យ៉ូប 35:1-16

យ៉ូប 35:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មួយ​ទៀត អេលី‌ហ៊ូវ​និយាយ​ថា៖ «សេចក្ដី​នេះ តើ​លោក​ស្មាន​ថា គួរ​គប្បី​ឬ? ដែល​លោក​ចង់​ថា សេចក្ដី​សុចរិត​របស់​លោក នោះ​លើស​ជាង​សេចក្ដី​សុចរិត​របស់​ព្រះ ដោយ​ពាក្យ​ថា តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ ហើយ​បើ​ខ្ញុំ​មិន​បាន​ធ្វើ​បាប នោះ​តើ​នឹង​បាន​កម្រៃ​ជា​ជាង​យ៉ាង​ណា​ទៅ ខ្ញុំ​នឹង​តប​ឆ្លើយ​ដល់​លោក ហើយ​ដល់​ពួក​ម៉ាក​របស់​លោក​នេះ​ដែរ សូម​ពិចារ‌ណា​មើល​ស្ថាន​សួគ៌​ចុះ ហើយ​រំពឹង​មើល​ផ្ទៃ​មេឃ ដែល​ខ្ពស់​ជាង​លោក​ជា​យ៉ាង​ណា បើ​លោក​បាន​ធ្វើ​បាប តើ​លោក​បាន​ធ្វើ ឲ្យ​ដាប​ដល់​ព្រះ‌អង្គ​យ៉ាង​ណា​ខ្លះ? បើ​អំពើ​រំលង​របស់​លោក​បាន​ចម្រើន កាន់​តែ​ច្រើន​ឡើង តើ​លោក​បាន​ធ្វើ ឲ្យ​ដាប​ដល់​ព្រះ‌អង្គ​ជា​យ៉ាង​ណា? ឬ​បើ​លោក​សុចរិត​វិញ តើ​លោក​បាន​បន្ថែម​អ្វី​ដល់​ព្រះ‌អង្គ ឬ​ព្រះ‌អង្គ​ទទួល​អ្វី​ពី​ដៃ​លោក? អំពើ​អាក្រក់​របស់​លោក​អាច​នឹង​ធ្វើ​បង្ខូច ដល់​អ្នក​ដទៃ​បាន ជា​មនុស្ស​ដូច​ជា​លោក​ដែរ ហើយ​សេចក្ដី​សុចរិត​របស់​លោក​នឹង​មាន ប្រយោជន៍​ដល់​កូន​របស់​មនុស្ស​ដទៃ​បាន​ដែរ។ មាន​គេ​ថ្ងូរ ដោយ​ព្រោះ​សេចក្ដី សង្កត់‌សង្កិន​យ៉ាង​សន្ធឹក ក៏​មាន​គេ​ស្រែក​រក​មនុស្ស​ជួយ ដោយ​ព្រោះ​តែ​ដៃ​របស់​មនុស្ស មាន​អំណាច​មែន។ តែ​ឥត​មាន​អ្នក​ណា​ថា "ឯ​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​បង្កើត​ខ្ញុំ​មក ដែល​ព្រះ‌អង្គ​បណ្ដាល​ឲ្យ​ច្រៀង​នៅ​វេលា​យប់ ហើយ​បង្រៀន​ដល់​យើង ជា​ជាង​សត្វ​តិរច្ឆាន​នៅ​ផែនដី ក៏​ឲ្យ​មាន​ប្រាជ្ញា​លើស​ជាង​សត្វ​ហើរ លើ​អាកាស តើ​ព្រះ‌អង្គ​នៅ​ឯ​ណា?" គេ​ស្រែក​នៅ​ទី​នេះ ឥត​មាន​អ្នក​ណា​ឆ្លើយ​ឡើយ ដោយ​ព្រោះ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​អាក្រក់។ ពិត​ប្រាកដ​ជា​ព្រះ​មិន​ព្រម​ស្តាប់​សម្រែក