លូកា 13:1-21

លូកា 13:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​វេលា​នោះ មាន​អ្នក​ខ្លះ​មក​ទូល​ព្រះ‌យេស៊ូវ ពី​រឿង​ពួក​ស្រុក​កាលីឡេ ដែល​លោក​ពីឡាត់​បាន​យក​ឈាម​របស់​គេ លាយ​នឹង​យញ្ញ‌បូជា នៅ​ពេល​គេ​កំពុង​ថ្វាយ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​អ្នក​ទាំង​នោះ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ពួក​កាលីឡេ​ទាំង​នោះ​មាន​បាប​លើស​ជាង​ពួក​កាលីឡេ​ផ្សេង​ទៀត ដោយ​ព្រោះ​គេ​បាន​រង​ទុក្ខ​លំបាក​យ៉ាង​នោះ​ឬ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ។ ឬ​អ្នក​រាល់​គ្នា​ស្មាន​ថា ពួក​ដប់​ប្រាំ​បី​នាក់​ដែល​ប៉ម​ស៊ីឡោម​បាន​រលំ​មក​លើកិន​ស្លាប់​នោះ គេ​មាន​ទោស​លើស​ជាង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ឬ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​នេះ​ថា៖ «មាន​បុរស​ម្នាក់ មាន​ដើម​ល្វា​ដុះ​ក្នុង​ចម្ការ​ខ្លួន គាត់​បាន​មក​រក​ផល​ផ្លែ​ពី​ដើម​នោះ តែ​គ្មាន​សោះ ក៏​និយាយ​ទៅ​អ្នក​រក្សា​ចម្ការ​ថា "មើល៍! បី​ឆ្នាំ​មក​ហើយ ខ្ញុំ​មក​រក​ផល​ផ្លែ​ពី​ដើម​ល្វា​នេះ តែ​រក​មិន។ ចូរ​កាប់​វាចោ​ល​ទៅ! តើ​ទុក​វា​បង្ខាត​ដី​ធ្វើ​អ្វី?" តែ​អ្នក​នោះ​ឆ្លើយ​ថា "សូម​លោក​ទុក​នៅ​មួយ​ឆ្នាំ​ទៀត​សិន ចាំ​ខ្ញុំ​ជ្រួយ​ដី ហើយ​ដាក់​ជី សាក​មើល ក្រែង​កើត​មាន​ផល​ផ្លែ បើ​គ្មាន​ទេ នោះ​សឹម​កាប់​ចោល​ទៅ​ចុះ"»។ កាល​ព្រះ‌យេស៊ូវ​កំពុង​បង្រៀន​ក្នុង​សាលា​ប្រជុំ​មួយ នៅ​ថ្ងៃ​សប្ប័ទ។ ពេលនោះ មាន​ស្ត្រី​ម្នាក់​ដែល​អារក្ស​ធ្វើ​ឲ្យ​ពិការ អស់​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ មាន​ខ្នង​កោង ងើប​ត្រង់​ពុំ​បាន​សោះ។ ពេល​ព្រះ‌យេស៊ូវ​បាន​ឃើញ​ស្ត្រី​នោះ ព្រះ‌អង្គ​ហៅ​នាង​មក ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «នាង​អើយ នាង​បាន​រួច​ពី​ពិការ​ហើយ»។ ពេល​ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ​នាង នោះ​នាង​ក៏​ឈរ​ត្រង់​មួយ​រំពេច ហើយ​ចាប់​ផ្ដើម​សរសើរ​តម្កើង​ព្រះ។ ប៉ុន្តែ មេ​សាលា​ប្រជុំ​នឹក​ទាស់​ក្នុង​ចិត្ត​ណាស់ ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​បាន​ប្រោស​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ ក៏​និយាយ​ទៅ​មនុស្ស​ទាំង​នោះ​ថា៖ «មាន​តែ​ប្រាំ​មួយ​ថ្ងៃ​ទេ ដែល​គួរ​ធ្វើ​ការ​បាន ដូច្នេះ ចូរ​មក​ក្នុង​រវាង​ថ្ងៃ​ទាំង​នោះ​ចុះ ដើម្បី​ឲ្យ​បាន​ជា កុំ​ឲ្យ​មក​ក្នុង​ថ្ងៃ​សប្ប័ទ​ឡើយ»។ ពេលនោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖ «មនុស្ស​មាន​ពុត​អើយ តើ​អ្នក​រាល់​គ្នា​មិន​ស្រាយ​គោ ស្រាយ​លា​ពី​ចំណង ដឹក​ទៅ​ឲ្យ​ផឹក​ទឹក នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ? ឯ​ស្ត្រី​នេះ ជា​ពូជ​លោក​អ័ប្រា‌ហាំ ដែល​អារក្ស​សាតាំង​បាន​ចង​គាត់​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ ដូច្នេះ តើ​មិន​គួរ​នឹង​ស្រាយ​ឲ្យ​រួច​ពី​ចំណង​នេះ នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬអី?» កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលដូច្នេះហើយ អ្នក​ប្រឆាំង​នឹង​ព្រះ‌អង្គ​ក៏​អៀន​ខ្មាស​គ្រប់​គ្នា តែ​បណ្តា​ជន​ទាំង​មូល គេ​មាន​ចិត្ត​អរ​សប្បាយ​នឹង​គ្រប់​ទាំង​ការ​អស្ចារ្យដែល​ព្រះ‌អង្គ​បាន​ធ្វើ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​ព្រះរាជ្យ​របស់​ព្រះ​ធៀប​ដូច​ជា​អ្វី តើ​ត្រូវ​យក​អ្វី​មក​ផ្ទឹម​នឹង​ព្រះរាជ្យ? ព្រះរាជ្យ​របស់​ព្រះ​ប្រៀប​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង ដែល​មនុស្ស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​សួន​ច្បារ គ្រាប់​ពូជ​នោះដុះ​ឡើង ទៅ​ជា​ដើម​ឈើ​មួយ ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មក​ធ្វើ​សម្បុក​នៅតាម​មែក​របស់​វា»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «តើ​គួរ​ឲ្យ​ខ្ញុំ​ធៀប​ព្រះរាជ្យ​របស់​ព្រះ​ដូច​ជា​អ្វី? ព្រះរាជ្យ​របស់​ព្រះ​ប្រៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​បី​រង្វាល់ ទាល់​តែ​ដោរ​ឡើង​សព្វ​ទាំង​អស់»។

ចែក​រំលែក
អាន លូកា 13

លូកា 13:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ មាន​អ្នក​ខ្លះ​មក​ទូល​ព្រះ‌យេស៊ូ​អំពី​អ្នក​ស្រុក​កាលី‌ឡេ ដែល​លោក​ពីឡាត​បាន​សម្លាប់​នៅ​ពេល​គេ​កំពុង​តែ​ថ្វាយ​យញ្ញ‌បូជា។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា​អ្នក​ស្រុក​កាលី‌ឡេ​ទាំង​នោះ​ជា​មនុស្ស​មាន​បាប ច្រើន​ជាង​អ្នក​ស្រុក​កាលី‌ឡេ​ឯ​ទៀតៗ​ឬ បាន​ជា​គេ​ស្លាប់​របៀប​នេះ? ទេ មិន​មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ​ប្រែ​ចិត្ត​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្តរាយ​ដូច​គេ​មិន​ខាន។ ចុះ​មនុស្ស​ដប់​ប្រាំ​បី​នាក់​ដែល​បាន​ស្លាប់ ដោយ​ប៉ម​ស៊ីឡោម​រលំ​សង្កត់​លើ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា អ្នក​ទាំង​នោះ​មាន​ទោស​ធ្ងន់​ជាង​អ្នក​ក្រុង​យេរូ‌សាឡឹម​ឯ​ទៀតៗ​ឬ? ទេ មិន​មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ​ប្រែ​ចិត្ត​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្តរាយ​ដូច្នោះ​ដែរ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​នេះ​ទៅ​គេ​ថា៖ «មាន​ឧទុម្ពរ*​មួយ​ដើម​ដុះ​ក្នុង​ចម្ការ​បុរស​ម្នាក់។ ម្ចាស់​ចម្ការ​មក​រក​បេះ​ផ្លែ​ពី​ដើម​ឧទុម្ពរ​នោះ តែ​គ្មាន​ផ្លែ​សោះ គាត់​ក៏​ប្រាប់​អ្នក​ថែ​ចម្ការ​ថា៖ “មើល៍ ខ្ញុំ​មក​រក​បេះ​ផ្លែ​ឧទុម្ពរ​នេះ​បី​ឆ្នាំ​ហើយ តែ​មិន​ឃើញ​មាន​ផ្លែ​សោះ។ ចូរ​កាប់​វា​ចោល​ទៅ ទុក​នាំ​តែ​ខាត​ដី​ទេ!”។ អ្នក​ថែ​ចម្ការ​ឆ្លើយ​តប​ថា៖ “សូម​លោក​ទុក​វា​មួយ​ឆ្នាំ​ទៀត​សិន ចាំ​ខ្ញុំ​ជ្រួយ​ដី​ជុំ‌វិញ ហើយ​ដាក់​ជី។ ឆ្នាំ​ក្រោយ​ប្រហែល​ជា​នឹង​មាន​ផ្លែ បើ​មិន​ផ្លែ​ទេ សឹម​កាប់​វា​ចោល​ទៅ​ចុះ!”»។ ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ* ព្រះ‌យេស៊ូ​កំពុង​តែ​ប្រៀន‌ប្រដៅ​គេ​ក្នុង​សាលា​ប្រជុំ*។ នៅ​ទី​នោះ មាន​ស្ត្រី​ម្នាក់​ដែល​ត្រូវ​វិញ្ញាណ​អាក្រក់​ធ្វើ​ឲ្យ​ពិការ អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ នាង​កោង​ខ្នង ងើប​ត្រង់​ពុំ​កើត។ ពេល​ព្រះ‌យេស៊ូ​ទត​ឃើញ​ស្ត្រី​នោះ ព្រះអង្គ​ហៅ​នាង​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​អើយ! នាង​បាន​ជា​សះ‌ស្បើយ​ហើយ»។ ព្រះអង្គ​ដាក់​ព្រះ‌ហស្ដ​លើ​នាង នាង​ក៏​ឈរ​ត្រង់​វិញ​បាន​មួយ​រំពេច ព្រម​ទាំង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់​ផង។ ប៉ុន្តែ អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​ទាស់​ចិត្ត​ណាស់ ដោយ​ឃើញ​ព្រះ‌យេស៊ូ​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ។ គាត់​ក៏​និយាយ​ទៅ​កាន់​បណ្ដា‌ជន​ថា៖ «យើង​មាន​សិទ្ធិ​ធ្វើ​ការ​បាន​ចំនួន​ប្រាំ​មួយ​ថ្ងៃ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​មក​រក​ព្យាបាល​ខ្លួន​ក្នុង​ថ្ងៃ​ទាំង​នោះ​ចុះ កុំ​មក​ថ្ងៃ​សប្ប័ទ​ឡើយ!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​នោះ​ថា៖ «មនុស្ស​មាន​ពុត​អើយ! តើ​អ្នក​រាល់​គ្នា​មិន​ស្រាយ​គោ ឬ​លា បញ្ចេញ​ពី​ក្រោល ដឹក​ទៅ​ផឹក​ទឹក​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ​អី? ឯ​ស្ត្រី​នេះ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ មារ​សាតាំង​បាន​ចង​នាង​អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ តើ​មិន​គួរ​ឲ្យ​ខ្ញុំ​ស្រាយ​ចំណង​នាង​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ​អី?»