លេវីវិន័យ 14:1-32
លេវីវិន័យ 14:1-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «នេះជាច្បាប់សម្រាប់មនុស្សឃ្លង់ នៅថ្ងៃណាដែលញែកគេចេញជាស្អាត ត្រូវតែនាំអ្នកនោះទៅជួបសង្ឃ រួចសង្ឃត្រូវចេញទៅខាងក្រៅជំរំពិនិត្យមើល បើឃើញថាមនុស្សឃ្លង់នោះបានជាហើយ សង្ឃត្រូវបង្គាប់ឲ្យយកសត្វហើរពីរ ដែលរស់ ហើយស្អាត មកសម្រាប់អ្នកនោះ ដែលត្រូវញែកជាស្អាត ព្រមទាំងឈើតាត្រៅ សំពត់ក្រហម និងមែកហ៊ីសុបផង។ សង្ឃត្រូវបង្គាប់ឲ្យសម្លាប់សត្វហើរមួយលើផើងទឹកដែលដងមកពីជ្រោះ។ សង្ឃត្រូវជ្រលក់សត្វដែលរស់ទៅក្នុងឈាមនៃសត្វដែលបានសម្លាប់ពីលើទឹកនោះ ជាមួយឈើតាត្រៅ សំពត់ក្រហម និងមែកហ៊ីសុប ទៅប្រោះប្រាំពីរដងលើអ្នកដែលត្រូវញែកចេញជាស្អាតពីរោគឃ្លង់ រួចប្រកាសថាជាស្អាតហើយ ឯសត្វដែលរស់នៅ នោះត្រូវលែងនៅវាលទៅ។ អ្នកដែលបានញែកជាស្អាត ត្រូវបោកសម្លៀកបំពាក់ខ្លួន ព្រមទាំងកោរសក់ ហើយងូតទឹកចេញ រួចនឹងបានស្អាត ហើយនឹងចូលទៅក្នុងជំរំបាន តែត្រូវនៅខាងក្រៅទីលំនៅរបស់ខ្លួនប្រាំពីរថ្ងៃ។ ដល់ថ្ងៃទីប្រាំពីរ អ្នកនោះត្រូវកោរសក់ កោរពុកមាត់ និងចិញ្ចើម និងរោមខ្លួនទាំងអស់ចេញ ព្រមទាំងបោកសម្លៀកបំពាក់ ហើយងូតទឹកផង នោះនឹងបានស្អាតហើយ។ លុះដល់ថ្ងៃទីប្រាំបី ត្រូវយកកូនចៀមឈ្មោលពីរឥតខ្ចោះ និងចៀមញីមួយឥតខ្ចោះអាយុមួយខួបមក ព្រមទាំងម្សៅយ៉ាងម៉ដ្តបីខ្ញឹងលាយនឹងប្រេង សម្រាប់ជាតង្វាយម្សៅ និងប្រេងមួយកំប៉ុង ។ សង្ឃត្រូវញែកអ្នកនោះចេញជាស្អាត នាំអ្នកនោះមកដាក់ជាមួយតង្វាយនៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ សង្ឃត្រូវយកកូនចៀមឈ្មោលមួយទៅថ្វាយជាតង្វាយដោយព្រោះការំលង ព្រមទាំងប្រេងមួយកំប៉ុងផង រួចគ្រវីរបស់ទាំងនោះ ទុកជាតង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា។ ត្រូវសម្លាប់កូនចៀមឈ្មោលនៅកន្លែងដែលគេសម្លាប់តង្វាយលោះបាប និងតង្វាយដុត គឺនៅក្នុងទីបរិសុទ្ធ ដ្បិតតង្វាយដែលថ្វាយដោយព្រោះការរំលងជារបស់សង្ឃ ដូចជាតង្វាយលោះបាបដែរ តង្វាយនេះជារបស់បរិសុទ្ធបំផុត។ សង្ឃត្រូវយកឈាមតង្វាយដែលថ្វាយដោយព្រោះការរំលងនោះ ទៅលាបនៅទងត្រចៀកស្តាំរបស់អ្នក ដែលត្រូវញែកចេញជាស្អាត ព្រមទាំងនៅលើមេដៃស្តាំ និងមេជើងស្តាំផង