យ៉ូប 3:1-10

យ៉ូប 3:1-10 គខប

បន្ទាប់​មក ទើប​លោក​យ៉ូប​ចាប់​ផ្ដើម​និយាយ ហើយ​ដាក់​បណ្ដាសា​ថ្ងៃ​កំណើត​របស់​លោក។ លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖ «សូម​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​បាន​កើត​មក​នោះ ក្លាយ​ទៅ​ជា​ថ្ងៃ​អព‌មង្គល! រីឯ​យប់​ដែល​គេ​ពោល​ថា មាន​កូន​ប្រុស​ម្នាក់​ចាប់​ផ្ទៃ​ហើយ​នោះ ជា​យប់​អព‌មង្គល​ដែរ! សូម​ឲ្យ​ថ្ងៃ​នោះ​ប្រែ​ទៅ​ជា​ងងឹត ហើយ​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់ ដែល​គង់​នៅ​ស្ថាន​លើ រវី‌រវល់​នឹង​ថ្ងៃ​នោះ ហើយ​ក៏​កុំ​ឲ្យ​មាន​ពន្លឺ​បំភ្លឺ​ថ្ងៃ​នោះ​ឡើយ! សូម​ឲ្យ​ភាព​ងងឹត និង​ភាព​អន្ធការ គ្រប​បាំង​ថ្ងៃ​នោះ ហើយ​សូម​ឲ្យ​មាន​ភាព​អាប់‌អួរ​គ្រប​បាំង ព្រះ‌អាទិត្យ! រីឯ​យប់​នោះ​វិញ ក៏​សូម​ឲ្យ​ភាព​ងងឹត គ្រប​បាំង​វា​ដែរ! សូម​កុំ​ឲ្យ​គេ​រាប់​បញ្ចូល​យប់​នោះ​ទៅ​ក្នុង ខែ និង​ឆ្នាំ​ឡើយ! សូម​ឲ្យ​យប់​នោះ​ប្រៀប​បាន​នឹង​ស្ត្រី​អារ ហើយ​ក៏​កុំ​ឲ្យ​មាន​សម្រែក​អរ​សប្បាយ នៅ​យប់​នោះ​ដែរ! សូម​ឲ្យ​យប់​នោះ​ត្រូវ​បណ្ដាសា របស់​គ្រូ​នក្ខត្ត‌ឫក្ស និង​ត្រូវ​បណ្ដាសា​របស់​គ្រូ​ដាស់​ស្ដេច​ក្រពើ! សូម​ឲ្យ​ផ្កាយ​ព្រឹក​ប្រែ​ជា​ងងឹត​សូន្យ! យប់​នោះ​រង់‌ចាំ​ពន្លឺ តែ​មិន​ឃើញ​ពន្លឺ​មក​ទេ ហើយ​ក៏​មិន​ឃើញ​អរុណ‌រះ​ដែរ ដ្បិត​យប់​នោះ​ពុំ​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​កើត ហើយ​ក៏​មិន​បាន​បញ្ចៀស​ទុក្ខ​លំបាក​នេះ ចេញ​ពី​មុខ​ខ្ញុំ​ដែរ!