លេវីវិន័យ 26:14-45
លេវីវិន័យ 26:14-45 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមយើង ហើយមិនប្រព្រឹត្តតាមសេចក្ដីបញ្ញត្តិរបស់យើងទាំងនេះ ដោយមើលងាយដល់អស់ទាំងច្បាប់របស់យើង ហើយខ្ពើមក្រឹត្យក្រមរបស់យើង មិនព្រមប្រព្រឹត្តតាមអស់ទាំងសេចក្ដីបង្គាប់នេះ គឺអ្នកផ្តាច់សេចក្ដីសញ្ញារបស់យើងចេញ។ នោះយើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាយ៉ាងដូច្នេះ គឺនឹងតម្រូវសេចក្ដីស្ញែងខ្លាចមកលើអ្នករាល់គ្នា ជាជំងឺរីងរៃ និងគ្រុនក្តៅ ដែលធ្វើឲ្យភ្នែកកាន់តែស្រវាំងទៅ ហើយនាំឲ្យមានចិត្តវេទនា អ្នករាល់គ្នានឹងសាបព្រោះជាការឥតប្រយោជន៍ ដ្បិតខ្មាំងសត្រូវនឹងស៊ីទាំងអស់ទៅ។ យើងនឹងតាំងមុខទាស់នឹងអ្នករាល់គ្នា នោះអ្នកនឹងចាញ់ពួកខ្មាំងសត្រូវ អស់អ្នកដែលស្អប់អ្នក គេនឹងត្រួតត្រាលើអ្នក ហើយអ្នកនឹងរត់ទៅដោយឥតមានអ្នកណាដេញតាមផង។ បើអ្នករាល់គ្នានៅតែមិនស្តាប់តាមយើងទៀត នោះយើងនឹងវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។ យើងនឹងបំបាត់សេចក្ដីអំនួតដែលអ្នកអួតពីអំណាចខ្លួន ក៏នឹងឲ្យមេឃដែលនៅពីលើអ្នកប្រែទៅដូចជាដែក ហើយដីរបស់អ្នកដូចជាលង្ហិន។ អ្នករាល់គ្នានឹងអស់កម្លាំងជាការឥតប្រយោជន៍ ដ្បិតដីរបស់អ្នកមិនបង្កើតផលទេ ហើយដើមឈើដែលនៅស្រុកក៏មិនបានផ្លែផង។ បើអ្នករាល់គ្នានៅតែដើរទទឹងនឹងយើង ហើយមិនព្រមស្តាប់តាម នោះយើងនឹងនាំឲ្យអ្នកមានសេចក្ដីវេទនាប្រាំពីរដងលើសទៅទៀត តាមអំពើបាបរបស់អ្នក។ យើងនឹងឲ្យសត្វព្រៃមកកណ្ដាលពួកអ្នក សត្វទាំងនោះនឹងឆក់នាំយកកូនចៅអ្នកទៅ ព្រមទាំងបង្ហិនហ្វូងសត្វរបស់អ្នកផង និងធ្វើឲ្យអ្នកទៅជាមានគ្នាតិច ហើយឲ្យអស់ទាំងផ្លូវថ្នល់របស់អ្នកទៅជាសូន្យស្ងាត់។ ប្រសិនបើអ្នករាល់គ្នាមិនទាន់រាងដោយព្រោះសេចក្ដីទាំងនោះទេ ដោយនៅតែដើរទទឹងនឹងយើង នោះយើងនឹងដើរទាស់អ្នករាល់គ្នាដែរ និងវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។ យើងនឹងនាំឲ្យមានដាវជាការសងសឹកនៃសេចក្ដីសញ្ញាមកលើអ្នក នោះអ្នករាល់គ្នានឹងមូលគ្នា នៅក្នុងក្រុងរបស់អ្នកទាំងប៉ុន្មាន ហើយយើងនឹងឲ្យជំងឺអាសន្នរោគកើតឡើងនៅកណ្ដាលអ្នករាល់គ្នាទៀត រួចអ្នកនឹងត្រូវបញ្ជូនទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ។ កាលណាយើងបានផ្តាច់ស្បៀងអាហារពីអ្នករាល់គ្នាចេញ នោះស្ត្រីដប់នាក់នឹងដុតនំបុ័ងឲ្យអ្នកនៅក្នុងឡតែមួយ ហើយគេនឹងថ្លឹងនំបុ័ងឲ្យអ្នកបរិភោគ អ្នករាល់គ្នានឹងបរិភោគ តែមិនចេះឆ្អែតឡើយ ។ បើដូច្នេះហើយ អ្នករាល់គ្នានៅតែមិនព្រមស្តាប់តាមយើង គឺនៅតែដើរទាស់ទទឹងនឹងយើងតទៅទៀត នោះយើងនឹងដើរទាស់ទទឹងនឹងអ្នករាល់គ្នា ដោយសេចក្ដីក្រោធ ហើយវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។ អ្នករាល់គ្នានឹងបរិភោគទាំងកូនប្រុស កូនស្រីរបស់អ្នកផង។ យើងនឹងបំផ្លាញអស់ទាំងទីខ្ពស់របស់អ្នក និងគាស់រំលំរូបព្រះអាទិត្យរបស់អ្នក ព្រមទាំងបោះខ្មោចអ្នករាល់គ្នាទៅលើរូបព្រះរបស់អ្នកទាំងនោះដែរ ហើយចិត្តយើងនឹងខ្ពើមអ្នករាល់គ្នា។ យើងនឹងរំលាងអស់ទាំងទីក្រុងអ្នក ហើយនឹងធ្វើឲ្យទីបរិសុទ្ធរបស់អ្នកទាំងប៉ុន្មានទៅជាសូន្យស្ងាត់ យើងនឹងមិនព្រមហិតក្លិននៃគ្រឿងក្រអូបអ្នកទៀតឡើយ។ យើងនឹងនាំឲ្យស្រុកទៅជាស្ងាត់ឈឹង ដល់ម៉្លេះបានជាពួកខ្មាំងសត្រូវរបស់អ្នកដែលនៅក្នុងស្រុក គេនឹងមានសេចក្ដីងឿងឆ្ងល់។ យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅនៅគ្រប់ទាំងនគរ ហើយនឹងហូតដាវទៅតាមអ្នកទៀត នោះស្រុកអ្នកនឹងនៅជាស្ងាត់ឈឹង ហើយទីក្រុងរបស់អ្នកទាំងប៉ុន្មាននឹងត្រូវលាញទៅអស់រលីង។ ស្រុកទេសនឹងបានរីករាយក្នុងឆ្នាំសប្ប័ទ ក្នុងកាលដែលស្រុកនោះនៅស្ងាត់ឈឹង ហើយអ្នករាល់គ្នានៅឯស្រុករបស់ពួកខ្មាំងសត្រូវ ពេលនោះ ស្រុកទេសនឹងបានសម្រាក ហើយរីករាយនឹងឆ្នាំសប្ប័ទ។ ក្នុងឆ្នាំទាំងប៉ុន្មានដែលស្រុកនៅស្ងាត់ឈឹង នោះស្រុកទេសនឹងបានសម្រាក ជួសឲ្យឆ្នាំសប្ប័ទដែលអ្នករាល់គ្នាមិនបានកាន់តាម ក្នុងគ្រាដែលអ្នករាល់គ្នានៅស្រុកនោះនៅឡើយ ឯពួកអ្នកដែលសល់នៅ នោះយើងនឹងបណ្ដាលឲ្យមានចិត្តស្រយុតនៅក្នុងស្រុករបស់ខ្មាំងសត្រូវខ្លួន បើគ្រាន់តែឮសូរស្លឹកឈើដែលត្រូវខ្យល់ផាត់ប៉ុណ្ណោះ នោះនឹងធ្វើឲ្យរត់ទៅ គេនឹងរត់ទៅ ដូចជារត់ឲ្យរួចពីមុខដាវ ក៏នឹងដួល ដោយគ្មានអ្នកណាដេញតាម។ គេនឹងជំពប់ដួលគរលើគ្នា ដូចជារត់គេចពីមុខដាវ ក្នុងកាលដែលគ្មានអ្នកណាដេញតាម ហើយអ្នករាល់គ្នានឹងគ្មានកម្លាំងឈរនៅមុខពួកខ្មាំងសត្រូវអ្នកសោះ។ អ្នករាល់គ្នានឹងត្រូវវិនាសទៅ នៅអស់ទាំងនគរ ហើយស្រុករបស់ពួកខ្មាំងសត្រូវនឹងលេបបំបាត់អ្នកទៅ។ ឯពួកអ្នករាល់គ្នាដែលសល់នៅ នោះនឹងស្រងេះស្រងោចនៅក្នុងអំពើទុច្ចរិតរបស់ខ្លួន