ក៏ត្រូវយកប្រេងពីក្នុងកំប៉ុង ចាក់ទៅក្នុងបាតដៃឆ្វេងខ្លួន ហើយជ្រលក់ម្រាមដៃស្តាំទៅក្នុងប្រេង ដែលនៅក្នុងបាតដៃ ប្រោះប្រាំពីរដងនៅចំពោះព្រះយេហូវ៉ា។ ប្រេងដែលសល់នឹងបាតដៃ នោះត្រូវយកខ្លះទៅលាបនៅទងត្រចៀកស្តាំ និងមេដៃស្តាំ ព្រមទាំងមេជើងស្តាំរបស់អ្នកដែលត្រូវញែកជាស្អាតនោះ ត្រង់កន្លែងដែលបានលាបឈាមនៃតង្វាយ ដែលថ្វាយដោយព្រោះការរំលងដែរ។ ប្រេងដែលនៅសល់ក្នុងបាតដៃរបស់សង្ឃ ត្រូវចាក់លើក្បាលអ្នកដែលញែកជាស្អាតទៅ រួចត្រូវថ្វាយឲ្យធួននឹងខ្លួនអ្នកនោះ នៅចំពោះព្រះយេហូវ៉ា សង្ឃត្រូវថ្វាយតង្វាយលោះបាប ឲ្យបានធួននឹងអ្នកដែលត្រូវញែកចេញជាស្អាតនោះ ដោយព្រោះសេចក្ដីស្មោកគ្រោករបស់ខ្លួន រួចមកត្រូវសម្លាប់តង្វាយដុតទៀត ក៏ត្រូវថ្វាយតង្វាយដុត និងតង្វាយម្សៅនៅលើអាសនាឲ្យបានធួននឹងអ្នកនោះដែរ នោះនឹងបានស្អាតហើយ។ បើអ្នកនោះខ្វះខាតមិនអាចយករបស់ទាំងនោះបាន នោះត្រូវយកកូនចៀមឈ្មោលមួយមក ដោយព្រោះការរំលងសម្រាប់នឹងគ្រវីថ្វាយ ដើម្បីឲ្យធួននឹងខ្លួន ព្រមទាំងម្សៅយ៉ាងម៉ដ្តមួយខ្ញឹង លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ និងប្រេងមួយកំប៉ុង ហើយលលកពីរ ឬព្រាបជំទើរពីរ តាមកម្លាំងរបស់ខ្លួន គឺមួយសម្រាប់ជាតង្វាយលោះបាប ហើយមួយសម្រាប់ជាតង្វាយដុត នៅថ្ងៃទីប្រាំបី អ្នកនោះត្រូវយករបស់ទាំងនោះមកប្រគល់ដល់សង្ឃ ត្រង់មាត់ទ្វារត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា សម្រាប់ការញែកខ្លួនចេញជាស្អាត។ សង្ឃត្រូវយកកូនចៀមដែលសម្រាប់ថ្វាយដោយព្រោះការរំលង និងប្រេងមួយកំប៉ុង ទៅថ្វាយជាតង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា។ រួចត្រូវសម្លាប់កូនចៀម ដែលសម្រាប់ថ្វាយដោយព្រោះការរំលងនោះ ហើយត្រូវយកឈាមនៃតង្វាយទៅលាបនៅទងត្រចៀកស្តាំអ្នកដែលត្រូវញែកចេញជាស្អាត ព្រមទាំងនៅមេដៃស្តាំ និងមេជើងស្តាំផង។ ក៏ត្រូវចាក់ប្រេងទៅក្នុងបាតដៃឆ្វេងរបស់ខ្លួន ហើយប្រោះប្រេងនោះដោយម្រាមដៃស្តាំអស់ប្រាំពីរដងនៅចំពោះព្រះយេហូវ៉ា។ រួចត្រូវយកប្រេងដែលនៅក្នុងបាតដៃទៅលាបនៅទងត្រចៀកស្តាំ និងមេដៃស្តាំ ព្រមទាំងមេជើងស្តាំនៃអ្នកដែលត្រូវញែកចេញជាស្អាត ត្រង់កន្លែងដែលបានលាបឈាមនៃតង្វាយដែលថ្វាយដោយព្រោះការរំលងដែរ។ ឯប្រេងដែលនៅសល់ក្នុងបាតដៃ នោះត្រូវចាក់ទៅលើក្បាលអ្នកដែលត្រូវញែកជាស្អាត ដើម្បីឲ្យធួនខ្លួនអ្នកនោះនៅចំពោះព្រះយេហូវ៉ា។ រួចសង្ឃត្រូវថ្វាយលលកមួយ ឬព្រាបជំទើរមួយ តាមលទ្ធភាពដែលអ្នកនោះអាចរកបាន គឺមួយសម្រាប់ជាតង្វាយលោះបាប ហើយមួយទៀតសម្រាប់ជាតង្វាយដុតជាមួយតង្វាយម្សៅ រួចសង្ឃត្រូវថ្វាយឲ្យធួននឹងអ្នកដែលត្រូវញែកជាស្អាតនោះ នៅចំពោះព្រះយេហូវ៉ា។ នេះហើយជាច្បាប់សម្រាប់អ្នកកើតរោគឃ្លង់ ដែលមិនអាចលូកឈោងដល់តង្វាយ សម្រាប់ការញែកខ្លួនចេញជាស្អាតបាន»។
លេវីវិន័យ 14:1-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «នេះជាច្បាប់សម្រាប់ពិធីជម្រះកាយមនុស្សឃ្លង់ឲ្យបរិសុទ្ធ: នៅថ្ងៃធ្វើពិធីជម្រះកាយ គេត្រូវនាំមនុស្សឃ្លង់មកជួបបូជាចារ្យ។ បូជាចារ្យត្រូវចេញពីជំរំទៅពិនិត្យមើលមនុស្សឃ្លង់។ ប្រសិនបើឃើញមនុស្សឃ្លង់នោះបានជាហើយ បូជាចារ្យត្រូវបញ្ជាឲ្យគេយកសត្វស្លាបពីរក្បាលនៅរស់ ហើយបរិសុទ្ធ ព្រមទាំងយកឈើតាត្រៅ អំបោះ រោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីសុប*។ បូជាចារ្យត្រូវឲ្យគេអារ-កសត្វស្លាបមួយ ពីលើផើងធ្វើអំពីដី ដែលដាក់ទឹកទើបនឹងដងមក។ បូជាចារ្យយកសត្វស្លាបមួយទៀត ដែលនៅរស់ ព្រមទាំងយកឈើតាត្រៅ អំបោះ រោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីសុប ជ្រលក់ទៅក្នុងឈាមរបស់សត្វដែលគេបានអារ-ក នៅពីលើផើងទឹកទើបនឹងដងមកនោះ។ បន្ទាប់មក លោកត្រូវប្រោះចំនួនប្រាំពីរដងទៅលើមនុស្សទទួលពិធីជម្រះកាយ។ បូជាចារ្យប្រកាសថា មនុស្សឃ្លង់នោះបានបរិសុទ្ធហើយ រួចលែងសត្វស្លាបដែលនៅរស់ឲ្យហើរទៅវាល។ អ្នកទទួលពិធីជម្រះកាយនោះត្រូវបោកសម្លៀកបំពាក់ ហើយកោររោមទាំងអស់ រួចងូតទឹកជម្រះកាយ ទើបគាត់បានបរិសុទ្ធ។ បន្ទាប់មក គាត់ចូលទៅក្នុងជំរំវិញ តែត្រូវស្នាក់នៅក្រៅទីលំនៅរបស់ខ្លួន អស់រយៈពេលប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ គាត់ត្រូវកោរសក់ ពុកចង្កា រោមចិញ្ចើម និងរោមទាំងអស់របស់ខ្លួនសាជាថ្មីម្ដងទៀត។ គាត់ត្រូវបោកសម្លៀកបំពាក់ ហើយងូតទឹក ទើបគាត់បានបរិសុទ្ធ។ នៅថ្ងៃទីប្រាំបី គាត់ត្រូវយកកូនចៀមពីរល្អឥតខ្ចោះ និងចៀមញីអាយុមួយខួបល្អឥតខ្ចោះ ព្រមទាំងម្សៅម៉ដ្ដបីរង្វាល់លាយជាមួយប្រេង