យ៉ូប 40:1-14

យ៉ូប 40:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូលទៅ​កាន់ លោក​យ៉ូប​ទៀត​ថា៖ «ឯង​ដែល​ប្រកាន់​ទោស​ដូច្នេះ តើ​នឹង​ធ្វើ​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា រាង​ចាល​ឬ? ឯង​ដែល​បន្ទោស​ដល់​ព្រះ​ដូច្នេះ ចូរ​ឆ្លើយ​មក​ចុះ»។ លោក​យ៉ូប​ទូល​ឆ្លើយ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «មើល៍! ទូល‌បង្គំ​ថោក​ទាប​ណាស់ តើ​នឹង​ទូល​ដល់​ព្រះ‌អង្គ​ដូច​ម្តេច​បាន? ទូល‌បង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ។ ទូល‌បង្គំ​បាន​និយាយ​ម្តង​ហើយ ឥឡូវ​មិន​ឆ្លើយ​ទៀត​ឡើយ បាន​និយាយ​ពីរ​ដង​ផង តែ​លែង​ពោល​អ្វី​ទៀត​ហើយ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ខ្យល់​កួច តប​ដល់​លោក​យ៉ូប​ថា៖ «ចូរ​ក្រវាត់​ចង្កេះ​ឯង ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ ដ្បិត​យើង​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​យើង។ តើ​ឯង​ចង់​លុប‌លាង ទាំង​សេចក្ដី​វិនិច្ឆ័យ​របស់​យើង​ឬ? តើ​ឯង​នឹង​កាត់​ទោស​យើង ឲ្យ​តែ​ឯង​បាន​សុចរិត​ឬ? តើ​ឯង​មាន​ដៃ​ដូច​ព្រះ​ដែរ​ឬ? តើ​ឯង​ចេះ​បញ្ចេញ​សំឡេង ជា​ផ្គរ​ដូច​ជា​ព្រះ‌អង្គ​បាន​ឬ​ទេ? ចូរ​ឯង​តែង​ខ្លួន ដោយ​សេចក្ដី​រុងរឿង និង​សេចក្ដី​ខ្ពង់‌ខ្ពស់​ឥឡូវ ចូរ​ប្រដាប់​ខ្លួន​ដោយ​កិត្តិ‌យស និង​សិរី‌ល្អ​ចុះ។ ចូរ​ឲ្យ​ឯង​កម្ចាយ​សេចក្ដី​កំហឹង​ឯង ឲ្យ​សុស‌សាយ​ទៅ ហើយ​បង្ក្រាប​គ្រប់​ទាំង​មនុស្ស ដែល​មាន​ឫក​ខ្ពស់​ចុះ។ ចូរ​មើល​ទៅ​គ្រប់​មនុស្ស​ឆ្មើង‌ឆ្មៃ ហើយ​បន្ទាប​គេ ចូរ​ជាន់​ឈ្លី​ពួក​មនុស្ស​អាក្រក់​នៅ​កន្លែង ដែល​គេ​ឈរ​តែ​ម្តង។ ចូរ​កប់​គេ​ទាំង​អស់​គ្នា​នៅ​ក្នុង​ដី ហើយ​ចង់​ឃ្លុំ​មុខ​គេ ទុក​ក្នុង​ទី​ងងឹត​ក្នុង​ផ្នូរ។ នោះ​យើង​នឹង​ថ្លែង​ប្រាប់​ពី​ឯង​ថា ដៃ​ស្តាំ​នៃ​ឯង​អាច​នឹង​ជួយ​សង្គ្រោះ​ឯង​បាន។

ចែក​រំលែក
អាន យ៉ូប 40

យ៉ូប 40:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់ លោក​យ៉ូប​ទៀត​ថា៖ «អ្នក​ចូល​ចិត្ត​ប្រកែក​ប្រឆាំង​ដូច្នេះ តើ​អ្នក​មាន​រឿង​អ្វី​ទៀត​ចង់​ចោទ​ប្រកាន់ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត? អ្នក​ចូល​ចិត្ត​ជជែក​តវ៉ា​ជា​មួយ ព្រះ‌ជាម្ចាស់​ដូច្នេះ តើ​អ្នក​មាន​ចម្លើយ​ឬ​ទេ?»។ លោក​យ៉ូប​ទូល​ព្រះ‌អម្ចាស់​ថា៖ «ទូលបង្គំ​ជា​មនុស្ស​ទន់‌ទាប​ណាស់ តើ​ឲ្យ​ទូលបង្គំ​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ ដូច​ម្ដេច​បាន? ទូលបង្គំ​នឹង​យក​ដៃ​ខ្ទប់​មាត់។ ទូលបង្គំ​បាន​និយាយ​ម្ដង​រួច​មក​ហើយ ទូលបង្គំ​មិន​និយាយ​ទៀត​ទេ ហើយ​ទូលបង្គំ​ក៏​បាន​និយាយ​ជា​លើក​ទី​ពីរ​ដែរ ទូលបង្គំ​គ្មាន​អ្វី​បន្ថែម​ទៀត​ឡើយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូប​ពី ក្នុង​ខ្យល់​ព្យុះ​ដូច​ត​ទៅ៖ «ចូរ​រៀបចំ​ខ្លួន​ឲ្យ​បាន​ដូច​មនុស្ស​អង់‌អាច យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​ឲ្យ​យើង​ដឹង​ផង! តើ​អ្នក​ពិត​ជា​ចង់​ចោទ​ថា យើង​មិន​យុត្តិធម៌ ហើយ​អ្នក​ចង់​ថ្កោល​ទោស​យើង ដើម្បី​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សុចរិត​ឬ? តើ​អ្នក​មាន​ឫទ្ធិ‌បារមី​ដូច​ព្រះ‌ជាម្ចាស់ ហើយ​មាន​សំឡេង​ដូច​ផ្គរ‌លាន់ ដែល​ជា​ព្រះ‌សូរសៀង​របស់​ព្រះអង្គ​ឬ? តើ​អ្នក​មាន​ភាព​ថ្កុំ‌ថ្កើង និង​ភាព​ឧត្តុង្គ‌ឧត្ដម ហើយ​ពោរ‌ពេញ​ទៅ​ដោយ​ពន្លឺ​រស្មី​ដ៏​រុង​រឿង ដូច​ព្រះ‌ជាម្ចាស់​ឬ? ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួត ហើយ​ជះ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​អ្នក​លើ​ពួក​គេ និង​បន្ទាប​ពួក​គេ​ទាំង​អស់​គ្នា​ទៅ។ ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួត ហើយ​បន្ថោក​ពួក​គេ​ទាំង​អស់​គ្នា! ចូរ​ជាន់​ឈ្លី​មនុស្ស​អាក្រក់​នៅ​នឹង​កន្លែង​ទៅ។ ចូរ​យក​ពួក​គេ​ទៅ​កប់​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​គ្នា ចូរ​ឃុំ​ពួក​គេ​ទុក​ក្នុង​រណ្ដៅ​ងងឹត។ ពេល​នោះ យើង​នឹង​លើក​តម្កើង​អ្នក ដ្បិត​អ្នក​បាន​ទទួល​ជោគ​ជ័យ ដោយ​ឫទ្ធិ‌បារមី​របស់​អ្នក​ផ្ទាល់។

