បរិទេវ 3:37-66

បរិទេវ 3:37-66 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បើ​ព្រះ‌អម្ចាស់​មិន​បាន​បង្គាប់​គេ តើ​អ្នក​ណា​នឹង​អាច​ថ្លែងទំនាយ​ទំនាយ ហើយ​ការ​នោះ​កើត​ឡើង​បាន​ជា​ពិត? ឯ​ការ​អាក្រក់​នឹង​ការ​ល្អ តើ​មិន​មែន​ចេញ​ពី​ព្រះ‌ឧស្ឋ របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​មក​ទេ​ឬ? ដូច្នេះ ហេតុ​អ្វី​បាន​ជា​មនុស្ស​រស់​ត្រូវ​ត្អូញ‌ត្អែរ គឺ​មនុស្ស​ណា​ដែល​រង​ទោស ដោយ​ព្រោះ​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ដូច្នេះ។ ចូរ​យើង​ពិចា‌រណា ហើយ​ល្បង​ល​ផ្លូវ​ដែល​យើង​ប្រព្រឹត្ត រួច​ត្រឡប់​បែរ​ទៅ​ឯ​ព្រះ‌យេហូវ៉ា​វិញ​ចុះ។ ចូរ​ឲ្យ​យើង​តម្រង់​ចិត្ត​ឡើង ទៅឯ​ព្រះ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ជា‌មួយ​ដៃ​យើង​ផង។ យើង​ខ្ញុំ​បាន​រំលង ព្រម​ទាំង​បះ‌បោរ​ហើយ ព្រះ‌អង្គ​មិន​បាន​អត់​ទោស​ឲ្យ​ទេ។ ព្រះ‌អង្គ​បាន​ឃ្លុំ​អង្គ ដោយ​សេចក្ដី​ក្រោធ ហើយ​ដេញ​តាម​យើង​ខ្ញុំ ព្រះ‌អង្គ​បាន​ប្រហារ​ជីវិត ឥត​ប្រណី​សោះ ព្រះ‌អង្គ​បាំង​អង្គ​ដោយ​ពពក ដើម្បី​មិន​ឲ្យ​សេចក្ដី​អធិស្ឋាន​ណា ចូល​ទៅ​ដល់​បាន​ឡើយ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​កាក ហើយ​ជា​សំរាម នៅ​កណ្ដាល​អស់​ទាំង​សាសន៍។ ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ បាន​ហា​មាត់​ធំ​ដាក់​យើង​ខ្ញុំ ចំណែក​របស់​យើង​ខ្ញុំ គឺ​ជា​សេចក្ដី​ភ័យ​ខ្លាច និង​រណ្តៅ ព្រម​ទាំង​សេចក្ដី​បំផ្លាញ និង​សេចក្ដី​វិនាស​ផង។ ភ្នែក​ខ្ញុំ​ហូរ​ចេញ​ជា​ផ្លូវ​ទឹក ដោយ​ព្រោះ​ការ​បំផ្លាញ​កូន​ស្រី​របស់​សាសន៍​ខ្ញុំ។ ភ្នែក​ខ្ញុំ​នឹង​ហូរ​សស្រាក់​ឥត​ឈប់​ឈរ ឥត​ស្រាក​ឡើយ ទាល់​តែ​ព្រះ‌យេហូវ៉ា​ឈ្ងោក​មើល ហើយ​ពិចា‌រណា​ពី​ស្ថាន‌សួគ៌​មក។ ភ្នែក​ខ្ញុំ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​កើត​ទុក្ខ ដោយ​ព្រោះ​ពួក​កូន​ស្រី​នៃ​ក្រុង​របស់​ខ្ញុំ។ ពួក​អ្នក​ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ខ្ញុំ ដោយ​ឥត​ហេតុ​គេ​បាន​ដេញ​តាម​ខ្ញុំ ដូច​ជា​ដេញ​តាម​សត្វ​ស្លាប គេ​បាន​កាត់​ជីវិត​ខ្ញុំ​ចេញ ដោយ​ដាក់​គុក​ងងឹត ហើយ​បាន​ទាំង​ដាក់​ថ្ម​សន្ធប់​ពី​លើ​ខ្ញុំ​ផង មាន​ទឹក​ហូរ​មក​លិច​ក្បាល​ខ្ញុំ នោះ​ខ្ញុំ​បាន​ថា «ខ្ញុំ​ស្លាប់​ហើយ»។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ពី​ក្នុង​ទី​ជម្រៅ​នៃ​គុក​ងងឹត ព្រះ‌អង្គ​ក៏​ឮ​សំឡេង​របស់​ទូល‌បង្គំ «សូម​កុំ​គេច​ព្រះ‌កាណ៌​ព្រះ‌អង្គ​ចេញ​ពី​ការថ្ងូរ និង​សម្រែក​របស់​ទូល‌បង្គំ​ឡើយ» នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​បាន​យាង​មក​ជិត ហើយ​មាន​ព្រះ‌បន្ទូល​ថា «កុំ​ឲ្យ​ខ្លាច​ឡើយ» ឲ្យ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​កាន់​ក្តី​នៃ​ព្រលឹង​ទូល‌បង្គំ​ហើយ ព្រះ‌អង្គ​បាន​លោះ​ជីវិត​របស់​ទូល‌បង្គំ​ផង។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ឃើញ​កំហុស ដែល​គេ​បាន​ធ្វើ​ដល់​ទូល‌បង្គំ សូម​ព្រះ‌អង្គ​ជំនុំ​ជម្រះ​ក្តី​របស់​ទូល‌បង្គំ​ចុះ។ ព្រះ‌អង្គ​បាន​ឃើញ​ការ​សង‌សឹក​ទាំង​ប៉ុន្មាន​របស់​គេ និង​អស់​ទាំង​កិច្ច‌កល​ដែល​គេ​ធ្វើ​ដល់​ទូល‌បង្គំ​ដែរ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ឮ​ពាក្យ​ប្រមាថ​របស់​គេ និង​អស់​ទាំង​កិច្ច‌កល ដែល​គេ​គិត​ធ្វើ​ដល់​ទូល‌បង្គំ​ហើយ។ ក៏​ឮ​ពាក្យ​សម្ដី​របស់​ពួក​អ្នក​លើក​គ្នា ទាស់​នឹង​ទូល‌បង្គំ ហើយ​ជ្រាប​ការ​ដែល​គេ​គិត ទាស់​នឹង​ទូល‌បង្គំ​ជា‌និច្ច​ដែរ។ សូម​ព្រះ‌អង្គ​ទត​ក្នុង​កាល​ដែល​គេ​អង្គុយ​ចុះ ហើយ​ក្រោក​ឡើង​ផង ទូល‌បង្គំ​ជា​បទ​ចម្រៀង​របស់​គេ​ហើយ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​នឹង​សង​គេ​តាម​ការ​ដែល​ដៃ​គេ​បាន​ធ្វើ ព្រះ‌អង្គ​នឹង​បណ្ដាល​ឲ្យ​ចិត្ត​គេ​រឹង‌រូស គឺ​ជា​បណ្ដាសា​ដល់​គេ ព្រះ‌អង្គ​នឹង​ដេញ​តាម​គេ​ដោយ​សេចក្ដី​ក្រោធ ហើយ​បំផ្លាញ​គេ​ឲ្យ​សូន្យ ចេញ​ពី​ក្រោម​ស្ថាន​របស់​ព្រះ‌យេហូវ៉ា​ទៅ។

ចែក​រំលែក
អាន បរិទេវ 3

បរិទេវ 3:37-66 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ព្រះ‌អម្ចាស់​បង្គាប់​អ្វី​មួយ ការ​នោះ​ត្រូវ​តែ​កើត​ឡើង ក្រៅ​ពី​ព្រះអង្គ គ្មាន​នរណា​ធ្វើ​ដូច្នេះ​បាន​ទេ។ សុខ ឬ​ទុក្ខ​សុទ្ធ​តែ​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ទោះ​បី​មនុស្ស​ម្នាក់ៗ​ប្រព្រឹត្ត​អំពើ​បាប​ក្ដី ក៏​ព្រះអង្គ​ទុក​ឲ្យ​គេ​នៅ​រស់​ដដែល ដូច្នេះ ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​រអ៊ូ‌រទាំ! តោង​យើង​ពិនិត្យ‌ពិច័យ និង​ស្ទង់​មើល កិរិយា‌មារយាទ​របស់​ខ្លួន ហើយ​បែរ​ចិត្ត​គំនិត​មក​រក​ព្រះ‌អម្ចាស់​វិញ។ ពេល​យើង​លើក​ដៃ​អធិស្ឋាន*​រក​ព្រះ‌ជាម្ចាស់ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* តោង​យើង​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះអង្គ​ដែរ។ ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ព្រះអង្គ​មិន​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ទេ។ ព្រះអង្គ​តាម​ប្រហារ​ជីវិត​យើង​ខ្ញុំ ព្រះ‌ពិរោធ​បាន​បាំង​ព្រះអង្គ​មិន​ឲ្យ ត្រា​ប្រណី​យើង​ខ្ញុំ។ ព្រះអង្គ​ពួន​នៅ​ក្នុង​ពពក* ដើម្បី​កុំ​ឲ្យ​ពាក្យ​ដែល​យើង​ខ្ញុំ​ទូល‌អង្វរ ឮ​ទៅ​ដល់​ព្រះអង្គ​ឡើយ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ក្លាយ​ទៅ​ជា សំរាម ដែល​គ្មាន​នរណា​រាប់​រក ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។ ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ នាំ​គ្នា​ជេរ​ប្រមាថ​យើង​ខ្ញុំ។ យើង​ខ្ញុំ​ជួប​ប្រទះ​តែ​គ្រោះ​កាច ការ​ភ័យ​ខ្លាច និង​ការ​វិនាស​អន្តរាយ។ ទឹក​ភ្នែក​ខ្ញុំ​ហូរ​ដូច​ទឹក​ស្ទឹង ព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។ ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ឈប់​ឈរ និង​ឥត​ស្រាក‌ស្រាន្ត រហូត​ទាល់​តែ​ព្រះ‌អម្ចាស់​ទត​ឃើញ ពី​ស្ថាន​បរម‌សុខ។ ចិត្ត​ខ្ញុំ​សោក‌សៅ​អាណិត​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ក្រុង​របស់​ខ្ញុំ។ អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​សត្រូវ​របស់​ខ្ញុំ ដោយ​ឥត​ហេតុ​ផល ដេញ​តាម​ប្រហារ​ខ្ញុំ ដូច​តាម​បាញ់​សត្វ​ស្លាប។ ពួក​គេ​បោះ​ខ្ញុំ​ក្នុង​អណ្ដូង រួច​យក​ថ្ម​គ្រប​ពី​លើ ដើម្បី​ឲ្យ​ខ្ញុំ​ថប់​ដង្ហើម។ ពេល​នោះ ទឹក​លិច​ក្បាល​ខ្ញុំ ខ្ញុំ​ពោល​ថា ខ្ញុំ​ស្លាប់​ហើយ! ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះ‌នាម របស់​ព្រះអង្គ​ពី​បាត​អណ្ដូង​នោះ​មក។ ព្រះអង្គ​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ដែល​ទូលបង្គំ ស្រែក​អង្វរ​ថា: “សូម​កុំ​បែរ​ព្រះ‌កាណ៌​ចេញ​ពី​ទូលបង្គំ​ឡើយ សូម​ស្ដាប់​សម្រែក​អង្វរ​របស់​ទូលបង្គំ សូម​ជួយ​ទូលបង្គំ​ផង!”។ នៅ​ថ្ងៃ​ដែល​ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ព្រះអង្គ​យាង​ចូល​មក​ជិត​ទូលបង្គំ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “កុំ​ខ្លាច​អ្វី​ឡើយ!”។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ព្រះអង្គ​បាន​លោះ​ជីវិត​ទូលបង្គំ​មក​វិញ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​ទត​ឃើញ​ពួក​គេ សង្កត់‌សង្កិន​ទូលបង្គំ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង! ព្រះអង្គ​បាន​ទត​ឃើញ​ការ​សង‌សឹក​របស់​ពួក​គេ ព្រម​ទាំង​ការ​ឃុប‌ឃិត​ទាំង​ប៉ុន្មាន ប្រឆាំង​នឹង​ទូលបង្គំ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​ឮ​ពាក្យ​ដែល​ពួក​គេ​ជេរ​ប្រមាថ ព្រម​ទាំង​ការ​ឃុប​ឃិត​ទាំង​ប៉ុន្មាន ប្រឆាំង​នឹង​ទូលបង្គំ។ ព្រះអង្គ​បាន​ឮ​ពួក​គេ​និយាយ ហើយ​ក៏​ឮ​ពួក​គេ​គិត‌គូរ​គម្រោង‌ការ ប្រឆាំង​នឹង​ទូលបង្គំ​ដែរ។ សូម​ទត​មើល​ចុះ ទោះ​បី​ពួក​គេ​អង្គុយ ឬ​ឈរ​ក្ដី ពួក​គេ​នាំ​គ្នា​ច្រៀង​ឡក‌ឡឺយ​ដាក់​ទូលបង្គំ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​តប​ស្នង​ទៅ​ពួក​គេ​វិញ ស្រប​តាម​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត។ សូម​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​រឹង‌រូស ហើយ​ដាក់​បណ្ដាសា​ពួក​គេ​ទៅ។ ព្រះអង្គ​ដេញ​តាម​ពួក​គេ ទាំង​ព្រះ‌ពិរោធ ហើយ​ប្រល័យ​ជីវិត​ពួក​គេ​ឲ្យ​បាត់​សូន្យ ពី​ផែនដី​នេះ។

ចែក​រំលែក
អាន បរិទេវ 3

បរិទេវ 3:37-66 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​ព្រះ‌អម្ចាស់ ទ្រង់​មិន​បាន​បង្គាប់​គេ នោះ​តើ​មាន​អ្នក​ណា​នឹង​អាច​ទាយ​ទំនាយ ហើយ​ការ​នោះ​កើត​ឡើង​បាន​ជា​ពិត ឯ​ការ​អាក្រក់នឹង​ការ​ល្អ នោះ​តើ​មិន​មែន​ចេញ​ពី​ព្រះ‌ឱស្ឋ របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​មក​ទេ​ឬ​អី ដូច្នេះ ហេតុ​អ្វី​បាន​ជា​មនុស្ស​រស់​ត្រូវ​ត្អូញ‌ត្អែរ គឺ​មនុស្ស​ណា​ដែល​រង​ទោស ដោយ​ព្រោះ​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ដូច្នេះ។ ចូរ​យើង​ពិចារណា ហើយ​ល្បង​ល​ផ្លូវ​ដែល​យើង​ប្រព្រឹត្ត រួច​ត្រឡប់​បែរ​ទៅ​ឯ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ចូរ​ឲ្យ​យើង​ដំរង់​ចិត្ត​ឡើង​ទៅ​ឯ​ព្រះ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ជា​មួយ​នឹង​ដៃ​យើង​ផង យើង​ខ្ញុំ​បាន​រំលង ព្រម​ទាំង​បះ‌បោរ​ហើយ ទ្រង់​មិន​បាន​អត់​ទោស​ឲ្យ​ទេ ទ្រង់​បាន​គ្រលុំ​អង្គ ដោយ​សេចក្ដី​ខ្ញាល់ ហើយ​ដេញ​តាម​យើង​ខ្ញុំ ទ្រង់​បាន​ប្រហារ​ជីវិត ឥត​ប្រណី​សោះ ទ្រង់​បាំង​អង្គ​ដោយ​ពពក ដើម្បី​មិន​ឲ្យ​សេចក្ដី​អធិស្ឋាន​ណា​ចូល​ទៅ​ដល់​បាន​ឡើយ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​កាក ហើយ​ជា​សំរាម នៅ​កណ្តាល​អស់​ទាំង​សាសន៍ ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ បាន​ហា​មាត់​ធំ​ដាក់​យើង​ខ្ញុំ ចំណែក​របស់​យើង​ខ្ញុំ គឺ​ជា​សេចក្ដី​ភ័យ​ខ្លាច ហើយ​នឹង​រណ្តៅ ព្រម​ទាំង​សេចក្ដី​បំផ្លាញ នឹង​សេចក្ដី​វិនាស​ផង ភ្នែក​ខ្ញុំ​ហូរ​ចេញ​ជា​ផ្លូវ​ទឹក