ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរលើកលំពែងដែលអ្នកកាន់នោះតម្រង់ទៅក្រុងអៃ ដ្បិតយើងប្រគល់ក្រុងនេះមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ លោកយ៉ូស្វេលើកលំពែងដែលលោកកាន់ តម្រង់ទៅរកក្រុង។ ពេលលោកលើកដៃឡើង ទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងពួនមកយ៉ាងប្រញាប់។ គេរត់ចូលទៅក្នុងទីក្រុង ហើយដណ្ដើមយកបាន រួចនាំគ្នាដុតទីក្រុងជាបន្ទាន់។ កងទ័ពក្រុងអៃងាកមើលក្រោយ ឃើញផ្សែងហុយចេញពីទីក្រុងឡើងទៅលើមេឃ គេក៏ទាល់ច្រកមិនដឹងរត់ទៅទីណា។ កងទ័ពអ៊ីស្រាអែលដែលរត់ឆ្ពោះទៅវាលរហោស្ថានក៏បកក្រោយ វាយអស់អ្នកដែលដេញតាមពួកគេវិញ។ លោកយ៉ូស្វេ និងកងទ័ពអ៊ីស្រាអែលទាំងមូលឃើញថា ទ័ពឆ្មក់ដណ្ដើមយកទីក្រុងបានហើយ និងឃើញមានផ្សែងហុយឡើងពីទីក្រុង ពួកគេក៏បែរក្រោយវាយប្រហារកងទ័ពក្រុងអៃ។ ទ័ពឆ្មក់ក៏ចេញពីទីក្រុងមកវាយដែរ ដូច្នេះ ទ័ពរបស់ក្រុងអៃត្រូវទ័ពអ៊ីស្រាអែលវាយផ្ទប់ទាំងសងខាង រហូតទាល់តែស្លាប់បាត់បង់ជីវិតអស់ គ្មាននរណាម្នាក់រត់រួចឡើយ។ រីឯស្ដេចក្រុងអៃវិញ គេចាប់បានទាំងរស់ ហើយនាំមកជូនលោកយ៉ូស្វេ។ ជនជាតិអ៊ីស្រាអែលបានសម្លាប់អ្នកក្រុងអៃទាំងប៉ុន្មាន នៅខាងក្រៅទីក្រុង និងនៅតាមវាលរហោស្ថាន ត្រង់កន្លែងដែលអ្នកក្រុងអៃដេញតាមពួកគេ។ ក្រោយពីបានសម្លាប់អ្នកទាំងនោះអស់គ្មានសល់ហើយ ជនជាតិអ៊ីស្រាអែលទាំងមូលវិលត្រឡប់មកក្រុងអៃវិញ រួចសម្លាប់អ្នកក្រុងទាំងអស់គ្នា។ អ្នកក្រុងអៃទាំងប្រុសទាំងស្រីដែលស្លាប់នៅថ្ងៃនោះ មានចំនួនទាំងអស់មួយម៉ឺនពីរពាន់នាក់។ លោកយ៉ូស្វេឥតទម្លាក់ដៃទាល់តែសោះ គឺលោកលើកលំពែងឡើង រហូតទាល់តែជនជាតិអ៊ីស្រាអែលបំផ្លាញអ្នកក្រុងអៃអស់គ្មានសល់។ ជនជាតិអ៊ីស្រាអែលបានប្រមូលយកហ្វូងសត្វ និងអ្វីៗដែលមាននៅក្នុងក្រុងនោះ ទុកជាជយភណ្ឌ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកយ៉ូស្វេ។ លោកយ៉ូស្វេដុតបំផ្លាញក្រុងអៃឲ្យក្លាយទៅជាផេះ ហើយនៅស្ងាត់ជ្រងំរហូតដល់សព្វថ្ងៃ។ រីឯស្ដេចក្រុងអៃវិញ លោកយ៉ូស្វេបានយកទៅព្យួរ-កនៅនឹងដើមឈើមួយ ទុករហូតទល់ល្ងាច។ លុះដល់ថ្ងៃលិច លោកបញ្ជាឲ្យគេយកសាកសពចុះពីដើមឈើ ទៅចោលនៅមាត់ទ្វារក្រុង។ គេយកដុំថ្មមកគរពីលើជាគំនរយ៉ាងធំ ដែលនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ។
អាន យ៉ូស្វេ 8
ស្ដាប់នូវ យ៉ូស្វេ 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 8:18-29
13 ថ្ងៃ។
ចូរហៅសៀវភៅយ៉ូស្វេថា “និក្ខមនំ៖ ផ្នែកទី ២” ជារាស្ដ្ររបស់ព្រះជំនាន់ថ្មីយកទឹកដីដែលលោកបានសន្យា។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈយ៉ូស្វេ ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