ចែក​រំលែក
អាន យ៉ូប 40

យ៉ូប 40:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដល់​យ៉ូប​ទៀត​ថា ឯង​ដែល​ប្រកាន់​ទោស​ដូច្នេះ តើ​នឹង​ធ្វើ​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​រាង‌ចាល​ឬ ឯង​ដែល​បន្ទោស​ដល់​ព្រះ​ដូច្នេះ ចូរ​ឆ្លើយ​មក​ចុះ។ នោះ​យ៉ូប​ទូល​ឆ្លើយ​ដល់​ព្រះ‌យេហូវ៉ា​ថា មើល ទូលបង្គំ​ថោក​ទាប​ណាស់ តើ​នឹង​ទូល​ដល់​ទ្រង់​ដូច​ម្តេច​បាន ទូលបង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ ទូលបង្គំ​បាន​និយាយ​ម្តង​ហើយ ឥឡូវ​មិន​ឆ្លើយ​ទៀត​ឡើយ អើ បាន​និយាយ​២​ដង​ផង តែ​លែង​ពោល​អ្វី​ទៀត​ហើយ។ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ក្នុង​ខ្យល់​កួច តប​ដល់​យ៉ូប​ថា ចូរ​ក្រវាត់​ចង្កេះ​ឯង ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ ដ្បិត​អញ​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​អញ តើ​ឯង​ចង់​រំលុប‌រំលាង​ទាំង​សេចក្ដី​វិនិច្ឆ័យ​របស់​អញ​ផង​ឬ តើ​ឯង​នឹង​កាត់​ទោស​ដល់​អញ​ឲ្យ​តែ​ឯង​បាន​សុចរិត​ឬ​អី តើ​ឯង​មាន​ដៃ​ដូច​ព្រះ​ដែរ​ឬ តើ​ឯង​ចេះ​បញ្ចេញ​សំឡេង​ជា​ផ្គរ​ដូច​ជា​ទ្រង់​បាន​ឬ​ទេ។ ចូរ​ឯង​តែង​ខ្លួន ដោយ​សេចក្ដី​រុងរឿង នឹង​សេចក្ដី​ខ្ពង់‌ខ្ពស់​ឥឡូវ ចូរ​ប្រដាប់​ខ្លួន​ដោយ​កិត្តិយស នឹង​សិរី‌ល្អ​ចុះ ចូរ​ឲ្យ​ឯង​កំចាយ​សេចក្ដី​កំហឹង​ឯង ឲ្យ​សុស‌សាយ​ទៅ ហើយ​បង្ក្រាប​គ្រប់​ទាំង​មនុស្ស ដែល​មាន​ឫក​ខ្ពស់ ដោយ​១​ក្រឡេក​ភ្នែក​ចុះ ចូរ​មើល​ទៅ​គ្រប់​ទាំង​មនុស្ស​ឆ្មើង‌ឆ្មៃ ហើយ​បន្ទាប​គេ ចូរ​ជាន់​ឈ្លី​ពួក​មនុស្ស​អាក្រក់​នៅ​កន្លែង​ដែល​គេ​ឈរ​តែ​ម្តង ចូរ​កប់​គេ​ទាំង​អស់​គ្នា​នៅ​ក្នុង​ដី ហើយ​ចង់​គ្រលុំ​មុខ​គេ ទុក​ក្នុង​ទី​ងងឹត​នៃ​ផ្នូរ នោះ​អញ​នឹង​ថ្លែង​ប្រាប់​ពី​ឯង​ថា ដៃ​ស្តាំ​នៃ​ឯង​អាច​នឹង​ជួយ​សង្គ្រោះ​ឯង​បាន។

ចែក​រំលែក
អាន យ៉ូប 40