បរិទេវ 3:1-24
បរិទេវ 3:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំជាមនុស្សដែលបានឃើញសេចក្ដីវេទនា ដោយដំបងនៃសេចក្ដីក្រោធរបស់ព្រះអង្គ ព្រះអង្គបាននាំខ្ញុំទៅក្នុងសេចក្ដីងងឹត មិនមែនក្នុងពន្លឺទេ ពិតប្រាកដជាព្រះអង្គបានបែរព្រះហស្ត មកទាស់នឹងខ្ញុំផ្ទួនៗរាល់ថ្ងៃ។ ព្រះអង្គបានធ្វើឲ្យសាច់ ស្បែកខ្ញុំរោយរៀវទៅ ហើយបានបំបាក់ឆ្អឹងខ្ញុំផង ព្រះអង្គបានធ្វើរបងឃុំឃាំងខ្ញុំ ហើយបានឡោមព័ទ្ធខ្ញុំដោយថ្នាំពុល និងការដែលនឿយលំបាក ព្រះអង្គឲ្យខ្ញុំនៅកន្លែងងងឹត ដូចពួកដែលបានស្លាប់ជាយូរមកហើយ។ ព្រះអង្គបានធ្វើកំផែងព័ទ្ធជុំវិញខ្ញុំ មិនឲ្យចេញទៅក្រៅឡើយ ក៏បានយកច្រវាក់ចងខ្ញុំយ៉ាងធ្ងន់ ទោះបើខ្ញុំខំស្រែកហៅរកជំនួយ ព្រះអង្គរាំងរាមិនឲ្យសេចក្ដីអធិស្ឋានរបស់ខ្ញុំ ចូលទៅឡើយ ព្រះអង្គបានដាក់ថ្មរាំងផ្លូវខ្ញុំ ហើយបានធ្វើឲ្យផ្លូវច្រកខ្ញុំវៀចទាំងអស់។ ព្រះអង្គប្រៀបដូចជាខ្លាឃ្មុំដែលលបសង្គ្រុប ហើយដូចជាសិង្ហពួនចាំប្រហារខ្ញុំ ព្រះអង្គបានបង្វែរផ្លូវរបស់ខ្ញុំ ក៏ហែកខ្ញុំខ្ទេចខ្ទី ហើយឲ្យខ្ញុំនៅកណ្ដោចកណ្ដែង ព្រះអង្គបានយឹតធ្នូ ហើយតាំងខ្ញុំទុកជាវង់សម្រាប់ព្រួញ។ ព្រះអង្គបានធ្វើឲ្យតួព្រួញពីបំពង់ព្រះអង្គទម្លុះថ្លើមខ្ញុំ ខ្ញុំបានទៅជាទីសំណើច ដល់ជនជាតិទាំងឡាយរបស់ខ្ញុំ ហើយជាបទចម្រៀងរបស់គេជានិច្ចរាល់ថ្ងៃ។ ព្រះអង្គបានចម្អែតខ្ញុំ ដោយសេចក្ដីជូរចត់ ព្រមទាំងឲ្យខ្ញុំស្រវឹងដោយស្លែងផង។ ព្រះអង្គបានបំបាក់ធ្មេញខ្ញុំដោយក្រួស ហើយបានព្រលាំងខ្ញុំដោយផេះ ហើយព្រះអង្គបោះបង់ចោលព្រលឹងរបស់ខ្ញុំ ឆ្ងាយចេញពីសេចក្ដីសុខទៅ ខ្ញុំបានភ្លេចសេចក្ដីចម្រើនហើយ ខ្ញុំក៏ពោលថា៖ «កម្លាំងខ្ញុំបាត់បង់អស់ សេចក្ដីសង្ឃឹមលើព្រះយេហូវ៉ាក៏លែងមានដែរ»។ ខ្ញុំនឹកចាំពីសេចក្ដីទុក្ខលំបាក និងសេចក្ដីវេទនារបស់ខ្ញុំ ព្រមទាំងស្លែង និងថ្នាំពុលផង។ ព្រលឹងខ្ញុំនៅតែចាំបាននៅឡើយ ហើយក៏ឱនចុះនៅក្នុងខ្លួនខ្ញុំ។ តែខ្ញុំនឹកឡើងវិញពីសេចក្ដីនេះ បានជាខ្ញុំមានសេចក្ដីសង្ឃឹម គឺសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា មិនចេះចប់ សេចក្ដីមេត្តាករុណារបស់ព្រះអង្គមិនចេះផុត សេចក្ដីទាំងនោះ ចេះតែថ្មីរៀងរាល់ព្រឹក សេចក្ដីស្មោះត្រង់របស់ព្រះអង្គធំណាស់។ ព្រលឹងខ្ញុំបានពោលថា «ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះ ខ្ញុំនឹងសង្ឃឹមដល់ព្រះអង្គ»។
