យ៉ូប 5:16-27
យ៉ូប 5:16-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យ៉ាងនោះមនុស្សក្រខ្សត់មានទីសង្ឃឹម ហើយអំពើទុច្ចរិតត្រូវបិទមាត់ទៅ។ មើល៍! សប្បាយហើយអ្នកណា ដែលព្រះបានកែឡើង ដូច្នេះ កុំឲ្យមើលងាយសេចក្ដីផ្ចាញ់ផ្ចាល របស់ព្រះដ៏មានព្រះចេស្តា ឡើយ។ ដ្បិតព្រះអង្គធ្វើឲ្យមានរបួស រួចក៏រុំឲ្យ ព្រះអង្គវាយកម្ទេច ហើយព្រះហស្តរបស់ព្រះអង្គ ក៏មើលឲ្យជាឡើងវិញ។ ព្រះអង្គនឹងប្រោសឲ្យអ្នករួច ពីសេចក្ដីវេទនាប្រាំមួយមុខ អើ ដល់គម្រប់ប្រាំពីរផង នោះសេចក្ដីអាក្រក់ នឹងមិនមកពាល់ប៉ះអ្នកឡើយ។ នៅគ្រាគ្រោះអំណត់ ព្រះអង្គនឹងលោះអ្នក ឲ្យរួចពីសេចក្ដីស្លាប់ ហើយនៅគ្រាសឹកសង្គ្រាម ឲ្យរួចពីអំណាចដាវផង។ អ្នកនឹងបានលាក់កំបាំងពីរំពាត់នៃអណ្ដាតគេ ហើយកាលគ្រោះថ្នាក់មកដល់ នោះអ្នកមិនត្រូវខ្លាចឡើយ។ អ្នកនឹងសើចឡកដល់គ្រោះថ្នាក់ និងគ្រាអំណត់ ហើយមិនខ្លាចសត្វកំណាចនៅផែនដីផង។ ដ្បិតអ្នក និងថ្មនៅស្រែ នឹងបានជាមិត្តនឹងគ្នា ហើយទាំងសត្វព្រៃនឹងនៅជាមេត្រីនឹងអ្នកដែរ។ អ្នកនឹងបានទុកចិត្តថា លំនៅរបស់អ្នកនឹងមានសេចក្ដីសុខ កាលអ្នកចេញទៅមើលក្រោលសត្វរបស់អ្នក នោះនឹងឃើញថាមិនខ្វះខាតអ្វីឡើយ។ អ្នកនឹងឃើញពូជពង្សអ្នកចម្រើនជាច្រើនឡើង ហើយកូនចៅអ្នកបានគ្នាច្រើន ដូចជាស្មៅនៅផែនដី លុះអ្នកមានអាយុគ្រប់គ្រាន់ហើយ ទើបនឹងមរណភាពទៅ ឧបមាដូចជាកណ្ដាប់ស្រូវ ដែលគេយកចូលមកត្រូវរដូវកាល។ នេះហើយ ជាសេចក្ដីដែលយើងបានស្ទង់ មើលឲ្យដឹងហើយ ក៏ឃើញយ៉ាងនោះពិតមែន ដូច្នេះ ចូរអ្នកស្តាប់យកចុះ ហើយទទួល សម្រាប់ជាប្រយោជន៍ដល់ខ្លួនផង»។
យ៉ូប 5:16-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គប្រទានសេចក្ដីសង្ឃឹម ដល់មនុស្សទន់ខ្សោយ តែព្រះអង្គបំបិទមាត់មនុស្សទុច្ចរិត។ ហេតុនេះ អ្នកដែលត្រូវព្រះជាម្ចាស់ស្ដីប្រដៅ ពិតជាមានសុភមង្គលមិនខាន។ មិនត្រូវមាក់ងាយការស្ដីបន្ទោសរបស់ព្រះ ដែលប្រកបដោយឫទ្ធានុភាពឡើយ។ ព្រះជាម្ចាស់ធ្វើឲ្យឈឺចាប់ តែព្រះអង្គនឹងព្យាបាលឡើងវិញ ព្រះអង្គធ្វើឲ្យរបួស តែព្រះអង្គនឹងព្យាបាលមុខរបួសនេះ ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។ ព្រះអង្គជួយលោកឲ្យរួចពីទុក្ខកង្វល់ ចំនួនប្រាំមួយដង តែនៅគ្រាទីប្រាំពីរ ការអាក្រក់នឹងពុំអាច កើតមានដល់លោកទេ។ នៅពេលកើតទុរ្ភិក្ស ព្រះអង្គរំដោះលោកពីសេចក្ដីស្លាប់ ហើយនៅពេលកើតសង្គ្រាម ព្រះអង្គរំដោះលោកពីមុខដាវ។ ព្រះអង្គនឹងការពារលោកពីពាក្យ បរិហាររបស់អ្នកដទៃ ហើយលោកក៏នឹងមិនភ័យខ្លាចមហន្តរាយ ដែលកើតឡើងដែរ។ លោកនឹងមិនញញើត នៅចំពោះមុខ មហន្តរាយ ការអត់ឃ្លាន សត្វសាហាវមិនធ្វើឲ្យលោកភ័យខ្លាច។ ស្រែចម្ការរបស់លោកនឹងគ្មានដុំថ្ម ហើយគ្មានសត្វសាហាវមកយាយីលោកទេ។ លោកនឹងបានសុខសាន្តនៅក្នុង ទីលំនៅរបស់លោក ហើយពេលលោកមើលទៅហ្វូងសត្វ ក៏មិនឃើញមានបាត់បង់ដែរ។ លោកនឹងឃើញពូជពង្សរបស់លោក កើនចំនួនច្រើនឡើង កូនចៅរបស់លោកកើនចំនួន ដូចស្មៅដុះនៅតាមទីវាល។ លោករស់បានអាយុវែង ស្កប់ស្កល់ ហើយលាចាកលោកនេះទៅ ដូចស្រូវទុំនៅរដូវចម្រូត។ យើងបានសង្កេតមើលហេតុការណ៍ទាំងនេះ ហើយឃើញថាពិតជាកើតមានដូច្នេះមែន។ ហេតុនេះ ចូរត្រងត្រាប់ស្ដាប់ ហើយយកជាមេរៀនចុះ!»។
យ៉ូប 5:16-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ាងនោះមនុស្សក្រខ្សត់មានទីសង្ឃឹម ហើយសេចក្ដីទុច្ចរិតត្រូវបិទមាត់ទៅ។ មើល សប្បាយហើយអ្នកណាដែលព្រះទ្រង់បានកែឡើង ដូច្នេះ កុំឲ្យមើលងាយសេចក្ដីផ្ចាញ់ផ្ចាលរបស់ព្រះដ៏មានព្រះចេស្តាបំផុតឡើយ ដ្បិតទ្រង់ធ្វើឲ្យមានរបួស រួចក៏រុំឲ្យ ទ្រង់វាយកំទេច ហើយព្រះហស្តទ្រង់ក៏មើលឲ្យជាឡើងវិញ ទ្រង់នឹងប្រោសឲ្យអ្នករួចពីសេចក្ដីវេទនា៦មុខ អើ ដល់គំរប់៧ផង នោះសេចក្ដីអាក្រក់នឹងមិនមកពាល់ប៉ះអ្នកឡើយ នៅគ្រាអំណត់ ទ្រង់នឹងលោះអ្នកឲ្យរួចពីសេចក្ដីស្លាប់ ហើយនៅគ្រាសឹកសង្គ្រាមឲ្យរួចពីអំណាចដាវផង អ្នកនឹងបានលាក់កំបាំងពីរំពាត់នៃអណ្តាតគេ ហើយកាលគ្រោះថ្នាក់មកដល់ នោះអ្នកមិនត្រូវខ្លាចឡើយ អ្នកនឹងសើចឡកដល់គ្រោះថ្នាក់ នឹងគ្រាអំណត់ ហើយមិនខ្លាចសត្វកំណាចនៅផែនដីផង ដ្បិតអ្នក នឹងថ្មនៅស្រែ នឹងបានជាមិត្រនឹងគ្នា ហើយទាំងសត្វព្រៃនឹងនៅជាមេត្រីនឹងអ្នកដែរ អ្នកនឹងបានទុកចិត្តថា លំនៅរបស់អ្នកនឹងមានសេចក្ដីសុខ កាលអ្នកចេញទៅមើលក្រោលសត្វរបស់អ្នក នោះនឹងឃើញថាមិនខ្វះខាតអ្វីឡើយ អ្នកនឹងឃើញពូជពង្សអ្នកចំរើនជាច្រើនឡើង ហើយកូនចៅអ្នកបានគ្នាច្រើន ដូចជាស្មៅនៅផែនដី លុះអ្នកមានអាយុគ្រប់គ្រាន់ហើយ ទើបនឹងដល់មរណភាពទៅ ឧបមាដូចជាកណ្តាប់ស្រូវ ដែលគេយកចូលមកត្រូវរដូវកាល នេះហើយ ជាសេចក្ដីដែលយើងបានស្ទង់មើលឲ្យដឹងហើយ ក៏ឃើញយ៉ាងនោះពិតមែន ដូច្នេះ ចូរអ្នកស្តាប់យកចុះ ហើយទទួល សំរាប់ជាប្រយោជន៍ដល់ខ្លួនផង។