បរិទេវ 2:10-13

បរិទេវ 2:10-13 គខប

ព្រឹទ្ធា‌ចារ្យ​របស់​ក្រុង​ស៊ីយ៉ូន នាំ​គ្នា​អង្គុយ​ផ្ទាល់​នឹង​ដី និយាយ​ស្ដី​លែង​កើត ពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាល ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ។ ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម នាំ​គ្នា​ដើរ​ឱន​មុខ​យ៉ាង​អាម៉ាស់។ ខ្ញុំ​យំ​ទាល់​តែ​ហើម​ភ្នែក ចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា ថ្លើម​ប្រមាត់​ខ្ញុំ​ក៏​ខ្ទេច‌ខ្ទាំ ព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។ កូន​ក្មេង និង​ទារក​ដេក​ដួល​នៅ​តាម​ផ្លូវ ក្នុង​បុរី​នេះ។ ពួក​វា​យំ​ទារ​អាហារ និង​ទឹក​ពី​ម្ដាយ ពួក​វា​ដេក​ដួល​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង ដូច​អ្នក​របួស ហើយ​ផុត​ដង្ហើម​នៅ​លើ​ទ្រូង​ម្ដាយ។ ក្រុង​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​នឹង​ថ្លែង​ទៀត នាង​ក្រមុំ​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​អាច​យក​អ្វី​មក​ប្រៀប​ផ្ទឹម ដើម្បី​សម្រាល​ទុក្ខ​នាង​បាន? ដ្បិត​មហន្ត‌រាយ​របស់​នាង​ធំ​ដូច​មហា‌សាគរ តើ​នរណា​អាច​ព្យាបាល​នាង​បាន?