យ៉ូប 40:1-8

យ៉ូប 40:1-8 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់ លោក​យ៉ូប​ទៀត​ថា៖ «អ្នក​ចូល​ចិត្ត​ប្រកែក​ប្រឆាំង​ដូច្នេះ តើ​អ្នក​មាន​រឿង​អ្វី​ទៀត​ចង់​ចោទ​ប្រកាន់ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត? អ្នក​ចូល​ចិត្ត​ជជែក​តវ៉ា​ជា​មួយ ព្រះ‌ជាម្ចាស់​ដូច្នេះ តើ​អ្នក​មាន​ចម្លើយ​ឬ​ទេ?»។ លោក​យ៉ូប​ទូល​ព្រះ‌អម្ចាស់​ថា៖ «ទូលបង្គំ​ជា​មនុស្ស​ទន់‌ទាប​ណាស់ តើ​ឲ្យ​ទូលបង្គំ​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ ដូច​ម្ដេច​បាន? ទូលបង្គំ​នឹង​យក​ដៃ​ខ្ទប់​មាត់។ ទូលបង្គំ​បាន​និយាយ​ម្ដង​រួច​មក​ហើយ ទូលបង្គំ​មិន​និយាយ​ទៀត​ទេ ហើយ​ទូលបង្គំ​ក៏​បាន​និយាយ​ជា​លើក​ទី​ពីរ​ដែរ ទូលបង្គំ​គ្មាន​អ្វី​បន្ថែម​ទៀត​ឡើយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូប​ពី ក្នុង​ខ្យល់​ព្យុះ​ដូច​ត​ទៅ៖ «ចូរ​រៀបចំ​ខ្លួន​ឲ្យ​បាន​ដូច​មនុស្ស​អង់‌អាច យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​ឲ្យ​យើង​ដឹង​ផង! តើ​អ្នក​ពិត​ជា​ចង់​ចោទ​ថា យើង​មិន​យុត្តិធម៌ ហើយ​អ្នក​ចង់​ថ្កោល​ទោស​យើង ដើម្បី​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សុចរិត​ឬ?