ក្រោយពេលព្រះអម្ចាស់មានព្រះបន្ទូលទាំងនេះមកកាន់លោកយ៉ូបហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអេលីផាសជាអ្នកស្រុកថេម៉ានថា៖ «យើងខឹងនឹងអ្នក ព្រមទាំងមិត្តភក្ដិទាំងពីររបស់អ្នកខ្លាំងណាស់ ដ្បិតអ្នកពុំបានថ្លែងអំពីយើង ដោយត្រឹមត្រូវដូចយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ។ ដូច្នេះ ចូរយកគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ទៅជួបយ៉ូប ជាអ្នកបម្រើរបស់យើង ហើយថ្វាយជាតង្វាយដុតទាំងមូល*សម្រាប់អ្នករាល់គ្នាចុះ។ យ៉ូប ជាអ្នកបម្រើរបស់យើង នឹងទូលអង្វរឲ្យអ្នករាល់គ្នា។ ដោយយើងយល់អធ្យាស្រ័យដល់យ៉ូបនោះ យើងនឹងមិនដាក់ទោសអ្នករាល់គ្នា ឲ្យសមនឹងគំនិតលេលារបស់អ្នករាល់គ្នាទេ ដ្បិតអ្នកពុំបានថ្លែងអំពីយើងដោយត្រឹមត្រូវ ដូចយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ»។ លោកអេលីផាសជាអ្នកស្រុកថេម៉ាន លោកប៊ីលដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាអាម៉ានាំគ្នាចាកចេញទៅ ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់។ ពេលនោះ ព្រះអម្ចាស់ក៏អធ្យាស្រ័យដល់លោកយ៉ូប។ នៅពេលដែលលោកយ៉ូបទូលអង្វរឲ្យមិត្តភក្ដិរបស់លោក ព្រះអម្ចាស់ប្រោសប្រណីលោកឲ្យបានចម្រុងចម្រើនឡើងវិញ។ ព្រះអម្ចាស់ប្រទានឲ្យលោកទទួលអ្វីៗទាំងអស់ពីរដងច្រើនលើសមុន។ បងប្អូនប្រុសស្រីទាំងប៉ុន្មានរបស់លោក និងញាតិមិត្តទាំងអស់ដែលលោកធ្លាប់ស្គាល់ នាំគ្នាមកសួរសុខទុក្ខលោក ហើយបរិភោគអាហាររួមជាមួយលោក នៅក្នុងផ្ទះរបស់លោក។ ពួកគេសម្តែងការអាណិតអាសូរ និងសម្រាលទុក្ខលោក ព្រោះតែទុក្ខវេទនាទាំងប៉ុន្មានដែលព្រះអម្ចាស់បានបណ្ដាលឲ្យកើតមានដល់លោក។ ពួកគេយកប្រាក់មួយណែនម្នាក់ ព្រមទាំងកងមាសម្នាក់មួយ មកជូនលោក។ ព្រះអម្ចាស់ ប្រទានពរដល់លោកយ៉ូបលើកនេះ ច្រើនជាងមុនទៅទៀត គឺលោកមានចៀមមួយម៉ឺនបួនពាន់ក្បាល អូដ្ឋប្រាំមួយពាន់ក្បាល គោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។ លោកមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។ លោកដាក់ឈ្មោះកូនស្រីទីមួយថា «យេមីម៉ា» កូនស្រីទីពីរ «កេស៊ីយ៉ា» និងកូនស្រីទីបី «កេរេន-ហាពូក»។ នៅក្នុងស្រុកនោះទាំងមូល គ្មាននារីណាមានរូបឆោមល្អស្អាត ដូចកូនស្រីរបស់លោកយ៉ូបទេ។ លោកយ៉ូប ជាឪពុក ក៏បានចែកមត៌កឲ្យនាងទាំងបី ដូចបងប្អូនប្រុសៗទាំងប្រាំពីរនាក់ដែរ។ ក្រោយមក លោកយ៉ូបរស់បានមួយរយសែសិបឆ្នាំទៀត លោកបានឃើញកូនចៅរបស់លោករហូតដល់បួនតំណ។ បន្ទាប់ពីមានអាយុយឺនយូរសម្បូណ៌សប្បាយមក លោកយ៉ូបក៏លាចាកលោកនេះទៅ៕
អាន យ៉ូប 42
ស្ដាប់នូវ យ៉ូប 42
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 42:7-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