បរិទេវ 3:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំជាមនុស្សម្នាក់បានឃើញទុក្ខវេទនា នៅគ្រាដែលព្រះជាម្ចាស់ ទ្រង់ព្រះពិរោធ។ ព្រះអង្គបណ្ដើរខ្ញុំ ហើយនាំខ្ញុំទៅនៅក្នុងទីងងឹត គឺមិនមែនក្នុងពន្លឺឡើយ។ ជារៀងរាល់ថ្ងៃ ព្រះអង្គលើកព្រះហស្ដ វាយខ្ញុំ ហើយវាយទៀត។ ព្រះអង្គវាយខ្ញុំដាច់សាច់ដាច់ស្បែក ព្រះអង្គវាយបំបាក់ឆ្អឹងរបស់ខ្ញុំ។ ព្រះអង្គយកការឈឺចាប់ និងទុក្ខវេទនា មករុំព័ទ្ធជុំវិញខ្ញុំ។ ព្រះអង្គទុកឲ្យខ្ញុំរស់នៅក្នុងទីងងឹត ដូចអស់អ្នកដែលស្លាប់តាំងពីយូរមកហើយ។ ព្រះអង្គចងខ្ញុំជាប់នឹងជញ្ជាំង ដើម្បីកុំឲ្យខ្ញុំចេញរួច ព្រះអង្គយកច្រវាក់ដ៏ធ្ងន់មកចងខ្ញុំ។ ខ្ញុំខំប្រឹងស្រែកអង្វរឲ្យគេជួយ តែព្រះអង្គឃាត់ឃាំងគេ មិនឲ្យឮពាក្យអង្វររបស់ខ្ញុំទេ។ ព្រះអង្គដាក់ផ្ទាំងថ្មរាំងផ្លូវខ្ញុំ ព្រះអង្គបានពង្វាងផ្លូវខ្ញុំ។ ព្រះអង្គប្រៀបដូចជាខ្លាឃ្មុំចាំស្ទាក់ផ្លូវខ្ញុំ និងដូចសិង្ហដែលពួនចាំប្រហារខ្ញុំ។ ព្រះអង្គដេញខ្ញុំចេញពីផ្លូវ ព្រះអង្គហែកសាច់ខ្ញុំ ព្រមទាំងធ្វើឲ្យខ្ញុំត្រូវអន្តរាយ។ ព្រះអង្គយឹតធ្នូ ហើយបាញ់ព្រួញតម្រង់មកខ្ញុំ។ ព្រះអង្គយកព្រួញទាំងអស់ ពីបំពង់របស់ព្រះអង្គ បាញ់ទម្លុះរូបកាយខ្ញុំ។ ប្រជាជនរបស់ខ្ញុំទាំងមូលសើចចំអកឲ្យខ្ញុំ រៀងរាល់ថ្ងៃ ពួកគេច្រៀងឡកឡឺយដាក់ខ្ញុំ។ ព្រះអង្គឲ្យខ្ញុំបរិភោគបន្លែដ៏ជូរចត់ ព្រះអង្គឲ្យខ្ញុំផឹកទឹកដែលមានជាតិពុល។ ព្រះអង្គឲ្យខ្ញុំខាំថ្មបាក់ធ្មេញ ព្រះអង្គធ្វើឲ្យខ្ញុំដួលផ្កាប់មុខនៅក្នុងផេះ។ ព្រះអង្គធ្វើឲ្យសេចក្ដីសុខឃ្លាតឆ្ងាយពីខ្ញុំ ហើយខ្ញុំលែងដឹងថាអ្វីទៅជាសុភមង្គល។ ខ្ញុំក៏ពោលថា “ខ្ញុំលែងមានអ្វីជាទីពឹងហើយ សូម្បីតែសេចក្ដីសង្ឃឹមរបស់ខ្ញុំលើព្រះអម្ចាស់ ក៏លែងមានទៀតដែរ”។ ពេលខ្ញុំនឹកដល់ទុក្ខលំបាក និងភាពតែលតោល ដែលខ្ញុំជួបប្រទះ នោះចិត្តខ្ញុំឈឺចាប់ខ្លោចផ្សាក្រៃលែង។ ទោះបីខ្ញុំខំបំភ្លេចទុក្ខលំបាកនេះក្ដី ក៏ខ្ញុំនៅតែនឹកឃើញជានិច្ច។ តែឥឡូវនេះ ខ្ញុំចង់គិតដល់អ្វីៗ ដែលនាំខ្ញុំឲ្យមានសង្ឃឹមឡើងវិញ គឺខ្ញុំនឹកដល់ព្រះហឫទ័យសប្បុរស របស់ព្រះអម្ចាស់ ដែលមិនចេះរលត់។ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ចំពោះខ្ញុំ ឥតទីបញ្ចប់។ ព្រះអង្គតែងតែសម្តែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យអាណិតអាសូរនេះ សាជាថ្មីរៀងរាល់ព្រឹក ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ មានទំហំធំពន់ពេកក្រៃ។ ខ្ញុំពោលថា ខ្ញុំគ្មានកេរមត៌កអ្វី ក្រៅពីព្រះអម្ចាស់ទេ ហេតុនេះហើយបានជាខ្ញុំសង្ឃឹមលើព្រះអង្គ។
