ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ «ចូរប្រាប់អើរ៉ុន និងកូនចៅរបស់គាត់ថា ក្នុងករណីខ្លះ ពួកគេមិនអាចបរិភោគតង្វាយដ៏វិសុទ្ធ ដែលជនជាតិអ៊ីស្រាអែលថ្វាយជាសក្ការៈបូជាដល់យើងឡើយ ក្រែងលោគេបង្អាប់នាមដ៏វិសុទ្ធរបស់យើង។ យើងជាព្រះអម្ចាស់។ ចូរប្រាប់ពួកគេថា: ក្នុងចំណោមពូជពង្សរបស់អ្នករាល់គ្នាគ្រប់ជំនាន់ អ្នកដែលមានភាពមិនបរិសុទ្ធ ហើយប៉ះពាល់តង្វាយដ៏វិសុទ្ធ ដែលជនជាតិអ៊ីស្រាអែលថ្វាយជាសក្ការៈបូជាដល់ព្រះអម្ចាស់ ត្រូវដកអ្នកនោះកុំឲ្យបំពេញមុខងារនៅចំពោះមុខយើងទៀត។ យើងជាព្រះអម្ចាស់។ ក្នុងចំណោមពូជពង្សរបស់អើរ៉ុន អ្នកកើតឃ្លង់ ឬជំងឺកាមរោគ មិនអាចបរិភោគអាហារដ៏វិសុទ្ធទេ គឺលុះត្រាណាតែគេជាបរិសុទ្ធឡើងវិញ។ រីឯអ្នកដែលប៉ះពាល់នឹងមនុស្សសៅហ្មងដោយសារពាល់សាកសព ឬមនុស្សដែលហូរទឹកកាម ក៏មិនអាចបរិភោគដែរ។ អ្នកប៉ះពាល់សត្វលូនវារ ដែលបណ្ដាលឲ្យខ្លួនទៅជាសៅហ្មង ឬប៉ះពាល់មនុស្សណាម្នាក់ដែលមិនបរិសុទ្ធដោយប្រការណាក៏ដោយ ជាហេតុបណ្ដាលឲ្យខ្លួនសៅហ្មងដែរនោះ ក៏មិនអាចបរិភោគបានទេ។ អ្នកប៉ះពាល់មនុស្ស ឬសត្វមិនបរិសុទ្ធបែបនេះ ត្រូវនៅមិនបរិសុទ្ធរហូតដល់ល្ងាច។ គេគ្មានសិទ្ធិបរិភោគអាហារដ៏វិសុទ្ធទេ លុះត្រាតែយកទឹកមកធ្វើពិធីជម្រះកាយជាមុនសិន។ លុះថ្ងៃលិចផុតទៅ ទើបគេបានបរិសុទ្ធ ហើយអាចបរិភោគតង្វាយដ៏វិសុទ្ធ ជាអាហាររបស់ខ្លួនបាន។ បូជាចារ្យមិនត្រូវបរិភោគសាច់សត្វដែលងាប់ដោយជំងឺ ឬដោយសត្វព្រៃខាំឡើយ ដើម្បីកុំឲ្យខ្លួនត្រូវសៅហ្មង ព្រោះតែសត្វនោះ។ យើងជាព្រះអម្ចាស់។ បូជាចារ្យត្រូវប្រតិបត្តិតាមឱវាទរបស់យើង ដើម្បីកុំឲ្យខ្លួនមានទោស ហើយស្លាប់ ព្រោះតែរំលោភលើឱវាទរបស់យើងស្ដីអំពីអាហារ។ យើងជាព្រះអម្ចាស់ដែលញែកពួកគេឲ្យវិសុទ្ធ។ មិនត្រូវឲ្យអ្នកផ្សេង ក្រៅពីក្រុមគ្រួសាររបស់បូជាចារ្យបរិភោគអាហារដ៏វិសុទ្ធឡើយ សូម្បីតែភ្ញៀវ ឬអ្នកធ្វើការឲ្យបូជាចារ្យ ក៏គ្មានសិទ្ធិបរិភោគអាហារដ៏វិសុទ្ធដែរ។ ផ្ទុយទៅវិញ អ្នកបម្រើដែលបូជាចារ្យបានទិញមក មានសិទ្ធិបរិភោគដូចអ្នកបម្រើ ដែលកើតនៅក្នុងផ្ទះរបស់បូជាចារ្យដែរ។ កូនស្រីរបស់បូជាចារ្យ ដែលរៀបការជាមួយអ្នកមិនមែនជាបូជាចារ្យ គ្មានសិទ្ធិបរិភោគអាហារដែលយកពីតង្វាយដ៏វិសុទ្ធឡើយ។ ប៉ុន្តែ កូនស្រីរបស់បូជាចារ្យដែលជាស្ត្រីមេម៉ាយ ឬត្រូវប្ដីលែង ហើយគ្មានកូនចៅទេ ពេលនាងវិលត្រឡប់ទៅនៅជាមួយឪពុកវិញ ដូចគ្រានៅពីក្មេង នាងមានសិទ្ធិបរិភោគម្ហូបអាហាររបស់ឪពុកនាងបាន។ រីឯអ្នកក្រៅគ្មានសិទ្ធិបរិភោគម្ហូបអាហារនេះឡើយ។ ប្រសិនបើនរណាបរិភោគតង្វាយដ៏វិសុទ្ធដោយមិនដឹងខ្លួន ត្រូវយកអាហារមកសងបូជាចារ្យ ស្របតាមតម្លៃតង្វាយនោះ ព្រមទាំងបន្ថែមមួយភាគប្រាំផង។ បូជាចារ្យមិនត្រូវធ្វើឲ្យតង្វាយដ៏វិសុទ្ធ ដែលជនជាតិអ៊ីស្រាអែលយកមកថ្វាយព្រះអម្ចាស់ ក្លាយទៅជាសៅហ្មងឡើយ។ ប្រសិនបើបូជាចារ្យបរិភោគតង្វាយដ៏វិសុទ្ធ*ដោយមិនសមរម្យ ពួកគេនឹងធ្វើឲ្យជនជាតិអ៊ីស្រាអែលមានទោស។ យើងជាព្រះអម្ចាស់ ដែលញែកពួកគេឲ្យវិសុទ្ធ»។
អាន លេវីវិន័យ 22
ស្ដាប់នូវ លេវីវិន័យ 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 22:1-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