យ៉ូប 5:16-27

យ៉ូប 5:16-27 គខប

ព្រះអង្គ​ប្រទាន​សេចក្ដី​សង្ឃឹម ដល់​មនុស្ស​ទន់​ខ្សោយ តែ​ព្រះអង្គ​បំបិទ​មាត់​មនុស្ស​ទុច្ចរិត។ ហេតុ​នេះ អ្នក​ដែល​ត្រូវ​ព្រះ‌ជាម្ចាស់​ស្ដី​ប្រដៅ ពិត​ជា​មាន​សុភមង្គល​មិន​ខាន។ មិន​ត្រូវ​មាក់‌ងាយ​ការ​ស្ដី​បន្ទោស​របស់​ព្រះ ដែល​ប្រកប​ដោយ​ឫទ្ធា‌នុភាព​ឡើយ។ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ឈឺ​ចាប់ តែ​ព្រះអង្គ​នឹង​ព្យាបាល​ឡើង​វិញ ព្រះអង្គ​ធ្វើ​ឲ្យ​របួស តែ​ព្រះអង្គ​នឹង​ព្យាបាល​មុខ​របួស​នេះ ដោយ​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ផ្ទាល់។ ព្រះអង្គ​ជួយ​លោក​ឲ្យ​រួច​ពី​ទុក្ខ​កង្វល់ ចំនួន​ប្រាំ​មួយ​ដង តែ​នៅ​គ្រា​ទី​ប្រាំ‌ពីរ ការ​អាក្រក់​នឹង​ពុំ​អាច កើត​មាន​ដល់​លោក​ទេ។ នៅ​ពេល​កើត​ទុរ្ភិក្ស ព្រះអង្គ​រំដោះ​លោក​ពី​សេចក្ដី​ស្លាប់ ហើយ​នៅ​ពេល​កើត​សង្គ្រាម ព្រះអង្គ​រំដោះ​លោក​ពី​មុខ​ដាវ។ ព្រះអង្គ​នឹង​ការពារ​លោក​ពី​ពាក្យ បរិហារ​របស់​អ្នក​ដទៃ ហើយ​លោក​ក៏​នឹង​មិន​ភ័យ​ខ្លាច​មហន្ត‌រាយ ដែល​កើត​ឡើង​ដែរ។ លោក​នឹង​មិន​ញញើត នៅ​ចំពោះ​មុខ មហន្ត‌រាយ ការ​អត់​ឃ្លាន សត្វ​សាហាវ​មិន​ធ្វើ​ឲ្យ​លោក​ភ័យ​ខ្លាច។ ស្រែ​ចម្ការ​របស់​លោក​នឹង​គ្មាន​ដុំ​ថ្ម ហើយ​គ្មាន​សត្វ​សាហាវ​មក​យាយី​លោក​ទេ។ លោក​នឹង​បាន​សុខ‌សាន្ត​នៅ​ក្នុង ទី​លំ‌នៅ​របស់​លោក ហើយ​ពេល​លោក​មើល​ទៅ​ហ្វូង​សត្វ ក៏​មិន​ឃើញ​មាន​បាត់​បង់​ដែរ។ លោក​នឹង​ឃើញ​ពូជ‌ពង្ស​របស់​លោក កើន​ចំនួន​ច្រើន​ឡើង កូន​ចៅ​របស់​លោក​កើន​ចំនួន ដូច​ស្មៅ​ដុះ​នៅ​តាម​ទី​វាល។ លោក​រស់​បាន​អាយុ​វែង ស្កប់​ស្កល់ ហើយ​លា​ចាក​លោក​នេះ​ទៅ ដូច​ស្រូវ​ទុំ​នៅ​រដូវ​ចម្រូត។ យើង​បាន​សង្កេត​មើល​ហេតុ‌ការណ៍​ទាំង​នេះ ហើយ​ឃើញ​ថា​ពិត​ជា​កើត​មាន​ដូច្នេះ​មែន។ ហេតុ​នេះ ចូរ​ត្រង‌ត្រាប់​ស្ដាប់ ហើយ​យក​ជា​មេ​រៀន​ចុះ!»។