បរិទេវ 3:1-66

បរិទេវ 3:1-66 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ជា​មនុស្ស​ដែល​បាន​ឃើញ​សេចក្ដី​វេទនា ដោយ​ដំបង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ងងឹត មិន​មែន​ក្នុង​ពន្លឺ​ទេ ពិត​ប្រាកដ​ជា​ព្រះ‌អង្គ​បាន​បែរ​ព្រះ‌ហស្ត មក​ទាស់​នឹង​ខ្ញុំផ្ទួនៗ​រាល់​ថ្ងៃ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​សាច់ ស្បែក​ខ្ញុំ​រោយ‌រៀវ​ទៅ ហើយ​បាន​បំបាក់​ឆ្អឹង​ខ្ញុំ​ផង ព្រះ‌អង្គ​បាន​ធ្វើ​របង​ឃុំ​ឃាំង​ខ្ញុំ ហើយ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ដោយ​ថ្នាំ​ពុល និង​ការ​ដែល​នឿយ​លំបាក ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​នៅ​កន្លែង​ងងឹត ដូច​ពួក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ។ ព្រះ‌អង្គ​បាន​ធ្វើ​កំផែង​ព័ទ្ធ​ជុំ​វិញ​ខ្ញុំ មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​ឡើយ ក៏​បាន​យក​ច្រវាក់​ចង​ខ្ញុំ​យ៉ាង​ធ្ងន់ ទោះ​បើ​ខ្ញុំ​ខំ​ស្រែកហៅរក​ជំនួយ ព្រះ​អង្គ​រាំង​រា​មិន​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ចូល​ទៅ​ឡើយ ព្រះ‌អង្គ​បាន​ដាក់​ថ្ម​រាំង​ផ្លូវ​ខ្ញុំ ហើយ​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​ខ្ញុំ​វៀច​ទាំង​អស់។ ព្រះ‌អង្គ​ប្រៀប​ដូច​ជា​ខ្លា​ឃ្មុំ​ដែល​លប​សង្គ្រុប ហើយ​ដូច​ជា​សិង្ហ​ពួន​ចាំប្រហារ​ខ្ញុំ ព្រះ‌អង្គ​បាន​បង្វែរផ្លូវ​របស់​ខ្ញុំ ក៏​ហែក​ខ្ញុំ​ខ្ទេច‌ខ្ទី ហើយ​ឲ្យ​ខ្ញុំ​នៅ​កណ្ដោច​កណ្ដែង ព្រះ‌អង្គ​បាន​យឹត​ធ្នូ ហើយ​តាំង​ខ្ញុំ​ទុក​ជា​វង់​សម្រាប់​ព្រួញ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​តួ​ព្រួញ​ពី​បំពង់​ព្រះ‌អង្គ​ទម្លុះ​ថ្លើម​ខ្ញុំ ខ្ញុំ​បាន​ទៅ​ជា​ទី​សំណើច ដល់​ជន​ជាតិ​ទាំង‌ឡាយ​របស់​ខ្ញុំ ហើយ​ជា​បទ​ចម្រៀង​របស់​គេ​ជា‌និច្ច​រាល់​ថ្ងៃ។ ព្រះ‌អង្គ​បាន​ចម្អែត​ខ្ញុំ ដោយ​សេចក្ដី​ជូរ​ចត់ ព្រម​ទាំង​ឲ្យ​ខ្ញុំ​ស្រវឹង​ដោយ​ស្លែង​ផង។ ព្រះ‌អង្គ​បាន​បំបាក់​ធ្មេញ​ខ្ញុំ​ដោយ​ក្រួស ហើយ​បាន​ព្រលាំង​ខ្ញុំ​ដោយ​ផេះ ហើយ​ព្រះ‌អង្គ​បោះ‌បង់​ចោល​ព្រលឹង​របស់​ខ្ញុំ ឆ្ងាយ​ចេញ​ពី​សេចក្ដី​សុខ​ទៅ ខ្ញុំ​បាន​ភ្លេច​សេចក្ដី​ចម្រើន​ហើយ ខ្ញុំ​ក៏​ពោល​ថា៖ «កម្លាំង​ខ្ញុំ​បាត់​បង់​អស់ សេចក្ដី​សង្ឃឹម​លើ​ព្រះ‌យេហូវ៉ាក៏​លែង​មាន​ដែរ»។ ខ្ញុំ​នឹក​ចាំ​ពី​សេចក្ដី​ទុក្ខ​លំបាក និង​សេចក្ដី​វេទនា​របស់​ខ្ញុំ ព្រម​ទាំង​ស្លែង និង​ថ្នាំ​ពុល​ផង។ ព្រលឹង​ខ្ញុំ​នៅ​តែ​ចាំ​បាន​នៅ​ឡើយ ហើយ​ក៏​ឱន​ចុះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ។ តែ​ខ្ញុំ​នឹក​ឡើង​វិញ​ពី​សេចក្ដី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម គឺ​សេចក្ដី​សប្បុ‌រស​របស់​ព្រះ‌យេហូវ៉ា មិនចេះ​ចប់ សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​មិន​ចេះ​ផុត សេចក្ដី​ទាំង​នោះ ចេះ​តែ​ថ្មី​រៀង​រាល់​ព្រឹក សេចក្ដី​ស្មោះ​ត្រង់​របស់​ព្រះ‌អង្គ​ធំ​ណាស់។ ព្រលឹង​ខ្ញុំ​បាន​ពោល​ថា «ព្រះ‌យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះ ខ្ញុំ​នឹង​សង្ឃឹម​ដល់​ព្រះ‌អង្គ»។ ព្រះ‌យេហូវ៉ា​ល្អ​ដល់​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ‌អង្គ គឺ​ដល់​ព្រលឹង​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ‌អង្គ។ បើ​មនុស្ស​សង្ឃឹម និង​រង់​ចាំ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ឥត​បារម្ភ​ព្រួយ នោះ​ល្អ​ហើយ។ ឯ​ការ​ដែល​មនុស្ស​ទទួល​រង​នឹម ក្នុង​កាល​ដែល​នៅ​វ័យ​ក្មេង នោះ​ក៏​ល្អ​ដែរ អ្នក​នោះ​នឹង​អង្គុយ​តែ​ឯង ហើយ​នៅ​មាត់​ស្ងៀម ពី​ព្រោះ​គឺ​ព្រះ‌អង្គ​ដែល​ដាក់​នឹម​លើ​ខ្លួន អ្នក​នោះ​នឹង​ព្រម​ដាក់​មាត់​ចុះ​ក្នុង​ធូលី​ដី (បើ​ប្រសិន​ជា​នឹង​មាន​ទី​សង្ឃឹម​បាន) ក៏​នឹង​បែរ​កំផ្លៀង​ទៅ​ឲ្យ​ដល់​អ្នក​ដែល​ទះ​ខ្លួន ហើយ​នឹង​ទ្រាំ​ឲ្យ​បាន​ពេញ ដោយ​សេចក្ដី​ត្មះ‌តិះ​ដៀល។ ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ‌បង់​ចោល​ជា​ដរាប​ទេ។ ទោះ​បើ​ព្រះ‌អង្គ​ធ្វើ​ទុក្ខ​ក៏​ដោយ គង់​តែ​ព្រះ‌អង្គ​នឹង​អាណិត​មេត្តា ដោយ​សេចក្ដី​សប្បុ‌រស​ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ដែរ ព្រះ‌អង្គ​មិនសប្បាយព្រះ‌ហឫ‌ទ័យ​ទេ ក្នុង​ការ​ធ្វើ​ទុក្ខ ឬ​ឲ្យ​មនុស្ស​ជាតិ​ត្រូវ​វេទនា​នោះ។ ពេល​គេ​ជិះ​ជាន់​ពួក​ឈ្លើយ​នៅ​ផែនដី ពេល​គេ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ពី​មនុស្ស នៅ​ចំពោះ​ព្រះ​ដ៏​ខ្ពស់​បំផុត ឬ​បង្កាច់​បំភាន់​មនុស្ស​ណា​ក្នុង​រឿង​ក្តី នោះ​ជា​ការ​ដែល​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ឡើយ បើ​ព្រះ‌អម្ចាស់​មិន​បាន​បង្គាប់​គេ តើ​អ្នក​ណា​នឹង​អាច​ថ្លែងទំនាយ​ទំនាយ ហើយ​ការ​នោះ​កើត​ឡើង​បាន​ជា​ពិត? ឯ​ការ​អាក្រក់​នឹង​ការ​ល្អ តើ​មិន​មែន​ចេញ​ពី​ព្រះ‌ឧស្ឋ របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​មក​ទេ​ឬ? ដូច្នេះ ហេតុ​អ្វី​បាន​ជា​មនុស្ស​រស់​ត្រូវ​ត្អូញ‌ត្អែរ គឺ​មនុស្ស​ណា​ដែល​រង​ទោស ដោយ​ព្រោះ​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ដូច្នេះ។ ចូរ​យើង​ពិចា‌រណា ហើយ​ល្បង​ល​ផ្លូវ​ដែល​យើង​ប្រព្រឹត្ត រួច​ត្រឡប់​បែរ​ទៅ​ឯ​ព្រះ‌យេហូវ៉ា​វិញ​ចុះ។ ចូរ​ឲ្យ​យើង​តម្រង់​ចិត្ត​ឡើង ទៅឯ​ព្រះ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ជា‌មួយ​ដៃ​យើង​ផង។ យើង​ខ្ញុំ​បាន​រំលង ព្រម​ទាំង​បះ‌បោរ​ហើយ ព្រះ‌អង្គ​មិន​បាន​អត់​ទោស​ឲ្យ​ទេ។ ព្រះ‌អង្គ​បាន​ឃ្លុំ​អង្គ ដោយ​សេចក្ដី​ក្រោធ ហើយ​ដេញ​តាម​យើង​ខ្ញុំ ព្រះ‌អង្គ​បាន​ប្រហារ​ជីវិត ឥត​ប្រណី​សោះ ព្រះ‌អង្គ​បាំង​អង្គ​ដោយ​ពពក ដើម្បី​មិន​ឲ្យ​សេចក្ដី​អធិស្ឋាន​ណា ចូល​ទៅ​ដល់​បាន​ឡើយ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​កាក ហើយ​ជា​សំរាម នៅ​កណ្ដាល​អស់​ទាំង​សាសន៍។ ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ បាន​ហា​មាត់​ធំ​ដាក់​យើង​ខ្ញុំ ចំណែក​របស់​យើង​ខ្ញុំ គឺ​ជា​សេចក្ដី​ភ័យ​ខ្លាច និង​រណ្តៅ ព្រម​ទាំង​សេចក្ដី​បំផ្លាញ និង​សេចក្ដី​វិនាស​ផង។ ភ្នែក​ខ្ញុំ​ហូរ​ចេញ​ជា​ផ្លូវ​ទឹក ដោយ​ព្រោះ​ការ​បំផ្លាញ​កូន​ស្រី​របស់​សាសន៍​ខ្ញុំ។ ភ្នែក​ខ្ញុំ​នឹង​ហូរ​សស្រាក់​ឥត​ឈប់​ឈរ ឥត​ស្រាក​ឡើយ ទាល់​តែ​ព្រះ‌យេហូវ៉ា​ឈ្ងោក​មើល ហើយ​ពិចា‌រណា​ពី​ស្ថាន‌សួគ៌​មក។ ភ្នែក​ខ្ញុំ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​កើត​ទុក្ខ ដោយ​ព្រោះ​ពួក​កូន​ស្រី​នៃ​ក្រុង​របស់​ខ្ញុំ។ ពួក​អ្នក​ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ខ្ញុំ ដោយ​ឥត​ហេតុ​គេ​បាន​ដេញ​តាម​ខ្ញុំ ដូច​ជា​ដេញ​តាម​សត្វ​ស្លាប គេ​បាន​កាត់​ជីវិត​ខ្ញុំ​ចេញ ដោយ​ដាក់​គុក​ងងឹត ហើយ​បាន​ទាំង​ដាក់​ថ្ម​សន្ធប់​ពី​លើ​ខ្ញុំ​ផង មាន​ទឹក​ហូរ​មក​លិច​ក្បាល​ខ្ញុំ នោះ​ខ្ញុំ​បាន​ថា «ខ្ញុំ​ស្លាប់​ហើយ»។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ពី​ក្នុង​ទី​ជម្រៅ​នៃ​គុក​ងងឹត ព្រះ‌អង្គ​ក៏​ឮ​សំឡេង​របស់​ទូល‌បង្គំ «សូម​កុំ​គេច​ព្រះ‌កាណ៌​ព្រះ‌អង្គ​ចេញ​ពី​ការថ្ងូរ និង​សម្រែក​របស់​ទូល‌បង្គំ​ឡើយ» នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​បាន​យាង​មក​ជិត ហើយ​មាន​ព្រះ‌បន្ទូល​ថា «កុំ​ឲ្យ​ខ្លាច​ឡើយ» ឲ្យ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​កាន់​ក្តី​នៃ​ព្រលឹង​ទូល‌បង្គំ​ហើយ ព្រះ‌អង្គ​បាន​លោះ​ជីវិត​របស់​ទូល‌បង្គំ​ផង។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ឃើញ​កំហុស ដែល​គេ​បាន​ធ្វើ​ដល់​ទូល‌បង្គំ សូម​ព្រះ‌អង្គ​ជំនុំ​ជម្រះ​ក្តី​របស់​ទូល‌បង្គំ​ចុះ។ ព្រះ‌អង្គ​បាន​ឃើញ​ការ​សង‌សឹក​ទាំង​ប៉ុន្មាន​របស់​គេ និង​អស់​ទាំង​កិច្ច‌កល​ដែល​គេ​ធ្វើ​ដល់​ទូល‌បង្គំ​ដែរ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ឮ​ពាក្យ​ប្រមាថ​របស់​គេ និង​អស់​ទាំង​កិច្ច‌កល ដែល​គេ​គិត​ធ្វើ​ដល់​ទូល‌បង្គំ​ហើយ។ ក៏​ឮ​ពាក្យ​សម្ដី​របស់​ពួក​អ្នក​លើក​គ្នា ទាស់​នឹង​ទូល‌បង្គំ ហើយ​ជ្រាប​ការ​ដែល​គេ​គិត ទាស់​នឹង​ទូល‌បង្គំ​ជា‌និច្ច​ដែរ។ សូម​ព្រះ‌អង្គ​ទត​ក្នុង​កាល​ដែល​គេ​អង្គុយ​ចុះ ហើយ​ក្រោក​ឡើង​ផង ទូល‌បង្គំ​ជា​បទ​ចម្រៀង​របស់​គេ​ហើយ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​នឹង​សង​គេ​តាម​ការ​ដែល​ដៃ​គេ​បាន​ធ្វើ ព្រះ‌អង្គ​នឹង​បណ្ដាល​ឲ្យ​ចិត្ត​គេ​រឹង‌រូស គឺ​ជា​បណ្ដាសា​ដល់​គេ ព្រះ‌អង្គ​នឹង​ដេញ​តាម​គេ​ដោយ​សេចក្ដី​ក្រោធ ហើយ​បំផ្លាញ​គេ​ឲ្យ​សូន្យ ចេញ​ពី​ក្រោម​ស្ថាន​របស់​ព្រះ‌យេហូវ៉ា​ទៅ។

ចែក​រំលែក
អាន បរិទេវ 3

បរិទេវ 3:1-66 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ជា​មនុស្ស​ម្នាក់​បាន​ឃើញ​ទុក្ខ​វេទនា នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់ ទ្រង់​ព្រះ‌ពិរោធ។ ព្រះអង្គ​បណ្ដើរ​ខ្ញុំ ហើយ​នាំ​ខ្ញុំ​ទៅ​នៅ​ក្នុង​ទី​ងងឹត គឺ​មិន​មែន​ក្នុង​ពន្លឺ​ឡើយ។ ជា​រៀង​រាល់​ថ្ងៃ ព្រះអង្គ​លើក​ព្រះ‌ហស្ដ វាយ​ខ្ញុំ ហើយ​វាយ​ទៀត។ ព្រះអង្គ​វាយ​ខ្ញុំ​ដាច់​សាច់​ដាច់​ស្បែក ព្រះអង្គ​វាយ​បំបាក់​ឆ្អឹង​របស់​ខ្ញុំ។ ព្រះអង្គ​យក​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា មក​រុំ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ។ ព្រះអង្គ​ទុក​ឲ្យ​ខ្ញុំ​រស់​នៅ​ក្នុង​ទី​ងងឹត ដូច​អស់​អ្នក​ដែល​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។ ព្រះអង្គ​ចង​ខ្ញុំ​ជាប់​នឹង​ជញ្ជាំង ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ចេញ​រួច ព្រះអង្គ​យក​ច្រវាក់​ដ៏​ធ្ងន់​មក​ចង​ខ្ញុំ។ ខ្ញុំ​ខំ​ប្រឹង​ស្រែក​អង្វរ​ឲ្យ​គេ​ជួយ តែ​ព្រះអង្គ​ឃាត់​ឃាំង​គេ មិន​ឲ្យ​ឮ​ពាក្យ​អង្វរ​របស់​ខ្ញុំ​ទេ។ ព្រះអង្គ​ដាក់​ផ្ទាំង​ថ្ម​រាំង​ផ្លូវ​ខ្ញុំ ព្រះអង្គ​បាន​ពង្វាង​ផ្លូវ​ខ្ញុំ។ ព្រះអង្គ​ប្រៀប​ដូច​ជា​ខ្លា‌ឃ្មុំ​ចាំ​ស្ទាក់​ផ្លូវ​ខ្ញុំ និង​ដូច​សិង្ហ​ដែល​ពួន​ចាំ​ប្រហារ​ខ្ញុំ។ ព្រះអង្គ​ដេញ​ខ្ញុំ​ចេញ​ពី​ផ្លូវ ព្រះអង្គ​ហែក​សាច់​ខ្ញុំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​អន្តរាយ។ ព្រះអង្គ​យឹត​ធ្នូ ហើយ​បាញ់​ព្រួញ​តម្រង់​មក​ខ្ញុំ។ ព្រះអង្គ​យក​ព្រួញ​ទាំង​អស់ ពី​បំពង់​របស់​ព្រះអង្គ បាញ់​ទម្លុះ​រូប​កាយ​ខ្ញុំ។ ប្រជា‌ជន​របស់​ខ្ញុំ​ទាំង​មូល​សើច​ចំអក​ឲ្យ​ខ្ញុំ រៀង​រាល់​ថ្ងៃ ពួក​គេ​ច្រៀង​ឡក‌ឡឺយ​ដាក់​ខ្ញុំ។ ព្រះអង្គ​ឲ្យ​ខ្ញុំ​បរិភោគ​បន្លែ​ដ៏​ជូរ​ចត់ ព្រះអង្គ​ឲ្យ​ខ្ញុំ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។ ព្រះអង្គ​ឲ្យ​ខ្ញុំ​ខាំ​ថ្ម​បាក់​ធ្មេញ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ដួល​ផ្កាប់​មុខ​នៅ​ក្នុង​ផេះ។ ព្រះអង្គ​ធ្វើ​ឲ្យ​សេចក្ដី​សុខ​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ខ្ញុំ​លែង​ដឹង​ថា​អ្វី​ទៅ​ជា​សុភមង្គល។ ខ្ញុំ​ក៏​ពោល​ថា “ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ហើយ សូម្បី​តែ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​លើ​ព្រះ‌អម្ចាស់ ក៏​លែង​មាន​ទៀត​ដែរ”។ ពេល​ខ្ញុំ​នឹក​ដល់​ទុក្ខ​លំបាក និង​ភាព​តែល‌តោល ដែល​ខ្ញុំ​ជួប​ប្រទះ នោះ​ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា​ក្រៃ‌លែង។ ទោះ​បី​ខ្ញុំ​ខំ​បំភ្លេច​ទុក្ខ​លំបាក​នេះ​ក្ដី ក៏​ខ្ញុំ​នៅ​តែ​នឹក​ឃើញ​ជានិច្ច។ តែ​ឥឡូវ​នេះ ខ្ញុំ​ចង់​គិត​ដល់​អ្វីៗ ដែល​នាំ​ខ្ញុំ​ឲ្យ​មាន​សង្ឃឹម​ឡើង​វិញ គឺ​ខ្ញុំ​នឹក​ដល់​ព្រះ‌ហឫទ័យ​សប្បុរស របស់​ព្រះ‌អម្ចាស់ ដែល​មិន​ចេះ​រលត់។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ ចំពោះ​ខ្ញុំ ឥត​ទី​បញ្ចប់។ ព្រះអង្គ​តែង​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​នេះ សា​ជា​ថ្មី​រៀង​រាល់​ព្រឹក ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​របស់​ព្រះអង្គ មាន​ទំហំ​ធំ​ពន់​ពេក​ក្រៃ។ ខ្ញុំ​ពោល​ថា ខ្ញុំ​គ្មាន​កេរ‌មត៌ក​អ្វី ក្រៅ​ពី​ព្រះ‌អម្ចាស់​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះអង្គ និង​ចំពោះ​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ។ ការ​តាំង​ចិត្ត​ស្ងប់​ស្ងៀម រង់‌ចាំ​ព្រះ‌អម្ចាស់​យាង​មក​សង្គ្រោះ នោះ​ពិត​ជា​ការ​ល្អ​ប្រពៃ​មែន។ ជា​ការ​ប្រពៃ​ណាស់​ដែល​មនុស្ស ទទួល​ការ​លត់‌ដំ​តាំង​ពី​ក្មេង​ទៅ។ ពេល​ណា​ព្រះអង្គ​ធ្វើ​ទោស យើង​ត្រូវ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ដាច់​ឡែក​តែ​ឯង ហើយ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ធ្វើ​ដូច្នេះ ប្រហែល​ជា​មាន​សេចក្ដី​សង្ឃឹម។ ត្រូវ​បែរ​ថ្ពាល់​ឲ្យ​គេ​ទះ និង​ទ្រាំ​ឲ្យ​គេ​ជេរ​ប្រមាថ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ​បង់​ចោល​យើង រហូត​ឡើយ។ ទោះ​បី​ព្រះអង្គ​ដាក់​ទោស​ក្ដី ព្រះអង្គ​នៅ​តែ​អាណិត​មេត្តា​ដដែល ដ្បិត​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ ធំ​ពន់​ពេក​ក្រៃ។ ព្រះអង្គ​មិន​សប្បាយ​ព្រះ‌ហឫទ័យ​នឹង ដាក់​ទោស ឬ​ធ្វើ​ទណ្ឌ‌កម្ម​មនុស្ស‌ម្នា​ទេ។ ពេល​គេ​ជិះ‌ជាន់​ធ្វើ​បាប​អស់​អ្នក​ដែល ជាប់​ជា​ឈ្លើយ​ក្នុង​ស្រុក​ណា​មួយ ពេល​គេ​រំលោភ​លើ​សិទ្ធិ​មនុស្ស នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ពេល​គេ​កាត់​ក្ដី​មនុស្ស​ដោយ​អយុត្តិធម៌ ព្រះ‌អម្ចាស់​ទត​ឃើញ​ទាំង​អស់! ពេល​ព្រះ‌អម្ចាស់​បង្គាប់​អ្វី​មួយ ការ​នោះ​ត្រូវ​តែ​កើត​ឡើង ក្រៅ​ពី​ព្រះអង្គ គ្មាន​នរណា​ធ្វើ​ដូច្នេះ​បាន​ទេ។ សុខ ឬ​ទុក្ខ​សុទ្ធ​តែ​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ទោះ​បី​មនុស្ស​ម្នាក់ៗ​ប្រព្រឹត្ត​អំពើ​បាប​ក្ដី ក៏​ព្រះអង្គ​ទុក​ឲ្យ​គេ​នៅ​រស់​ដដែល ដូច្នេះ ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​រអ៊ូ‌រទាំ! តោង​យើង​ពិនិត្យ‌ពិច័យ និង​ស្ទង់​មើល កិរិយា‌មារយាទ​របស់​ខ្លួន ហើយ​បែរ​ចិត្ត​គំនិត​មក​រក​ព្រះ‌អម្ចាស់​វិញ។ ពេល​យើង​លើក​ដៃ​អធិស្ឋាន*​រក​ព្រះ‌ជាម្ចាស់ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* តោង​យើង​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះអង្គ​ដែរ។ ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ព្រះអង្គ​មិន​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ទេ។ ព្រះអង្គ​តាម​ប្រហារ​ជីវិត​យើង​ខ្ញុំ ព្រះ‌ពិរោធ​បាន​បាំង​ព្រះអង្គ​មិន​ឲ្យ ត្រា​ប្រណី​យើង​ខ្ញុំ។ ព្រះអង្គ​ពួន​នៅ​ក្នុង​ពពក* ដើម្បី​កុំ​ឲ្យ​ពាក្យ​ដែល​យើង​ខ្ញុំ​ទូល‌អង្វរ ឮ​ទៅ​ដល់​ព្រះអង្គ​ឡើយ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ក្លាយ​ទៅ​ជា សំរាម ដែល​គ្មាន​នរណា​រាប់​រក ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។ ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ នាំ​គ្នា​ជេរ​ប្រមាថ​យើង​ខ្ញុំ។ យើង​ខ្ញុំ​ជួប​ប្រទះ​តែ​គ្រោះ​កាច ការ​ភ័យ​ខ្លាច និង​ការ​វិនាស​អន្តរាយ។ ទឹក​ភ្នែក​ខ្ញុំ​ហូរ​ដូច​ទឹក​ស្ទឹង ព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។ ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ឈប់​ឈរ និង​ឥត​ស្រាក‌ស្រាន្ត រហូត​ទាល់​តែ​ព្រះ‌អម្ចាស់​ទត​ឃើញ ពី​ស្ថាន​បរម‌សុខ។ ចិត្ត​ខ្ញុំ​សោក‌សៅ​អាណិត​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ក្រុង​របស់​ខ្ញុំ។ អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​សត្រូវ​របស់​ខ្ញុំ ដោយ​ឥត​ហេតុ​ផល ដេញ​តាម​ប្រហារ​ខ្ញុំ ដូច​តាម​បាញ់​សត្វ​ស្លាប។ ពួក​គេ​បោះ​ខ្ញុំ​ក្នុង​អណ្ដូង រួច​យក​ថ្ម​គ្រប​ពី​លើ ដើម្បី​ឲ្យ​ខ្ញុំ​ថប់​ដង្ហើម។ ពេល​នោះ ទឹក​លិច​ក្បាល​ខ្ញុំ ខ្ញុំ​ពោល​ថា ខ្ញុំ​ស្លាប់​ហើយ! ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះ‌នាម របស់​ព្រះអង្គ​ពី​បាត​អណ្ដូង​នោះ​មក។ ព្រះអង្គ​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ដែល​ទូលបង្គំ ស្រែក​អង្វរ​ថា: “សូម​កុំ​បែរ​ព្រះ‌កាណ៌​ចេញ​ពី​ទូលបង្គំ​ឡើយ សូម​ស្ដាប់​សម្រែក​អង្វរ​របស់​ទូលបង្គំ សូម​ជួយ​ទូលបង្គំ​ផង!”។ នៅ​ថ្ងៃ​ដែល​ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ព្រះអង្គ​យាង​ចូល​មក​ជិត​ទូលបង្គំ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “កុំ​ខ្លាច​អ្វី​ឡើយ!”