ដោយ​ព្រោះ​ការ​បំផ្លាញ​កូន​ស្រី​របស់​សាសន៍​ខ្ញុំ ភ្នែក​ខ្ញុំ​នឹង​ហូរ​សស្រាក់​ឥត​ឈប់​ឈរ ឥត​ស្រាក​ឡើយ ទាល់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ឈ្ងោក​មើល ហើយ​ពិចារណា​ពី​ស្ថាន‌សួគ៌​មក ភ្នែក​ខ្ញុំ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​កើត​ទុក្ខ ដោយ​ព្រោះ​ពួក​កូន​ស្រី​នៃ​ក្រុង​របស់​ខ្ញុំ ពួក​អ្នក​ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ខ្ញុំ ដោយ​ឥត​ហេតុ​គេ​បាន​ដេញ​តាម​ខ្ញុំ ដូច​ជា​ដេញ​តាម​សត្វ​ស្លាប គេ​បាន​កាត់​ជីវិត​ខ្ញុំ​ចេញ ដោយ​ដាក់​គុក​ងងឹត ហើយ​បាន​ទាំង​ដាក់​ថ្ម​សន្ធប់​ពី​លើ​ខ្ញុំ​ផង មាន​ទឹក​ហូរ​មក​លិច​ក្បាល​ខ្ញុំ នោះ​ខ្ញុំ​បាន​ថា ខ្ញុំ​ស្លាប់​ហើយ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ពី​ក្នុង​ទី​ជំរៅ​នៃ​គុក​ងងឹត ទ្រង់​ក៏​ឮ​សំឡេង​របស់​ទូលបង្គំ សូម​កុំ​គេច​ព្រះ‌កាណ៌​ទ្រង់​ចេញ​ពី​ដំងូរ នឹង​សំរែក​របស់​ទូលបង្គំ​ឡើយ នៅ​ថ្ងៃ​ដែល​ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ នោះ​ទ្រង់​បាន​យាង​មក​ជិត ហើយ​មាន​បន្ទូល​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ឲ្យ​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​កាន់​ក្តី​នៃ​ព្រលឹង​ទូលបង្គំ​ហើយ ទ្រង់​បាន​លោះ​ជីវិត​របស់​ទូលបង្គំ​ផង ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឃើញ​ការ​កំហុស​ដែល​គេ​បាន​ធ្វើ​ដល់​ទូលបង្គំ សូម​ទ្រង់​ជំនុំ​ជំរះ​ក្តី​របស់​ទូលបង្គំ​ចុះ ទ្រង់​បាន​ឃើញ​ការ​សង‌សឹក​ទាំង​ប៉ុន្មាន​របស់​គេ នឹង​អស់​ទាំង​កិច្ច‌កល​ដែល​គេ​ធ្វើ​ដល់​ទូលបង្គំ​ដែរ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឮ​ពាក្យ​ប្រមាថ​របស់​គេ នឹង​អស់​ទាំង​កិច្ច‌កល​ដែល​គេ​គិត​ធ្វើ​ដល់​ទូលបង្គំ​ហើយ ក៏​ឮ​ពាក្យ​សំដី​របស់​ពួក​អ្នក​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ ហើយ​ជ្រាប​ការ​ដែល​គេ​គិត​ប្រទូស្ត​នឹង​ទូលបង្គំ​ជានិច្ច​ដែរ សូម​ទ្រង់​ទត​ក្នុង​កាល​ដែល​គេ​អង្គុយ​ចុះ ហើយ​ក្រោក​ឡើង​ផង ទូលបង្គំ​ជា​បទ​ចំរៀង​របស់​គេ​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​សង​គេ​តាម​ការ​ដែល​ដៃ​គេ​បាន​ធ្វើ ទ្រង់​នឹង​បណ្តាល​ឲ្យ​ចិត្ត​គេ​រឹង‌រូស គឺ​ជា​សេចក្ដី​បណ្តាសា​ដល់​គេ ទ្រង់​នឹង​ដេញ​តាម​គេ​ដោយ​សេចក្ដី​ខ្ញាល់ ហើយ​បំផ្លាញ​គេ​ឲ្យ​សូន្យ​ចេញ​ពី​ក្រោម​ស្ថាន​របស់​ព្រះ‌យេហូវ៉ា​ទៅ។

ចែក​រំលែក
អាន បរិទេវ 3