ដែល​ស្រែក​ជា​ទទេៗ​ដែរ ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ព្រះ‌អង្គ​មិន​ព្រម​ទាំង​ក្រឡេក​មើល​ផង។ ចំណង់​បើ​លោក ដែល​ពោល​ថា​លោក​មើល​ព្រះ‌អង្គ​មិន​ឃើញ តើ​យ៉ាង​ណា​ទៅ ឯ​រឿង‌នោះ​ក៏​នៅ​ចំពោះ​ព្រះ‌អង្គ គឺ​លោក​វិញ​ដែល​ត្រូវ​រង់‌ចាំ​ព្រះ‌អង្គ។ ឥឡូវ​នេះ ដោយ​ព្រោះ​ព្រះ‌អង្គ​មិន​ធ្វើ​ទោស ដោយ​សេចក្ដី​ក្រោធ​ទេ ក៏​មិន​សូវ​រវល់​នឹង​សេចក្ដី​ឆ្មើង‌ឆ្មៃ​ដែរ លោក​យ៉ូប​បាន​បើក​មាត់ បញ្ចេញ​តែ​សេចក្ដី​ឥត​ប្រយោជន៍ ហើយបញ្ចេញ​ពាក្យ​សម្ដី​ឥត​បើ​គិត​វិញ»។

ចែក​រំលែក
អាន យ៉ូប 35

យ៉ូប 35:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អេលី‌ហ៊ូវ​មាន​ប្រសាសន៍ ទៀត​ថា៖ «តើ​លោក​ស្មាន​ថា​លោក​ត្រូវ​ទាំង​ស្រុង​ឬ? តើ​លោក​អាច​ពោល​ថា លោក​សុចរិត ជាង​ព្រះ‌ជាម្ចាស់​ឬ? លោក​បាន​ទូល​ព្រះអង្គ​ថា: “បើ​ទូលបង្គំ​មិន​ប្រព្រឹត្ត​អំពើ​បាប​សោះ នោះ​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​ព្រះអង្គ​ទេ ហើយ​ទូលបង្គំ​ក៏​មិន​ចំណេញ​អ្វី​ដែរ!”។ ខ្ញុំ​សូម​ឆ្លើយ​ទៅ​លោក ព្រម​ទាំង​មិត្ត‌ភក្ដិ​របស់​លោក​ដូច​ត​ទៅ: សូម​លោក​សម្លឹង​មើល​ទៅ​លើ​មេឃ សូម​មើល​ទៅ​ពពក ថា​តើ​វា​ខ្ពស់​ជាង​លោក​ប៉ុន​ណា! បើ​លោក​ប្រព្រឹត្ត​អំពើ​បាប តើ​លោក​ធ្វើ​ឲ្យ​ព្រះអង្គ​អំពល់​យ៉ាង​ណា បើ​លោក​បំពាន​លើ​វិន័យ*​កាន់​តែ​ច្រើន​ឡើងៗ តើ​ព្រះអង្គ​ខ្វល់​ខ្វាយ​ឬ​ទេ? បើ​លោក​ជា​មនុស្ស​សុចរិត តើ​បាន​ផល​អ្វី​ចំពោះ​ព្រះអង្គ? តើ​ព្រះអង្គ​ទទួល​អ្វី​ពី​លោក? តាម​ពិត អំពើ​អាក្រក់​ដែល​លោក​ប្រព្រឹត្ត ផ្ដល់​តែ​ទុក្ខ​ទោស​ដល់​មនុស្ស​ដូច​លោក​ប៉ុណ្ណោះ ហើយ​អំពើ​សុចរិត​ដែល​លោក​ប្រព្រឹត្ត ក៏​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​តែ​មនុស្ស​ដែរ។ ពេល​ណា​មាន​ការ​ជិះ‌ជាន់​សង្កត់‌សង្កិន​ច្រើន មនុស្ស​តែងតែ​ស្រែក​ថ្ងូរ ហើយ​ពេល​ណា​អ្នក​កាន់​អំណាច​ប្រព្រឹត្ត អំពើ​ឃោរ‌ឃៅ​កាន់​តែ​ខ្លាំង​ឡើងៗ មនុស្ស​តែងតែ​ស្រែក​ហៅ​គេ​ជួយ តែ​ពុំ​មាន​នរណា​ម្នាក់​ពោល​ថា: “ព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​ខ្ញុំ ហើយ​ធ្លាប់​ដាស់​តឿន​ខ្ញុំ ឲ្យ​ស្មូត្រ​ទំនុកតម្កើង នៅ​ពេល​រាត្រី​នោះ តើ​ព្រះអង្គ​គង់​នៅ​ឯ​ណា”? ព្រះអង្គ​ប្រៀន‌ប្រដៅ​ឲ្យ​យើង​មាន​ចំណេះ ជាង​សត្វ​ដែល​រស់​នៅ​លើ​ដី ព្រះអង្គ​ប្រទាន​ឲ្យ​យើង​មាន​ប្រាជ្ញា ជាង​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ។ ពេល​គេ​ស្រែក​រក​ព្រះអង្គ ព្រោះ​តែ​អំនួត និង​អំពើ​អាក្រក់​របស់​គេ ព្រះអង្គ​មិន​ឆ្លើយ​ទេ គេ​ស្រែក​រក​ព្រះអង្គ តែ​ឥត​បាន​ផល​អ្វី​ឡើយ ព្រោះ​ព្រះអង្គ​មិន​ព្រម​ស្ដាប់ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត មិន​រវី‌រវល់​នឹង​គេ​ទេ។ លោក​ពោល​ថា លោក​មិន​ឃើញ​ព្រះអង្គ លោក​បាន​ផ្ញើ​សំណុំ​រឿង​ទៅ​ព្រះអង្គ ហើយ​លោក​នៅ​រង់‌ចាំ។ លោក​គិត​ថា​ព្រះអង្គ​មិន​ដាក់​ទោស ហើយ​ព្រះអង្គ​ក៏​មិន​ចាប់‌ភ្លឹក​នឹង​ការ​បះ‌បោរ របស់​លោក​ដែរ។ អ្វីៗ​ដែល​លោក​យ៉ូប​និយាយ​សុទ្ធ​តែ​ឥត​បាន​ការ លោក​ចេះ​តែ​ពោល​ពាក្យ​សម្ដី​ឥត​ខ្លឹម‌សារ»។

ចែក​រំលែក
អាន យ៉ូប 35

យ៉ូប 35:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មួយ​ទៀត អេលី‌ហ៊ូវ​និយាយ​ថា សេចក្ដី​នេះ​តើលោក​ស្មាន​ថា គួរ​គប្បី​ឬ ដែល​លោក​ចង់​ថា សេចក្ដី​សុចរិត​របស់​លោក នោះ​លើស​ជាង​សេចក្ដី​សុចរិត​របស់​ព្រះ ដោយ​ពាក្យ​ថា តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ ហើយ​បើ​ខ្ញុំ​មិន​បាន​ធ្វើ​បាប នោះ​តើ​នឹង​បាន​កំរៃ​ជា​ជាង​យ៉ាង​ណា​ទៅ ខ្ញុំ​នឹង​តប​ឆ្លើយ​ដល់​លោក ហើយ​ដល់​ពួក‌ម៉ាក​របស់​លោក​នេះ​ដែរ សូម​ពិចារណា​មើល​ស្ថាន​សួគ៌​ចុះ ហើយ​រំពឹង​មើល​ផ្ទៃ​មេឃ ដែល​ខ្ពស់​ជាង​លោក​ជា​យ៉ាង​ណា បើ​លោក​បាន​ធ្វើ​បាប នោះ​តើ​លោក​បាន​ធ្វើ​ឲ្យ​ដាប​ដល់​ទ្រង់​យ៉ាង​ណា​ខ្លះ បើ​អំពើ​រំលង​របស់​លោក​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង នោះ​តើ​លោក​បាន​ធ្វើ​ឲ្យ​ដាប​ដល់​ទ្រង់​ជា​យ៉ាង​ណា ឬ​បើ​លោក​សុចរិត​វិញ នោះ​តើ​លោក​បាន​បន្ថែម​អ្វី​ដល់​ទ្រង់ ឬ​ទ្រង់​ទទួល​អ្វី​ពី​ដៃ​លោក អំពើ​អាក្រក់​របស់​លោក​អាច​នឹង​ធ្វើ​បង្ខូច​ដល់​អ្នក​ដទៃ​បាន ជា​មនុស្ស​ដូច​ជា​លោក​ដែរ ហើយ​សេចក្ដី​សុចរិត​របស់​លោក​នឹង​មាន​ប្រយោជន៍​ដល់​កូន​របស់​មនុស្ស​ដទៃ​បាន​ដែរ។ មាន​គេ​ថ្ងូរ ដោយ​ព្រោះ​សេចក្ដី​សង្កត់‌សង្កិន​យ៉ាង​សន្ធឹក ក៏​មាន​គេ​ស្រែក​រក​មនុស្ស​ជួយ ដោយ​ព្រោះ​តែ​ដៃ​របស់​មនុស្ស​មាន​អំណាច​មែន តែ​ឥត​មាន​អ្នក​ណា​ថា ឯ​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​បង្កើត​ខ្ញុំ​មក ដែល​ទ្រង់​បណ្តាល​ឲ្យ​ច្រៀង​នៅ​វេលា​យប់ ហើយ​បង្រៀន​ដល់​យើង ជា​ជាង​សត្វ​តិរច្ឆាន​នៅ​ផែនដី ក៏​ឲ្យ​មាន​ប្រាជ្ញា​លើស​ជាង​សត្វ​ហើរ​លើ​អាកាស តើ​ទ្រង់​នៅ​ឯ​ណា នោះ​ទេ គេ​ស្រែក​នៅ​ទី​នេះ ឥត​មាន​អ្នក​ណា​ឆ្លើយ​ឡើយ ដោយ​ព្រោះ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​អាក្រក់ ពិត​ប្រាកដ​ជា​ព្រះ‌ទ្រង់​មិន​ព្រម​ស្តាប់​សំរែក​ដែល​ស្រែក​ជា​ទទេៗ​ដែរ ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​មិន​ព្រម​ទាំង​ក្រឡេក​មើល​ផង ចំណង់​បើ​លោក ដែល​ពោល​ថា លោក​មើល​ទ្រង់​មិន​ឃើញ នោះ​តើ​យ៉ាង​ណា​ទៅ ឯ​រឿង‌រ៉ាវ​នោះ​ក៏​នៅ​ចំពោះ​ទ្រង់ ហើយ​គឺ​លោក​វិញ​ដែល​ត្រូវ​រង់‌ចាំ​ទ្រង់​ទេ​តើ ប៉ុន្តែ ឥឡូវ​នេះ​ដែល​យ៉ូប​ថា ទ្រង់​មិន​ធ្វើ​ទោស​ដោយ​សេចក្ដី​ក្រោធ​ទេ ក៏​មិន‌សូវ​រវល់​នឹង​សេចក្ដី​ឆ្មើង‌ឆ្មៃ​ដែរ នោះ​ខ្ញុំ​ថាលោក​បាន​បើក​មាត់​បញ្ចេញ​តែ​សេចក្ដី​ឥត​ប្រយោជន៍ ហើយ​បាន​ចំរើន​ពាក្យ​សំដី​ឥត​បើ​គិត​វិញ។

ចែក​រំលែក
អាន យ៉ូប 35