យ៉ូប 38:19-30

យ៉ូប 38:19-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តើ​ផ្លូវ​ឯ​ណា​ដែល​នាំ​ទៅ​ដល់​សំណាក់​នៃ​ពន្លឺ ឯ​សេចក្ដី​ងងឹត តើ​មាន​កន្លែង​នៅ​ឯ​ណា ដើម្បី​ឲ្យ​ឯង​បាន​នាំ​ទៅ​ដល់​ព្រំ‌ដែន ហើយ​ឲ្យ​ឯង​បាន​ស្គាល់​ផ្លូវ ទៅ​ឯ​ទី​លំនៅ​នៃ​សេចក្ដី​នោះ? ប្រាកដ​ជា​ឯង​ដឹង​មែន ដ្បិត​នៅ​គ្រា​នោះ ឯង​បាន​កើត​មក​ហើយ ឯ​អាយុ​ឯង​ក៏​វែង​យូរ​ណាស់​ផង តើ​ឯង​បាន​ចូល​ទៅ​ក្នុង​ឃ្លាំង​នៃ​ហិមៈ​ហើយ​ឬ? តើ​បាន​ឃើញ​ឃ្លាំង​នៃ​ព្រឹល ដែល​យើង​បាន​បម្រុង​ទុក សម្រាប់​គ្រា​អន្តរាយ​ឬ? គឺ​ដល់​ថ្ងៃ​តតាំង​គ្នា​ក្នុង​គ្រា​មាន​ចម្បាំង តើ​ពន្លឺ​បាន​ចែក​ទៅ ឬ​ខ្យល់​ពី​ខាង​កើត​បាន​ផ្សាយ ទៅ​លើ​ផែនដី​តាម​ផ្លូវ​ណា? តើ​អ្នក​ណា​បាន​ជីក​ផ្លូវ​ឲ្យ​ទឹក​ធំ​ហូរ​មក ឬ​ផ្លូវ​ឲ្យ​ផ្លេក‌បន្ទោរ​នៃ​ផ្គរ ដើម្បី​នឹង​បង្អុរ​ភ្លៀង​មក​លើ​ស្រុក ដែល​ឥត​មាន​អ្នក​ណា​នៅ ឬ​មក​លើ​ទី​រហោ‌ស្ថាន ដែល​គ្មាន​មនុស្ស​អាស្រ័យ​នៅ ប្រយោជន៍​នឹង​ចម្អែត​ដី​ចោល​ទទេ ហើយ​ហួត‌ហែង និង​ធ្វើ​ឲ្យ ស្មៅ​ពន្លក​ដុះ​ឡើង​នោះ? តើ​ភ្លៀង​មាន​ឪពុក​ឬ? តើ​អ្នក​ណា​បាន​បង្កើត​ដំណក់​សន្សើម? តើ​ទឹក​កក​បាន​ចេញ​ពី​ផ្ទៃ​អ្នក​ណា? តើ​អ្នក​ណា​បាន​បង្កើត​សន្សើម​កក ដែល​មក​ពី​លើ​មេឃ? ឯ​ទឹក​ក៏​ក្លាយ​ទៅ​ដូច​ជា​ថ្ម ហើយ​ខាង​លើ​ទី​ជម្រៅ នោះ​ទឹក​បាន​កក​ហើយ។

ចែក​រំលែក
អាន យ៉ូប 38

យ៉ូប 38:19-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តើ​ពន្លឺ​ស្ថិត​នៅ​កន្លែង​ណា? តើ​សេចក្ដី​ងងឹត​នៅ​ឯ​ណា? បើ​អ្នក​ដឹង អ្នក​អាច​ទៅ​ដល់​ព្រំ‌ដែន​របស់​វា ហើយ​ស្គាល់​ផ្លូវ​ដែល​នាំ​ទៅ​កន្លែង​របស់​វា។ អ្នក​ពិត​ជា​ដឹង ដ្បិត​អ្នក​កើត​ពី​យូរ​មក​ហើយ រីឯ​អាយុ​ជីវិត​របស់​អ្នក​ក៏​វែង​ណាស់​ដែរ! តើ​អ្នក​ធ្លាប់​ទៅ​ដល់​ប្រភព​របស់​ហិមៈ​ឬ​ទេ? តើ​អ្នក​ធ្លាប់​ឃើញ​ប្រភព​របស់​ព្រឹល​ឬ​ទេ? យើង​ទុក​ហិមៈ និង​ព្រឹល​ដោយ​ឡែក សម្រាប់​គ្រា​មហន្ត‌រាយ និង​សម្រាប់​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាម។ ពន្លឺ​ចាំង​ចែង​មក​តាម​ផ្លូវ​ណា ហើយ​ខ្យល់​ដែល​បក់​ពី​ទិស​ខាង​ជើង មក​លើ​ផែនដី​តាម​ផ្លូវ​ណា តើ​អ្នក​ដឹង​ឬ​ទេ? តើ​នរណា​បើក​ផ្លូវ​ឲ្យ​ទឹក​ភ្លៀង ហើយ​កំណត់​ផ្លូវ​ឲ្យ​ផ្លេក​បន្ទោរ និង​ផ្គរ‌លាន់ រួច​បង្អុរ​ជា​ភ្លៀង​មក​លើ​ដី​ដែល​គ្មាន​មនុស្ស​នៅ និង​លើ​វាល​រហោ‌ស្ថាន​ដ៏​ស្ងាត់​ជ្រងំ ដើម្បី​ស្រោច​ស្រព​ដី​រឹង​ស្ងួត បែក​ក្រហែង និង​ធ្វើ​ឲ្យ​មាន​តិណ‌ជាតិ​ដុះ​ឡើង? តើ​ភ្លៀង​មាន​ឪពុក​ឬ​ទេ? នរណា​ផ្ដល់​កំណើត​ឲ្យ​ដំណក់​ទឹក​សន្សើម? តើ​នរណា​ជា​ម្ដាយ​របស់​ទឹក​ដែល​កក ព្រម​ទាំង​សម្រាល​ចេញ​ជា​សន្សើម​កក ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ? ផ្ទៃ​ទឹក​ទាំង‌ឡាយ​ប្រែ​ជា​នៅ​នឹង​ថ្កល់ រឹង​ដូច​ថ្ម ហើយ​មហា‌សាគរ​ក៏​កក​ដែរ។

