យ៉ូប 40:1-14

យ៉ូប 40:1-14 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់ លោក​យ៉ូប​ទៀត​ថា៖ «អ្នក​ចូល​ចិត្ត​ប្រកែក​ប្រឆាំង​ដូច្នេះ តើ​អ្នក​មាន​រឿង​អ្វី​ទៀត​ចង់​ចោទ​ប្រកាន់ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត? អ្នក​ចូល​ចិត្ត​ជជែក​តវ៉ា​ជា​មួយ ព្រះ‌ជាម្ចាស់​ដូច្នេះ តើ​អ្នក​មាន​ចម្លើយ​ឬ​ទេ?»។ លោក​យ៉ូប​ទូល​ព្រះ‌អម្ចាស់​ថា៖ «ទូលបង្គំ​ជា​មនុស្ស​ទន់‌ទាប​ណាស់ តើ​ឲ្យ​ទូលបង្គំ​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ ដូច​ម្ដេច​បាន? ទូលបង្គំ​នឹង​យក​ដៃ​ខ្ទប់​មាត់។ ទូលបង្គំ​បាន​និយាយ​ម្ដង​រួច​មក​ហើយ ទូលបង្គំ​មិន​និយាយ​ទៀត​ទេ ហើយ​ទូលបង្គំ​ក៏​បាន​និយាយ​ជា​លើក​ទី​ពីរ​ដែរ ទូលបង្គំ​គ្មាន​អ្វី​បន្ថែម​ទៀត​ឡើយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូប​ពី ក្នុង​ខ្យល់​ព្យុះ​ដូច​ត​ទៅ៖ «ចូរ​រៀបចំ​ខ្លួន​ឲ្យ​បាន​ដូច​មនុស្ស​អង់‌អាច យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​ឲ្យ​យើង​ដឹង​ផង! តើ​អ្នក​ពិត​ជា​ចង់​ចោទ​ថា យើង​មិន​យុត្តិធម៌ ហើយ​អ្នក​ចង់​ថ្កោល​ទោស​យើង ដើម្បី​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សុចរិត​ឬ? តើ​អ្នក​មាន​ឫទ្ធិ‌បារមី​ដូច​ព្រះ‌ជាម្ចាស់ ហើយ​មាន​សំឡេង​ដូច​ផ្គរ‌លាន់ ដែល​ជា​ព្រះ‌សូរសៀង​របស់​ព្រះអង្គ​ឬ? តើ​អ្នក​មាន​ភាព​ថ្កុំ‌ថ្កើង និង​ភាព​ឧត្តុង្គ‌ឧត្ដម ហើយ​ពោរ‌ពេញ​ទៅ​ដោយ​ពន្លឺ​រស្មី​ដ៏​រុង​រឿង ដូច​ព្រះ‌ជាម្ចាស់​ឬ? ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួត ហើយ​ជះ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​អ្នក​លើ​ពួក​គេ និង​បន្ទាប​ពួក​គេ​ទាំង​អស់​គ្នា​ទៅ។ ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួត ហើយ​បន្ថោក​ពួក​គេ​ទាំង​អស់​គ្នា! ចូរ​ជាន់​ឈ្លី​មនុស្ស​អាក្រក់​នៅ​នឹង​កន្លែង​ទៅ។ ចូរ​យក​ពួក​គេ​ទៅ​កប់​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​គ្នា ចូរ​ឃុំ​ពួក​គេ​ទុក​ក្នុង​រណ្ដៅ​ងងឹត។ ពេល​នោះ យើង​នឹង​លើក​តម្កើង​អ្នក ដ្បិត​អ្នក​បាន​ទទួល​ជោគ​ជ័យ ដោយ​ឫទ្ធិ‌បារមី​របស់​អ្នក​ផ្ទាល់។