។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ព្រះអង្គ​បាន​លោះ​ជីវិត​ទូលបង្គំ​មក​វិញ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​ទត​ឃើញ​ពួក​គេ សង្កត់‌សង្កិន​ទូលបង្គំ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង! ព្រះអង្គ​បាន​ទត​ឃើញ​ការ​សង‌សឹក​របស់​ពួក​គេ ព្រម​ទាំង​ការ​ឃុប‌ឃិត​ទាំង​ប៉ុន្មាន ប្រឆាំង​នឹង​ទូលបង្គំ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​ឮ​ពាក្យ​ដែល​ពួក​គេ​ជេរ​ប្រមាថ ព្រម​ទាំង​ការ​ឃុប​ឃិត​ទាំង​ប៉ុន្មាន ប្រឆាំង​នឹង​ទូលបង្គំ។ ព្រះអង្គ​បាន​ឮ​ពួក​គេ​និយាយ ហើយ​ក៏​ឮ​ពួក​គេ​គិត‌គូរ​គម្រោង‌ការ ប្រឆាំង​នឹង​ទូលបង្គំ​ដែរ។ សូម​ទត​មើល​ចុះ ទោះ​បី​ពួក​គេ​អង្គុយ ឬ​ឈរ​ក្ដី ពួក​គេ​នាំ​គ្នា​ច្រៀង​ឡក‌ឡឺយ​ដាក់​ទូលបង្គំ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​តប​ស្នង​ទៅ​ពួក​គេ​វិញ ស្រប​តាម​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត។ សូម​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​រឹង‌រូស ហើយ​ដាក់​បណ្ដាសា​ពួក​គេ​ទៅ។ ព្រះអង្គ​ដេញ​តាម​ពួក​គេ ទាំង​ព្រះ‌ពិរោធ ហើយ​ប្រល័យ​ជីវិត​ពួក​គេ​ឲ្យ​បាត់​សូន្យ ពី​ផែនដី​នេះ។

ចែក​រំលែក
អាន បរិទេវ 3

បរិទេវ 3:1-66 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ជា​មនុស្ស​ដែល​បាន​ឃើញ​សេចក្ដី​វេទនា ដោយ​ដំបង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់ ទ្រង់​បាន​នាំ​ខ្ញុំ​ឲ្យ​ដើរ​ក្នុង​សេចក្ដី​ងងឹត មិន​មែន​ក្នុង​ពន្លឺ​ទេ ពិត​ប្រាកដ​ជា​ទ្រង់​បាន​បែរ​ព្រះ‌ហស្ត​មក ទាស់​នឹង​ខ្ញុំ​ខ្ជាន់ៗ​ជានិច្ច​រាល់​តែ​ថ្ងៃ ទ្រង់​បាន​ធ្វើ​ឲ្យ​សាច់ ហើយ​ស្បែក​ខ្ញុំ​រោយ‌រៀវ​ទៅ ហើយ​បាន​បំបាក់​ឆ្អឹង​ខ្ញុំ​ផង ទ្រង់​បាន​ធ្វើ​របង​ឃុំ‌ឃាំង​ខ្ញុំ ហើយ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ដោយ​ថ្នាំ​ពុល នឹង​ការ​ដែល​នឿយ​លំបាក ទ្រង់​បាន​ឲ្យ​ខ្ញុំ​អាស្រ័យ​នៅ​ទី​ងងឹត ដូច​ជា​ពួក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ ទ្រង់​បាន​ធ្វើ​កំផែង​ព័ទ្ធ​ជុំវិញ​ខ្ញុំ ដើម្បី​មិន​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ក្រៅ​ឡើយ ក៏​បាន​ធ្វើ​ឲ្យ​ច្រវាក់​ខ្ញុំ​ជា​ធ្ងន់ អើ កាល​ណា​ខ្ញុំ​អំពាវ‌នាវ ហើយ​ស្រែក​ឡើង​ឲ្យ​ជួយ នោះ​ទ្រង់​រាំង‌រា​មិន​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ចូល​ទៅ​ឡើយ ទ្រង់​បាន​យក​ថ្ម​ដាប់​ធ្វើ​កំផែង​រាំង​ផ្លូវ​ខ្ញុំ ហើយ​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​ខ្ញុំ​វៀច​ទាំង​អស់ ទ្រង់​ប្រៀប​ដូច​ជា​ខ្លា‌ឃ្មុំ​ដែល​លប​សង្គ្រុប ហើយ​ដូច​ជា​សិង្ហ​នៅ​ទី​ស្ងាត់​កំបាំង​ដល់​ខ្ញុំ ទ្រង់​បាន​បង្វែរ​អស់​ទាំង​ផ្លូវ​របស់​ខ្ញុំ ក៏​ហែក​ខ្ញុំ​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​បាន​ឲ្យ​ខ្ញុំ​ត្រមោច​នៅ ទ្រង់​បាន​យឹត​ធ្នូ ហើយ​តាំង​ខ្ញុំ​ទុក​ជា​វង់​សំរាប់​ព្រួញ ទ្រង់​បាន​ធ្វើ​ឲ្យ​តួ​ព្រួញ​ពី​បំពង់​ទ្រង់​ទំលុះ​ថ្លើម​ខ្ញុំ ខ្ញុំ​បាន​ទៅ​ជា​ទី​សំណើច​ដល់​ជន‌ជាតិ​ទាំង‌ឡាយ​របស់​ខ្ញុំ ហើយ​ជា​បទ​ចំរៀង​របស់​គេ​ជានិច្ច​រាល់​ថ្ងៃ ទ្រង់​បាន​ចំអែត​ខ្ញុំ ដោយ​សេចក្ដី​ជូរ​ចត់ ព្រម​ទាំង​ឲ្យ​ខ្ញុំ​ស្រវឹង​ដោយ​ស្លែង​ផង ទ្រង់​បាន​បំបាក់​ធ្មេញ​ខ្ញុំ​ដោយ​ក្រួស ហើយ​បាន​ព្រលាំង​ខ្ញុំ​ដោយ​ផេះ ហើយ​ទ្រង់​បោះ‌បង់​ចោល​ព្រលឹង​របស់​ខ្ញុំ ឆ្ងាយ​ចេញ​ពី​សេចក្ដី​សុខ​ទៅ ខ្ញុំ​បាន​ភ្លេច​សេចក្ដី​ចំរើន​ហើយ ខ្ញុំ​បាន​ថា កំឡាំង​ខ្ញុំ​សូន្យ​បាត់​អស់​ទៅ សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ក៏​ផុត​ចាក​ពី​ព្រះ‌យេហូវ៉ា​ហើយ។ ខ្ញុំ​នឹក​ចាំ​ពី​សេចក្ដី​ទុក្ខ​លំបាក នឹង​ពី​សេចក្ដី​វេទនា​របស់​ខ្ញុំ ព្រម​ទាំង​ស្លែង នឹង​ថ្នាំ​ពុល​ផង ព្រលឹង​ខ្ញុំ​នៅ​តែ​ចាំ​បាន​នៅ​ឡើយ ហើយ​ក៏​ឱន​ចុះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ តែ​ខ្ញុំ​នឹក​ឡើង​វិញ​ពី​សេចក្ដី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ឡើង គឺ​នឹក​ពី​សេចក្ដី​នេះ​ថា កុំ​តែ​មាន​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្ដី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជានិច្ច សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​ធំ​ណាស់ ព្រលឹង​ខ្ញុំ​បាន​ពោល​ថា ព្រះ‌យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះខ្ញុំ​នឹង​សង្ឃឹម​ដល់​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ដល់​អស់​អ្នក​ដែល​រង់‌ចាំ​ទ្រង់ គឺ​ដល់​ព្រលឹង​នៃ​អ្នក​ណា​ដែល​ស្វែង​រក​ទ្រង់ បើ​មនុស្ស​នឹង​សង្ឃឹម​ដល់ ហើយ​រង់‌ចាំ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ឥត​បារម្ភ​ព្រួយ នោះ​ល្អ​ហើយ ឯ​ការ​ដែល​មនុស្ស​ទទួល​រង​នឹម ក្នុង​កាល​ដែល​នៅ​វ័យ​ក្មេង នោះ​ក៏​ល្អ​ដែរ អ្នក​នោះ​នឹង​អង្គុយ​តែ​ឯង ហើយ​នៅ​មាត់​ស្ងៀម ពី​ព្រោះ​គឺ​ទ្រង់​ដែល​ដាក់​នឹម​លើ​ខ្លួន អ្នក​នោះ​នឹង​ព្រម​ដាក់​មាត់​ចុះ​ក្នុង​ធូលី​ដី បើ​ប្រសិន​ជា​នឹង​មាន​ទី​សង្ឃឹម​បាន ក៏​នឹង​បែរ​កំផ្លៀង​ទៅ​ឲ្យ​ដល់​អ្នក​ដែល​ទះ​ខ្លួន ហើយ​នឹង​ទ្រាំ​ឲ្យ​បាន​ពេញ ដោយ​សេចក្ដី​ត្មះ‌តិះដៀល ដ្បិត​ព្រះ‌អម្ចាស់ ទ្រង់​មិន​បោះ‌បង់​ចោល​នៅ​ជា​ដរាប​ទេ តែ​ទោះ​បើ​ទ្រង់​ធ្វើ​ទុក្ខ​ក៏​ដោយ គង់​តែ​ទ្រង់​នឹង​អាណិត​មេត្តា ដោយ​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់​ដែរ ពី​ព្រោះ​ទ្រង់​មិន​ធ្វើ​ទុក្ខ ឬ​ឲ្យ​មនុស្ស​ជាតិ​ត្រូវ​វេទនា ដោយ​ស្ម័គ្រ​ពី​ព្រះ‌ហឫទ័យ​ទេ ឯ​ការ​ដែល​ជាន់​ឈ្លី​ពួក​ឈ្លើយ​នៅ​ផែនដី ឬ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ពី​មនុស្ស នៅ​ចំពោះ​ព្រះ​ដ៏​ខ្ពស់​បំផុត ឬ​បង្កាច់​បំភាន់​មនុស្ស​ណា ក្នុង​រឿង​ក្តី នោះ​ជា​ការ​ដែល​ព្រះ‌អម្ចាស់​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​ឡើយ បើ​ព្រះ‌អម្ចាស់ ទ្រង់​មិន​បាន​បង្គាប់​គេ នោះ​តើ​មាន​អ្នក​ណា​នឹង​អាច​ទាយ​ទំនាយ ហើយ​ការ​នោះ​កើត​ឡើង​បាន​ជា​ពិត ឯ​ការ​អាក្រក់នឹង​ការ​ល្អ នោះ​តើ​មិន​មែន​ចេញ​ពី​ព្រះ‌ឱស្ឋ របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​មក​ទេ​ឬ​អី ដូច្នេះ ហេតុ​អ្វី​បាន​ជា​មនុស្ស​រស់​ត្រូវ​ត្អូញ‌ត្អែរ គឺ​មនុស្ស​ណា​ដែល​រង​ទោស ដោយ​ព្រោះ​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ដូច្នេះ។ ចូរ​យើង​ពិចារណា ហើយ​ល្បង​ល​ផ្លូវ​ដែល​យើង​ប្រព្រឹត្ត រួច​ត្រឡប់​បែរ​ទៅ​ឯ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ចូរ​ឲ្យ​យើង​ដំរង់​ចិត្ត​ឡើង​ទៅ​ឯ​ព្រះ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ជា​មួយ​នឹង​ដៃ​យើង​ផង