នៅស្រុកនៃពួកខ្មាំងសត្រូវ និងស្រងេះស្រងោចទៅ ដោយអំពើទុច្ចរិតរបស់បុព្វបុរសដែរ។ ប៉ុន្តែ ប្រសិនបើគេលន់តួអំពើទុច្ចរិតរបស់គេ និងអំពើទុច្ចរិតរបស់បុព្វបុរសគេ គឺជាការរំលងដែលគេបានប្រព្រឹត្តនឹងយើង ដោយព្រោះការដែលគេបានដើរទាស់ទទឹងនឹងយើង គឺដោយហេតុនោះបានជាយើងដើរទាស់ទទឹងនឹងគេ ហើយបាននាំគេទៅនៅស្រុករបស់ពួកខ្មាំងសត្រូវ ដូច្នេះ បើចិត្តដែលមិនទាន់កាត់ស្បែករបស់គេ បានទទួលចាលចាញ់ ហើយគេព្រមទទួលទោសនៃអំពើទុច្ចរិតរបស់គេ នោះយើងនឹងនឹកចាំពីសេចក្ដីសញ្ញាដែលយើងបានតាំងនឹងយ៉ាកុប និងសេចក្ដីសញ្ញាដែលបានតាំងនឹងអ៊ីសាក និងសេចក្ដីសញ្ញាដែលយើងបានតាំងនឹងអ័ប្រាហាំ យើងក៏នឹកចាំពីស្រុកនោះដែរ។ ស្រុកនោះនឹងត្រូវគេចោលទទេ ហើយនឹងបានអរចំពោះឆ្នាំសប្ប័ទ កំពុងដែលនៅស្ងាត់ ឥតមានគេនៅឡើយ ហើយគេព្រមទទួលទោសនៃអំពើទុច្ចរិតរបស់ខ្លួន គឺព្រោះគេបានមើលងាយដល់សេចក្ដីបញ្ញត្តិរបស់យើង ហើយចិត្តគេបានខ្ពើមដល់អស់ទាំងច្បាប់យើងដែរ។ ប៉ុន្តែ ទោះបើការនោះយ៉ាងដូច្នោះក៏ដោយ គង់តែយើងមិនបោះបង់ចោលគេ ក្នុងកាលដែលគេនៅស្រុករបស់ខ្មាំងសត្រូវនោះឡើយ ក៏មិនខ្ពើមគេដល់ទៅបំផ្លាញចេញអស់រលីង ឬផ្តាច់សេចក្ដីសញ្ញា ដែលយើងបានតាំងនឹងគេនោះដែរ ដ្បិតយើងនេះគឺយេហូវ៉ា ជាព្រះរបស់គេ។ ប៉ុន្តែ ដោយយល់ដល់គេ នោះយើងនឹងនឹកចាំពីសេចក្ដីសញ្ញារបស់បុព្វបុរស ដែលយើងបាននាំចេញពីស្រុកអេស៊ីព្ទមក នៅចំពោះភ្នែកនៃពួកសាសន៍ដទៃ ដើម្បីឲ្យបានធ្វើជាព្រះនៃគេ យើងនេះជាព្រះយេហូវ៉ា»។
លេវីវិន័យ 26:14-45 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់តាមយើង ហើយមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើងទេ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលច្បាប់របស់យើង ហើយមិនរវីរវល់នឹងវិន័យរបស់យើង គឺមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើង ព្រមទាំងផ្ដាច់សម្ពន្ធមេត្រីរបស់យើង យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចតទៅ: យើងនឹងធ្វើឲ្យអ្នករាល់គ្នាជួបគ្រោះភ័យ គឺជំងឺរ៉ាំរ៉ៃ និងជំងឺគ្រុន ដែលធ្វើឲ្យអ្នករាល់គ្នាស្រវាំងភ្នែក និងគ្រាំគ្រាចិត្ត។ អ្នករាល់គ្នាសាបព្រោះ តែមិនបានផលអ្វីទេ ដ្បិតខ្មាំងនឹងមកស៊ីបង្ហិនអស់។ យើងប្រឆាំងនឹងអ្នករាល់គ្នា ហើយខ្មាំងសត្រូវនឹងមានជ័យជម្នះលើអ្នករាល់គ្នា