យ៉ូប 38:1-18

យ៉ូប 38:1-18 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់ លោក​យ៉ូប​ពី​ក្នុង​ខ្យល់​ព្យុះ​ដូច​ត​ទៅ៖ «ម្ដេច​ក៏​អ្នក​បង្អាប់​គម្រោង‌ការ​របស់​យើង ដោយ​ពោល​ពាក្យ​មិន​ដឹង​ខុស​ត្រូវ​ដូច្នេះ? ចូរ​ប្រុង​ប្រៀប​ខ្លួន​ដូច​មនុស្ស​អង់‌អាច យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​ឲ្យ​យើង​ដឹង​ផង! នៅ​គ្រា​ដែល​យើង​បង្ក​បង្កើត​ផែនដី នោះ​តើ​អ្នក​នៅ​ឯ​ណា? ប្រសិន​បើ​អ្នក​ដឹង​សព្វ​គ្រប់​ដូច្នេះ ចូរ​ថ្លែង​មក​ចុះ។ នរណា​ជា​អ្នក​កំណត់​ទំហំ​ផែនដី នរណា​ជា​អ្នក​ទាញ​ខ្សែ​វាស់​ផែនដី តើ​អ្នក​ដឹង​ឬ​ទេ? តើ​ផែនដី​ចាក់​គ្រឹះ​នៅ​លើ​អ្វី? តើ​នរណា​បាន​បញ្ចុះ​ថ្ម​ដ៏​សំខាន់ ក្នុង​ពេល​ដែល​ផ្កាយ​ព្រឹក​ស្រែក​ច្រៀង​ព្រម​គ្នា ហើយ​ពពួក​ទេវតា​បន្លឺ​សំឡេង​យ៉ាង​សប្បាយ? តើ​នរណា​ទប់​សមុទ្រ​ជាប់ នៅ​ពេល​ដែល ទឹក​ជន់‌ជោរ​ឡើង​ពី​ទី​ជម្រៅ​នៃ​ផែនដី? គឺ​យើង​ហើយ ដែល​យក​ពពក​បិទ‌បាំង​សមុទ្រ ទុក​ដូច​ជា​សម្លៀក‌បំពាក់ ហើយ​យក​ភាព​ងងឹត​ទុក​ដូច​ជា​ផាហ៊ុម យើង​បាន​កំណត់​ព្រំ‌ដែន​ឲ្យ​សមុទ្រ យើង​បាន​ទប់​សមុទ្រ​ជាប់ ដូច​បិទ​ទ្វារ និង​ខ្ទាស់​រនុក។ យើង​បញ្ជា​ទៅ​សមុទ្រ​ថា “ចូរ​មក​ត្រឹម​នេះ! កុំ​ទៅ​ហួស​ដល់​ខាង​នោះ! ចូរ​ឲ្យ​រលក​ដ៏​សាហាវ​របស់​ឯង​ឈប់ ត្រង់​កន្លែង​នេះ!”។ តាំង​ពី​អ្នក​កើត​មក តើ​អ្នក​ធ្លាប់​បញ្ជា ឲ្យ​មាន​ពេល​ព្រឹក ហើយ​កំណត់​ពេល​វេលា​ឲ្យ​ថ្ងៃ​រះ​ឡើង បំភ្លឺ​ជាយ​ផែនដី និង​អង្រួន​មនុស្ស​អាក្រក់​ពី​កន្លែង​ពួន​ឬ​ទេ? ផែនដី​ទាំង​មូល​ចាប់​ផ្ដើម​មាន​រូប​រាង ដូច​ដី​ឥដ្ឋ​ដែល​គេ​កំពុង​ចាក់​ពុម្ព ហើយ​ធម្ម‌ជាតិ​ក៏​បញ្ចេញ​សម្រស់​ដ៏​ល្អ​ប្រណីត។ រីឯ​មនុស្ស​អាក្រក់​មិន​ដែល​មាន​ពន្លឺ​ទេ ដៃ​ដែល​ធ្លាប់​ធ្វើ​បាប​អ្នក​ដទៃ​នឹង​ត្រូវ​បាក់។ តើ​អ្នក​ធ្លាប់​ទៅ​ដល់​ប្រភព​ទឹក​សមុទ្រ ហើយ​ធ្លាប់​ដើរ​នៅ​ក្នុង​បាត​មហា‌សាគរ​ឬ​ទេ? តើ​មាន​នរណា​បង្ហាញ​ឲ្យ​អ្នក​ឃើញ ទ្វារ​ស្ថាន​មច្ចុរាជ ហើយ​អ្នក​ធ្លាប់​ឃើញ​ទ្វារ​រណ្ដៅ​ដ៏​ងងឹត​ឬ​ទេ? តាម​យោបល់​អ្នក តើ​ផែនដី​មាន​ទំហំ​ប៉ុន​ណា? បើ​អ្នក​ដឹង ចូរ​និយាយ​មក​ចុះ!

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