និងយកប្រេងកន្លះលីត្រទៀតមក។ បូជាចារ្យដែលធ្វើពិធីជម្រះកាយនាំសាមីខ្លួន និងតង្វាយរបស់គាត់ ចូលទៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ បូជាចារ្យយកកូនចៀមមួយ និងប្រេងកន្លះលីត្រ មកថ្វាយជាយញ្ញបូជាលោះបាប រួចលើកថ្វាយព្រះអម្ចាស់។ បូជាចារ្យចាក់កកូនចៀមត្រង់កន្លែងដែលគេចាក់កសត្វ សម្រាប់ថ្វាយយញ្ញបូជារំដោះបាប ឬតង្វាយដុតទាំងមូល នៅក្នុងទីសក្ការៈ ដ្បិតយញ្ញបូជាលោះបាបក៏ដូចជាយញ្ញបូជារំដោះបាបដែរ សាច់របស់វាត្រូវបានជាចំណែករបស់បូជាចារ្យ ព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។ បូជាចារ្យយកឈាមសត្វដែលថ្វាយជាយញ្ញបូជាលោះបាប លាបលើស្លឹកត្រចៀកស្ដាំ លើមេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកទទួលពិធីជម្រះកាយនោះ។ បូជាចារ្យយកប្រេងចាក់ក្នុងបាតដៃឆ្វេងរបស់លោក រួចយកម្រាមដៃស្ដាំរបស់លោកជ្រលក់ទៅក្នុងប្រេង ដែលស្ថិតនៅក្នុងបាតដៃឆ្វេងរបស់លោក ហើយប្រោះប្រាំពីរដងនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ បន្ទាប់មក បូជាចារ្យយកប្រេងដែលនៅសល់ក្នុងដៃ លាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកទទួលពិធីជម្រះកាយ គឺលាបពីលើឈាមរបស់សត្វដែលថ្វាយជាយញ្ញបូជាលោះបាប។ រីឯប្រេងដែលនៅសល់ក្នុងបាតដៃរបស់បូជាចារ្យ លោកត្រូវចាក់ទៅលើក្បាលអ្នកទទួលពិធីជម្រះកាយ ហើយធ្វើពិធីរំដោះបាបឲ្យគេនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ បូជាចារ្យថ្វាយយញ្ញបូជារំដោះបាប ហើយធ្វើពិធីលោះគេឲ្យរួចផុតភាពសៅហ្មង។ បន្ទាប់មក លោកចាក់កសត្វ ថ្វាយជាតង្វាយដុតទាំងមូល។ បូជាចារ្យថ្វាយតង្វាយដុតទាំងមូល និងតង្វាយម្សៅនៅលើអាសនៈ បន្ទាប់មក លោកធ្វើពិធីរំដោះបាបម្ដងទៀត ទើបអ្នកនោះបានបរិសុទ្ធ។ ប្រសិនបើសាមីខ្លួនជាអ្នកក្រ គ្មានលទ្ធភាពនឹងថ្វាយតង្វាយគ្រប់ចំនួនទេ គាត់ត្រូវយកកូនចៀមមួយថ្វាយជាយញ្ញបូជាលោះបាប ដើម្បីឲ្យបូជាចារ្យលើកថ្វាយព្រះអម្ចាស់ សម្រាប់លោះបាបគាត់។ គាត់ត្រូវយកម្សៅម៉ដ្ដតែមួយរង្វាល់លាយជាមួយប្រេង ទុកជាតង្វាយម្សៅ និងយកប្រេងកន្លះលីត្រទៀត។ គាត់ត្រូវយកលលកពីរ ឬព្រាបជំទើរពីរ តាមលទ្ធភាពរបស់គាត់ គឺមួយសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។ នៅថ្ងៃទីប្រាំបី គាត់ត្រូវនាំយកតង្វាយទាំងនោះមកជូនបូជាចារ្យ នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ គឺនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដើម្បីធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ។ បូជាចារ្យយកកូនចៀមដែលត្រូវថ្វាយជាយញ្ញបូជាលោះបាប និងយកប្រេងលើកថ្វាយព្រះអម្ចាស់។ បូជាចារ្យចាក់កកូនចៀមដែលត្រូវថ្វាយជាយញ្ញបូជាលោះបាបនោះ ហើយយកឈាមសាច់នោះលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកទទួលពិធីជម្រះកាយ។ បូជាចារ្យចាក់ប្រេងក្នុងបាតដៃឆ្វេងរបស់លោក ហើយយកម្រាមដៃស្ដាំរបស់លោកជ្រលក់ទៅក្នុងប្រេង ដែលស្ថិតនៅក្នុងបាតដៃឆ្វេងរបស់លោក រួចប្រោះចំនួនប្រាំពីរដងនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ បន្ទាប់មក បូជាចារ្យយកប្រេងដែលនៅក្នុងដៃ លាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកទទួលពិធីជម្រះកាយ គឺលាបពីលើឈាមរបស់សត្វដែលថ្វាយជាយញ្ញបូជាលោះបាប។ រីឯប្រេងនៅសល់ក្នុងបាតដៃ បូជាចារ្យត្រូវចាក់ទៅលើក្បាលរបស់អ្នកទទួលពិធីជម្រះកាយ ហើយធ្វើពិធីរំដោះបាបឲ្យគេ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ បន្ទាប់មក បូជាចារ្យយកលលកមួយ ឬព្រាបជំទើរមួយ តាមលទ្ធភាពដែលសាមីខ្លួនអាចរកបាន ថ្វាយជាយញ្ញបូជារំដោះបាប រួចលោកយកសត្វមួយទៀតថ្វាយជាតង្វាយដុតទាំងមូល រួមជាមួយតង្វាយម្សៅ។ បន្ទាប់មក បូជាចារ្យធ្វើពិធីរំដោះបាបឲ្យសាមីខ្លួន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ នេះជាច្បាប់សម្រាប់ធ្វើពិធីជម្រះកាយឲ្យអ្នកដែលមានរោគឃ្លង់ ហើយគ្មានលទ្ធភាពគ្រប់គ្រាន់»។
លេវីវិន័យ 14:1-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា នេះជាច្បាប់ខាងឯមនុស្សឃ្លង់ នៅថ្ងៃណាដែលញែកគេចេញជាស្អាត ត្រូវតែនាំអ្នកនោះទៅឯសង្ឃ រួចត្រូវឲ្យសង្ឃចេញទៅខាងក្រៅទីដំឡើងត្រសាលពិនិត្យមើល បើឃើញថា មនុស្សឃ្លង់នោះបានជាពិត នោះត្រូវឲ្យសង្ឃបង្គាប់ ឲ្យយកសត្វហើរ២ ដែលរស់ ហើយស្អាត មកសំរាប់អ្នកនោះ ដែលត្រូវញែកជាស្អាត ព្រមទាំងឈើតាត្រៅ សំពត់ក្រហម នឹងមែកហ៊ីសុបផង