លេវីវិន័យ 14:1-32

លេវីវិន័យ 14:1-32 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «នេះ​ជា​ច្បាប់​សម្រាប់​ពិធី​ជម្រះ​កាយ​មនុស្ស​ឃ្លង់​ឲ្យ​បរិសុទ្ធ: នៅ​ថ្ងៃ​ធ្វើ​ពិធី​ជម្រះ​កាយ គេ​ត្រូវ​នាំ​មនុស្ស​ឃ្លង់​មក​ជួប​បូជា‌ចារ្យ។ បូជា‌ចារ្យ​ត្រូវ​ចេញ​ពី​ជំរំ​ទៅ​ពិនិត្យ​មើល​មនុស្ស​ឃ្លង់។ ប្រសិន​បើ​ឃើញ​មនុស្ស​ឃ្លង់​នោះ​បាន​ជា​ហើយ បូជា‌ចារ្យ​ត្រូវ​បញ្ជា​ឲ្យ​គេ​យក​សត្វ​ស្លាប​ពីរ​ក្បាល​នៅ​រស់ ហើយ​បរិសុទ្ធ ព្រម​ទាំង​យក​ឈើ​តា‌ត្រៅ អំបោះ រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​មែក​ហ៊ី‌សុប*។ បូជា‌ចារ្យ​ត្រូវ​ឲ្យ​គេ​អារ-ក​សត្វ​ស្លាប​មួយ ពី​លើ​ផើង​ធ្វើ​អំពី​ដី ដែល​ដាក់​ទឹក​ទើប​នឹង​ដង​មក។ បូជា‌ចារ្យ​យក​សត្វ​ស្លាប​មួយ​ទៀត ដែល​នៅ​រស់ ព្រម​ទាំង​យក​ឈើ​តា‌ត្រៅ អំបោះ រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​មែក​ហ៊ី‌សុប ជ្រលក់​ទៅ​ក្នុង​ឈាម​របស់​សត្វ​ដែល​គេ​បាន​អារ-ក នៅ​ពី​លើ​ផើង​ទឹក​ទើប​នឹង​ដង​មក​នោះ។ បន្ទាប់​មក លោក​ត្រូវ​ប្រោះ​ចំនួន​ប្រាំ‌ពីរ​ដង​ទៅ​លើ​មនុស្ស​ទទួល​ពិធី​ជម្រះ​កាយ។ បូជា‌ចារ្យ​ប្រកាស​ថា មនុស្ស​ឃ្លង់​នោះ​បាន​បរិសុទ្ធ​ហើយ រួច​លែង​សត្វ​ស្លាប​ដែល​នៅ​រស់​ឲ្យ​ហើរ​ទៅ​វាល។ អ្នក​ទទួល​ពិធី​ជម្រះ​កាយ​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​កោរ​រោម​ទាំង​អស់ រួច​ងូត​ទឹក​ជម្រះ​កាយ ទើប​គាត់​បាន​បរិសុទ្ធ។ បន្ទាប់​មក គាត់​ចូល​ទៅ​ក្នុង​ជំរំ​វិញ តែ​ត្រូវ​ស្នាក់​នៅ​ក្រៅ​ទី​លំនៅ​របស់​ខ្លួន អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ គាត់​ត្រូវ​កោរ​សក់ ពុក​ចង្កា រោម​ចិញ្ចើម និង​រោម​ទាំង​អស់​របស់​ខ្លួន​សា​ជា​ថ្មី​ម្ដង​ទៀត។ គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​ងូត​ទឹក ទើប​គាត់​បាន​បរិសុទ្ធ។ នៅ​ថ្ងៃ​ទី​ប្រាំ‌បី គាត់​ត្រូវ​យក​កូន​ចៀម​ពីរ​ល្អ​ឥត​ខ្ចោះ និង​ចៀម​ញី​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​ម្សៅ​ម៉ដ្ដ​បី​រង្វាល់​លាយ​ជា​មួយ​ប្រេង និង​យក​ប្រេង​កន្លះ​លីត្រ​ទៀត​មក។ បូជា‌ចារ្យ​ដែល​ធ្វើ​ពិធី​ជម្រះ​កាយ​នាំ​សាមី​ខ្លួន និង​តង្វាយ​របស់​គាត់ ចូល​ទៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ បូជា‌ចារ្យ​យក​កូន​ចៀម​មួយ និង​ប្រេង​កន្លះ​លីត្រ មក​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប រួច​លើក​ថ្វាយ​ព្រះ‌អម្ចាស់។ បូជា‌ចារ្យ​ចាក់​ក​កូន​ចៀម​ត្រង់​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប ឬ​តង្វាយ​ដុត​ទាំង​មូល នៅ​ក្នុង​ទីសក្ការៈ ដ្បិត​យញ្ញ‌បូជា​លោះ​បាប​ក៏​ដូច​ជា​យញ្ញ‌បូជា​រំដោះ​បាប​ដែរ សាច់​របស់​វា​ត្រូវ​បាន​ជា​ចំណែក​របស់​បូជា‌ចារ្យ ព្រោះ​ជា​តង្វាយ​ដ៏វិសុទ្ធ​បំផុត។ បូជា‌ចារ្យ​យក​ឈាម​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ លើ​មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ​នោះ។ បូជា‌ចារ្យ​យក​ប្រេង​ចាក់​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក រួច​យក​ម្រាម​ដៃ​ស្ដាំ​របស់​លោក​ជ្រលក់​ទៅ​ក្នុង​ប្រេង ដែល​ស្ថិត​នៅ​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក ហើយ​ប្រោះ​ប្រាំ‌ពីរ​ដង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ បន្ទាប់​មក បូជា‌ចារ្យ​យក​ប្រេង​ដែល​នៅ​សល់​ក្នុង​ដៃ លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ គឺ​លាប​ពី​លើ​ឈាម​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប។ រីឯ​ប្រេង​ដែល​នៅ​សល់​ក្នុង​បាត​ដៃ​របស់​បូជា‌ចារ្យ លោក​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​អ្នក​ទទួល​ពិធី​ជម្រះ​កាយ ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គេ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ បូជា‌ចារ្យ​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប ហើយ​ធ្វើ​ពិធី​លោះ​គេ​ឲ្យ​រួច​ផុត​ភាព​សៅ‌ហ្មង។ បន្ទាប់​មក លោក​ចាក់​ក​សត្វ ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ បូជា‌ចារ្យ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​នៅ​លើ​អាសនៈ បន្ទាប់​មក លោក​ធ្វើ​ពិធី​រំដោះ​បាប​ម្ដង​ទៀត ទើប​អ្នក​នោះ​បាន​បរិសុទ្ធ។ ប្រសិន​បើ​សាមី​ខ្លួន​ជា​អ្នក​ក្រ គ្មាន​លទ្ធ‌ភាព​នឹង​ថ្វាយ​តង្វាយ​គ្រប់​ចំនួន​ទេ គាត់​ត្រូវ​យក​កូន​ចៀម​មួយ​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប ដើម្បី​ឲ្យ​បូជា‌ចារ្យ​លើក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​លោះ​បាប​គាត់។ គាត់​ត្រូវ​យក​ម្សៅ​ម៉ដ្ដ​តែ​មួយ​រង្វាល់​លាយ​ជា​មួយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ និង​យក​ប្រេង​កន្លះ​លីត្រ​ទៀត។ គាត់​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ តាម​លទ្ធ‌ភាព​របស់​គាត់ គឺ​មួយ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល។ នៅ​ថ្ងៃ​ទី​ប្រាំ​បី គាត់​ត្រូវ​នាំ​យក​តង្វាយ​ទាំង​នោះ​មក​ជូន​បូជា‌ចារ្យ នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ គឺ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។ បូជា‌ចារ្យ​យក​កូន​ចៀម​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប និង​យក​ប្រេង​លើក​ថ្វាយ​ព្រះ‌អម្ចាស់។ បូជា‌ចារ្យ​ចាក់​ក​កូន​ចៀម​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប​នោះ ហើយ​យក​ឈាម​សាច់​នោះ​លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ។ បូជា‌ចារ្យ​ចាក់​ប្រេង​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក ហើយ​យក​ម្រាម​ដៃ​ស្ដាំ​របស់​លោក​ជ្រលក់​ទៅ​ក្នុង​ប្រេង ដែល​ស្ថិត​នៅ​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក រួច​ប្រោះ​ចំនួន​ប្រាំ‌ពីរ​ដង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ បន្ទាប់​មក បូជា‌ចារ្យ​យក​ប្រេង​ដែល​នៅ​ក្នុង​ដៃ លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ គឺ​លាប​ពី​លើ​ឈាម​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប។ រីឯ​ប្រេង​នៅ​សល់​ក្នុង​បាត​ដៃ បូជា‌ចារ្យ​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គេ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ បន្ទាប់​មក បូជា‌ចារ្យ​យក​លលក​មួយ ឬ​ព្រាប​ជំទើរ​មួយ តាម​លទ្ធ‌ភាព​ដែល​សាមី​ខ្លួន​អាច​រក​បាន ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប រួច​លោក​យក​សត្វ​មួយ​ទៀត​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល រួម​ជា​មួយ​តង្វាយ​ម្សៅ។ បន្ទាប់​មក បូជា‌ចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​សាមី​ខ្លួន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ នេះ​ជា​ច្បាប់​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​អ្នក​ដែល​មាន​រោគ​ឃ្លង់ ហើយ​គ្មាន​លទ្ធ‌ភាព​គ្រប់​គ្រាន់»។