។ កាល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ អ្នក​ប្រឆាំង​នឹង​ព្រះអង្គ​អៀន​ខ្មាស​យ៉ាង​ខ្លាំង រីឯ​បណ្ដា‌ជន​ទាំង​មូល​វិញ គេ​រីក‌រាយ​នឹង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​ធ្វើ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បាន​ទៅ​នឹង​អ្វី​ខ្លះ? តើ​ខ្ញុំ​ប្រដូច​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី? ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចម្ការ​របស់​ខ្លួន។ គ្រាប់​នោះ​ក៏​ដុះ​ឡើង បាន​ទៅ​ជា​ដើម​ឈើ​មួយ ហើយ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យ​នៅ​តាម​មែក​របស់​វា»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «តើ​ខ្ញុំ​ប្រដូច​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី? ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បី​ដូច​ជា​មេ​ម្សៅ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​ជា​មួយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើង»។

ចែក​រំលែក
អាន លូកា 13

លូកា 13:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​វេលា​នោះ​ឯង មាន​អ្នក​ខ្លះ​នៅ​ទី​នោះ គេ​ទូល​ព្រះ‌យេស៊ូវ ពី​រឿង​ពួក​សាសន៍​កាលី‌ឡេ ដែល​លោក​ពីឡាត់​បាន​យក​ឈាម​គេ លាយ​នឹង​យញ្ញ‌បូជា ដែល​គេ​កំពុង​តែ​ថ្វាយ តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ទៅ​អ្នក​ទាំង​នោះ​ថា តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ពួក​កាលី‌ឡេ​ទាំង​នោះ​មាន​បាប លើស​ជាង​សាសន៍​កាលី‌ឡេ​ឯ​ទៀត ដោយ​ព្រោះ​គេ​បាន​រង​ទុក្ខ​លំបាក​យ៉ាង​នោះ​ឬ​អី ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ ឬ​ស្មាន​ថា ពួក​១៨​នាក់​ដែល​ប៉ម​ស៊ីឡោម​បាន​រលំ​មក​លើ​កិន​ស្លាប់​នោះ គេ​មាន​ទោស​លើស​ជាង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ឬ​អី ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ។ រួច​ទ្រង់​មាន​បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ​ថា មាន​បុរស​ម្នាក់ មាន​ដើម​ល្វា​ដុះ​ក្នុង​ចំការ​ខ្លួន គាត់​បាន​មក​រក​ផល​ផ្លែ​ពី​ដើម​នោះ តែ​គ្មាន​សោះ ក៏​និយាយ​ទៅ​អ្នក​រក្សា​ចំការ​ថា មើល ៣​ឆ្នាំ​មក​ហើយ ខ្ញុំ​មក​រក​ផល​ផ្លែ​ពី​ដើម​ល្វា​នេះ មិន​ដែល​បាន​សោះ ដូច្នេះ ចូរ​កាប់​ចោល​ទៅ ទុក​ឲ្យ​នៅ​បង្ខាត​ដី​ធ្វើ​អី តែ​អ្នក​នោះ​ឆ្លើយ​ថា សូម​លោក​ទុក​នៅ​១​ឆ្នាំ​ទៀត​សិន