បរិទេវ 2:1-9

បរិទេវ 2:1-9 គខប

ម្ដេច​ក៏​ព្រះ‌អម្ចាស់​ទ្រង់ ព្រះ‌ពិរោធ​ខ្លាំង​ដូច្នេះ! ព្រះអង្គ​ធ្វើ​ឲ្យ​ពពក​អាប់‌អួរ គ្រប​បាំង​លើ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​ធ្វើ​ឲ្យ​ភាព​ថ្កុំ‌ថ្កើង​របស់​អ៊ីស្រា‌អែល ធ្លាក់​ពី​លើ​មេឃ​ចុះ​មក​ផែនដី! នៅ​ថ្ងៃ​ទ្រង់​ព្រះ‌ពិរោធ ព្រះអង្គ​មិន​នឹក​ឃើញ​ថា ក្រុង​ស៊ីយ៉ូន​ជា កំណល់​កល់​ព្រះ‌បាទា​របស់​ព្រះអង្គ​ទេ។ ព្រះ‌អម្ចាស់​បាន​កម្ទេច​ទី​លំ‌នៅ​ទាំង​ប៉ុន្មាន របស់​លោក​យ៉ាកុប ដោយ​ឥត​ត្រា​ប្រណី។ ក្នុង​ពេល​ព្រះអង្គ​ក្រេវ‌ក្រោធ ព្រះអង្គ​រំលំ​កំពែង​ក្រុង​របស់​ស្រុក​យូដា។ ព្រះអង្គ​បាន​បន្ទាប​បន្ថោក​នគរ និង​មេ​ដឹក​នាំ​របស់​នគរ​នេះ។ ក្នុង​ពេល​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ព្រះអង្គ​បាន​បំបាក់​កម្លាំង​របស់​អ៊ីស្រា‌អែល ព្រះអង្គ​លែង​ជួយ​ពួក​គេ ឲ្យ​តទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ហើយ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ភ្លើង​ឆាប‌ឆេះ​គ្រប់​ទិស‌ទី នៅ​ក្នុង​ស្រុក​របស់​លោក​យ៉ាកុប។ ព្រះអង្គ​យឹត​ធ្នូ​ដូច​គូ​សត្រូវ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ប្រហារ​ដូច​បច្ចា‌មិត្ត ព្រះអង្គ​កម្ទេច​អ្វីៗ​ទាំង​អស់​ដែល​មាន​តម្លៃ សម្រាប់​យើង ព្រះអង្គ​ជះ​ព្រះ‌ពិរោធ​មក​លើ​ក្រុង​ស៊ីយ៉ូន ដូច​ភ្លើង​ឆេះ​រាល‌ដាល។ ព្រះ‌អម្ចាស់​ធ្វើ​ដូច​ជា​ខ្មាំង​សត្រូវ ព្រះអង្គ​លេប​បំបាត់​អ៊ីស្រា‌អែល ព្រះអង្គ​លេប​បំបាត់​វិមាន ព្រះអង្គ​កម្ទេច​បន្ទាយ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នេះ ព្រះអង្គ​ធ្វើ​ឲ្យ​ប្រជា‌ជន​យូដា​សោក​សង្រេង និង​យំ​ថ្ងូរ​ឥត​មាន​ពេល​ល្ហែ។ ព្រះអង្គ​កម្ទេច​ស្រុក​ទាំង​មូល​ដែល​ជា​ចម្ការ របស់​ព្រះអង្គ ព្រះអង្គ​កម្ទេច​ព្រះ‌ដំណាក់ និង​ព្រះ‌ពន្លា​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន លែង​នឹក​នា​ដល់​ពិធី​បុណ្យ និង​ថ្ងៃ​សប្ប័ទ*។ ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​ឲ្យ​ស្ដេច និង​បូជា‌ចារ្យ​ត្រូវ​អាម៉ាស់។ ព្រះ‌អម្ចាស់​បោះ​បង់​ចោល​អាសនៈ​របស់​ព្រះអង្គ ព្រះអង្គ​ស្អប់​ខ្ពើម​ទីសក្ការៈ​របស់​ព្រះអង្គ ព្រះអង្គ​បណ្ដោយ​ខ្មាំង​សត្រូវ​រំលំ​កំពែង​ក្រុង ពួក​គេ​នាំ​គ្នា​ស្រែក​ជយ‌ឃោស នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដូច​នៅ​ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​ធំ​មួយ។ ព្រះ‌អម្ចាស់​សម្រេច​រំលំ​កំពែង​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​វាស់​កំពែង​នេះ ហើយ​ព្រះអង្គ​មិន​ដក​ព្រះ‌ហស្ដ​មក​វិញ​ទេ ដរាប​ណា​ទាល់​តែ​បំផ្លាញ​អស់​ជា​មុន​សិន ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប៉ម និង​កំពែង​ក្រុង រំលំ​គរ​លើ​គ្នា។ ព្រះអង្គ​កម្ទេច​ទ្វារ​ក្រុង​ឲ្យ​ស្រុត កប់​ទៅ​ក្នុង​ដី ព្រម​ទាំង​បំបាក់​រនុក​ទៀត​ផង។ ស្ដេច និង​មន្ត្រី ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ក្រឹត្យ‌វិន័យ​លែង​មាន​ទៀត​ហើយ សូម្បី​តែ​ពួក​ព្យាការី​ក៏​លែង​និមិត្ត ឃើញ​ការ​អស្ចារ្យ​ពី​ព្រះ‌អម្ចាស់​ទៀត​ដែរ។