យ៉ូប 40:1-8 - Compare All Versions
យ៉ូប 40:1-8 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់ លោកយ៉ូបទៀតថា៖ «ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តា រាងចាលឬ? ឯងដែលបន្ទោសដល់ព្រះដូច្នេះ ចូរឆ្លើយមកចុះ»។ លោកយ៉ូបទូលឆ្លើយដល់ព្រះយេហូវ៉ាថា៖ «មើល៍! ទូលបង្គំថោកទាបណាស់ តើនឹងទូលដល់ព្រះអង្គដូចម្តេចបាន? ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ។ ទូលបង្គំបាននិយាយម្តងហើយ ឥឡូវមិនឆ្លើយទៀតឡើយ បាននិយាយពីរដងផង តែលែងពោលអ្វីទៀតហើយ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលពីក្នុងខ្យល់កួច តបដល់លោកយ៉ូបថា៖ «ចូរក្រវាត់ចង្កេះឯង ដូចជាមនុស្សក្លាហានឥឡូវចុះ ដ្បិតយើងនឹងសួរឯង ហើយឯងត្រូវប្រាប់ដល់យើង។ តើឯងចង់លុបលាង ទាំងសេចក្ដីវិនិច្ឆ័យរបស់យើងឬ? តើឯងនឹងកាត់ទោសយើង ឲ្យតែឯងបានសុចរិតឬ?
យ៉ូប 40:1-8 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ លោកយ៉ូបទៀតថា៖ «អ្នកចូលចិត្តប្រកែកប្រឆាំងដូច្នេះ តើអ្នកមានរឿងអ្វីទៀតចង់ចោទប្រកាន់ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត? អ្នកចូលចិត្តជជែកតវ៉ាជាមួយ ព្រះជាម្ចាស់ដូច្នេះ តើអ្នកមានចម្លើយឬទេ?»។ លោកយ៉ូបទូលព្រះអម្ចាស់ថា៖ «ទូលបង្គំជាមនុស្សទន់ទាបណាស់ តើឲ្យទូលបង្គំឆ្លើយទៅព្រះអង្គវិញ ដូចម្ដេចបាន? ទូលបង្គំនឹងយកដៃខ្ទប់មាត់។ ទូលបង្គំបាននិយាយម្ដងរួចមកហើយ ទូលបង្គំមិននិយាយទៀតទេ ហើយទូលបង្គំក៏បាននិយាយជាលើកទីពីរដែរ ទូលបង្គំគ្មានអ្វីបន្ថែមទៀតឡើយ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូបពី ក្នុងខ្យល់ព្យុះដូចតទៅ៖ «ចូររៀបចំខ្លួនឲ្យបានដូចមនុស្សអង់អាច យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង! តើអ្នកពិតជាចង់ចោទថា យើងមិនយុត្តិធម៌ ហើយអ្នកចង់ថ្កោលទោសយើង ដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬ?
យ៉ូប 40:1-8 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដល់យ៉ូបទៀតថា ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តារាងចាលឬ ឯងដែលបន្ទោសដល់ព្រះដូច្នេះ ចូរឆ្លើយមកចុះ។ នោះយ៉ូបទូលឆ្លើយដល់ព្រះយេហូវ៉ាថា មើល ទូលបង្គំថោកទាបណាស់ តើនឹងទូលដល់ទ្រង់ដូចម្តេចបាន ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ ទូលបង្គំបាននិយាយម្តងហើយ ឥឡូវមិនឆ្លើយទៀតឡើយ អើ បាននិយាយ២ដងផង តែលែងពោលអ្វីទៀតហើយ។ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលពីក្នុងខ្យល់កួច តបដល់យ៉ូបថា ចូរក្រវាត់ចង្កេះឯង ដូចជាមនុស្សក្លាហានឥឡូវចុះ ដ្បិតអញនឹងសួរឯង ហើយឯងត្រូវប្រាប់ដល់អញ តើឯងចង់រំលុបរំលាងទាំងសេចក្ដីវិនិច្ឆ័យរបស់អញផងឬ តើឯងនឹងកាត់ទោសដល់អញឲ្យតែឯងបានសុចរិតឬអី