ចែក​រំលែក
អាន យ៉ូប 38

យ៉ូប 38:19-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តើ​ផ្លូវ​ឯ​ណា​ដែល​នាំ​ទៅ​ដល់​សំណាក់​នៃ​ពន្លឺ ឯ​សេចក្ដី​ងងឹត តើ​មាន​កន្លែង​នៅ​ឯ​ណា ដើម្បី​ឲ្យ​ឯង​បាន​នាំ​ទៅ​ដល់​ព្រំ‌ដែន ហើយ​ឲ្យ​ឯង​បាន​ស្គាល់​ផ្លូវ​ទៅ​ឯ​ទី​លំនៅ​នៃ​សេចក្ដី​នោះ ប្រាកដ​ជា​ឯង​ដឹង​មែន ដ្បិត​នៅ​គ្រា​នោះ ឯង​បាន​កើត​មក​ហើយ ឯ​អាយុ​ឯង ក៏​វែង​យូរ​ណាស់​ផង តើ​ឯង​បាន​ចូល​ទៅ​ក្នុង​ឃ្លាំង​នៃ​ហិមៈ​ហើយ​ឬ តើ​បាន​ឃើញ​ឃ្លាំង​នៃ​ព្រិល ដែល​អញ​បាន​បំរុង​ទុក​សំរាប់​គ្រា​អន្តរាយ​ឬ គឺ​ដល់​ថ្ងៃ​តតាំង​គ្នា​ក្នុង​គ្រា​មាន​ចំបាំង តើ​ពន្លឺ​បាន​ចែក​ទៅ ឬ​ខ្យល់​ពី​ខាង​កើត​បាន​ផ្សាយ​ទៅ​លើ​ផែនដី​តាម​ផ្លូវ​ណា។ តើ​អ្នក​ណា​បាន​ជីក​ផ្លូវ​ឲ្យ​ទឹក​ធំ​ហូរ​មក ឬ​ផ្លូវ​ឲ្យ​ផ្លេក‌បន្ទោរ​នៃ​ផ្គរ ដើម្បី​នឹង​បង្អុរ​ភ្លៀង​មក​លើ​ស្រុក​ដែល​ឥត​មាន​អ្នក​ណា​នៅ ឬ​មក​លើ​ទី​រហោ‌ស្ថាន ដែល​គ្មាន​មនុស្ស​អាស្រ័យ​នោះ​ឡើយ ប្រយោជន៍​តែ​នឹង​ចំអែត​ដី​ចោល​ទទេ ហើយ​ហួត‌ហែង នឹង​ធ្វើ​ឲ្យ​ស្មៅ​ពន្លក​ដុះ​ឡើង​នោះ តើ​ភ្លៀង​មាន​ឪពុក​ឬ តើ​អ្នក​ណា​បាន​បង្កើត​ដំណក់​សន្សើម តើ​ទឹក​កក​បាន​ចេញ​ពី​ផ្ទៃ​អ្នក​ណា តើ​អ្នក​ណា​បាន​បង្កើត​សន្សើម​កក​ដែល​មក​ពី​លើ​មេឃ ឯ​ទឹក​ក៏​ក្លាយ​ទៅ​ដូច​ជា​ថ្ម ហើយ​ខាង​លើ​ទី​ជំរៅ នោះ​ទឹក​បាន​កក​ហើយ។

ចែក​រំលែក
អាន យ៉ូប 38