យ៉ូប 42:7-17

យ៉ូប 42:7-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ​ដល់​លោក​យ៉ូប​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដល់​អេលី‌ផាស ជា​សាសន៍​ថេម៉ាន​ថា៖ «យើង​មាន​កំហឹង​នឹង​ឯង​ហើយ ព្រម​ទាំង​គូ​កន​ឯង​ទាំង​ពីរ​នេះ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម​ត្រូវ​ពី​យើង ដូច​ជា​យ៉ូប ជា​អ្នក​បម្រើ​យើង​ទេ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​យក​គោ​ឈ្មោល​ប្រាំពីរ និង​ពពែ​ឈ្មោល​ប្រាំពីរ​ទៅ​ជួប​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឥឡូវ រួច​ថ្វាយ​តង្វាយ​ដុត​សម្រាប់​ខ្លួន។ ពេល​នោះ យ៉ូប​ជា​អ្នក​បម្រើ​យើង​នឹង​អធិ‌ស្ឋាន​សម្រាប់​អ្នក​រាល់​គ្នា ដ្បិត​យើង​នឹង​ទទួល ក្រែង​យើង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​តាម​អំពើ​ចម្កួត​របស់​អ្នក ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម​ត្រូវ​ពី​យើង ដូច​ជា​យ៉ូប​ជា​អ្នក​បម្រើ​យើង​ឡើយ»។ ដូច្នេះ អេលី‌ផាស សាសន៍​ថេម៉ាន ប៊ីល‌ដាឌ សាសន៍​ស៊ូអា និង​សូផារ សាសន៍​ណាអា‌ម៉ា ក៏​ទៅ​ធ្វើ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ទទួល​ព្រម​តាម​យ៉ូប។ កាល​លោក​យ៉ូប​បាន​អធិ‌ស្ឋាន​ឲ្យ​ពួក​មិត្ត​សម្លាញ់​រួច​ហើយ នោះ​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​លោក​រួច​ពី​ចំណង ហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​លើស​ជាង​ដើម​មួយ​ជា​ពីរ​ផង។ គ្រា​នោះ ពួក​បង‌ប្អូន​ប្រុស​ស្រី​របស់​លោក និង​អ្នក​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ស្គាល់​កាល​ពី​ដើម គេ​មក​សួរ​លោក ក៏​បរិ‌ភោគ​នៅ​ក្នុង​ផ្ទះ​ជា‌មួយ​លោក គេ​សម្ដែង​សេចក្ដី​អាសូរ​ដល់​លោក ហើយ​ក៏​ជួយ​កម្សាន្ត​ចិត្ត​ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​កើត​ដល់​លោក គ្រប់​គ្នា​ក៏​ឲ្យ​ប្រាក់​មួយ​ដួង និង​កងមាស​មួយ​វង់ៗ​ដល់​លោក។ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​យ៉ូប នៅពេល​ក្រោយ​នេះ លើស​ជាង​មុន​ទៅ​ទៀត លោក​ក៏​មាន​ចៀម​មួយ​ម៉ឺន​បួន​ពាន់ អូដ្ឋ​ប្រាំមួយ​ពាន់ គោ​មួយ​ពាន់​នឹម និង​លា​ញី​មួយ​ពាន់។ លោក​ក៏​បង្កើត​បាន​កូន​ប្រុស​ប្រាំពី កូន​ស្រី​បី​ទៀត កូន​ស្រី​ទី​មួយ ឈ្មោះ​យេមី‌ម៉ា ទី​ពីរ​ឈ្មោះ​កេស៊ី‌យ៉ា ហើយ​ទី​បី​ឈ្មោះ​កេរេន-ហាពូក។ នៅ​គ្រប់​ស្រុក​នោះ គ្មាន​ស្ត្រី​ណា​ដែល​មាន​រូប​ឆោមស្រស់​ដូច​ជា​កូន​ស្រី​របស់​លោក​យ៉ូប​នោះ​ទេ ហើយ​ឪពុក​ក៏​បែង​ចែក​មត៌ក​ដល់​កូន​ស្រី​ទាំង​នោះ ដូច​ជា​ដល់​បង‌ប្អូន​ប្រុស​ដែរ។ ក្រោយ​មក លោក​យ៉ូប​រស់​នៅ​បាន​មួយរយ​សែសិប​ឆ្នាំ​ទៀត លោក​ក៏​ឃើញ​កូន​ចៅ​ខ្លួន​ត​ទៅ​ដល់​បួន​តំណ។ លោក​យ៉ូប​ស្លាប់​ទៅ ដោយ​មាន​អាយុ​ជា​យឺន‌យូរ ហើយ​ស្កប់‌ស្កល់​នឹង​ជីវិត​របស់​លោក។:៚