អស់អ្នកដែលស្អប់អ្នករាល់គ្នានឹងត្រួតត្រាលើអ្នករាល់គ្នា ហើយទោះបីគ្មាននរណាដេញតាមក្ដី ក៏អ្នករាល់គ្នារត់គេចខ្លួនដែរ។ ទោះបីយ៉ាងនេះក្ដី ប្រសិនបើអ្នករាល់គ្នានៅតែពុំព្រមស្ដាប់យើងទេ យើងនឹងដាក់ទោសអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ យើងនឹងបំបាក់អំនួត ដែលនាំឲ្យអ្នករាល់គ្នាទុកចិត្តលើកម្លាំងខ្លួនឯង។ យើងនឹងធ្វើឲ្យមេឃរាំងស្ងួត ធ្វើឲ្យដីបែកក្រហែង។ អ្នករាល់គ្នាខំប្រឹងធ្វើការ តែមិនបានផលអ្វីទេ ព្រោះដីមិនផ្ដល់ភោគផល ហើយដើមឈើក៏គ្មានផ្លែដែរ។ ប្រសិនបើអ្នករាល់គ្នានៅតែជំទាស់នឹងយើង ហើយមិនព្រមស្ដាប់យើងទេ យើងនឹងវាយអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ស្របតាមអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ យើងនឹងឲ្យសត្វព្រៃមកយាយីអ្នករាល់គ្នា វានឹងប្រហារកូនចៅរបស់អ្នករាល់គ្នា វានឹងបំផ្លាញហ្វូងសត្វរបស់អ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នានៅសល់ចំនួនតិចតួច រហូតដល់ផ្លូវរបស់អ្នករាល់គ្នាគ្មានមនុស្សដើរ។ ទោះបីយ៉ាងនេះក្ដី ប្រសិនបើអ្នករាល់គ្នាមិនព្រមកែខ្លួនតាមការប្រដៅរបស់យើង ហើយនៅតែមានចិត្តមានះប្រឆាំងនឹងយើង យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញដែរ យើងវាយអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាងនេះ ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ យើងនឹងធ្វើឲ្យសង្គ្រាមកើតឡើងនៅក្នុងស្រុករបស់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានផ្ដាច់សម្ពន្ធមេត្រី។ ពេលអ្នករាល់គ្នាជួបជុំគ្នានៅតាមទីក្រុង យើងនឹងធ្វើឲ្យជំងឺរាតត្បាតកើតមានក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ ពេលណាយើងធ្វើឲ្យអ្នករាល់គ្នាខ្វះខាតម្ហូបអាហារ ស្ត្រីដប់នាក់នឹងដុតនំប៉័ងនៅក្នុងឡតែមួយ។ គេនឹងចែករបបនំប៉័ងឲ្យអ្នករាល់គ្នា អ្នករាល់គ្នានឹងបរិភោគ តែមិនឆ្អែតឡើយ។ ទោះបីយ៉ាងនេះក្ដី បើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ហើយមានចិត្តមានះប្រឆាំងនឹងយើង យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញយ៉ាងខ្លាំងដែរ។ យើងនឹងវាយប្រដៅអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ អ្នករាល់គ្នានឹងបរិភោគសាច់កូនប្រុសកូនស្រីរបស់ខ្លួន។ យើងនឹងកម្ទេចកន្លែងសក្ការៈរបស់អ្នករាល់គ្នានៅតាមទួលខ្ពស់ៗ យើងនឹងផ្ដួលរំលំបង្គោលសក្ការៈរបស់អ្នករាល់គ្នា យើងនឹងឲ្យសាកសពរបស់អ្នករាល់គ្នា ដួលដេកជាមួយកម្ទេចរូបព្រះក្លែងក្លាយរបស់អ្នករាល់គ្នា។ ហើយយើងឃ្លាតចេញពីអ្នករាល់គ្នា។ យើងនឹងកម្ទេចក្រុងរបស់អ្នករាល់គ្នាឲ្យក្លាយទៅជាទីស្មសាន យើងនឹងបំផ្លាញទីសក្ការៈរបស់អ្នករាល់គ្នា ហើយយើងមិនស្រងក្លិននៃគ្រឿងក្រអូបរបស់អ្នករាល់គ្នាទៀតឡើយ។ យើងនឹងបំផ្លាញស្រុករបស់អ្នករាល់គ្នា ធ្វើឲ្យខ្មាំងសត្រូវដែលមករស់នៅក្នុងស្រុកនោះស្រឡាំងកាំង។ យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅនៅក្នុងចំណោមប្រជាជាតិនានា យើងនឹងយកដាវដេញតាមពីក្រោយអ្នករាល់គ្នា។ ស្រុករបស់អ្នករាល់គ្នានឹងនៅស្ងាត់ជ្រងំ ហើយក្រុងរបស់អ្នករាល់គ្នានឹងគ្មាននរណារស់នៅ។ ស្រុកទេសនឹងបានសម្រាក ក្នុងពេលដែលអ្នករាល់គ្នាត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក។ ទឹកដីនឹងបានសម្រាកជំនួសឆ្នាំសប្ប័ទ ដែលអ្នករាល់គ្នាពុំបានគោរព។ ក្នុងពេលស្រុកស្ងាត់ជ្រងំនោះ ទឹកដីនឹងបានសម្រាក ដ្បិតកាលអ្នករាល់គ្នារស់នៅក្នុងស្រុក ដីពុំបានសម្រាកទេ ព្រោះអ្នករាល់គ្នាមិនគោរពឆ្នាំសប្ប័ទសោះឡើយ។ រីឯអស់អ្នកដែលរួចពីស្លាប់ ហើយត្រូវខ្មាំងចាប់ទៅជាឈ្លើយនោះ យើងនឹងធ្វើឲ្យចិត្តរបស់គេភ័យបាក់ស្បាត សូម្បីតែសំឡេងស្លឹកឈើជ្រុះក៏ធ្វើឲ្យគេភ័យ ហើយរត់ដូចរត់គេចពីមុខដាវ។ ពួកគេនឹងដួលស្លាប់ ដោយគ្មាននរណាដេញតាមពីក្រោយ។ ពួកគេនឹងជំពប់ដួលគរលើគ្នាដូចដួលនៅមុខដាវ ដោយឥតមាននរណាដេញតាមក្រោយឡើយ។ អ្នករាល់គ្នាពុំអាចតទល់នឹងខ្មាំងសត្រូវទេ។ អ្នករាល់គ្នានឹងវិនាសនៅក្នុងស្រុករបស់ប្រជាជាតិនានា ហើយគេនឹងបញ្ចុះសពអ្នករាល់គ្នា នៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ។ ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលរួចពីស្លាប់ នឹងត្រូវវិនាសនៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ ព្រោះតែអំពើបាបរបស់ខ្លួន និងអំពើបាបរបស់ដូនតា។ ពេលពួកគេទទួលសារភាពកំហុសរបស់ខ្លួន និងកំហុសរបស់ដូនតាខ្លួន ហើយទទួលសារភាពថា គេមិនបានស្មោះត្រង់ចំពោះយើង ព្រមទាំងមានចិត្តមានះប្រឆាំងនឹងយើង