យ៉ូប 38:19-30

យ៉ូប 38:19-30 គខប

តើ​ពន្លឺ​ស្ថិត​នៅ​កន្លែង​ណា? តើ​សេចក្ដី​ងងឹត​នៅ​ឯ​ណា? បើ​អ្នក​ដឹង អ្នក​អាច​ទៅ​ដល់​ព្រំ‌ដែន​របស់​វា ហើយ​ស្គាល់​ផ្លូវ​ដែល​នាំ​ទៅ​កន្លែង​របស់​វា។ អ្នក​ពិត​ជា​ដឹង ដ្បិត​អ្នក​កើត​ពី​យូរ​មក​ហើយ រីឯ​អាយុ​ជីវិត​របស់​អ្នក​ក៏​វែង​ណាស់​ដែរ! តើ​អ្នក​ធ្លាប់​ទៅ​ដល់​ប្រភព​របស់​ហិមៈ​ឬ​ទេ? តើ​អ្នក​ធ្លាប់​ឃើញ​ប្រភព​របស់​ព្រឹល​ឬ​ទេ? យើង​ទុក​ហិមៈ និង​ព្រឹល​ដោយ​ឡែក សម្រាប់​គ្រា​មហន្ត‌រាយ និង​សម្រាប់​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាម។ ពន្លឺ​ចាំង​ចែង​មក​តាម​ផ្លូវ​ណា ហើយ​ខ្យល់​ដែល​បក់​ពី​ទិស​ខាង​ជើង មក​លើ​ផែនដី​តាម​ផ្លូវ​ណា តើ​អ្នក​ដឹង​ឬ​ទេ? តើ​នរណា​បើក​ផ្លូវ​ឲ្យ​ទឹក​ភ្លៀង ហើយ​កំណត់​ផ្លូវ​ឲ្យ​ផ្លេក​បន្ទោរ និង​ផ្គរ‌លាន់ រួច​បង្អុរ​ជា​ភ្លៀង​មក​លើ​ដី​ដែល​គ្មាន​មនុស្ស​នៅ និង​លើ​វាល​រហោ‌ស្ថាន​ដ៏​ស្ងាត់​ជ្រងំ ដើម្បី​ស្រោច​ស្រព​ដី​រឹង​ស្ងួត បែក​ក្រហែង និង​ធ្វើ​ឲ្យ​មាន​តិណ‌ជាតិ​ដុះ​ឡើង? តើ​ភ្លៀង​មាន​ឪពុក​ឬ​ទេ? នរណា​ផ្ដល់​កំណើត​ឲ្យ​ដំណក់​ទឹក​សន្សើម? តើ​នរណា​ជា​ម្ដាយ​របស់​ទឹក​ដែល​កក ព្រម​ទាំង​សម្រាល​ចេញ​ជា​សន្សើម​កក ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ? ផ្ទៃ​ទឹក​ទាំង‌ឡាយ​ប្រែ​ជា​នៅ​នឹង​ថ្កល់ រឹង​ដូច​ថ្ម ហើយ​មហា‌សាគរ​ក៏​កក​ដែរ។