ពេលព្រះអម្ចាស់បង្គាប់អ្វីមួយ ការនោះត្រូវតែកើតឡើង ក្រៅពីព្រះអង្គ គ្មាននរណាធ្វើដូច្នេះបានទេ។ សុខ ឬទុក្ខសុទ្ធតែចេញមកពីព្រះឱស្ឋរបស់ ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ទោះបីមនុស្សម្នាក់ៗប្រព្រឹត្តអំពើបាបក្ដី ក៏ព្រះអង្គទុកឲ្យគេនៅរស់ដដែល ដូច្នេះ ហេតុអ្វីបានជានាំគ្នារអ៊ូរទាំ! តោងយើងពិនិត្យពិច័យ និងស្ទង់មើល កិរិយាមារយាទរបស់ខ្លួន ហើយបែរចិត្តគំនិតមករកព្រះអម្ចាស់វិញ។ ពេលយើងលើកដៃអធិស្ឋាន*រកព្រះជាម្ចាស់ ដែលគង់នៅស្ថានបរមសុខ* តោងយើងផ្ចង់ចិត្តទៅរកព្រះអង្គដែរ។ ព្រះអម្ចាស់អើយ យើងខ្ញុំបានប្រព្រឹត្តអំពើបាប ហើយបះបោរប្រឆាំងនឹងព្រះអង្គ ព្រះអង្គមិនអត់ទោសឲ្យយើងខ្ញុំទេ។ ព្រះអង្គតាមប្រហារជីវិតយើងខ្ញុំ ព្រះពិរោធបានបាំងព្រះអង្គមិនឲ្យ ត្រាប្រណីយើងខ្ញុំ។ ព្រះអង្គពួននៅក្នុងពពក* ដើម្បីកុំឲ្យពាក្យដែលយើងខ្ញុំទូលអង្វរ ឮទៅដល់ព្រះអង្គឡើយ។ ព្រះអង្គបានធ្វើឲ្យយើងខ្ញុំក្លាយទៅជា សំរាម ដែលគ្មាននរណារាប់រក ក្នុងចំណោមជាតិសាសន៍ទាំងឡាយ។ ខ្មាំងសត្រូវទាំងប៉ុន្មានរបស់យើងខ្ញុំ នាំគ្នាជេរប្រមាថយើងខ្ញុំ។ យើងខ្ញុំជួបប្រទះតែគ្រោះកាច ការភ័យខ្លាច និងការវិនាសអន្តរាយ។ ទឹកភ្នែកខ្ញុំហូរដូចទឹកស្ទឹង ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។ ទឹកភ្នែកខ្ញុំហូរឥតឈប់ឈរ និងឥតស្រាកស្រាន្ត រហូតទាល់តែព្រះអម្ចាស់ទតឃើញ ពីស្ថានបរមសុខ។ ចិត្តខ្ញុំសោកសៅអាណិតស្រីក្រមុំទាំងប៉ុន្មាន នៅក្នុងក្រុងរបស់ខ្ញុំ។ អស់អ្នកដែលតាំងខ្លួនជាសត្រូវរបស់ខ្ញុំ ដោយឥតហេតុផល ដេញតាមប្រហារខ្ញុំ ដូចតាមបាញ់សត្វស្លាប។ ពួកគេបោះខ្ញុំក្នុងអណ្ដូង រួចយកថ្មគ្របពីលើ ដើម្បីឲ្យខ្ញុំថប់ដង្ហើម។ ពេលនោះ ទឹកលិចក្បាលខ្ញុំ ខ្ញុំពោលថា ខ្ញុំស្លាប់ហើយ! ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះនាម របស់ព្រះអង្គពីបាតអណ្ដូងនោះមក។ ព្រះអង្គព្រះសណ្ដាប់ឮសំឡេងដែលទូលបង្គំ ស្រែកអង្វរថា: “សូមកុំបែរព្រះកាណ៌ចេញពីទូលបង្គំឡើយ សូមស្ដាប់សម្រែកអង្វររបស់ទូលបង្គំ សូមជួយទូលបង្គំផង!”។ នៅថ្ងៃដែលទូលបង្គំអង្វររកព្រះអង្គ ព្រះអង្គយាងចូលមកជិតទូលបង្គំ ព្រះអង្គមានព្រះបន្ទូលថា “កុំខ្លាចអ្វីឡើយ!”។ ព្រះអម្ចាស់អើយ ព្រះអង្គរកយុត្តិធម៌ឲ្យទូលបង្គំ ព្រះអង្គបានលោះជីវិតទូលបង្គំមកវិញ។ ព្រះអម្ចាស់អើយ ព្រះអង្គបានទតឃើញពួកគេ សង្កត់សង្កិនទូលបង្គំ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង! ព្រះអង្គបានទតឃើញការសងសឹករបស់ពួកគេ ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន ប្រឆាំងនឹងទូលបង្គំ។ ព្រះអម្ចាស់អើយ ព្រះអង្គបានឮពាក្យដែលពួកគេជេរប្រមាថ ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន ប្រឆាំងនឹងទូលបង្គំ។ ព្រះអង្គបានឮពួកគេនិយាយ ហើយក៏ឮពួកគេគិតគូរគម្រោងការ ប្រឆាំងនឹងទូលបង្គំដែរ។ សូមទតមើលចុះ ទោះបីពួកគេអង្គុយ ឬឈរក្ដី ពួកគេនាំគ្នាច្រៀងឡកឡឺយដាក់ទូលបង្គំ។ ឱព្រះអម្ចាស់អើយ សូមតបស្នងទៅពួកគេវិញ ស្របតាមអំពើដែលពួកគេប្រព្រឹត្ត។ សូមធ្វើឲ្យពួកគេមានចិត្តរឹងរូស ហើយដាក់បណ្ដាសាពួកគេទៅ។ ព្រះអង្គដេញតាមពួកគេ ទាំងព្រះពិរោធ ហើយប្រល័យជីវិតពួកគេឲ្យបាត់សូន្យ ពីផែនដីនេះ។
អាន បរិទេវ 3
ស្ដាប់នូវ បរិទេវ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បរិទេវ 3:37-66
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