរបស់ខ្លួន។ គ្រាប់នោះក៏ដុះឡើង បានទៅជាដើមឈើមួយ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី? ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាមេម្សៅ ដែលស្ត្រីម្នាក់យកទៅលាយជាមួយនឹងម្សៅពីរតៅ ធ្វើឲ្យម្សៅនោះដោរឡើង»។
អាន លូកា 13
ស្ដាប់នូវ លូកា 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 13:1-21
5 Days
Repentance is one of the key actions we all take in coming to know Christ as our personal Savior. Repentance is our action and forgiveness is God's reaction to us out of His perfect love for us. During this 5-day reading plan, you will receive a daily Bible reading and a brief devotional designed to help you better understand the importance of repentance in our walk with Christ. For more content, check out www.finds.life.church
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