ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់តាមយើង ហើយមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើងទេ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលច្បាប់របស់យើង ហើយមិនរវីរវល់នឹងវិន័យរបស់យើង គឺមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើង ព្រមទាំងផ្ដាច់សម្ពន្ធមេត្រីរបស់យើង យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចតទៅ: យើងនឹងធ្វើឲ្យអ្នករាល់គ្នាជួបគ្រោះភ័យ គឺជំងឺរ៉ាំរ៉ៃ និងជំងឺគ្រុន ដែលធ្វើឲ្យអ្នករាល់គ្នាស្រវាំងភ្នែក និងគ្រាំគ្រាចិត្ត។ អ្នករាល់គ្នាសាបព្រោះ តែមិនបានផលអ្វីទេ ដ្បិតខ្មាំងនឹងមកស៊ីបង្ហិនអស់។ យើងប្រឆាំងនឹងអ្នករាល់គ្នា ហើយខ្មាំងសត្រូវនឹងមានជ័យជម្នះលើអ្នករាល់គ្នា អស់អ្នកដែលស្អប់អ្នករាល់គ្នានឹងត្រួតត្រាលើអ្នករាល់គ្នា ហើយទោះបីគ្មាននរណាដេញតាមក្ដី ក៏អ្នករាល់គ្នារត់គេចខ្លួនដែរ។ ទោះបីយ៉ាងនេះក្ដី ប្រសិនបើអ្នករាល់គ្នានៅតែពុំព្រមស្ដាប់យើងទេ យើងនឹងដាក់ទោសអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ យើងនឹងបំបាក់អំនួត ដែលនាំឲ្យអ្នករាល់គ្នាទុកចិត្តលើកម្លាំងខ្លួនឯង។ យើងនឹងធ្វើឲ្យមេឃរាំងស្ងួត ធ្វើឲ្យដីបែកក្រហែង។ អ្នករាល់គ្នាខំប្រឹងធ្វើការ តែមិនបានផលអ្វីទេ ព្រោះដីមិនផ្ដល់ភោគផល ហើយដើមឈើក៏គ្មានផ្លែដែរ។ ប្រសិនបើអ្នករាល់គ្នានៅតែជំទាស់នឹងយើង ហើយមិនព្រមស្ដាប់យើងទេ យើងនឹងវាយអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ស្របតាមអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ យើងនឹងឲ្យសត្វព្រៃមកយាយីអ្នករាល់គ្នា វានឹងប្រហារកូនចៅរបស់អ្នករាល់គ្នា វានឹងបំផ្លាញហ្វូងសត្វរបស់អ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នានៅសល់ចំនួនតិចតួច រហូតដល់ផ្លូវរបស់អ្នករាល់គ្នាគ្មានមនុស្សដើរ។ ទោះបីយ៉ាងនេះក្ដី ប្រសិនបើអ្នករាល់គ្នាមិនព្រមកែខ្លួនតាមការប្រដៅរបស់យើង ហើយនៅតែមានចិត្តមានះប្រឆាំងនឹងយើង យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញដែរ យើងវាយអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាងនេះ ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ យើងនឹងធ្វើឲ្យសង្គ្រាមកើតឡើងនៅក្នុងស្រុករបស់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានផ្ដាច់សម្ពន្ធមេត្រី។ ពេលអ្នករាល់គ្នាជួបជុំគ្នានៅតាមទីក្រុង យើងនឹងធ្វើឲ្យជំងឺរាតត្បាតកើតមានក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ ពេលណាយើងធ្វើឲ្យអ្នករាល់គ្នាខ្វះខាតម្ហូបអាហារ ស្ត្រីដប់នាក់នឹងដុតនំប៉័ងនៅក្នុងឡតែមួយ។ គេនឹងចែករបបនំប៉័ងឲ្យអ្នករាល់គ្នា អ្នករាល់គ្នានឹងបរិភោគ តែមិនឆ្អែតឡើយ។ ទោះបីយ៉ាងនេះក្ដី បើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ហើយមានចិត្តមានះប្រឆាំងនឹងយើង យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញយ៉ាងខ្លាំងដែរ។ យើងនឹងវាយប្រដៅអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ អ្នករាល់គ្នានឹងបរិភោគសាច់កូនប្រុសកូនស្រីរបស់ខ្លួន។ យើងនឹងកម្ទេចកន្លែងសក្ការៈរបស់អ្នករាល់គ្នានៅតាមទួលខ្ពស់ៗ យើងនឹងផ្ដួលរំលំបង្គោលសក្ការៈរបស់អ្នករាល់គ្នា យើងនឹងឲ្យសាកសពរបស់អ្នករាល់គ្នា