យ៉ូប 35:1-16

យ៉ូប 35:1-16 គខប

លោក​អេលី‌ហ៊ូវ​មាន​ប្រសាសន៍ ទៀត​ថា៖ «តើ​លោក​ស្មាន​ថា​លោក​ត្រូវ​ទាំង​ស្រុង​ឬ? តើ​លោក​អាច​ពោល​ថា លោក​សុចរិត ជាង​ព្រះ‌ជាម្ចាស់​ឬ? លោក​បាន​ទូល​ព្រះអង្គ​ថា: “បើ​ទូលបង្គំ​មិន​ប្រព្រឹត្ត​អំពើ​បាប​សោះ នោះ​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​ព្រះអង្គ​ទេ ហើយ​ទូលបង្គំ​ក៏​មិន​ចំណេញ​អ្វី​ដែរ!”។ ខ្ញុំ​សូម​ឆ្លើយ​ទៅ​លោក ព្រម​ទាំង​មិត្ត‌ភក្ដិ​របស់​លោក​ដូច​ត​ទៅ: សូម​លោក​សម្លឹង​មើល​ទៅ​លើ​មេឃ សូម​មើល​ទៅ​ពពក ថា​តើ​វា​ខ្ពស់​ជាង​លោក​ប៉ុន​ណា! បើ​លោក​ប្រព្រឹត្ត​អំពើ​បាប តើ​លោក​ធ្វើ​ឲ្យ​ព្រះអង្គ​អំពល់​យ៉ាង​ណា បើ​លោក​បំពាន​លើ​វិន័យ*​កាន់​តែ​ច្រើន​ឡើងៗ តើ​ព្រះអង្គ​ខ្វល់​ខ្វាយ​ឬ​ទេ? បើ​លោក​ជា​មនុស្ស​សុចរិត តើ​បាន​ផល​អ្វី​ចំពោះ​ព្រះអង្គ? តើ​ព្រះអង្គ​ទទួល​អ្វី​ពី​លោក? តាម​ពិត អំពើ​អាក្រក់​ដែល​លោក​ប្រព្រឹត្ត ផ្ដល់​តែ​ទុក្ខ​ទោស​ដល់​មនុស្ស​ដូច​លោក​ប៉ុណ្ណោះ ហើយ​អំពើ​សុចរិត​ដែល​លោក​ប្រព្រឹត្ត ក៏​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​តែ​មនុស្ស​ដែរ។ ពេល​ណា​មាន​ការ​ជិះ‌ជាន់​សង្កត់‌សង្កិន​ច្រើន មនុស្ស​តែងតែ​ស្រែក​ថ្ងូរ ហើយ​ពេល​ណា​អ្នក​កាន់​អំណាច​ប្រព្រឹត្ត អំពើ​ឃោរ‌ឃៅ​កាន់​តែ​ខ្លាំង​ឡើងៗ មនុស្ស​តែងតែ​ស្រែក​ហៅ​គេ​ជួយ តែ​ពុំ​មាន​នរណា​ម្នាក់​ពោល​ថា: “ព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​ខ្ញុំ ហើយ​ធ្លាប់​ដាស់​តឿន​ខ្ញុំ ឲ្យ​ស្មូត្រ​ទំនុកតម្កើង នៅ​ពេល​រាត្រី​នោះ តើ​ព្រះអង្គ​គង់​នៅ​ឯ​ណា”? ព្រះអង្គ​ប្រៀន‌ប្រដៅ​ឲ្យ​យើង​មាន​ចំណេះ ជាង​សត្វ​ដែល​រស់​នៅ​លើ​ដី ព្រះអង្គ​ប្រទាន​ឲ្យ​យើង​មាន​ប្រាជ្ញា ជាង​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ។ ពេល​គេ​ស្រែក​រក​ព្រះអង្គ ព្រោះ​តែ​អំនួត និង​អំពើ​អាក្រក់​របស់​គេ ព្រះអង្គ​មិន​ឆ្លើយ​ទេ គេ​ស្រែក​រក​ព្រះអង្គ តែ​ឥត​បាន​ផល​អ្វី​ឡើយ ព្រោះ​ព្រះអង្គ​មិន​ព្រម​ស្ដាប់ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត មិន​រវី‌រវល់​នឹង​គេ​ទេ។ លោក​ពោល​ថា លោក​មិន​ឃើញ​ព្រះអង្គ លោក​បាន​ផ្ញើ​សំណុំ​រឿង​ទៅ​ព្រះអង្គ ហើយ​លោក​នៅ​រង់‌ចាំ។ លោក​គិត​ថា​ព្រះអង្គ​មិន​ដាក់​ទោស ហើយ​ព្រះអង្គ​ក៏​មិន​ចាប់‌ភ្លឹក​នឹង​ការ​បះ‌បោរ របស់​លោក​ដែរ។ អ្វីៗ​ដែល​លោក​យ៉ូប​និយាយ​សុទ្ធ​តែ​ឥត​បាន​ការ លោក​ចេះ​តែ​ពោល​ពាក្យ​សម្ដី​ឥត​ខ្លឹម‌សារ»។