យើង​ខ្ញុំ​បាន​រំលង ព្រម​ទាំង​បះ‌បោរ​ហើយ ទ្រង់​មិន​បាន​អត់​ទោស​ឲ្យ​ទេ ទ្រង់​បាន​គ្រលុំ​អង្គ ដោយ​សេចក្ដី​ខ្ញាល់ ហើយ​ដេញ​តាម​យើង​ខ្ញុំ ទ្រង់​បាន​ប្រហារ​ជីវិត ឥត​ប្រណី​សោះ ទ្រង់​បាំង​អង្គ​ដោយ​ពពក ដើម្បី​មិន​ឲ្យ​សេចក្ដី​អធិស្ឋាន​ណា​ចូល​ទៅ​ដល់​បាន​ឡើយ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​កាក ហើយ​ជា​សំរាម នៅ​កណ្តាល​អស់​ទាំង​សាសន៍ ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ បាន​ហា​មាត់​ធំ​ដាក់​យើង​ខ្ញុំ ចំណែក​របស់​យើង​ខ្ញុំ គឺ​ជា​សេចក្ដី​ភ័យ​ខ្លាច ហើយ​នឹង​រណ្តៅ ព្រម​ទាំង​សេចក្ដី​បំផ្លាញ នឹង​សេចក្ដី​វិនាស​ផង ភ្នែក​ខ្ញុំ​ហូរ​ចេញ​ជា​ផ្លូវ​ទឹក ដោយ​ព្រោះ​ការ​បំផ្លាញ​កូន​ស្រី​របស់​សាសន៍​ខ្ញុំ ភ្នែក​ខ្ញុំ​នឹង​ហូរ​សស្រាក់​ឥត​ឈប់​ឈរ ឥត​ស្រាក​ឡើយ ទាល់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ឈ្ងោក​មើល ហើយ​ពិចារណា​ពី​ស្ថាន‌សួគ៌​មក ភ្នែក​ខ្ញុំ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​កើត​ទុក្ខ ដោយ​ព្រោះ​ពួក​កូន​ស្រី​នៃ​ក្រុង​របស់​ខ្ញុំ ពួក​អ្នក​ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ខ្ញុំ ដោយ​ឥត​ហេតុ​គេ​បាន​ដេញ​តាម​ខ្ញុំ ដូច​ជា​ដេញ​តាម​សត្វ​ស្លាប គេ​បាន​កាត់​ជីវិត​ខ្ញុំ​ចេញ ដោយ​ដាក់​គុក​ងងឹត ហើយ​បាន​ទាំង​ដាក់​ថ្ម​សន្ធប់​ពី​លើ​ខ្ញុំ​ផង មាន​ទឹក​ហូរ​មក​លិច​ក្បាល​ខ្ញុំ នោះ​ខ្ញុំ​បាន​ថា ខ្ញុំ​ស្លាប់​ហើយ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ពី​ក្នុង​ទី​ជំរៅ​នៃ​គុក​ងងឹត ទ្រង់​ក៏​ឮ​សំឡេង​របស់​ទូលបង្គំ សូម​កុំ​គេច​ព្រះ‌កាណ៌​ទ្រង់​ចេញ​ពី​ដំងូរ នឹង​សំរែក​របស់​ទូលបង្គំ​ឡើយ នៅ​ថ្ងៃ​ដែល​ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ នោះ​ទ្រង់​បាន​យាង​មក​ជិត ហើយ​មាន​បន្ទូល​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ឲ្យ​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​កាន់​ក្តី​នៃ​ព្រលឹង​ទូលបង្គំ​ហើយ ទ្រង់​បាន​លោះ​ជីវិត​របស់​ទូលបង្គំ​ផង ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឃើញ​ការ​កំហុស​ដែល​គេ​បាន​ធ្វើ​ដល់​ទូលបង្គំ សូម​ទ្រង់​ជំនុំ​ជំរះ​ក្តី​របស់​ទូលបង្គំ​ចុះ ទ្រង់​បាន​ឃើញ​ការ​សង‌សឹក​ទាំង​ប៉ុន្មាន​របស់​គេ នឹង​អស់​ទាំង​កិច្ច‌កល​ដែល​គេ​ធ្វើ​ដល់​ទូលបង្គំ​ដែរ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឮ​ពាក្យ​ប្រមាថ​របស់​គេ នឹង​អស់​ទាំង​កិច្ច‌កល​ដែល​គេ​គិត​ធ្វើ​ដល់​ទូលបង្គំ​ហើយ ក៏​ឮ​ពាក្យ​សំដី​របស់​ពួក​អ្នក​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ ហើយ​ជ្រាប​ការ​ដែល​គេ​គិត​ប្រទូស្ត​នឹង​ទូលបង្គំ​ជានិច្ច​ដែរ សូម​ទ្រង់​ទត​ក្នុង​កាល​ដែល​គេ​អង្គុយ​ចុះ ហើយ​ក្រោក​ឡើង​ផង ទូលបង្គំ​ជា​បទ​ចំរៀង​របស់​គេ​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​សង​គេ​តាម​ការ​ដែល​ដៃ​គេ​បាន​ធ្វើ ទ្រង់​នឹង​បណ្តាល​ឲ្យ​ចិត្ត​គេ​រឹង‌រូស គឺ​ជា​សេចក្ដី​បណ្តាសា​ដល់​គេ ទ្រង់​នឹង​ដេញ​តាម​គេ​ដោយ​សេចក្ដី​ខ្ញាល់ ហើយ​បំផ្លាញ​គេ​ឲ្យ​សូន្យ​ចេញ​ពី​ក្រោម​ស្ថាន​របស់​ព្រះ‌យេហូវ៉ា​ទៅ។

ចែក​រំលែក
អាន បរិទេវ 3