យ៉ូស្វេ 8:18-29

យ៉ូស្វេ 8:18-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​លើក​លំពែង​ដែល​កាន់​នៅ​ដៃ តម្រង់​ទៅ​ឯ​ក្រុង​អៃយ​ទៅ ដ្បិត​យើង​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ»។ លោក​យ៉ូស្វេ​ក៏​លើក​លំពែង​ដែល​កាន់​នៅ​ដៃ តម្រង់​ឆ្ពោះ​ទៅ​ទី​ក្រុង។ កាល​លោក​លើក​ដៃ​ឡើង ពួក​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​ពួន​ជា​ប្រញាប់ សម្រុក​ចូល​ទៅ​ចាប់​យក​ទីក្រុង ហើយ​ប្រញាប់‌ប្រញាល់​ដុតទី​ក្រុង​នោះ​ភ្លាម។ ដូច្នេះ កាល​ពួក​ក្រុង​អៃយ​ងាក​បែរ​មើល​ទៅ​ក្រោយ ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ទី​ក្រុងទៅ​លើ​មេឃ នោះ​គេ​គ្មាន​កម្លាំង​នឹង​រត់​ទៅ​ខាង​នេះ ឬ​ខាង​នោះ​ឡើយ ដ្បិត​ពួក​អ៊ីស្រា‌អែល​ដែល​រត់​ទៅ​ទី​រហោ‌ស្ថាន បាន​បក​ក្រោយ​ទាស់​នឹង​ពួក​អ្នក​ដែល​ដេញ​តាម​ខ្លួន​វិញ។ កាល​លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ឃើញ​ថា ទ័ព​ឆ្មក់​ចាប់​យក​ទី​ក្រុង​បាន​ហើយ ហើយ​មាន​ផ្សែង​ហុយ​ឡើង​ដូច្នេះ គេ​ក៏​បក​ក្រោយ វាយ​ប្រហារ​ពួក​ក្រុង​អៃយ​វិញ។ ទ័ព​ឆ្មក់​ដែល​ដុត​ទី​ក្រុង​ក៏​ចេញ​មក​ទាស់​នឹង​ទ័ព​របស់​ក្រុង​អៃយ​ដែរ គឺ​គេ​ស្ថិត​នៅ​កណ្ដាល​ពួក​អ៊ីស្រា‌អែល ដែល​ខ្លះ​វាយ​ផ្ទប់​ពី​ខាង​ណេះ ខ្លះ​វាយ​ផ្ទប់​ពីខាង​ណោះ។ ពួក​អ៊ីស្រា‌អែល​បាន​ប្រហារ​ពួក​គេ​រហូត​ទាល់​តែ​ស្លាប់​អស់​គ្មាន​សល់ ក៏​គ្មាន​អ្នក​ណា​ម្នាក់​រត់​រួច​ឡើយ។ ប៉ុន្ដែ ស្តេច​ក្រុង​អៃយ​វិញ គេ​ចាប់​បាន​ទាំង​រស់ ហើយ​នាំ​មក​ជូន​លោក​យ៉ូស្វេ។ កាល​ពួក​អ៊ីស្រា‌អែល​បាន​សម្លាប់​ពួក​ក្រុង​អៃយ​ទាំង​អស់​នៅ​វាល​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ពួកក្រុង​អៃយ​បាន​ដេញ ហើយ​គេ​បាន​ដួល​ស្លាប់​ទាំង​អស់​ដោយ​មុខ​ដាវ​ស្រេច​ហើយ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​វិល​ចូល​ទៅ​ក្រុង​អៃយ​វិញ ហើយ​ប្រហារ​ទាំង​អស់​ដោយ​មុខ​ដាវ។ មនុស្ស​ទាំង​អស់ ទាំង​ប្រុស​ទាំង​ស្រី ដែល​ដួល​ស្លាប់​នៅ​ថ្ងៃ​នោះ មាន​ចំនួន​ជា​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ គឺ​ប្រជា‌ជន​ទាំង​អស់​របស់​ក្រុង​អៃយ។ ដ្បិត​លោក​យ៉ូស្វេ​មិន​បាន​ដក​ដៃ ដែល​លើក​លំពែង​ឡើង​នោះ​មក​វិញ​ឡើយ រហូត​ទាល់​តែ​បាន​បំផ្លាញ​អ្នក​ក្រុង​អៃយ​អស់​គ្មាន​សល់។ ពួក​អ៊ីស្រា‌អែល​បាន​យក​តែ​ហ្វូង​សត្វ និង​របស់​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ ទុក​ជា​ជ័យ‌ភណ្ឌ​សម្រាប់​ខ្លួន​ប៉ុណ្ណោះ តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​យ៉ូស្វេ។ ដូច្នេះ លោក​យ៉ូស្វេ​បាន​ដុត​ក្រុង​អៃយ ឲ្យ​ទៅ​ជា​គំនរ​ខូច​បង់​រហូត​ត​ទៅ ហើយ​នៅ​ស្ងាត់​ជ្រងំ​ដរាប​ដល់​សព្វ​ថ្ងៃ។ រីឯ​ស្តេច​ក្រុង​អៃយ លោក​បាន​ព្យួរ​នឹង​ដើម​ឈើ​មួយ ទុក​រហូត​ទល់​ល្ងាច។ លុះ​ពេល​ថ្ងៃ​លិច លោក​យ៉ូស្វេ​បង្គាប់​ឲ្យ​គេ​ដាក់​សាក​សព​ចុះ​ពី​ដើម​ឈើ យក​ទៅ​បោះ​ចោល​នៅ​មាត់​ទ្វារ​ក្រុង ហើយគេ​យក​ថ្ម​មក​បង្គរ​ជា​គំនរ​មួយ​យ៉ាង​ធំ​ពី​លើ​សាក​សពនោះ ដែល​នៅ​រហូត​ដល់​សព្វ​ថ្ងៃ។

ចែក​រំលែក
អាន យ៉ូស្វេ 8

យ៉ូស្វេ 8:18-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​លើក​លំពែង​ដែល​អ្នក​កាន់​នោះ​តម្រង់​ទៅ​ក្រុង​អៃ ដ្បិត​យើង​ប្រគល់​ក្រុង​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ»។ លោក​យ៉ូស្វេ​លើក​លំពែង​ដែល​លោក​កាន់ តម្រង់​ទៅ​រក​ក្រុង។ ពេល​លោក​លើក​ដៃ​ឡើង ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​ពួន​មក​យ៉ាង​ប្រញាប់។ គេ​រត់​ចូល​ទៅ​ក្នុង​ទីក្រុង ហើយ​ដណ្ដើម​យក​បាន រួច​នាំ​គ្នា​ដុត​ទីក្រុង​ជា​បន្ទាន់។ កង‌ទ័ព​ក្រុង​អៃ​ងាក​មើល​ក្រោយ ឃើញ​ផ្សែង​ហុយ​ចេញ​ពី​ទីក្រុង​ឡើង​ទៅ​លើ​មេឃ គេ​ក៏​ទាល់​ច្រក​មិន​ដឹង​រត់​ទៅ​ទី​ណា។ កង‌ទ័ព​អ៊ីស្រា‌អែល​ដែល​រត់​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ក៏​បក​ក្រោយ វាយ​អស់​អ្នក​ដែល​ដេញ​តាម​ពួក​គេ​វិញ។ លោក​យ៉ូស្វេ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ​ថា ទ័ព​ឆ្មក់​ដណ្ដើម​យក​ទីក្រុង​បាន​ហើយ និង​ឃើញ​មាន​ផ្សែង​ហុយ​ឡើង​ពី​ទីក្រុង ពួក​គេ​ក៏​បែរ​ក្រោយ​វាយ​ប្រហារ​កង‌ទ័ព​ក្រុង​អៃ។ ទ័ព​ឆ្មក់​ក៏​ចេញ​ពី​ទីក្រុង​មក​វាយ​ដែរ ដូច្នេះ ទ័ព​របស់​ក្រុង​អៃ​ត្រូវ​ទ័ព​អ៊ីស្រា‌អែល​វាយ​ផ្ទប់​ទាំង​សង​ខាង រហូត​ទាល់​តែ​ស្លាប់​បាត់​បង់​ជីវិត​អស់ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ។ រីឯ​ស្ដេច​ក្រុង​អៃ​វិញ គេ​ចាប់​បាន​ទាំង​រស់ ហើយ​នាំ​មក​ជូន​លោក​យ៉ូស្វេ។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​សម្លាប់​អ្នក​ក្រុង​អៃ​ទាំង​ប៉ុន្មាន