ចាំ​ខ្ញុំ​ជ្រួយ​ដី ហើយ​ដាក់​ជី ល​មើល ក្រែង​កើត​មាន​ផល​ផ្លែ​ឡើង បើ​គ្មាន​ទេ នោះ​សូម​កាប់​ចោល​ទៅ​ចុះ។ កាល​ព្រះ‌យេស៊ូវ ទ្រង់​កំពុង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ​១ នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ឃើញ​មាន​ស្ត្រី​ម្នាក់ ដែល​អារក្ស​ធ្វើ​ឲ្យ​ពិការ អស់​១៨​ឆ្នាំ​មក​ហើយ មាន​ខ្នង​កោង ងើប​ត្រង់​ពុំ​បាន​សោះ លុះ​ទ្រង់​បាន​ឃើញ​គាត់ ក៏​មាន​បន្ទូល​ហៅ​គាត់​មក ប្រាប់​ថា នាង​អើយ នាង​បាន​រួច​ពី​ជរា​ពិការ​ហើយ រួច​ទ្រង់​ដាក់​ព្រះ‌ហស្ត​លើ​គាត់ នោះ​គាត់​ក៏​ងើប​ត្រង់​ឡើង​ជា​១​រំពេច ហើយ​ពោល​ពណ៌នា​សរសើរ​ដល់​ព្រះ ឯ​មេ​សាលា​ប្រជុំ​គាត់​នឹក​គ្នាន់​ក្នុង​ចិត្ត​ណាស់ ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​បាន​ប្រោស​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក ក៏​និយាយ​ទៅ​មនុស្ស​ទាំង​នោះ​ថា មាន​តែ​៦​ថ្ងៃ​ទេ ដែល​គួរ​ធ្វើ​ការ​បាន ដូច្នេះ ចូរ​មក​ក្នុង​រវាង​ថ្ងៃ​ទាំង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ជា​ចុះ កុំ​ឲ្យ​មក​ក្នុង​ថ្ងៃ​ឈប់​សំរាក​ឡើយ នោះ​ព្រះ‌អម្ចាស់ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា មនុស្ស​មាន​ពុត​អើយ តើ​អ្នក​រាល់​គ្នា​មិន​ស្រាយ​គោ ស្រាយ​លា​ពី​ចំណង ដឹក​ទៅ​ឲ្យ​ផឹក​ទឹក នៅ​ថ្ងៃ​ឈប់​សំរាក​ទេ​ឬ​អី ឯ​ស្ត្រី​នេះ ជា​ពូជ​លោក​អ័ប្រាហាំ ដែល​អារក្ស​សាតាំង​បាន​ចង​គាត់​១៨​ឆ្នាំ​មក​ហើយ ដូច្នេះ តើ​មិន​គួរ​នឹង​ស្រាយ​ឲ្យ​រួច​ពី​ចំណង​នេះ នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ​ទេ​ឬ​អី កាល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ នោះ​អស់​អ្នក​ដែល​ទាស់​នឹង​ទ្រង់ ក៏​អៀន‌ខ្មាស​គ្រប់​គ្នា តែ​បណ្តា​មនុស្ស គេ​កើត​មាន​សេចក្ដី​អំណរ ចំពោះ​គ្រប់​ទាំង​ការ​ឧត្តម ដែល​ទ្រង់​ធ្វើ​នោះ​វិញ។ ទ្រង់​មាន​បន្ទូល​ថា តើ​នគរ​ព្រះ​ធៀប​ដូច​ជា​អ្វី តើ​ត្រូវ​យក​អ្វី​មក​ផ្ទឹម​នឹង​នគរ​នោះ គឺ​ធៀប​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង ដែល​មនុស្ស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ច្បារ​ខ្លួន វា​ដុះ​ឡើង​ទៅ​ជា​ដើម​ឈើ​យ៉ាង​ធំ ហើយ​សត្វ​ហើរ​លើ​មេឃ​ក៏​មក​ទំ​នៅ​មែក​បាន ទ្រង់​ក៏​មាន​បន្ទូល​ទៀត​ថា តើ​គួរ​ឲ្យ​ខ្ញុំ​ធៀប​នគរ​ព្រះ​ដូច​ជា​អ្វី នោះ​ត្រូវ​ធៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​៣​រង្វាល់ ទាល់​តែ​ដោរ​ឡើង​សព្វ​ទាំង​អស់។

ចែក​រំលែក
អាន លូកា 13