ចែក​រំលែក
អាន យ៉ូប 42

យ៉ូប 42:7-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​មក​កាន់​លោក​យ៉ូប​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន​ថា៖ «យើង​ខឹង​នឹង​អ្នក ព្រម​ទាំង​មិត្ត‌ភក្ដិ​ទាំង​ពីរ​របស់​អ្នក​ខ្លាំង​ណាស់ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង ដោយ​ត្រឹម​ត្រូវ​ដូច​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឡើយ។ ដូច្នេះ ចូរ​យក​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ ទៅ​ជួប​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង ហើយ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល*​សម្រាប់​អ្នក​រាល់​គ្នា​ចុះ។ យ៉ូប ជា​អ្នក​បម្រើ​របស់​យើង នឹង​ទូល‌អង្វរ​ឲ្យ​អ្នក​រាល់​គ្នា។ ដោយ​យើង​យល់​អធ្យាស្រ័យ​ដល់​យ៉ូប​នោះ យើង​នឹង​មិន​ដាក់​ទោស​អ្នក​រាល់​គ្នា ឲ្យ​សម​នឹង​គំនិត​លេលា​របស់​អ្នក​រាល់​គ្នា​ទេ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង​ដោយ​ត្រឹម​ត្រូវ ដូច​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឡើយ»។ លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីល‌ដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណាអាម៉ា​នាំ​គ្នា​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់។ ពេល​នោះ ព្រះ‌អម្ចាស់​ក៏​អធ្យាស្រ័យ​ដល់​លោក​យ៉ូប។ នៅ​ពេល​ដែល​លោក​យ៉ូប​ទូល‌អង្វរ​ឲ្យ​មិត្ត‌ភក្ដិ​របស់​លោក ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​លោក​ឲ្យ​បាន​ចម្រុង‌ចម្រើន​ឡើង​វិញ។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​លោក​ទទួល​អ្វីៗ​ទាំង​អស់​ពីរ​ដង​ច្រើន​លើស​មុន។ បងប្អូន​ប្រុស​ស្រី​ទាំង​ប៉ុន្មាន​របស់​លោក និង​ញាតិ‌មិត្ត​ទាំង​អស់​ដែល​លោក​ធ្លាប់​ស្គាល់ នាំ​គ្នា​មក​សួរ​សុខ​ទុក្ខ​លោក ហើយ​បរិភោគ​អាហារ​រួម​ជា​មួយ​លោក នៅ​ក្នុង​ផ្ទះ​របស់​លោក។ ពួក​គេ​សម្តែង​ការ​អាណិត‌អាសូរ និង​សម្រាល​ទុក្ខ​លោក ព្រោះ​តែ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដាល​ឲ្យ​កើត​មាន​ដល់​លោក។ ពួក​គេ​យក​ប្រាក់​មួយ​ណែន​ម្នាក់ ព្រម​ទាំង​កង​មាស​ម្នាក់​មួយ មក​ជូន​លោក។ ព្រះ‌អម្ចាស់ ប្រទាន​ពរ​ដល់​លោក​យ៉ូប​លើក​នេះ ច្រើន​ជាង​មុន​ទៅ​ទៀត គឺ​លោក​មាន​ចៀម​មួយ​ម៉ឺន​បួន​ពាន់​ក្បាល អូដ្ឋ​ប្រាំ​មួយ​ពាន់​ក្បាល គោ​មួយ​ពាន់​នឹម និង​លា​ញី​មួយ​ពាន់​ក្បាល។ លោក​មាន​កូន​ប្រុស​ប្រាំ‌ពីរ​នាក់ និង​កូន​ស្រី​បី​នាក់។ លោក​ដាក់​ឈ្មោះ​កូន​ស្រី​ទី​មួយ​ថា «យេមី‌ម៉ា» កូន​ស្រី​ទី​ពីរ «កេស៊ី‌យ៉ា» និង​កូន​ស្រី​ទី​បី «កេរេន-‌ហាពូក»។ នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល គ្មាន​នារី​ណា​មាន​រូប​ឆោម​ល្អ​ស្អាត ដូច​កូន​ស្រី​របស់​លោក​យ៉ូប​ទេ។ លោក​យ៉ូប ជា​ឪពុក ក៏​បាន​ចែក​មត៌ក​ឲ្យ​នាង​ទាំង​បី ដូច​បងប្អូន​ប្រុសៗ​ទាំង​ប្រាំ‌ពីរ​នាក់​ដែរ។ ក្រោយ​មក លោក​យ៉ូប​រស់​បាន​មួយ​រយ​សែ‌សិប​ឆ្នាំ​ទៀត លោក​បាន​ឃើញ​កូន​ចៅ​របស់​លោក​រហូត​ដល់​បួន​តំណ។ បន្ទាប់​ពី​មាន​អាយុ​យឺន‌យូរ​សម្បូណ៌​សប្បាយ​មក លោក​យ៉ូប​ក៏​លា​ចាក​លោក​នេះ​ទៅ៕

ចែក​រំលែក
អាន យ៉ូប 42

យ៉ូប 42:7-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ពាក្យ​ទាំង​នេះ​ដល់​យ៉ូប​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ដល់​អេលី‌ផាស ជា​សាសន៍​ថេម៉ាន​ថា អញ​មាន​សេចក្ដី​កំហឹង​ខឹង​នឹង​ឯង​ហើយ ព្រម​ទាំង​គូ‌កន​ឯង​ទាំង​២​នេះ​ផង ដ្បិត​ឯង​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​ពី​អញ ដូច​ជា​យ៉ូប ជា​អ្នក​បំរើ​អញ​ទេ ដូច្នេះ ចូរ​ឯង​រាល់​គ្នា​យក​គោ​ឈ្មោល​៧ នឹង​ពពែ​ឈ្មោល​៧​នាំ​ទៅ​ឯ​យ៉ូប ជា​អ្នក​បំរើ​អញ​ឥឡូវ រួច​ថ្វាយ​ដង្វាយ​ដុត​សំរាប់​ខ្លួន​ទៅ នោះ​យ៉ូប ជា​អ្នក​បំរើ​អញ​នឹង​អធិ‌ស្ឋាន​ឲ្យ​ឯង​រាល់​គ្នា ដ្បិត​អញ​នឹង​ទទួល​វា ក្រែង​អញ​ប្រព្រឹត្ត​នឹង​ឯង​រាល់​គ្នា​តាម​អំពើ​ចំកួត​របស់​ឯង ពី​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​ពី​អញ ដូច​ជា​យ៉ូប ជា​អ្នក​បំរើ​អញ​ទេ ដូច្នេះ អេលី‌ផាស សាសន៍​ថេម៉ាន ប៊ីល‌ដាឌ សាសន៍​ស៊ូអា នឹង​សូផារ សាសន៍​ន៉ាអាម៉ា គេ​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ទទួល​ព្រម​តាម​យ៉ូប។ កាល​យ៉ូប​បាន​អធិ‌ស្ឋាន​ឲ្យ​ពួក​មិត្រ​សំឡាញ់​ខ្លួន​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​លោក​រួច​ពី​ចំណង​ទៅ ហើយ​ទ្រង់​ប្រទាន​ឲ្យ​មាន​លើស​ជាង​ដើម​១​ជា​២​ផង គ្រា​នោះ ពួក​បង​ប្អូន​ប្រុស​ស្រី​របស់​លោក នឹង​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ស្គាល់​កាល​ពី​ដើម គេ​មក​សួរ​លោក ក៏​បរិភោគ​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​លោក គេ​សំដែង​សេចក្ដី​អាសូរ​ដល់​លោក ហើយ​ក៏​ជួយ​កំសាន្ត​ចិត្ត​ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​កើត​ដល់​លោក គ្រប់​គ្នា​ក៏​ឲ្យ​ប្រាក់​១​ដុំៗ នឹង​កង់​មាស​មួយ​វង់ៗ ដល់​លោក​រៀង​ខ្លួន។ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​យ៉ូប នៅ​ជាន់​ក្រោយ​នេះ ជា​ជាង​ជាន់​ដើម​ទៅ​ទៀត លោក​ក៏​មាន​ចៀម​១​ម៉ឺន​៤​ពាន់ អូដ្ឋ​៦​ពាន់ គោ​១​ពាន់​នឹម នឹង​លា​ញី​១​ពាន់ លោក​ក៏​បង្កើត​បាន​កូន​ប្រុស​៧ កូន​ស្រី​៣​ទៀត កូន​ស្រី​ទី​១ លោក​ឲ្យ​ឈ្មោះ​យេមីម៉ា ទី​២​ឈ្មោះ​កេស៊ីយ៉ា ហើយ​ទី​៣​ឈ្មោះ​កេរេន-ហាពូក រីឯ​នៅ​គ្រប់​ក្នុង​ស្រុក​នោះ គ្មាន​ឃើញ​ស្ត្រី​ណា​ដែល​មាន​រូប‌ឆោម​ពិសី ដូច​ជា​កូន​ស្រី​របស់​យ៉ូប​នោះ​ទេ ហើយ​ឪពុក​ក៏​បែង​ចែក​មរដក​ដល់​កូន​ស្រី​ទាំង​នោះ ដូច​ជា​ដល់​បង​ប្អូន​ប្រុស​ដែរ ក្រោយ​ពី​នោះ​មក យ៉ូប​រស់​នៅ​បាន​១៤០​ឆ្នាំ​ទៀត លោក​ក៏​ឃើញ​កូន​ចៅ​ខ្លួន​ត​ទៅ​ដល់​៤​ដំណ នោះ​យ៉ូប​ស្លាប់​ទៅ ដោយ​មាន​អាយុ​ជា​យឺន‌យូរ ហើយ​ស្កប់‌ស្កល់​នឹង​ជីវិត​ផង។:៚

ចែក​រំលែក
អាន យ៉ូប 42