នៅ​ខាង​ក្រៅ​ទីក្រុង និង​នៅ​តាម​វាល​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​អ្នក​ក្រុង​អៃ​ដេញ​តាម​ពួក​គេ។ ក្រោយ​ពី​បាន​សម្លាប់​អ្នក​ទាំង​នោះ​អស់​គ្មាន​សល់​ហើយ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​វិល​ត្រឡប់​មក​ក្រុង​អៃ​វិញ រួច​សម្លាប់​អ្នក​ក្រុង​ទាំង​អស់​គ្នា។ អ្នក​ក្រុង​អៃ​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ស្លាប់​នៅ​ថ្ងៃ​នោះ មាន​ចំនួន​ទាំង​អស់​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។ លោក​យ៉ូស្វេ​ឥត​ទម្លាក់​ដៃ​ទាល់​តែ​សោះ គឺ​លោក​លើក​លំពែង​ឡើង រហូត​ទាល់​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​បំផ្លាញ​អ្នក​ក្រុង​អៃ​អស់​គ្មាន​សល់។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រមូល​យក​ហ្វូង​សត្វ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ ទុក​ជា​ជយ‌ភណ្ឌ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​យ៉ូស្វេ។ លោក​យ៉ូស្វេ​ដុត​បំផ្លាញ​ក្រុង​អៃ​ឲ្យ​ក្លាយ​ទៅ​ជា​ផេះ ហើយ​នៅ​ស្ងាត់​ជ្រងំ​រហូត​ដល់​សព្វ​ថ្ងៃ។ រីឯ​ស្ដេច​ក្រុង​អៃ​វិញ លោក​យ៉ូស្វេ​បាន​យក​ទៅ​ព្យួរ-ក​នៅ​នឹង​ដើម​ឈើ​មួយ ទុក​រហូតទល់​ល្ងាច។ លុះ​ដល់​ថ្ងៃ​លិច លោក​បញ្ជា​ឲ្យ​គេ​យក​សាក‌សព​ចុះ​ពី​ដើម​ឈើ ទៅ​ចោល​នៅ​មាត់​ទ្វារ​ក្រុង។ គេ​យក​ដុំ​ថ្ម​មក​គរ​ពី​លើ​ជា​គំនរ​យ៉ាង​ធំ ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ចែក​រំលែក
អាន យ៉ូស្វេ 8

យ៉ូស្វេ 8:18-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​ថា ចូរ​លើក​លំពែង​ដែល​កាន់​នៅ​ដៃ ដំរង់​ទៅ​ឯ​ក្រុង​អៃយ​ទៅ ដ្បិត​អញ​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ នោះ​យ៉ូស្វេ​ក៏​លើក​លំពែង​ដែល​កាន់​នៅ​ដៃ​ឡើង ដំរង់​ទៅ​ឯ​ទី​ក្រុង​នោះ កាល​លោក​លើក​ដៃ​ឡើង នោះ​ពួក​ទ័ព​បង្កប់​ក៏​ស្ទុះ​ចេញ​ពី​កន្លែង​គេ​ជា​ប្រញាប់ រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង​ភ្លាម ក៏​ចាប់​យក ហើយ​ប្រញាប់‌ប្រញាល់​នឹង​បង្កាត់​ភ្លើង​ដុត​ឡើង រួច​កាល​ពួក​ក្រុង​អៃយ បាន​ងាក​បែរ​មើល​ទៅ​ក្រោយ ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ទី​ក្រុង ទៅ​លើ​មេឃ​ដូច្នោះ នោះ​គេ​គ្មាន​កំឡាំង​នឹង​រត់​ទៅ​ឲ្យ​រួច ទោះ​ខាង​នេះ ឬ​ខាង​នោះ​ឡើយ ឯ​ពួក​អ៊ីស្រាអែល​ដែល​កំពុង​តែ​រត់​ទៅ​ឯ​ទី​រហោ‌ស្ថាន គេ​ក៏​វិល​បែរ​មក​ទាស់​នឹង​ពួក​អ្នក​ដែល​ដេញ​តាម​ខ្លួន​វិញ ហើយ​យ៉ូស្វេ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា កាល​ឃើញ​ថា​ពួក​ទ័ព​បង្កប់​បាន​យក​ទី​ក្រុង ហើយ​មាន​ផ្សែង​ហុយ​ឡើង​ដូច្នោះ នោះ​ក៏​វិល​ចូល​មក​សំឡាប់​ពួក​ក្រុង​អៃយ​វិញ​ដែរ ហើយ​ពួក​ដែល​ដុត​ទី​ក្រុង ក៏​ចេញ​មក​ទាស់​នឹង​គេ​ទៀត ដូច្នេះ​គេ​ក៏​នៅ​ជា​កណ្តាល​នៃ​សាសន៍​អ៊ីស្រាអែល ដែល​មាន​ខ្លះ​នៅ​ខាង​ណេះ ខ្លះ​នៅ​ខាង​ណោះ ហើយ​ក៏​ផ្ទប់​វាយ​គេ ទាល់​តែ​គ្មាន​អ្នក​ណា​មួយ​នៅ​សល់ ឬ​រត់​រួច​បាន​ឡើយ ឯ​ស្តេច​ក្រុង​អៃយ នោះ​គេ​ចាប់​យក​បាន​ទាំង​រស់ នាំ​ទៅ​ជូន​ដល់​យ៉ូស្វេ។ កាល​ពួក​អ៊ីស្រាអែល​បាន​សំឡាប់​ពួក​ក្រុង​អៃយ​ទាំង​ប៉ុន្មាន នៅ​វាល​ស្រែ នឹង​នៅ​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​បាន​ដេញ​តាម ហើយ​គេ​បាន​ដួល​ស្លាប់ ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា​ជា​ស្រេច​ហើយ នោះ​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ក៏​ត្រឡប់​ចូល​ទៅ​វាយ​ទី​ក្រុង​អៃយ ដោយ​មុខ​ដាវ​ដែរ ឯ​ពួក​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ដួល​ស្លាប់​នៅ​ថ្ងៃ​នោះ មាន​ចំនួន​ជា​១​ម៉ឺន​២​ពាន់​នាក់ គឺ​ជា​ពួក​ក្រុង​អៃយ​ទាំង​អស់​គ្នា ដ្បិត​យ៉ូស្វេ​មិន​បាន​ដក​ដៃ ដែល​លើក​លំពែង​ឡើង​នោះ​មក​វិញ​ឡើយ ទាល់​តែ​បាន​បំផ្លាញ​ពួក​ក្រុង​អៃយ​អស់​រលីង​ទៅ ពួក​អ៊ីស្រាអែល​បាន​យក​តែ​ហ្វូង​សត្វ នឹង​របស់​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ ទុក​ជា​របឹប​សំរាប់​ខ្លួន​ប៉ុណ្ណោះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​បង្គាប់​មក​យ៉ូស្វេ ដូច្នេះ​យ៉ូស្វេ​បាន​ដុត​ក្រុង​អៃយ ធ្វើ​ឲ្យ​ទៅ​ជា​គំនរ​ដរាប​ត​ទៅ គឺ​ជា​ទី​កន្លែង​ស្ងាត់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ឯ​ស្តេច​នៃ​ក្រុង​អៃយ​នោះ លោក​បាន​ព្យួរ​នឹង​ដើម​ឈើ​ទាល់​តែ​ល្ងាច រួច​ដល់​ថ្ងៃ​លិច លោក​បង្គាប់​ឲ្យ​គេ​ដាក់​ខ្មោច​ចុះ​ពី​ដើម​ឈើ​មក យក​ទៅ​បោះ​ចោល​នៅ​មាត់​ទ្វារ​ទី​ក្រុង ហើយ​ក៏​ប្រគរ​គំនរ​ថ្ម​យ៉ាង​ធំ​នៅ​ពី​លើ ដែល​នៅ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

ចែក​រំលែក
អាន យ៉ូស្វេ 8