បរិទេវ 3:1-66

បរិទេវ 3:1-66 គខប

ខ្ញុំ​ជា​មនុស្ស​ម្នាក់​បាន​ឃើញ​ទុក្ខ​វេទនា នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់ ទ្រង់​ព្រះ‌ពិរោធ។ ព្រះអង្គ​បណ្ដើរ​ខ្ញុំ ហើយ​នាំ​ខ្ញុំ​ទៅ​នៅ​ក្នុង​ទី​ងងឹត គឺ​មិន​មែន​ក្នុង​ពន្លឺ​ឡើយ។ ជា​រៀង​រាល់​ថ្ងៃ ព្រះអង្គ​លើក​ព្រះ‌ហស្ដ វាយ​ខ្ញុំ ហើយ​វាយ​ទៀត។ ព្រះអង្គ​វាយ​ខ្ញុំ​ដាច់​សាច់​ដាច់​ស្បែក ព្រះអង្គ​វាយ​បំបាក់​ឆ្អឹង​របស់​ខ្ញុំ។ ព្រះអង្គ​យក​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា មក​រុំ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ។ ព្រះអង្គ​ទុក​ឲ្យ​ខ្ញុំ​រស់​នៅ​ក្នុង​ទី​ងងឹត ដូច​អស់​អ្នក​ដែល​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។ ព្រះអង្គ​ចង​ខ្ញុំ​ជាប់​នឹង​ជញ្ជាំង ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ចេញ​រួច ព្រះអង្គ​យក​ច្រវាក់​ដ៏​ធ្ងន់​មក​ចង​ខ្ញុំ។ ខ្ញុំ​ខំ​ប្រឹង​ស្រែក​អង្វរ​ឲ្យ​គេ​ជួយ តែ​ព្រះអង្គ​ឃាត់​ឃាំង​គេ មិន​ឲ្យ​ឮ​ពាក្យ​អង្វរ​របស់​ខ្ញុំ​ទេ។ ព្រះអង្គ​ដាក់​ផ្ទាំង​ថ្ម​រាំង​ផ្លូវ​ខ្ញុំ ព្រះអង្គ​បាន​ពង្វាង​ផ្លូវ​ខ្ញុំ។ ព្រះអង្គ​ប្រៀប​ដូច​ជា​ខ្លា‌ឃ្មុំ​ចាំ​ស្ទាក់​ផ្លូវ​ខ្ញុំ និង​ដូច​សិង្ហ​ដែល​ពួន​ចាំ​ប្រហារ​ខ្ញុំ។ ព្រះអង្គ​ដេញ​ខ្ញុំ​ចេញ​ពី​ផ្លូវ ព្រះអង្គ​ហែក​សាច់​ខ្ញុំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​អន្តរាយ។ ព្រះអង្គ​យឹត​ធ្នូ ហើយ​បាញ់​ព្រួញ​តម្រង់​មក​ខ្ញុំ។ ព្រះអង្គ​យក​ព្រួញ​ទាំង​អស់ ពី​បំពង់​របស់​ព្រះអង្គ បាញ់​ទម្លុះ​រូប​កាយ​ខ្ញុំ។ ប្រជា‌ជន​របស់​ខ្ញុំ​ទាំង​មូល​សើច​ចំអក​ឲ្យ​ខ្ញុំ រៀង​រាល់​ថ្ងៃ ពួក​គេ​ច្រៀង​ឡក‌ឡឺយ​ដាក់​ខ្ញុំ។ ព្រះអង្គ​ឲ្យ​ខ្ញុំ​បរិភោគ​បន្លែ​ដ៏​ជូរ​ចត់ ព្រះអង្គ​ឲ្យ​ខ្ញុំ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។ ព្រះអង្គ​ឲ្យ​ខ្ញុំ​ខាំ​ថ្ម​បាក់​ធ្មេញ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ដួល​ផ្កាប់​មុខ​នៅ​ក្នុង​ផេះ។ ព្រះអង្គ​ធ្វើ​ឲ្យ​សេចក្ដី​សុខ​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ខ្ញុំ​លែង​ដឹង​ថា​អ្វី​ទៅ​ជា​សុភមង្គល។ ខ្ញុំ​ក៏​ពោល​ថា “ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ហើយ សូម្បី​តែ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​លើ​ព្រះ‌អម្ចាស់ ក៏​លែង​មាន​ទៀត​ដែរ”។ ពេល​ខ្ញុំ​នឹក​ដល់​ទុក្ខ​លំបាក និង​ភាព​តែល‌តោល ដែល​ខ្ញុំ​ជួប​ប្រទះ នោះ​ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា​ក្រៃ‌លែង។ ទោះ​បី​ខ្ញុំ​ខំ​បំភ្លេច​ទុក្ខ​លំបាក​នេះ​ក្ដី ក៏​ខ្ញុំ​នៅ​តែ​នឹក​ឃើញ​ជានិច្ច។ តែ​ឥឡូវ​នេះ ខ្ញុំ​ចង់​គិត​ដល់​អ្វីៗ ដែល​នាំ​ខ្ញុំ​ឲ្យ​មាន​សង្ឃឹម​ឡើង​វិញ គឺ​ខ្ញុំ​នឹក​ដល់​ព្រះ‌ហឫទ័យ​សប្បុរស របស់​ព្រះ‌អម្ចាស់ ដែល​មិន​ចេះ​រលត់។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ ចំពោះ​ខ្ញុំ ឥត​ទី​បញ្ចប់។ ព្រះអង្គ​តែង​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​នេះ សា​ជា​ថ្មី​រៀង​រាល់​ព្រឹក ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​របស់​ព្រះអង្គ មាន​ទំហំ​ធំ​ពន់​ពេក​ក្រៃ។ ខ្ញុំ​ពោល​ថា ខ្ញុំ​គ្មាន​កេរ‌មត៌ក​អ្វី ក្រៅ​ពី​ព្រះ‌អម្ចាស់​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះអង្គ និង​ចំពោះ​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ។ ការ​តាំង​ចិត្ត​ស្ងប់​ស្ងៀម រង់‌ចាំ​ព្រះ‌អម្ចាស់​យាង​មក​សង្គ្រោះ នោះ​ពិត​ជា​ការ​ល្អ​ប្រពៃ​មែន។ ជា​ការ​ប្រពៃ​ណាស់​ដែល​មនុស្ស ទទួល​ការ​លត់‌ដំ​តាំង​ពី​ក្មេង​ទៅ។ ពេល​ណា​ព្រះអង្គ​ធ្វើ​ទោស យើង​ត្រូវ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ដាច់​ឡែក​តែ​ឯង ហើយ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ធ្វើ​ដូច្នេះ ប្រហែល​ជា​មាន​សេចក្ដី​សង្ឃឹម។ ត្រូវ​បែរ​ថ្ពាល់​ឲ្យ​គេ​ទះ និង​ទ្រាំ​ឲ្យ​គេ​ជេរ​ប្រមាថ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ​បង់​ចោល​យើង រហូត​ឡើយ។ ទោះ​បី​ព្រះអង្គ​ដាក់​ទោស​ក្ដី ព្រះអង្គ​នៅ​តែ​អាណិត​មេត្តា​ដដែល ដ្បិត​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ ធំ​ពន់​ពេក​ក្រៃ។ ព្រះអង្គ​មិន​សប្បាយ​ព្រះ‌ហឫទ័យ​នឹង ដាក់​ទោស ឬ​ធ្វើ​ទណ្ឌ‌កម្ម​មនុស្ស‌ម្នា​ទេ។ ពេល​គេ​ជិះ‌ជាន់​ធ្វើ​បាប​អស់​អ្នក​ដែល ជាប់​ជា​ឈ្លើយ​ក្នុង​ស្រុក​ណា​មួយ ពេល​គេ​រំលោភ​លើ​សិទ្ធិ​មនុស្ស នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ពេល​គេ​កាត់​ក្ដី​មនុស្ស​ដោយ​អយុត្តិធម៌ ព្រះ‌អម្ចាស់​ទត​ឃើញ​ទាំង​អស់! ពេល​ព្រះ‌អម្ចាស់​បង្គាប់​អ្វី​មួយ ការ​នោះ​ត្រូវ​តែ​កើត​ឡើង ក្រៅ​ពី​ព្រះអង្គ គ្មាន​នរណា​ធ្វើ​ដូច្នេះ​បាន​ទេ។ សុខ ឬ​ទុក្ខ​សុទ្ធ​តែ​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ទោះ​បី​មនុស្ស​ម្នាក់ៗ​ប្រព្រឹត្ត​អំពើ​បាប​ក្ដី ក៏​ព្រះអង្គ​ទុក​ឲ្យ​គេ​នៅ​រស់​ដដែល ដូច្នេះ ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​រអ៊ូ‌រទាំ! តោង​យើង​ពិនិត្យ‌ពិច័យ និង​ស្ទង់​មើល កិរិយា‌មារយាទ​របស់​ខ្លួន ហើយ​បែរ​ចិត្ត​គំនិត​មក​រក​ព្រះ‌អម្ចាស់​វិញ។ ពេល​យើង​លើក​ដៃ​អធិស្ឋាន*​រក​ព្រះ‌ជាម្ចាស់ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* តោង​យើង​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះអង្គ​ដែរ។ ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ព្រះអង្គ​មិន​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ទេ។ ព្រះអង្គ​តាម​ប្រហារ​ជីវិត​យើង​ខ្ញុំ ព្រះ‌ពិរោធ​បាន​បាំង​ព្រះអង្គ​មិន​ឲ្យ ត្រា​ប្រណី​យើង​ខ្ញុំ។ ព្រះអង្គ​ពួន​នៅ​ក្នុង​ពពក* ដើម្បី​កុំ​ឲ្យ​ពាក្យ​ដែល​យើង​ខ្ញុំ​ទូល‌អង្វរ ឮ​ទៅ​ដល់​ព្រះអង្គ​ឡើយ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ក្លាយ​ទៅ​ជា សំរាម ដែល​គ្មាន​នរណា​រាប់​រក ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។ ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ នាំ​គ្នា​ជេរ​ប្រមាថ​យើង​ខ្ញុំ។ យើង​ខ្ញុំ​ជួប​ប្រទះ​តែ​គ្រោះ​កាច ការ​ភ័យ​ខ្លាច និង​ការ​វិនាស​អន្តរាយ។ ទឹក​ភ្នែក​ខ្ញុំ​ហូរ​ដូច​ទឹក​ស្ទឹង ព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។ ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ឈប់​ឈរ និង​ឥត​ស្រាក‌ស្រាន្ត រហូត​ទាល់​តែ​ព្រះ‌អម្ចាស់​ទត​ឃើញ ពី​ស្ថាន​បរម‌សុខ។ ចិត្ត​ខ្ញុំ​សោក‌សៅ​អាណិត​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ក្រុង​របស់​ខ្ញុំ។ អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​សត្រូវ​របស់​ខ្ញុំ ដោយ​ឥត​ហេតុ​ផល ដេញ​តាម​ប្រហារ​ខ្ញុំ ដូច​តាម​បាញ់​សត្វ​ស្លាប។ ពួក​គេ​បោះ​ខ្ញុំ​ក្នុង​អណ្ដូង រួច​យក​ថ្ម​គ្រប​ពី​លើ ដើម្បី​ឲ្យ​ខ្ញុំ​ថប់​ដង្ហើម។ ពេល​នោះ ទឹក​លិច​ក្បាល​ខ្ញុំ ខ្ញុំ​ពោល​ថា ខ្ញុំ​ស្លាប់​ហើយ! ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះ‌នាម របស់​ព្រះអង្គ​ពី​បាត​អណ្ដូង​នោះ​មក។ ព្រះអង្គ​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ដែល​ទូលបង្គំ ស្រែក​អង្វរ​ថា: “សូម​កុំ​បែរ​ព្រះ‌កាណ៌​ចេញ​ពី​ទូលបង្គំ​ឡើយ សូម​ស្ដាប់​សម្រែក​អង្វរ​របស់​ទូលបង្គំ សូម​ជួយ​ទូលបង្គំ​ផង!”។ នៅ​ថ្ងៃ​ដែល​ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ព្រះអង្គ​យាង​ចូល​មក​ជិត​ទូលបង្គំ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “កុំ​ខ្លាច​អ្វី​ឡើយ!”។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ព្រះអង្គ​បាន​លោះ​ជីវិត​ទូលបង្គំ​មក​វិញ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​ទត​ឃើញ​ពួក​គេ សង្កត់‌សង្កិន​ទូលបង្គំ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង! ព្រះអង្គ​បាន​ទត​ឃើញ​ការ​សង‌សឹក​របស់​ពួក​គេ ព្រម​ទាំង​ការ​ឃុប‌ឃិត​ទាំង​ប៉ុន្មាន ប្រឆាំង​នឹង​ទូលបង្គំ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​ឮ​ពាក្យ​ដែល​ពួក​គេ​ជេរ​ប្រមាថ ព្រម​ទាំង​ការ​ឃុប​ឃិត​ទាំង​ប៉ុន្មាន ប្រឆាំង​នឹង​ទូលបង្គំ។ ព្រះអង្គ​បាន​ឮ​ពួក​គេ​និយាយ ហើយ​ក៏​ឮ​ពួក​គេ​គិត‌គូរ​គម្រោង‌ការ ប្រឆាំង​នឹង​ទូលបង្គំ​ដែរ។ សូម​ទត​មើល​ចុះ ទោះ​បី​ពួក​គេ​អង្គុយ ឬ​ឈរ​ក្ដី ពួក​គេ​នាំ​គ្នា​ច្រៀង​ឡក‌ឡឺយ​ដាក់​ទូលបង្គំ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​តប​ស្នង​ទៅ​ពួក​គេ​វិញ ស្រប​តាម​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត។ សូម​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​រឹង‌រូស ហើយ​ដាក់​បណ្ដាសា​ពួក​គេ​ទៅ។ ព្រះអង្គ​ដេញ​តាម​ពួក​គេ ទាំង​ព្រះ‌ពិរោធ ហើយ​ប្រល័យ​ជីវិត​ពួក​គេ​ឲ្យ​បាត់​សូន្យ ពី​ផែនដី​នេះ។