បរិទេវ 3:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំជាមនុស្សដែលបានឃើញសេចក្ដីវេទនា ដោយដំបងនៃសេចក្ដីក្រោធរបស់ទ្រង់ ទ្រង់បាននាំខ្ញុំឲ្យដើរក្នុងសេចក្ដីងងឹត មិនមែនក្នុងពន្លឺទេ ពិតប្រាកដជាទ្រង់បានបែរព្រះហស្តមក ទាស់នឹងខ្ញុំខ្ជាន់ៗជានិច្ចរាល់តែថ្ងៃ ទ្រង់បានធ្វើឲ្យសាច់ ហើយស្បែកខ្ញុំរោយរៀវទៅ ហើយបានបំបាក់ឆ្អឹងខ្ញុំផង ទ្រង់បានធ្វើរបងឃុំឃាំងខ្ញុំ ហើយបានឡោមព័ទ្ធខ្ញុំដោយថ្នាំពុល នឹងការដែលនឿយលំបាក ទ្រង់បានឲ្យខ្ញុំអាស្រ័យនៅទីងងឹត ដូចជាពួកដែលបានស្លាប់ជាយូរមកហើយ ទ្រង់បានធ្វើកំផែងព័ទ្ធជុំវិញខ្ញុំ ដើម្បីមិនឲ្យខ្ញុំចេញទៅក្រៅឡើយ ក៏បានធ្វើឲ្យច្រវាក់ខ្ញុំជាធ្ងន់ អើ កាលណាខ្ញុំអំពាវនាវ ហើយស្រែកឡើងឲ្យជួយ នោះទ្រង់រាំងរាមិនឲ្យសេចក្ដីអធិស្ឋានរបស់ខ្ញុំចូលទៅឡើយ ទ្រង់បានយកថ្មដាប់ធ្វើកំផែងរាំងផ្លូវខ្ញុំ ហើយបានធ្វើឲ្យផ្លូវច្រកខ្ញុំវៀចទាំងអស់ ទ្រង់ប្រៀបដូចជាខ្លាឃ្មុំដែលលបសង្គ្រុប ហើយដូចជាសិង្ហនៅទីស្ងាត់កំបាំងដល់ខ្ញុំ ទ្រង់បានបង្វែរអស់ទាំងផ្លូវរបស់ខ្ញុំ ក៏ហែកខ្ញុំឲ្យខ្ទេចខ្ទី ហើយបានឲ្យខ្ញុំត្រមោចនៅ ទ្រង់បានយឹតធ្នូ ហើយតាំងខ្ញុំទុកជាវង់សំរាប់ព្រួញ ទ្រង់បានធ្វើឲ្យតួព្រួញពីបំពង់ទ្រង់ទំលុះថ្លើមខ្ញុំ ខ្ញុំបានទៅជាទីសំណើចដល់ជនជាតិទាំងឡាយរបស់ខ្ញុំ ហើយជាបទចំរៀងរបស់គេជានិច្ចរាល់ថ្ងៃ ទ្រង់បានចំអែតខ្ញុំ ដោយសេចក្ដីជូរចត់ ព្រមទាំងឲ្យខ្ញុំស្រវឹងដោយស្លែងផង ទ្រង់បានបំបាក់ធ្មេញខ្ញុំដោយក្រួស ហើយបានព្រលាំងខ្ញុំដោយផេះ ហើយទ្រង់បោះបង់ចោលព្រលឹងរបស់ខ្ញុំ ឆ្ងាយចេញពីសេចក្ដីសុខទៅ ខ្ញុំបានភ្លេចសេចក្ដីចំរើនហើយ ខ្ញុំបានថា កំឡាំងខ្ញុំសូន្យបាត់អស់ទៅ សេចក្ដីសង្ឃឹមរបស់ខ្ញុំក៏ផុតចាកពីព្រះយេហូវ៉ាហើយ។ ខ្ញុំនឹកចាំពីសេចក្ដីទុក្ខលំបាក នឹងពីសេចក្ដីវេទនារបស់ខ្ញុំ ព្រមទាំងស្លែង នឹងថ្នាំពុលផង ព្រលឹងខ្ញុំនៅតែចាំបាននៅឡើយ ហើយក៏ឱនចុះនៅក្នុងខ្លួនខ្ញុំ តែខ្ញុំនឹកឡើងវិញពីសេចក្ដីនេះ បានជាខ្ញុំមានសេចក្ដីសង្ឃឹមឡើង គឺនឹកពីសេចក្ដីនេះថា កុំតែមានសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្ដីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្ដីស្មោះត្រង់របស់ទ្រង់ធំណាស់ ព្រលឹងខ្ញុំបានពោលថា ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់