ដួលដេកជាមួយកម្ទេចរូបព្រះក្លែងក្លាយរបស់អ្នករាល់គ្នា។ ហើយយើងឃ្លាតចេញពីអ្នករាល់គ្នា។ យើងនឹងកម្ទេចក្រុងរបស់អ្នករាល់គ្នាឲ្យក្លាយទៅជាទីស្មសាន យើងនឹងបំផ្លាញទីសក្ការៈរបស់អ្នករាល់គ្នា ហើយយើងមិនស្រងក្លិននៃគ្រឿងក្រអូបរបស់អ្នករាល់គ្នាទៀតឡើយ។ យើងនឹងបំផ្លាញស្រុករបស់អ្នករាល់គ្នា ធ្វើឲ្យខ្មាំងសត្រូវដែលមករស់នៅក្នុងស្រុកនោះស្រឡាំងកាំង។ យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅនៅក្នុងចំណោមប្រជាជាតិនានា យើងនឹងយកដាវដេញតាមពីក្រោយអ្នករាល់គ្នា។ ស្រុករបស់អ្នករាល់គ្នានឹងនៅស្ងាត់ជ្រងំ ហើយក្រុងរបស់អ្នករាល់គ្នានឹងគ្មាននរណារស់នៅ។ ស្រុកទេសនឹងបានសម្រាក ក្នុងពេលដែលអ្នករាល់គ្នាត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក។ ទឹកដីនឹងបានសម្រាកជំនួសឆ្នាំសប្ប័ទ ដែលអ្នករាល់គ្នាពុំបានគោរព។ ក្នុងពេលស្រុកស្ងាត់ជ្រងំនោះ ទឹកដីនឹងបានសម្រាក ដ្បិតកាលអ្នករាល់គ្នារស់នៅក្នុងស្រុក ដីពុំបានសម្រាកទេ ព្រោះអ្នករាល់គ្នាមិនគោរពឆ្នាំសប្ប័ទសោះឡើយ។ រីឯអស់អ្នកដែលរួចពីស្លាប់ ហើយត្រូវខ្មាំងចាប់ទៅជាឈ្លើយនោះ យើងនឹងធ្វើឲ្យចិត្តរបស់គេភ័យបាក់ស្បាត សូម្បីតែសំឡេងស្លឹកឈើជ្រុះក៏ធ្វើឲ្យគេភ័យ ហើយរត់ដូចរត់គេចពីមុខដាវ។ ពួកគេនឹងដួលស្លាប់ ដោយគ្មាននរណាដេញតាមពីក្រោយ។ ពួកគេនឹងជំពប់ដួលគរលើគ្នាដូចដួលនៅមុខដាវ ដោយឥតមាននរណាដេញតាមក្រោយឡើយ។ អ្នករាល់គ្នាពុំអាចតទល់នឹងខ្មាំងសត្រូវទេ។ អ្នករាល់គ្នានឹងវិនាសនៅក្នុងស្រុករបស់ប្រជាជាតិនានា ហើយគេនឹងបញ្ចុះសពអ្នករាល់គ្នា នៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ។ ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលរួចពីស្លាប់ នឹងត្រូវវិនាសនៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ ព្រោះតែអំពើបាបរបស់ខ្លួន និងអំពើបាបរបស់ដូនតា។ ពេលពួកគេទទួលសារភាពកំហុសរបស់ខ្លួន និងកំហុសរបស់ដូនតាខ្លួន ហើយទទួលសារភាពថា គេមិនបានស្មោះត្រង់ចំពោះយើង ព្រមទាំងមានចិត្តមានះប្រឆាំងនឹងយើង ពេលពួកគេយល់ថា យើងបានប្រឆាំងនឹងពួកគេ ហើយនាំពួកគេទៅរស់នៅលើទឹកដីរបស់ខ្មាំង ពួកគេដែលធ្លាប់តែមានចិត្តរឹងរូស បែរជាឱនលំទោន និងយល់ព្រមទទួលទណ្ឌកម្ម។ ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយយ៉ាកុប អ៊ីសាក និងអប្រាហាំ ហើយយើងក៏នឹកដល់ទឹកដីរបស់ពួកគេដែរ។ ក្នុងពេលពួកគេមិនរស់នៅក្នុងស្រុក គឺពេលដែលទឹកដីស្ងាត់ជ្រងំនោះ ទឹកដីនឹងបានសម្រាកដូចនៅឆ្នាំសប្ប័ទ។ ពួកគេទទួលទណ្ឌកម្ម ព្រោះគេបានបោះបង់ចោលវិន័យរបស់យើង និងបែកចិត្តចេញពីច្បាប់របស់យើង។ ប៉ុន្តែ ពេលពួកគេរស់នៅក្នុងស្រុករបស់ខ្មាំង យើងនឹងមិនបោះបង់ចោលពួកគេ ហើយយើងក៏មិនបែកចិត្តចេញឆ្ងាយពីពួកគេ រហូតដល់ទៅលុបបំបាត់ពួកគេទាំងស្រុង ឬផ្ដាច់សម្ពន្ធមេត្រីជាមួយពួកគេដែរ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ យើងនឹងជួយពួកគេ ដោយនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយដូនតារបស់ពួកគេ កាលពីមុន ក្នុងពេលយើងបាននាំដូនតារបស់ពួកគេចាកចេញពីស្រុកអេស៊ីប នៅចំពោះមុខប្រជាជាតិនានា ដើម្បីឲ្យយើងធ្វើជាព្រះរបស់គេ។ យើងជាព្រះអម្ចាស់»។
អាន លេវីវិន័យ 26
ស្ដាប់នូវ លេវីវិន័យ 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 26:14-45
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