បរិទេវ 2:15-19

បរិទេវ 2:15-19 គខប

អស់​អ្នក​ដើរ​កាត់​តាម​នេះ គេ​នឹង​នាំ​គ្នា​ទះ​ដៃ ហួច និង​គ្រវី​ក្បាល ចំអក​ឲ្យ​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម ទាំង​ពោល​ថា “នេះ​ឬ​ទីក្រុង​ដែល​គេ​ធ្លាប់​តែ សរសើរ​ថា​ស្អាត​បំផុត និង​សប្បាយ​បំផុត នៅ​លើ​ផែនដី?”។ ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ប្រមាថ​នាង ពួក​គេ​គ្រហឹម បញ្ចេញ​ចង្កូម ទាំង​ពោល​ថា “យើង​បាន​ត្របាក់​លេប​វា​ហើយ! ថ្ងៃ​យើង​ទន្ទឹង​រង់‌ចាំ​នោះ​មក​ដល់​ហើយ យើង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ហើយ!” ព្រះ‌អម្ចាស់​សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​ថ្លែង​ទុក តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ ព្រះអង្គ​បាន​កម្ទេច​នាង ឥត​ត្រា‌ប្រណី ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​អរ​សប្បាយ ដោយ​ឃើញ​នាង​បរា‌ជ័យ ព្រះអង្គ​ប្រទាន​កម្លាំង ឲ្យ​បច្ចា‌មិត្ត​របស់​នាង។ កំពែង​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ចូរ​បង្ហូរ​ទឹក​ភ្នែក​ឲ្យ​ហូរ​ដូច​ទឹក​ទន្លេ ចូរ​យំ​ទាំង​ថ្ងៃ ទាំង​យប់ ឥត​ស្រាក‌ស្រាន្ត​សោះ​ឡើយ។ ចូរ​ក្រោក​ឡើង! ចូរ​បន្លឺ​សំឡេង​មួយ​យប់​ទល់​ភ្លឺ! ចូរ​ថ្លែង​ទុក្ខ​ព្រួយ​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ឥត​លាក់‌លៀម​អ្វី​ឡើយ ចូរ​លើក​ដៃ​អង្វរ​ព្រះអង្គ សូម​ទ្រង់​ប្រណី​សន្ដោស​ជីវិត​ក្មេងៗ ដែល​ដេក​ដួល​នៅ​តាម​ផ្លូវ ព្រោះ​អត់​ឃ្លាន។