បរិទេវ 3:1-24

បរិទេវ 3:1-24 គខប

ខ្ញុំ​ជា​មនុស្ស​ម្នាក់​បាន​ឃើញ​ទុក្ខ​វេទនា នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់ ទ្រង់​ព្រះ‌ពិរោធ។ ព្រះអង្គ​បណ្ដើរ​ខ្ញុំ ហើយ​នាំ​ខ្ញុំ​ទៅ​នៅ​ក្នុង​ទី​ងងឹត គឺ​មិន​មែន​ក្នុង​ពន្លឺ​ឡើយ។ ជា​រៀង​រាល់​ថ្ងៃ ព្រះអង្គ​លើក​ព្រះ‌ហស្ដ វាយ​ខ្ញុំ ហើយ​វាយ​ទៀត។ ព្រះអង្គ​វាយ​ខ្ញុំ​ដាច់​សាច់​ដាច់​ស្បែក ព្រះអង្គ​វាយ​បំបាក់​ឆ្អឹង​របស់​ខ្ញុំ។ ព្រះអង្គ​យក​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា មក​រុំ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ។ ព្រះអង្គ​ទុក​ឲ្យ​ខ្ញុំ​រស់​នៅ​ក្នុង​ទី​ងងឹត ដូច​អស់​អ្នក​ដែល​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។ ព្រះអង្គ​ចង​ខ្ញុំ​ជាប់​នឹង​ជញ្ជាំង ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ចេញ​រួច ព្រះអង្គ​យក​ច្រវាក់​ដ៏​ធ្ងន់​មក​ចង​ខ្ញុំ។ ខ្ញុំ​ខំ​ប្រឹង​ស្រែក​អង្វរ​ឲ្យ​គេ​ជួយ តែ​ព្រះអង្គ​ឃាត់​ឃាំង​គេ មិន​ឲ្យ​ឮ​ពាក្យ​អង្វរ​របស់​ខ្ញុំ​ទេ។ ព្រះអង្គ​ដាក់​ផ្ទាំង​ថ្ម​រាំង​ផ្លូវ​ខ្ញុំ ព្រះអង្គ​បាន​ពង្វាង​ផ្លូវ​ខ្ញុំ។ ព្រះអង្គ​ប្រៀប​ដូច​ជា​ខ្លា‌ឃ្មុំ​ចាំ​ស្ទាក់​ផ្លូវ​ខ្ញុំ និង​ដូច​សិង្ហ​ដែល​ពួន​ចាំ​ប្រហារ​ខ្ញុំ។ ព្រះអង្គ​ដេញ​ខ្ញុំ​ចេញ​ពី​ផ្លូវ ព្រះអង្គ​ហែក​សាច់​ខ្ញុំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​អន្តរាយ។ ព្រះអង្គ​យឹត​ធ្នូ ហើយ​បាញ់​ព្រួញ​តម្រង់​មក​ខ្ញុំ។ ព្រះអង្គ​យក​ព្រួញ​ទាំង​អស់ ពី​បំពង់​របស់​ព្រះអង្គ បាញ់​ទម្លុះ​រូប​កាយ​ខ្ញុំ។ ប្រជា‌ជន​របស់​ខ្ញុំ​ទាំង​មូល​សើច​ចំអក​ឲ្យ​ខ្ញុំ រៀង​រាល់​ថ្ងៃ ពួក​គេ​ច្រៀង​ឡក‌ឡឺយ​ដាក់​ខ្ញុំ។ ព្រះអង្គ​ឲ្យ​ខ្ញុំ​បរិភោគ​បន្លែ​ដ៏​ជូរ​ចត់ ព្រះអង្គ​ឲ្យ​ខ្ញុំ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។ ព្រះអង្គ​ឲ្យ​ខ្ញុំ​ខាំ​ថ្ម​បាក់​ធ្មេញ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ដួល​ផ្កាប់​មុខ​នៅ​ក្នុង​ផេះ។ ព្រះអង្គ​ធ្វើ​ឲ្យ​សេចក្ដី​សុខ​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ខ្ញុំ​លែង​ដឹង​ថា​អ្វី​ទៅ​ជា​សុភមង្គល។ ខ្ញុំ​ក៏​ពោល​ថា “ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ហើយ សូម្បី​តែ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​លើ​ព្រះ‌អម្ចាស់ ក៏​លែង​មាន​ទៀត​ដែរ”។ ពេល​ខ្ញុំ​នឹក​ដល់​ទុក្ខ​លំបាក និង​ភាព​តែល‌តោល ដែល​ខ្ញុំ​ជួប​ប្រទះ នោះ​ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា​ក្រៃ‌លែង។ ទោះ​បី​ខ្ញុំ​ខំ​បំភ្លេច​ទុក្ខ​លំបាក​នេះ​ក្ដី ក៏​ខ្ញុំ​នៅ​តែ​នឹក​ឃើញ​ជានិច្ច។ តែ​ឥឡូវ​នេះ ខ្ញុំ​ចង់​គិត​ដល់​អ្វីៗ ដែល​នាំ​ខ្ញុំ​ឲ្យ​មាន​សង្ឃឹម​ឡើង​វិញ គឺ​ខ្ញុំ​នឹក​ដល់​ព្រះ‌ហឫទ័យ​សប្បុរស របស់​ព្រះ‌អម្ចាស់ ដែល​មិន​ចេះ​រលត់។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ ចំពោះ​ខ្ញុំ ឥត​ទី​បញ្ចប់។ ព្រះអង្គ​តែង​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​នេះ សា​ជា​ថ្មី​រៀង​រាល់​ព្រឹក ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​របស់​ព្រះអង្គ មាន​ទំហំ​ធំ​ពន់​ពេក​ក្រៃ។ ខ្ញុំ​ពោល​ថា ខ្ញុំ​គ្មាន​កេរ‌មត៌ក​អ្វី ក្រៅ​ពី​ព្រះ‌អម្ចាស់​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ។