យ៉ូប 41:15-24

យ៉ូប 41:15-24 គខប

ស្រកា​ដ៏​សង្ហា ហើយ​មាំ​របស់​វា ត‌ភ្ជាប់​គ្នា ទៅ​វិញ​ទៅ​មក​យ៉ាង​ស្អិត‌ល្មួត។ ស្រកា​របស់​វា​នៅ​ភ្ជាប់​គ្នា​យ៉ាង​ជិត សូម្បី​តែ​ខ្យល់​ក៏​ពុំ​អាច​ឆ្លង​កាត់​បាន​ផង។ ស្រកា​នីមួយៗ​ត‌ភ្ជាប់​គ្នា​យ៉ាង​មាំ ដែល​ពុំ​អាច​បំបែក​ចេញ​ពី​គ្នា​បាន​ឡើយ។ កាល​ណា​វា​ព្រួស​ទឹក​ចេញ​មក នោះ​មាន​បែក​ជា​ពន្លឺ ភ្នែក​របស់​វា​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​រះ។ មាន​ភ្លើង​ចេញ​ពី​មាត់​របស់​វា ហើយ​ផ្កា​ភ្លើង​ក៏​ហើរ​ចេញ​មក​ដែរ។ មាន​ផ្សែង​ហុយ​ចេញ​តាម​ច្រមុះ​របស់​វា ដូច​ផ្សែង​ហុយ​ចេញ​ពី​ថ្លាង​ដែល​កំពុង​ពុះ។ ខ្យល់​ដង្ហើម​របស់​វា​អាច​បង្កាត់​ភ្លើង​បាន ហើយ​ក៏​មាន​អណ្ដាត​ភ្លើង​ផុស​ចេញ​ពី ក្នុង​មាត់​របស់​វា​ដែរ។ ក​របស់​វា​មាន​កម្លាំង​ណាស់ ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ឃើញ​វា ចូល​មក​ជិត ភ័យ​ខ្លាច​ជា​ខ្លាំង។ សាច់​ស្រទាប់​របស់​វា​នៅ​ជាប់​គ្នា​យ៉ាង​រឹង‌មាំ ដែល​មិន​អាច​ផ្ដាច់​ចេញ​ពី​គ្នា​បាន​ទេ។ បេះ‌ដូង​របស់​វា​រឹង​ដូច​ដុំ​ថ្ម គឺ​រឹង​ដូច​ត្បាល់​ថ្ម។