ពេលពួកគេយល់ថា យើងបានប្រឆាំងនឹងពួកគេ ហើយនាំពួកគេទៅរស់នៅលើទឹកដីរបស់ខ្មាំង ពួកគេដែលធ្លាប់តែមានចិត្តរឹងរូស បែរជាឱនលំទោន និងយល់ព្រមទទួលទណ្ឌកម្ម។ ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយយ៉ាកុប អ៊ីសាក និងអប្រាហាំ ហើយយើងក៏នឹកដល់ទឹកដីរបស់ពួកគេដែរ។ ក្នុងពេលពួកគេមិនរស់នៅក្នុងស្រុក គឺពេលដែលទឹកដីស្ងាត់ជ្រងំនោះ ទឹកដីនឹងបានសម្រាកដូចនៅឆ្នាំសប្ប័ទ។ ពួកគេទទួលទណ្ឌកម្ម ព្រោះគេបានបោះបង់ចោលវិន័យរបស់យើង និងបែកចិត្តចេញពីច្បាប់របស់យើង។ ប៉ុន្តែ ពេលពួកគេរស់នៅក្នុងស្រុករបស់ខ្មាំង យើងនឹងមិនបោះបង់ចោលពួកគេ ហើយយើងក៏មិនបែកចិត្តចេញឆ្ងាយពីពួកគេ រហូតដល់ទៅលុបបំបាត់ពួកគេទាំងស្រុង ឬផ្ដាច់សម្ពន្ធមេត្រីជាមួយពួកគេដែរ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ យើងនឹងជួយពួកគេ ដោយនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយដូនតារបស់ពួកគេ កាលពីមុន ក្នុងពេលយើងបាននាំដូនតារបស់ពួកគេចាកចេញពីស្រុកអេស៊ីប នៅចំពោះមុខប្រជាជាតិនានា ដើម្បីឲ្យយើងធ្វើជាព្រះរបស់គេ។ យើងជាព្រះអម្ចាស់»។
លេវីវិន័យ 26:14-45 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមអញ ហើយមិនប្រព្រឹត្តតាមសេចក្ដីបញ្ញត្តរបស់អញទាំងនេះ ដោយមើលងាយដល់អស់ទាំងច្បាប់អញ ហើយខ្ពើមក្រឹត្យក្រមរបស់អញ ដល់ម៉្លេះបានជាមិនព្រមប្រព្រឹត្តតាមអស់ទាំងសេចក្ដីបង្គាប់នេះ គឺឯងផ្តាច់សេចក្ដីសញ្ញារបស់អញចេញវិញ នោះអញនឹងប្រព្រឹត្តចំពោះឯងរាល់គ្នាយ៉ាងដូច្នេះ គឺនឹងដំរូវសេចក្ដីស្ញែងខ្លាចមកលើឯងរាល់គ្នា ជាជំងឺរីងរៃ នឹងគ្រុនក្តៅ ដែលនឹងធ្វើឲ្យភ្នែកកាន់តែស្រវាំងទៅ ហើយនឹងនាំឲ្យមានចិត្តវេទនា ឯងរាល់គ្នានឹងសាបព្រោះជាការឥតប្រយោជន៍ ដ្បិតខ្មាំងសត្រូវនឹងស៊ីទាំងអស់ទៅ អញនឹងតាំងមុខទាស់នឹងឯងរាល់គ្នា នោះឯងនឹងចាញ់ពួកខ្មាំងសត្រូវ ពួកអ្នកដែលស្អប់ឯង គេនឹងត្រួតត្រាលើឯង ហើយឯងនឹងរត់ទៅឥតមានអ្នកណាដេញតាមផង។ បើឯងរាល់គ្នានៅតែមិនស្តាប់តាមអញទៀត នោះអញនឹងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង អញនឹងបំបាត់សេចក្ដីអំនួតដែលឯងអួតពីអំណាចខ្លួន ក៏នឹងឲ្យមេឃដែលនៅពីលើឯងប្រែទៅដូចជាដែក ហើយដីរបស់ឯងដូចជាលង្ហិន នោះឯងរាល់គ្នានឹងបង្អស់កំឡាំងជាការឥតប្រយោជន៍ ដ្បិតដីរបស់ឯងនឹងមិនបង្កើតផលទេ ហើយដើមឈើដែលនៅស្រុកក៏មិនបានផ្លែផង។ បើឯងរាល់គ្នានៅតែដើរទទឹងនឹងអញ ហើយមិនព្រមស្តាប់តាម នោះអញនឹងនាំឲ្យឯងមានសេចក្ដីវេទនា៧ដងលើសទៅទៀត តាមអំពើបាបរបស់ឯង អញនឹងឲ្យសត្វព្រៃមកកណ្តាលពួកឯង សត្វទាំងនោះនឹងឆក់នាំយកកូនចៅឯងទៅ ព្រមទាំងបង្ហិនហ្វូងសត្វរបស់ឯងផង នឹងធ្វើឲ្យឯងទៅជាមានគ្នាតិច ហើយឲ្យអស់ទាំងផ្លូវថ្នល់របស់ឯងទៅជាសូន្យស្ងាត់។ បើឯងរាល់គ្នាមិនទាន់រាងដោយព្រោះសេចក្ដីទាំងនោះទេ គឺនៅតែដើរទទឹងនឹងអញ នោះអញនឹងដើរទាស់នឹងឯងរាល់គ្នាដែរ ហើយនឹងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង អញនឹងនាំឲ្យមានដាវជាសេចក្ដីសងសឹកនៃសញ្ញាមកលើឯង នោះឯងរាល់គ្នានឹងមូលគ្នានៅក្នុងក្រុងរបស់ឯងទាំងប៉ុន្មាន ហើយអញនឹងឲ្យជំងឺអាសន្នរោគកើតឡើងនៅកណ្តាលឯងរាល់គ្នាទៀត រួចឯងនឹងត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ កាលណាអញបានផ្តាច់ស្បៀងអាហារពីឯងរាល់គ្នាចេញ នោះស្ត្រី១០នាក់នឹងដុតនំបុ័ងឲ្យឯងនៅក្នុងឡតែ១ ហើយគេនឹងថ្លឹងនំបុ័ងឲ្យឯងបរិភោគ ឯងរាល់គ្នានឹងបរិភោគ តែមិនចេះឆ្អែតឡើយ។ បើយ៉ាងដូច្នេះហើយ ឯងរាល់គ្នានៅតែមិនព្រមស្តាប់តាមអញ គឺនៅតែដើរទាស់ទទឹងនឹងអញតទៅទៀត នោះអញនឹងដើរទាស់ទទឹងនឹងឯងរាល់គ្នា ដោយសេចក្ដីក្រោធ ហើយនឹងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង ឯងរាល់គ្នានឹងបរិភោគទាំងកូនប្រុស កូនស្រីរបស់ឯងផង អញនឹងបំផ្លាញអស់ទាំងទីខ្ពស់របស់ឯង ហើយនឹងគាស់រំលំរូបព្រះអាទិត្យរបស់ឯង ព្រមទាំងបោះខ្មោចឯងរាល់គ្នាទៅលើរូបព្រះរបស់ឯងទាំងនោះដែរ ហើយចិត្តអញនឹងខ្ពើមឯងរាល់គ្នា អញនឹងរំលាងអស់ទាំងទីក្រុងឯង ហើយនឹងធ្វើឲ្យទីបរិសុទ្ធរបស់ឯងទាំងប៉ុន្មានទៅជាសូន្យស្ងាត់ អញនឹងមិនព្រមហិតក្លិននៃគ្រឿងក្រអូបឯងទៀតឡើយ អញនឹងនាំឲ្យស្រុកទៅជាស្ងាត់ឈឹង ដល់ម៉្លេះបានជាពួកខ្មាំងសត្រូវរបស់ឯងដែលនៅក្នុងស្រុក គេនឹងមានសេចក្ដីងឿងឆ្ងល់ ឯឯងរាល់គ្នា អញនឹងកំចាត់កំចាយឲ្យទៅនៅគ្រប់ទាំងនគរ ហើយនឹងហូតដាវទៅតាមឯងទៀត នោះស្រុកឯងនឹងនៅជាស្ងាត់ឈឹង ហើយទីក្រុងរបស់ឯងទាំងប៉ុន្មាននឹងត្រូវលាញទៅអស់រលីង។ ស្រុកនោះនឹងបានសំរាក ក្នុងរវាងប៉ុន្មានដែលកំពុងនៅស្ងាត់ឈឹង ហើយឯងរាល់គ្នានៅឯស្រុករបស់ពួកខ្មាំងសត្រូវឯងដូច្នេះ គឺស្រុកឯងនឹងបានត្រេកអរឡើងដោយមានពេលឈប់សំរាកវិញ ក្នុងប៉ុន្មានឆ្នាំដែលស្រុកនៅស្ងាត់ឈឹង នោះនឹងបានសំរាកទៅ គឺនឹងបំពេញការសំរាក ដែលខានមានពីកាលគួរឈប់សំរាក ក្នុងគ្រាដែលឯងរាល់គ្នានៅស្រុកនោះនៅឡើយ ឯពួកឯងដែលសល់នៅ នោះអញនឹងបណ្តាលឲ្យមានចិត្តស្រយុតនៅក្នុងស្រុករបស់ខ្មាំងសត្រូវខ្លួន បើគ្រាន់តែឮសូរស្លឹកឈើដែលត្រូវខ្យល់ផាត់ប៉ុណ្ណោះ នោះនឹងធ្វើឲ្យរត់ទៅ គេនឹងរត់ទៅ ដូចជារត់ឲ្យរួចពីមុខដាវផង ក៏នឹងដួល ដោយឥតមានអ្នកណាដេញតាមឡើយ គេនឹងជំពប់ដួលប្រគរគ្នា ដូចជាស្លាប់ដោយមុខដាវ ក្នុងកាលដែលគ្មានអ្នកណាដេញតាមផង ហើយឯងរាល់គ្នានឹងគ្មានកំឡាំងឈរនៅមុខពួកខ្មាំងសត្រូវឯងសោះ ឯងរាល់គ្នានឹងត្រូវវិនាសទៅ នៅអស់ទាំងនគរ ហើយស្រុករបស់ពួកខ្មាំងសត្រូវនឹងលេបបំបាត់ឯងទៅ ឯពួកឯងរាល់គ្នា ដែលសល់នៅ នោះនឹងស្រងេះស្រងោច នៅក្នុងអំពើទុច្ចរិតរបស់ខ្លួននៅនាស្រុកនៃពួកខ្មាំងសត្រូវ ហើយនឹងស្រងេះស្រងោចទៅ ដោយសេចក្ដីទុច្ចរិតរបស់ពួកឰយុកោដែរ។ នោះគេនឹងលន់តួសេចក្ដីទុច្ចរិតរបស់គេ ហើយសេចក្ដីទុច្ចរិតរបស់ពួកឰយុកោគេដែរ គឺជាការរំលងដែលគេបានប្រព្រឹត្តនឹងអញ ដោយព្រោះការដែលគេបានដើរទាស់ទទឹងនឹងអញផង គឺដោយហេតុនោះបានជាអញដើរទាស់ទទឹងនឹងគេដែរ ហើយបាននាំគេទៅនៅស្រុករបស់ពួកខ្មាំងសត្រូវ ដូច្នេះបើចិត្តដែលមិនទាន់កាត់ស្បែករបស់គេបានទទួលចាលចាញ់ ហើយគេព្រមទទួលទោសនៃអំពើទុច្ចរិតរបស់គេ នោះអញនឹងនឹកចាំពីសេចក្ដីសញ្ញា ដែលអញបានតាំងនឹងយ៉ាកុប នឹងសេចក្ដីសញ្ញាដែលអញបានតាំងនឹងអ៊ីសាក ហើយនឹងសេចក្ដីសញ្ញាដែលអញបានតាំងនឹងអ័ប្រាហាំ អញក៏នឹងនឹកចាំពីស្រុកនោះដែរ ឯស្រុកនោះនឹងត្រូវគេចោលទទេ ហើយនឹងបានអរចំពោះឆ្នាំឈប់សំរាក កំពុងដែលនៅស្ងាត់ ឥតមានគេនៅៗឡើយ ហើយគេនឹងព្រមទទួលទោសនៃអំពើទុច្ចរិតរបស់ខ្លួន គឺពីព្រោះគេបានមើលងាយដល់សេចក្ដីបញ្ញត្តរបស់អញ ហើយចិត្តគេបានខ្ពើមដល់អស់ទាំងច្បាប់អញដែរ ប៉ុន្តែទោះបើការនោះយ៉ាងដូច្នោះក៏ដោយ គង់តែអញមិនបោះបង់ចោលគេ ក្នុងកាលដែលគេនៅស្រុករបស់ខ្មាំងសត្រូវនោះឡើយ ក៏មិនខ្ពើមគេដល់ទៅបំផ្លាញចេញអស់រលីង ឬផ្តាច់សេចក្ដីសញ្ញា ដែលអញបានតាំងនឹងគេនោះដែរ ដ្បិតអញនេះគឺយេហូវ៉ា ជាព្រះនៃគេ តែដោយយល់ដល់គេ នោះអញនឹងនឹកចាំពីសេចក្ដីសញ្ញារបស់ពួកឰយុកោ ដែលអញបាននាំចេញពីស្រុកអេស៊ីព្ទមក នៅចំពោះភ្នែកនៃពួកសាសន៍ដទៃ ដើម្បីឲ្យបានធ្វើជាព្រះនៃគេ អញនេះជាព្រះយេហូវ៉ា។