រួចត្រូវបង្គាប់ឲ្យសំឡាប់សត្វហើរ១ នៅក្នុងផើងពីលើទឹកហូរ ឯសត្វដែលរស់នៅ នោះត្រូវឲ្យសង្ឃជ្រលក់ទៅក្នុងឈាមនៃសត្វដែលបានសំឡាប់ពីលើទឹកហូរនោះ ជាមួយនឹងឈើតាត្រៅ សំពត់ក្រហម ហើយនឹងមែកហ៊ីសុប ទៅប្រោះ៧ដងលើអ្នកដែលត្រូវញែកចេញជាស្អាតពីរោគឃ្លង់ រួចប្រកាសថាជាស្អាតហើយ ឯសត្វដែលរស់នៅ នោះត្រូវលែងនៅឯវាលទៅ រួចអ្នកដែលត្រូវបានញែកជាស្អាត ត្រូវបោកសំលៀកបំពាក់ខ្លួន ព្រមទាំងកោរសក់ ហើយងូតទឹកចេញ រួចនឹងបានស្អាត ហើយនឹងចូលទៅក្នុងទីដំឡើងត្រសាលបាន តែត្រូវនៅខាងក្រៅត្រសាលរបស់ខ្លួនអស់៧ថ្ងៃ ដល់ថ្ងៃទី៧ អ្នកនោះត្រូវកោរសក់ កោរពុកមាត់ នឹងចិញ្ចើម ហើយរោមខ្លួនទាំងអស់ចេញ ព្រមទាំងបោកសំលៀកបំពាក់ ហើយងូតទឹកផង នោះនឹងបានស្អាតហើយ។ លុះដល់ថ្ងៃទី៨ ត្រូវយកកូនចៀមឈ្មោល២ឥតខ្ចោះ នឹងចៀមញី១ឥតខ្ចោះអាយុ១ខួបមក ព្រមទាំងម្សៅយ៉ាងម៉ដ្ត៣ខ្ញឹងលាយនឹងប្រេង សំរាប់ជាដង្វាយម្សៅ ហើយនឹងប្រេង១កំប៉ុង រួចត្រូវឲ្យសង្ឃដែលញែកអ្នកនោះចេញជាស្អាត នាំអ្នកនោះមកដាក់ជាមួយនឹងដង្វាយនៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ ត្រូវឲ្យសង្ឃយកកូនចៀមឈ្មោល១ទៅថ្វាយជាដង្វាយដោយព្រោះការរំលង ព្រមទាំងប្រេង១កំប៉ុងផង រួចគ្រវីរបស់ទាំងនោះ ទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា ត្រូវសំឡាប់កូនចៀមឈ្មោលនៅកន្លែងដែលគេសំឡាប់ដង្វាយលោះបាប ហើយនឹងដង្វាយដុត គឺនៅក្នុងទីបរិសុទ្ធ ដ្បិតដង្វាយដែលថ្វាយ ដោយព្រោះការរំលង ជារបស់ផងសង្ឃ ដូចជាដង្វាយលោះបាបដែរ ដង្វាយនេះជារបស់បរិសុទ្ធបំផុត រួចត្រូវឲ្យសង្ឃយកឈាមដង្វាយដែលថ្វាយដោយព្រោះការរំលងនោះ ទៅលាបនៅទងត្រចៀកស្តាំរបស់អ្នក ដែលត្រូវញែកចេញជាស្អាត ព្រមទាំងនៅលើមេដៃស្តាំ នឹងមេជើងស្តាំផង ក៏ត្រូវយកប្រេងពីក្នុងកំប៉ុង ចាក់ទៅក្នុងបាតដៃឆ្វេងខ្លួន ហើយជ្រលក់ម្រាមដៃស្តាំ ទៅក្នុងប្រេងដែលនៅក្នុងបាតដៃ ប្រោះ៧ដងនៅចំពោះព្រះយេហូវ៉ា ឯប្រេងដែលសល់នៅបាតដៃ នោះត្រូវយកខ្លះទៅលាបនៅទងត្រចៀកស្តាំ នឹងមេដៃស្តាំ ហើយនឹងមេជើងស្តាំរបស់អ្នកដែលត្រូវញែកជាស្អាតនោះ ត្រង់កន្លែងដែលបានលាបឈាមនៃដង្វាយ ដែលថ្វាយដោយព្រោះការរំលងដែរ ហើយប្រេងដែលសល់នៅក្នុងបាតដៃរបស់សង្ឃ ត្រូវឲ្យចាក់លើក្បាលនៃអ្នកដែលញែកជាស្អាតទៅ រួចត្រូវថ្វាយឲ្យធួននឹងខ្លួនអ្នកនោះ នៅចំពោះព្រះយេហូវ៉ា ត្រូវឲ្យសង្ឃថ្វាយដង្វាយលោះបាប ឲ្យបានធួននឹងអ្នក ដែលត្រូវញែកចេញជាស្អាតនោះ ដោយព្រោះសេចក្ដីស្មោកគ្រោករបស់ខ្លួន រួចមកត្រូវសំឡាប់ដង្វាយដុតទៀត ក៏ត្រូវថ្វាយដង្វាយដុតនឹងដង្វាយម្សៅនៅលើអាសនាឲ្យបានធួននឹងអ្នកនោះដែរ នោះនឹងបានស្អាតហើយ។ បើអ្នកនោះខ្វះខាតមិនល្មមនឹងយករបស់ទាំងនោះបាន នោះត្រូវយកកូនចៀមឈ្មោល១មក ដោយព្រោះការរំលងសំរាប់នឹងគ្រវីថ្វាយ ដើម្បីឲ្យធួននឹងខ្លួន ព្រមទាំងម្សៅយ៉ាងម៉ដ្ត១ខ្ញឹង លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ នឹងប្រេង១កំប៉ុង ហើយលលក២ ឬព្រាបជំទើរ២ តាមកំឡាំងរបស់ខ្លួន គឺ១សំរាប់ជាដង្វាយលោះបាប ហើយ១សំរាប់ជាដង្វាយដុត នៅថ្ងៃទី៨ អ្នកនោះត្រូវយករបស់ទាំងនោះមកប្រគល់ដល់សង្ឃ ត្រង់មាត់ទ្វារត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា សំរាប់ការញែកខ្លួនចេញជាស្អាត ត្រូវឲ្យសង្ឃយកកូនចៀមដែលសំរាប់ថ្វាយដោយព្រោះការរំលង នឹងប្រេង១កំប៉ុង ទៅថ្វាយជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា រួចត្រូវសំឡាប់កូនចៀម ដែលសំរាប់ថ្វាយដោយព្រោះការរំលងនោះ ហើយត្រូវយកឈាមនៃដង្វាយ ទៅលាបនៅទងត្រចៀកស្តាំនៃអ្នកដែលត្រូវញែកចេញជាស្អាត ព្រមទាំងនៅមេដៃស្តាំ នឹងមេជើងស្តាំផង ក៏ត្រូវចាក់ប្រេងទៅក្នុងបាតដៃឆ្វេងរបស់ខ្លួន ហើយប្រោះប្រេងនោះដោយម្រាមដៃស្តាំអស់៧ដងនៅចំពោះព្រះយេហូវ៉ា រួចត្រូវយកប្រេងដែលនៅក្នុងបាតដៃទៅលាបនៅទងត្រចៀកស្តាំ នឹងមេដៃស្តាំ ហើយនឹងមេជើងស្តាំនៃអ្នកដែលត្រូវញែកចេញជាស្អាត ត្រង់កន្លែងដែលបានលាបឈាមនៃដង្វាយដែលថ្វាយដោយព្រោះការរំលងដែរ ឯប្រេងដែលនៅសល់ក្នុងបាតដៃ នោះត្រូវចាក់ទៅលើក្បាលនៃអ្នកដែលត្រូវញែកជាស្អាត ដើម្បីឲ្យធួននឹងខ្លួនអ្នកនោះនៅចំពោះព្រះយេហូវ៉ា រួចត្រូវឲ្យសង្ឃថ្វាយលលក១ ឬព្រាបជំទើរ១ តាមកំឡាំងដែលអ្នកនោះនាំយកមកបាន គឺ១សំរាប់ជាដង្វាយលោះបាប ហើយ១សំរាប់ជាដង្វាយដុតជាមួយនឹងដង្វាយម្សៅផង រួចត្រូវឲ្យសង្ឃថ្វាយ ឲ្យធួននឹងអ្នក ដែលត្រូវញែកជាស្អាតនោះ នៅចំពោះព្រះយេហូវ៉ា នេះហើយជាច្បាប់ខាងឯអ្នកដែលកើតរោគឃ្លង់ ដែលមិនអាចនឹងលូកឈោងដល់ដង្វាយ សំរាប់ការញែកខ្លួនចេញជាស្អាតបាន។